ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ទៅអ៊ីស្រាអែលដើម្បីជំរុញឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken ​ធ្វើ​ដំណើរ​ទៅ​អ៊ីស្រាអែល​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ដើម្បី​ជំរុញ​ឱ្យ​មាន​បទ​ឈប់បាញ់មួយ​រវាងអ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ ខណៈ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិកំពុង​ត្រៀម​បោះឆ្នោត​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​មួយ ដើម្បី​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់បាញ់​ជា​«បន្ទាន់​»មួយ។

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​លោក Blinken នឹង​ពិភាក្សា​ពី​ភាព​ចាំបាច់ដើម្បី​ធានាឲ្យ​ក្រុម​ហាម៉ាស់បរាជ័យទាំង​នៅ​ក្នុង​ទីក្រុង​ Rafah ផង​ដែរ​ ដែល​ជា​វិធានការ​មួយ​ដើម្បី​ការពារ​ជន​ស៊ីវិល​ ក៏​ដូច​ជា​មិន​បង្អាក់​ដល់​ដំណើរការ​ផ្តល់ជំនួយ​មនុស្សធម៌​ ​និង​លើកកម្ពស់​សន្តិសុខ​ជា​ទូទៅ​របស់​អ៊ីស្រាអែលជា​ដើម។ នេះ​បើ​យោង​លើ​សេចក្តី​ថ្លែងការណ៍មួយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

សហរដ្ឋអាមេរិក​បាន​ប្រឆាំង​ផែនការ​របស់​អ៊ីស្រាអែល​ ដើម្បី​វាយប្រហារថ្មើរ​ជើង​ចូល​ទៅ​ទីក្រុង​ Rafah ​នៃ​តំបន់​ហ្កាហ្សា​ ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អេហ្ស៊ីប ដែល​អ៊ីស្រាអែល​ថា​ជា​រឿង​ចាំបាច់ដើម្បី​ខ្លួន​សម្រេច​បាន​ជ័យជម្នះ​របស់​ខ្លួន​លើ​ក្រុម​ហាម៉ាស់ និង​ធានា​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ដែល​ត្រូវ​បាន​ក្រសួង​ការបរទេស​ចាត់ទុក​ថា​ជា​ក្រុមភេរវកម្មនោះ​ ​នឹង​មិន​អាចធ្វើ​ការ​វាយប្រហារ​ជា​ថ្មី​ម្តង​ទៀតទៅ​លើ​ប្រទេស​អ៊ីស្រាអែល​ ដូច​ថ្ងៃ​ទី​៧ ខែ​តុលា​កន្លង​ទៅ​នោះ​ឡើយ។

សហរដ្ឋ​អាមេរិក​រំពឹង​ថានឹង​ដាក់​សេចក្តី​ព្រាង​សេចក្តី​សម្រេច​មួយ ទៅ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​សុក្រនេះ​ ដែល​នឹង​គាំទ្រ​មិន​ងាករេ​ទៅ​លើ​កិច្ចប្រឹងប្រែង​ការទូត​ ដើម្បី​សម្រេច​បាន​បទឈប់​បាញ់​មួយ​ក្នុង​តំបន់ហ្កាហ្សា​ ដែល​ជា​ផ្នែក​មួយនៃ​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង​ផង​ដែរ​។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ដែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិកបាន​ធ្វើ​ការ​ចរចា​លើ​ខ្លឹមសារ​នៃ​អត្ថបទ​ព្រាង​សេចក្តី​សម្រេច ស្តីពី​បទឈប់​បាញ់​រយៈពេល​៦​សប្តាហ៍​ និង​ដោះលែង​ចំណាប់ខ្មាំង​ ដែល​កំពុង​ស្ថិតក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​ ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីនមួយ​ចំនួន​ ដែល​កំពុង​ជាប់ឃុំ​ក្នុងប្រទេស​អ៊ីស្រាអែល៕

អ្នកស្រី​ Nike Ching ​ប្រធាន​ការិយាល័យ ​VOA ​ប្រចាំ​សេតវិមាន​ផ្តល់​ព័ត៌មាន​សម្រាប់​អត្ថបទ​នេះ។ ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP ​និង​ Reuters។​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG