ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្ក​ការអាក់​អន់​ចិត្ត​ក្នុង​អាស៊ាន​ហើយ​ងាក​ទៅ​រក​ចិន​


រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Gia Khiem (ឆ្វេង) និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (R) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​របស់​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០។
រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Gia Khiem (ឆ្វេង) និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (R) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​របស់​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០។
កម្ពុជា​ហាក់​ដូច​ជា​ហ៊ាន​ប្រថុយ​នឹង​ការរិះគន់​ជា​អន្តរជាតិ ​និង​ពី​ប្លុកអាស៊ាន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា របស់​ចិន​ដែល​មិន​ចង់ឲ្យ​អាស៊ាន​មាន​សំឡេង​តែមួយ​ដើម្បី​តវ៉ា​ជាមួយ​ចិន​រឿង​ជម្លោះ​ដែនទឹក​ត្រួត​ស៊ីគ្នា ភាគ​ខាងត្បូង​ប្រទេស​ចិន។​ កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ​នេះ​ ទុកចោល​វៀតណាម​ដែល កម្ពុជា​ជារឿយៗ​ចាត់ទុកថា​ជា​មិត្ត​ល្អ​នោះ​ ឲ្យ​អាក់អន់​ចិត្ត​ទាក់ទិន​នឹង​ជម្លោះ​ដែន​ទឹក​ជាមួយចិន។

កម្ពុជា​ធ្វើឲ្យ​ខកខាន​ក្នុងការ​ដាក់​បញ្ហា​នានា​របស់​វៀតណាម​និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​ដែល​ចេញ​មិនរួច។​ ក្រុម​អ្នកវិភាគ​ខ្លះ​និយាយ​ថា​ផល​ប្រយោជន៍​ ជាតិ​ជា​កត្តា​ចម្បង​ធ្វើឲ្យ​កម្ពុជា​ បែរ​ចេញ​ពី​ វៀតណាម​យ៉ាង​ច្បាស់​លាស់​នៅពេល​នេះ ​ហើយ​ចាប់​យក ចិន​ជា​មហា​អំណាច​ដ៏ធំ ។

លោក ផាត់ កុសល ​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​នៃ​សាកលវិទ្យាល័យ​ Southern California​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់ថា​កម្ពុជា​មិន​បាន​ធ្វើតាម​ជំហរ​វៀតណាម​ក្នុង​កិច្ចប្រជុំអាស៊ាន​ព្រោះ​កម្ពុជា ត្រូវការ​ជំនួយ​ពីចិន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​គម្លាត​សេដ្ឋកិច្ច​របស់​ខ្លួន។​ បន្ថែម​លើ​នេះ​ ចិន​ផ្តល់ ជំនួយ​គ្មាន​ទាមទារអ្វី​ជា​លក្ខខណ្ឌ។
«ខ្ញុំ​គិត​ថា​វាប៉ះពាល់​មាន​ការ​អាក់អន់​ចិត្ត​ប៉ុន្តែ​វា​មិនដល់​ថ្នាក់​មាន​ការបែក​បាក់គ្នា​ទៅ​ថ្ងៃ​ក្រោយ​ទេ ពីព្រោះ ​វៀតណាម​គេដឹង​ថា​កម្ពុជា​មិនអាច​ធ្វើអ្វី​បានទេ​ ពីព្រោះ​ក្រោមសម្ពាធ​របស់​ចិន​ខ្លាំងណាស់ ដោយសារ​កម្ពុជា​ត្រូវការ​ ជំនួយ​ដើម្បី​ដោះសា្រយ​បញ្ហា​សេដ្ឋកិច្ច»។
លោក ផាត់ កុសល



ប្រទេស​ចិន​បានផ្តល់​ជំនួយ​និង​កម្ចី១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដល់​កម្ពុជា​ ហើយ​ជា​អ្នកវិនិយោគ​ដ៏ ធំ​ជាង​គេ​សម្រាប់​កម្ពុជា​បន្ថែម​ពីលើ​ចំណង​មិត្តភាព​ដ៏ខ្លាំងក្លា​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ ក្រីក្រ​មួយ​ក្នុង​ពិភពលោក​ដោយសារ​សង្គ្រាម​៣ទសវត្សរ៍​នេះ។​

លោក ផាត់ កុសល​បាន​បន្ថែម​ថា វៀតណាម​ ក៏ទំនង​ជា​មានការ​យោគយល់​កម្ពុជា​ដែរ ដោយសារ​កម្ពុជា​ មានសម្ពាធ​ពីចិន​ ហើយ​កម្ពុជា ក៏មិន​អាច​ដោះស្រាយ​អ្វីបាន​ចំពោះ​ជម្លោះ​ប្រវត្តិសាស្ត្រ​ចាប់ផ្តើម​តាំង​ពីឆ្នាំ​១៩៥៨​មក​នោះ។

លោក Joel Brinkley ​សាស្រ្តាចារ្យ​ផ្នែក​សារព័ត៌មាន​នៅសកលវិទ្យាល័យ​ Stanford ​ហើយ​ជា​អ្នក និពន្ធ ​សៀវភៅ​បណ្តាសា​របស់​កម្ពុជា ​ឬ Cambodia’s Curse ​បានថ្លែងថា​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ពី​ដំបូង​មក​ធ្លាប់​មានការស្ម័គ្រស្មោះ​ជាមួយ​ប្រទេស​វៀតណាម​ដែលបាន​ផ្តល់អំណាច​ដល់​លោក ក្រោយពេល​បរាជ័យរបប​ខ្មែរក្រហម។​ តែលោកកត់សម្គាល់​ពីការកែប្រែជំហរ​របស់លោក​ ហ៊ុន សែន ងាកទៅ​ប្រទេសចិន​ដែលជាប្រទេស​ផ្តល់ជំនួយនិង​វិនិយោគដ៍ធំវិញ។

«គាត់នៅតែរក្សា​សម្ព័ន្ធភាព​ជាមួយប្រទេស​ដែលផ្តល់ថវិការ​យ៉ាងច្រើនជាជាង​ប្រទេសដែលបាន ដាក់គាត់ឲ្យ​កាន់អំណាច»។

អ្នកវិភាគ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​បានថ្លែង​ក្នុង​លក្ខខណ្ឌ​ពុំឲ្យ​បញ្ចេញ​ឈ្មោះ​ដោយចាត់​ទុកថា​ជារឿង រសើប​អាច​មាន​ការធ្វើទុក្ខ​បុកម្នេញ​ក្នុង​ការនិយាយ​ជា​ចំហរនោះ​អះអាង​ថា​កម្ពុជា​និង​ វៀតណាម​មាន ទំនាក់ទំនង​ជ្រាលជ្រៅ​ណាស់​ដែលពិបាកឲ្យគេ​ជឿថា ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ព្រលែង​ដៃ​ពី វៀតណាម​បានដោយ​ងាយ​ឬដោយគ្មាន​ការយល់ព្រម​ ពី​វៀតណាម។

តែ​ចំពោះ​លោក ​Brad Adams ​នាយក​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​ ប្រចាំ​តំបន់​អាស៊ី មិន​ជឿថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ប្រយោជន៍​ជាតិ​ចំពោះ​ការផ្លាស់ប្តូរ​ជំហរ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​រក​ចិន។

«លោកហ៊ុន សែន​កំពុង​បង្ហាញ​ថា​គាត់​កំពុង​បង្កើត​សម្ព័ន្ធភាព​ជាមួយអ្នកណា​ដែលផ្តល់​ផលប្រយោជន៍ ដល់គាត់ដ៏​ធំធេង។​ ខ្ញុំមិនគិតថា​គាត់បង្កើតសម្ព័ន្ធភាព​ ហើយគិតពី​ប្រយោជន៍ជាតិជា​ធំទេ។ ​ខ្ញុំគិតថា វាជារឿង​ផលប្រយោជន៍​នយោបាយ​និងផលប្រយោជន៍​ផ្ទាល់ខ្លួនរបស់គាត់​ជាធំ»។

លោក ថ្លែង​យ៉ាង​ដូច្នេះ​បន្ទាប់ពីកិច្ច​ប្រជុំអាស៊ាន​ស្តីពី​សន្តិសុខ ​ដែលវៀតណាម​ខកខាន​ក្នុងការ​ទាមទារ​ឲ្យ​ដាក់​ តំបន់សេដ្ឋកិច្ចពិសេស​និងដាក់បញ្ហាជម្លោះ​ដែនទឹកភាគខាងត្បូង​ប្រទេសចិនក្នុង សេចក្តី​ថ្លែងការណ៍​រួម​ ដែល​ជាប់​គាំង​ចេញ​មិនរួច។ ​ការខកខាន​ជជែក​ចេញ​សេចក្តី​ប្រកាស​រួម​នេះ បង្ហាញ​ពី​ការ​បែក​សំឡេង​ អាស៊ាន​ដែល​រឿង​នេះ​ជាបំណង​ប្រាថ្នា​របស់​ចិន​ដែល​មិនចង់​ចរចា​ពហុភាគី ​ជាមួយ​ដៃគូ​ជម្លោះ​ ជាមួយ​ប្រទេស​វៀតណាម ​ហ្វ៊ីលីពីន ​ប៊្រុយណេ ​និងម៉ាឡេស៊ី។​

លោក Brad Adams ​បានថ្លែងថា៖
«តែជារឿង​ច្បាស់ណាស់​តាមរយៈរឿង​នេះ​ដែលថា​លោក​ហ៊ុន សែន​ចាប់ដៃ​ជាមួយ​ចិន​ប្រឆាំង​ វៀតណាម។​ ដូច្នេះ​គំនិត​នេះ​គឺថា​ពលរដ្ឋ​ដែល​ហៅ​លោក ហ៊ុន សែន​ជាអាយ៉ង​របស់​វៀតណាម​នោះ​គឺ​ខ្ញុំគិត​ថា​ជា​រឿង​អស់​សំណើច។​ ភាសា​ដូច្នេះ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បញ្ចប់​ ហើយ​ពុំមាន​កន្លែង សម្រាប់​ភាសា​ដូច្នេះ​ទៀត​ទេ»។

រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ខំ​និយាយ​ការពារ​ខ្លួន​ថា​ការខកខាន​រឿង​ចេញ​ សេចក្តី​ ថ្លែងការណ៍​នេះ​ជាការបរាជ័យ ​របស់​អាស៊ាន​ទាំងមូល​។ ហើយ​កម្ពុជា​ព្យាយាម​គេច​ចេញពី​ការទទួល ខុសត្រូវ​និង​គេច​ចេញ​ពីការរិះគន់ថា​ធ្វើ​តាម​ចិន​ផង​ដែរ។

ទោះជា​យ៉ាងណា​ក៏​ដោយ​អ្វី​ដែល​លោក​ Adams ​ព្រួយ​បារម្ភ​គឺ​ពីការរំលោភ​សិទ្ធិមនុស្ស​ កាន់តែ​ធ្ងន់ធ្ងរ នៅពេល​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ចិន​និង​មានជំនួយ​ពី​ប្រទេស​ចិន​ដែល​ឥតលក្ខខណ្ឌ​នោះ។តែលោក​អះអាង​ថា​ការគិត​ថា​លោក ហ៊ុន សែន​ ចាប់ដៃ​ជាមួយចិន​ជានិច្ច​ជាកាលនោះ​ អាចជា ការខុស។​ លោក ហ៊ុន សែន​អាចចាប់ដៃ​ជាមួយ​វៀតណាម​វិញ​ហើយ​ប្រឆាំង​នឹង​ចិន​ ឬក៏​ប្រឆាំង ប្រទេស​ណាមួយ​នៅ​ថ្ងៃ​អនាគត។

លោក អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាងថា​ការបែក​សំឡេង​ក្នុង​សមាគម អាស៊ាន​ គឺ​បណ្តាល​មកពី​បញ្ហា​ដែន​ទឹកត្រួត​ស៊ីគ្នា​នៅភាគ​ខាងត្បូង​ប្រទេស​ចិន​នេះ​គ្មាន​ការសម្រប សម្រួល​បាន​ដោយសារ​តែ​កម្ពុជា​បាន​ព្យាយាម​ រារាំង​មិន​ឲ្យ​លើក​យក​មក​ដាក់​ក្នុង​សេចក្តី​ថ្លែង​ ការណ៍​រួម​របស់​អាស៊ាន។​រឿង​នេះ​ធ្វើឲ្យ​ប្រទេស​ក្នុង​តំបន់​ អាស៊ាន​រួម​ទាំង​វៀតណាម​ខកចិត្ត។​

«ទោះបីជា​យ៉ាង​ម៉េច​ក៏​ដោយ​ខ្ញុំមើល​ទៅ​បញ្ហា​បច្ចុប្បន្ន​នេះ​ប្រទេស​វៀតណាម​មិន​សប្បាយ​ចិត្ត​ជាមួយ​ នឹង​ប្រទេស​កម្ពុជា​ដោយសារ​កម្ពុជា​មិន​បាន​ជំរុញឲ្យ​បញ្ហា​ជម្លោះ​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន ទៅ​ជា ​បញ្ហា​មួយ​ដែល​ត្រូវ​បានជជែកគ្នា​ដោយ​លម្អិត​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ផង​ដែរ។​ ដូច្នេះ​ជារឿង​មួយ​ដែល​ខ្ញុំ​មើល​ទៅ​ភាគី​ជម្លោះ​ដែល​ជា​សមាជិក​អាស៊ាន​មិន​សប្បាយ​ចិត្ត​នឹង​កម្ពុជា ​ដែលជា​ប្រធាន​អាស៊ាន​ទេ»។

លោក អ៊ូ វីរៈ​បន្ថែម​ថា​អាស៊ាន​ត្រូវការ​យន្តការ​និង​ របៀប​ ធ្វើការ​មួយ​ជាក់លាក់​ដើម្បី​ធ្វើឲ្យ​ស្ថាប័ន​នេះ មាន​ការរីក​ចម្រើន​ទាំង​សេដ្ឋកិច្ច ​នយោបាយ​និង ​សន្តិសុខ​ដូច​ក្នុង​សហភាព​អឺរ៉ុប។

ក្រុម​អ្នកវិភាគ​ព្រួយ​បារម្ភ​ខ្លាច​ថា​ការជាប់គាំង​មិនអាច​សម្រេច​អ្វី​បាន​ក្នុង​ប្លុក​អាស៊ាន​ក្នុងពេល​ប្រជុំ​ស្តីពី សន្តិសុខ​តំបន់​នេះ​ជាពិសេស​ការ​ទាមទារ​ របស់​ហ្វ៊ីលីពីន​ និង​វៀតណាម​នោះ​អាច​ប៉ះពាល់​ ដល់​កិច្ច ប្រជុំ​អាស៊ាន​នៅ​ខែវិច្ឆិកា​ជាពិសេស​ វត្តមាន​របស់​មេដឹកនាំ​កំពូលៗ​ពិភពលោក។​ការជាប់គាំង​ទៀត សោត​ក៏​អាច​នឹង​ផ្តល់​សេរីភាព ​ដល់​ចិន​រួចផុត​កាត្វកិច្ច​គោរព​តាម​ការអនុវត្ត​សេចក្តី​ថ្លែងការណ៍​ ប្រតិបត្តិ​ ឌីអូស៊ី​ឆ្នាំ​២០០២ ​ដែល​តម្រូវ​ឲ្យ​ភាគី​ជម្លោះ​ដោះស្រាយបញ្ហា​ ដោយ​សន្តិវិធី ​និង​គម្រោងការ តាក់តែង​សេចក្តី​ព្រាង​ក្រម​ប្រតិបត្តិ ​ស៊ីអូស៊ី​ ដែល​ចិន​មិនចង់​បាននោះ។

តំបន់​ព្រំដែន​ទឹក​ត្រួតស៊ីគ្នា​រវាង​ចិន​និង​ប្រទេស​អាស៊ាន៤​ក្នុង​ចំណោម​១០​ប្រទេស​នោះ​ជាពិសេស​កោះ ស្ព្រាតលី ​និង​កោះ ប៉ារ៉ាសែល​ត្រូវ​គេ​ចាត់ទុក​ថា​ជា​តំបន់​សេដ្ឋកិច្ច​សំខាន់​ក្នុង​តំបន់​និង​ជា​ច្រក​ចេញចូល​ទំនិញ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក ​និង ​សម្បូរណ៍​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ចម្រុះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG