ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​អាមេរិកាំងល្បី​ឈ្មោះ​ដាក់​បង្ហាញរូប​ថត​ដ៏​កម្រ​អំពី​របប​ខ្មែរ​ក្រហម


រូបថត​មួយ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញក្នុង​ពិព៌ណនៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​រាជធានី​ភ្នំពេញ។​
រូបថត​មួយ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញក្នុង​ពិព៌ណនៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​រាជធានី​ភ្នំពេញ។​

ពិព័រណ៍​រូប​ថត​ដ៏​កម្រ​អំពី​របប​ខ្មែរ​ក្រហម ​ដោយ​អ្នក​កាសែត​អាមេរិកាំង​ដ៏​ល្បី​ឈ្មោះ​អេលីហ្សាប៊ែត ​បិកឃឺ ​(Elizabeth Becker) ​បាន​ចាប់​បើក​ហើយ​កាល​ពី​សប្តាហ៍​មុន នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​រាជធានី​ភ្នំពេញ។​

រូប​ថត​បង្ហាញ​សុទ្ធ​តែ​ភាព​ស្រស់​បំព្រង​និង​ស្នាម​ញញឹមនៃ​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​មួយចំនួន ​រួម​ផ្សំ​នឹង​ភាព​ស្ងាត់​ជ្រងុំ​នៃ​ទីក្រុង​ភ្នំពេញ​ នា​សម័យ​កាល​នោះ​ផងដែរ។​

«ខ្ញុំ​ចង់​ឲ្យ​ស្ថាប័ន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​រូប​ថត​ទាំង​នេះ​ទុក​សម្រាប់​ជា​ប្រវត្តិ​សាស្ត្រ»។​

រូប​ថត​ទាំង​នេះ​ត្រូវ​បាន​ថត​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​ស្រី ​Becker ​រយៈ​ពេល​២​សប្តាហ៍​មក​កាន់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​នៅ​ចុង​ឆ្នាំ​១៩៧៨​ ក្រោម​ការ​អញ្ជើញ​និង​តាម​ឃ្លាំ​មើល​យ៉ាង​តឹង​រឹង​ពី​ក្រុម​ខ្មែរ​ក្រហម។​

អ្នក​ស្រី​ Becker​បាន​ជួប​និង​ត្រៀម​សួរប៉ុល ពត ​នូវសំណួរ​ជា​ច្រើន​ដោយ​រួម​ទាំង​សំណួរ​ថា ​តើ​ហេតុ​អ្វី​បាន​អ្នកស្រី​មិន​អាច​ជួប​ជាមួយ​ប្រជាជន​មក​ពី​ទី​ក្រុង​ភ្នំពេញ​ឬ​ជួប​ជាមួយ​អ្នក​នេះ​ អ្នក​នោះ​ដោយ​ខ្លួន​អ្នក​ស្រី​ផ្ទាល់​បាន ​ជាដើម​ ប៉ុន្តែ​អ្នក​ស្រី​មិន​បាន​ទទួល​ចម្លើយ​ឆ្លើយ​តប​ដោយ​ផ្ទាល់​មាត់​ពី​ប៉ុល​ ពត​នោះ​ទេ។​

«គាត់​មិន​ឆ្លើយ​នឹង​សំណួរ​ទាំង​នោះ​ទេ។ ​គាត់​និយាយ​ថា ​អ្នក​ឯង​នឹង​ទទួល​បាន​ចម្លើយ​បោះ​ពុម្ព​រួច​ជា​ស្រេច​ទៅ​នឹង​សំណួរ​ទាំង​នោះ។​ ដូច្នេះ​គាត់​គ្រាន់​តែ​ផ្តល់​បទ​ឧទ្ទេស​នាម​ដល់​ខ្ញុំ​អំពី​សារៈ​សំខាន់​នៃ​អង្គការ​ណាតូ​ក្នុង​ការ​ចូល​មក​ជួយ​និង​អំពី​ទង្វើ​អាក្រក់​របស់​ប្រទេស​វៀតណាម​តែ​ប៉ុណ្ណោះ»។​

ជា​អ្នក​និពន្ធ​សៀវភៅ​ "នៅពេល​ដែល​សង្រ្គាម​រលត់​ទៅ" និង​អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កាសែត​Washington Post ​ អ្នក​ស្រី ​Becker​ និយាយ​ថា ​ប៉ុល ពតចង់​ឲ្យ​អ្នក​កាសែត​បស្ចឹម​ប្រទេស ​ដូចជា​អ្នក​ស្រី​ជួយ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចូល​មក​ជួយ​កម្ពុជា​ប្រជា​ធិបតេយ្យ​ដើម្បី​វាយ​តប​នឹង​ការ​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម។​

អ្នក​ទស្សនា​រូបថត​របស់​អ្នក​ស្រី​ Becker​ ស្ងើច​សរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​អ្នក​ស្រី​ក្នុង​ការ​ចូល​មក​យក​ព័ត៌មាន​ក្នុង​របប​មួយ​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់។​

អ្នកស្រី​ឌី រដ្ឋា​គឺ​ជា​គ្រូ​បង្រៀន​ចូល​និវត្តន៍។​

«ខ្ញុំ​សូម​កោត​សរសើរ​គាត់​ ថា​ជា​វីរនារី​ដ៏​អស្ចារ្យ។​ គាត់​មាន​សេចក្តី​ក្លាហាន​ ហ៊ាន​ចូល​មក​ក្នុង​សម័យ​ប៉ុល ពត ​ដែល​គេ​សម្លាប់រង្គាល»។​

ក្រៅ​ពី​រូបថត ​អ្នក​ទស្សនា​ក៏​អាច​ស្តាប់​ខ្សែ​អាត់​សំឡេង​របស់​ប៉ុល ពត​ដែល​គេ​ថត​ទុក​នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​ស្រី ​Becker ​ផងដែរ​ នៅក្នុង​ការ​តាំង​ពិព័រណ៍​នេះ។​

ពិព័រណ៍​នេះ​ទទួល​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ។​

មិស្សែល បិនណិត​គឺ​ជា​អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​សាធារណៈ​របស់​ស្ថានទូត​នេះ។​

«យើង​សង្ឃឹម​ថា​ ពិព័រណ៍​នេះ​ផ្តល់​ឱកាស​មួយ​ទៀត​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​និយាយ​អំពី​អតីត​កាល​របស់​ពួកគេ​និង​ចាប់ផ្តើម​ទទួល​ស្គាល់​អ្វី​ដែល​បាន​កើត​ឡើង​និង​ស្វែងរក​វិធី​បោះ​ជំហាន​ទៅមុខ​នៅ​ពេល​អនាគត»។​

​លោក​ជ័យ សុមៀន​គឺ​ជា​អ្នក​ថែ​ទាំ​អ្នក​ជម្ងឺ​នៃ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​និយាយ​ថា ​លោក​មិន​ដែល​បាន​ឃើញ​ទិដ្ឋ​ភាព​ដូច​ក្នុង​រូប​ថត​ដែល​លោក​កំពុង​មើល​នេះ​ទេ ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ។​

«កាល​នោះ​ ខ្ញុំ​នៅ​ស្រុក​ស្រែ​ មិន​បាន​ឃើញ​ទីក្រុង​អី​អញ្ចឹង​ទេ។​ ឃើញ​តែ​គេ​ជម្លៀស​ ជីក​ប្រឡាយ​ លើក​ទំនប់​ ច្រូតកាត់​ ច្រៀង​រាំ​សិល្បៈ​ភូមិ​ភាគ​អី​ណាណី»។

អ្នក​ទស្សនា​ពិព័រណ៍​នេះ​មួយ​ចំនួន​និយាយ​ថា ​ពួក​គេ​មិន​ដែល​ធ្លាប់​គិត​ទេ​ ប្រជាជន​កម្ពុជា​ក្រោម​របប​ខ្មែរក្រហម​មាន​សភាព​ស្រស់​ស្រាយ​ដូច​ដែល​បាន​លាត​ត្រដាង​តាម​រយៈ​រូបថត​របស់​អ្នក​ស្រី​ Becker ​នៅ​ពេល​នេះ។​

លោក​ស្តានីស្លាស​ ទូហ្សេត៍​គឺជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​មជ្ឈមណ្ឌល​បុប្ផាណា។​

«សម្រាប់​អ្នក​ដែល​បាន​ឆ្លង​កាត់​របប​នេះ ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ពួកគេ​ដើម្បី​យល់​ដឹង​ពី​អ្វី​ដែល​មេដឹកនាំ​របស់​ពួកគេ​(ខ្មែរក្រហម)បាន​បង្ហាញ​ទៅ​ពិភព​លោក​ខាង​ក្រៅ។​ ពួកគេ​បង្ហាញ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​អ្វី​ដែល​ពួកគេ​បង្ហាញ​នោះ​គឺ​កម្ពុជា​ដ៏​ស្រស់ស្អាត​មួយ។​ ឥឡូវប្រជាជន​នឹង​យល់​ថា ​មេដឹកនាំ​របស់​ពួកគេ​ទាំង​នោះ​គឺ​ជា​មេ​កុហក»។​

ពិព័រណ៍​រូបថត​របស់​អ្នក​ស្រី​ Becker​ នេះ​នឹង​ដាក់​បង្ហាញ​ជា​សាធារណៈ​សម្រាប់​ការ​ចូល​មើល​ដោយ​សេរី​រហូត​ដល់​ចុង​ខែ​កុម្ភៈ​នេះ​ ហើយ​រូបថត​និង​ខ្សែ​អាត់​សំឡេង​របស់​ប៉ុល ពត​ក្នុង​ពិព័រណ៍នេះ​នឹង​ត្រូវ​បាន​រក្សា​ទុក​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណានេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG