ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​និង​គណបក្ស​ជំទាស់​នឹង​ពិភាក្សា​អំពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​


ស្ត្រីម្នាក់​រកឈ្មោះ​របស់គាត់ក្នុងបញ្ជី​មួយក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់នៅ​ថ្ងៃទី៣ ឧសភា ២០១២។
ស្ត្រីម្នាក់​រកឈ្មោះ​របស់គាត់ក្នុងបញ្ជី​មួយក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់នៅ​ថ្ងៃទី៣ ឧសភា ២០១២។
​វ៉ាស៊ីនតោន៖ ក្រសួង​មហាផ្ទៃ​និងមេដឹកនាំ​គណបក្សជំទាស់​គ្រោង​ជួប​ប្រជុំគ្នា​នៅ​សប្តាហ៍​នេះ ​ទាក់ទង​នឹង​សំណើ​សុំ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។​
ក្រសួង​មហាផ្ទៃ​បាន​ព្រម​ទទួល​ជួបក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​ដើម្បី​ពិភាក្សា​លើ​សំណើ​សុំ​ផ្លាស់ប្តូរ​សមាភាព​ដឹកនាំ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ដែល​មន្ត្រី​គណបក្ស​ជំទាស់​ជឿ​ថា​ ការ​ធ្វើ​របៀប​នោះ​អាច​ធ្វើឲ្យ​ការ​បោះ​ឆ្នោត​នៅពេល​ខាង​មុខ​មាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​ត្រឹមត្រូវ។​

មេដឹកនាំ​គណបក្ស​ជំទាស់​ទាំងពីរ​គឺ​លោក​គង់ គាំ​ អនុប្រធាន​គណបក្ស​សម រង្ស៉ី​ និង​លោកកឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​បានស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សមាភាព​គ.ជ.ប.​និង​កែប្រែ​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត។ សំណើ​នេះ​ធ្វើ​ទៅ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​សប្តាហ៍​មុន​ ក្នុងពេល​ក្រសួង​នេះ​ត្រូវ​រៀបចំ​សមាសភាព​គ.ជ.ប.​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០១៣​ដាក់ជូន​ទៅ​គណៈ​រដ្ឋមន្ត្រី​ រួចបន្ត​ទៅសភា​ដើម្បី​ពិភាក្សា​អនុម័ត។ ​នេះ​បើតាម​ការ​អះអាង​របស់​លោក​កឹម សុខា៖​

«ឥឡូវ​ថ្ងៃ​នេះ​ យើង​ទទួល​លិខិត​ឆ្លើយតប​ពីក្រសួង​មហាផ្ទៃ​មក​វិញ​ គឺ​ឯកឧត្តមព្រំ សុខា​នឹង​ជួប​ជាមួយ​ថ្នាក់ដឹក​នាំ​យើង»។​

បើតាម​លិខិត​ចុះ​ថ្ងៃ១៨​ខែ​កញ្ញា​របស់លោក​នុត ​សាអាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​មួយរូប​ បាន​ឲ្យ​ដឹង​ថា​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​បាន​ប្រគល់​ភារកិច្ច​ជូន​លោកព្រំ សុខា​ រដ្ឋលេខា​ក្រសួង​មហាផ្ទៃ​ដើម្បី​ទទួល​ជួប​ពិភាក្សា​ជាមួយ​តំណាង​គណបក្ស​ សម រង្ស៉ី​ពីរ​រូប​និង​តំណាង​គណបក្ស​សិទ្ធិ​មនុស្ស​២រូប​នៅម៉ោង​៩ព្រឹក​ថ្ងៃទី២០​ខែ​កញ្ញា​ នៅក្រសួង​មហាផ្ទៃ។​

លោកកឹម សុខា​អះអាង​ថា​ ការ​ជួប​នេះ​គឺ​ចង់​បាន​ការ​យល់ព្រម​ពីក្រសួង​មហា​ផ្ទៃ​ថា​ សមាស​ភាព​ថ្នាក់ជាតិ​នៃ​គ.ជ.ប.​ត្រូវតែ​ទទួល​យល់​ព្រម​រួម​គ្មាន​ការ​ជំទាស់​ដោយ​គណបក្ស​ជំទាស់​ ហើយ​សម្រាប់​គ.ជ.ប.ថ្នាក់​មូលដ្ឋាន​វិញ​គឺ​ត្រូវ​មាន​សមាភាព​មក​ពី​ចម្រុះ​គណបក្ស​នយោបាយ បន្ថែម​ពី​លើ​នីតិវិធី​នានា​ដែល​បាន​ស្នើក្នុង​ឯកសារ​ដាក់ជូន​ក្រសួង​មហាផ្ទៃ​រួច​ហើយ​កាលពី​ថ្ងៃ​ទី១៣​ខែ​កញ្ញា​នោះ។

«យើង​ទៅ​និយាយ​ប្រាប់​បរទេស​សុំ​ឲ្យ​ដូរគ.ជ.ប.​ គាត់​ថា​ យើង​ទៅ​ពឹង​តែ​បរទេស។​ ឥឡូវ​យើង​ងាក​មក​និយាយ​ជាមួយ​ខ្មែរ​គ្នា​ឯង​ម្តង។​ បើខ្មែរ​គ្នា​ឯង​មិន​យល់​គ្នា ​មិនគិត​គ្នា​អាហ្នឹង​ ថ្ងៃក្រោយ​កុំថា​ គេ​ទៅ​រក​បរទេស។​ ​អញ្ចឹង​ហើយ​បាន​ជា​យើង​ចង់ជួប​ជាមួយ​ក្រសួង​មហាផ្ទៃ​ដើម្បី​ជជែក​គ្នា»។​

លោកយឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៉ី​ បាន​បង្ហាញ​ពី​ការ​សាទរ ​ដែលក្រសួង​មហាផ្ទៃ​បាន​យល់ព្រមឲ្យ​មាន​ការ​ពិភាក្ស​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ពេល​បោះឆ្នោត​កន្លង​មក។​

«នេះ​ជា​ជំហ៊ាន​វិជ្ជមាន​ទីមួយ​ បង្កើត​ឲ្យ​មាន​វប្បធម៌​ជជែក​គ្នា។​ តែ​សុំឲ្យ​ធ្វើ​ម៉េច​ដើម្បី​ទទួល​យក​បទ​ពិសោធន៍​កន្លង​មក។ ​បញ្ហា​លំបាក​កន្លងមក​ដែល​យើង​ជួប​ប្រទះ​ហ្នឹង​ គឺ​ដោយសារ​ភាព​មិន​ឯករាជ្យ​ មិនអព្យាក្រិត្យ​ភាពរបស់​គ.ជ.ប.​ហ្នឹង។​ វាធ្វើឲ្យ​ការ​បោះឆ្នោត​ហ្នឹង​មាន​បញ្ហា។​ អញ្ចឹង​យើង​សុំឲ្យ​គ.ជ.ប.​ សុំឲ្យ​ក្រសួង​មហាផ្ទៃ​ហ្នឹង​ពិនិត្យ​ជាមួយ​គ្នា​តែ​ម្តង»។​

លោក​យឹម សុវណ្ណ​បាន​អះអាង​ដែរ​ថា​ មានភាព​មិនប្រក្រតី​ច្រើន​និង​ភាព​ស្មុគស្មាញ​ដែល​កើត​ឡើង​នៅក្នុង​ការ​បោះឆ្នោត​ទាក់ទង​នឹង​ការ​បាត់ឈ្មោះ​ពី​បញ្ជី​ចុះឈ្មោះ​ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​បោះឆ្នោត​ជាដើម​ ដែល​សូម្បីតែ​មន្ត្រី​អ.ស.ប. ​ក៏​មើល​ឃើញ​ថា​ គួរតែ​កែ​តម្រូវ​យន្តការ​បោះឆ្នោត​នេះដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​សេរី ​យុត្តិធម៌ ​ត្រឹមត្រូវ។​

របាយ​ការណ៍​ចុង​ក្រោយ​របស់​លោកស៊ូយ៉ា ស៊ូបេឌី​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ កាលពី​ចុង​ខែ​សីហា​បាន​អះអាង​ថា​ ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​មាន​បញ្ហា​ឆ្គាំឆ្គង​ច្រើន​ផ្នែក​រដ្ឋបាល​ ដែល​មន្ត្រី​រាជការ​មាន​សកម្មភាព​សកម្មខាង​នយោបាយ​ មានការ​បំភិត​បំភ័យ​ លើ​សកម្មជន​គណបក្ស​នយោបាយ​ ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដើម្បី​ចូលរួម​ប្រតិបត្តិការ​ឃោសនា​ ឬ​សកម្មភាព​នយោបាយ​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​មិន​ស្មើភាព ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិនឯករាជ្យ​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​បាត់​ជំនឿ​ពីអ្នក​បោះឆ្នោត។

​ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជា​សកល​នៅថ្ងៃ​២៨​កក្កដា​ឆ្នាំ​២០១៣​នេះ។​

គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​លោក​សម រង្ស៉ី​ ជាប្រធាន​ និង​លោកកឹម សុខា​ជា​អនុប្រធាន​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​កម្លាំង​នយោបាយ​ថ្មីមួយ​ដែល​ត្រូវ​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG