ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ធ្វើ​សមាជ​មហាជន​ស្តី​អំពី​ដំណោះស្រាយ​វិបត្តិ​នយោបាយ


លោក​ កឹម ​សុខា (ឆ្វេងទីបី) ​លោក យឹម​ សុវណ្ណ (កណ្តាល) និង​លោក សម រង្ស៊ី (ស្តាំទីបី) នៅ​ក្នុង​ពិធី​សមាជ​មហាជន​ស្តី​អំពី​ដំណោះស្រាយ​វិបត្តិ​នយោបាយ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី០៦ ខែតុលា ឆ្នាំ​២០១៣។
លោក​ កឹម ​សុខា (ឆ្វេងទីបី) ​លោក យឹម​ សុវណ្ណ (កណ្តាល) និង​លោក សម រង្ស៊ី (ស្តាំទីបី) នៅ​ក្នុង​ពិធី​សមាជ​មហាជន​ស្តី​អំពី​ដំណោះស្រាយ​វិបត្តិ​នយោបាយ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី០៦ ខែតុលា ឆ្នាំ​២០១៣។
ភ្នំពេញ៖ សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាម​ការ​កំណត់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ​ក្រោម​ការ​រឹត​បណ្តឹង​សន្តិសុខ។ លោក សម រង្ស៊ី​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ថា៖

«ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វី ចង់​បាន​អ្វី ប្រកាន់​គោល​ជំហរ​យ៉ាង​ម៉េច សូម​បង​ប្អូន​ឡើង​មក​មាន​ប្រសាសន៍។»

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​លើក​សំណូម​ពរ​នេះ​ទៅ​កាន់​ក្រុម​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ក្នុង​សមាជ​មហាជន​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។ សមាជ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឡើង​ក្រោម​ដំណក់​ទឹក​ភ្លៀងៗ​រលឹម​ស្រិច។

សមាជ​មហាជន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​ខ្លួន​សម្តែង​មតិ​និង​សេចក្តី​ត្រូវ​ការ​របស់​ពួកគេ​និងដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​រៀបចំ​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដល់​គណបក្ស​កាន់​អំណាច​ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ក្នុង​អំឡុង​ពេល​និង​ក្រោយ​ពេល​បោះឆ្នោត។

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួមក្នុងសមាជរបស់គណបក្ស ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី០៦ ខែតុលា​ ឆ្នាំ២០១៣។
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួមក្នុងសមាជរបស់គណបក្ស ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី០៦ ខែតុលា​ ឆ្នាំ២០១៣។
ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ដែល​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តាល​ខេត្តបាន​មក​ជួប​ជុំ​គ្នា​ពី​ម៉ោង​ប្រហែល​៣​រសៀល​រហូត​ដល់​ម៉ោង​៥​ល្ងាច មួយ​ម៉ោង​លឿន​ជាងការ​គ្រោង​ទុក​ដោយសារ​អាកាសធាតុ​មិន​អំណោយផល។​

តំណាង​ប្រជាពលរដ្ឋ យុវជន កសិករ ពលករ គ្រូ​បង្រៀន និង​ព្រះ​សង្ឃជា​ច្រើន​បាន​ឡើង​សម្តែង​បញ្ហា​ប្រឈមនិង​គោលជំហរ​របស់​ខ្លួន​ទៅ​កាន់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។ ​

«ទី​មួយ​ខ្ញុំ​សូម​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​រឹងមាំ​ ឥត​ងាក​រេ មិន​ចុះ​ចូល។ ឈរ​លើ​ជំហរ​ប្រជាពលរដ្ឋ​ដូច​ថ្ងៃ​នេះ​អញ្ចឹង។»

«ខ្ញុំ​មិន​ខ្លាច​សោះ ទោះបី​ជា​ត្រូវ​បញ្ឈរ​ជើង​ឬ​ត្រូវ​បញ្ឍប់​ក៏​ដោយ ខ្ញុំ​មិន​ខ្លាច​ឡើយ។ បើ​ខ្លាច​គេ​នៅ​តែ​ជាន់​ក្បាល​ខ្ញុំ​និង​កូន​ចៅ​ខ្ញុំ​ជំនាន់​ក្រោយ។»

នៅ​ថ្ងៃ​ដដែល​នេះ​ គេ​ឃើញ​មានការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជាច្រើន​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​រឹត​បណ្តឹង​សន្តិសុខ​និង​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ហើយ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ត្រឡប់​មក​ពី​ស្រុក​កំណើតក្នុង​រដូវ​កាន់​បិណ្ឌ​ផង​នោះ ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ជា​ច្រើន​ម៉ោង​នៅ​ជា​ច្រើន​កន្លែង។

ថ្លែង​បិទ​កម្មវិធីនេះ លោក ហ៊ូ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អាន​សេចក្តី​សម្រេច១០​ចំណុច​ដែល​វេទិកា​បានស្នើ​និង​អនុម័ត​រួម​មានការ​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត កំណែ​ទម្រង់​គជប​និង​ស្ថាប័ន​សាធារណៈ​ជាដើម។

«អង្គ​សមាជ​មហាជន​សម្រេច​ចិត្ត ទាម​ទារ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ទាមទារ​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​មហាជន​ជា​ម្ចាស់​ឆ្នោត តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស ធ្វើ​នយោបាយ​ការទូត​ឱ្យ​ទូលំទូលាយ លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ធ្វើ​ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​ហត្ថលេខី​ទាំង​អស់​ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នៃ​អនុសញ្ញា​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា»។

គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​របស់​ខ្លួន​លើក​ទី៣​នៅ​ថ្ងៃ​២៣​ ខែ​តុលា​ខាង​មុខ​នេះ។ តំណាង​គណបក្សនេះ​និង​អ្នក​គាំទ្រ​ខ្លួន​ក៏​បាន​ព្រម​ព្រៀង​នឹងធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ដោយ​ការ​មិន​បំពេញ​ការងារ​របស់ពួកគេ​រៀង​ៗ​ខ្លួន​នៅ​ថ្ងៃ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG