ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​​កម្ពុជា​ឲ្យ​កែប្រែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស


ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​ការ​រិៈគន់​ពី​អន្តរជាតិ​ច្រើន​ ហើយ​ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​នោះ​ នឹង​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​វិនិយោគទុន។​
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​ការ​រិៈគន់​ពី​អន្តរជាតិ​ច្រើន​ ហើយ​ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​នោះ​ នឹង​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​វិនិយោគទុន។​
វ៉ាស៊ីនតោន៖ ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​ដាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នោះ​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​បាន​ព្រមាន​ថា​ ការ​មិន​ព្រម​កែ​ទម្រង់បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នឹង​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា។​

នៅ​ក្នុង​របាយ​ការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ពិភព​លោក ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​មុន​ ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​និយាយ​ថា ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​កើត​ចេញ​ពី​ប្រព័ន្ធ​តុលាការ​ដែល​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​ អំពើ​ពុក​រលួយ​ ការ​សម្លាប់​ក្រៅច្បាប់​ ការ​រិត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​ ការ​រិតត្បិត​សិទ្ធិ​ជួប​ប្រជុំ​តវ៉ា​ ការ​រិត​ត្បិត​មន្ត្រី​សង្គម​ស៊ីវិល ​ការ​ចាប់ខ្លួន​ដោយ​ខុស​ច្បាប់​ ការ​ជម្រិត​យក​ចម្លើយ​ក្នុង​បន្ទប់​ឃុំឃាំង​ ការ​មិន​ដាក់ទោស​ទណ្ឌ​ដល់​អ្នក​ប្រព្រឹត្ត​ខុស​ឬ​ និទណ្ឌភាព​ជា​ដើម។​

«ប្រព័ន្ធ​យុត្តិធម៌​ ដែល​ទន់ខ្សោយ​ ​ហើយ​ដែល​ពេល​ខ្លះ​ខកខាន​មិន​កាត់​ទោស​ដោយ​យុត្តិធម៌​ ត្រឹមត្រូវ ​ឬតាម​ច្បាប់​នីតិវិធី​នោះ​ បាន​បន្តធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ដល់​សិទ្ធិ​មនុស្ស»។​

របាយ​ការណ៍​នោះ​បាន​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​អំណាច ​និង​កាន់​កាប់​ស្ថាប័ន​ទាំងបី​គឺ​នីតិ​បញត្តិ​ នីតិ​ប្រតិបត្តិ​ តុលាការ ​និង​ស្ថាប័ន​ជាតិ​ដទៃ​ទៀត​ ដែល​អំណាច​ភាគ​ច្រើន​ប្រមូលផ្តុំ​នៅ​លើ​ដៃ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ ប្រព័ន្ធ​តុលាការ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ និង​ពុករលួយ​ ដោយ​សារតែ​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ​ និង​ធនធាន​មនុស្ស​បន្ថែម​លើការ​សម្លាប់​ក្រៅ​ច្បាប់ ​ការ​រំលោភ​បំពាន​ដីធ្លី ​ការ​ចាប់​ខ្លួន​ដោយ​សេរី ​និងខុសច្បាប់​ ការ​រិតត្បិត​សេរីភាព​បញ្ចេញមតិ​ ការ​រិតត្បិត​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​ការ​ដាក់ទោស​ព្រហ្មទណ្ឌ​រឿង​ផ្តល់​ព័ត៌មាន​មិនពិត​ និង​បរិហារ​កេរ្តិ៍​ និង​បទ​ញុះញង់​ជាដើម។​ ក្រៅពី​នេះ​មាន​ការ​ជម្រិត​យក​ចម្លើយ​ដោយ​មន្ត្រី​សន្តិសុខ​ក្នុង​បន្ទប់​ឃុំឃាំង​ ការ​រំលោភ​ និង​ជួញដូរ​ស្ត្រី ​និង​កុមារ​ បញ្ហា​ខ្វះ​ការ​អប់រំ ​ ការ​កើត​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​បញ្ហា​និទណ្ឌ​ភាព​ជា​ដើម។​

របាយ​ការណ៍​ដដែល​បាន​លើក​យក​ករណី​សម្លាប់​អ្នក​ការពារ​បរិស្ថាន​ម្នាក់​គឺ​លោក​ឈុត វុទ្ធី ​ការ​សម្លាប់​កុមារី​នៅ​ខេត្ត​ក្រចេះ​ពេល​មាន​ការ​តវ៉ា​រឿង​ដីធ្លី ​ការ​បាញ់​កម្មករ​បី​នាក់​នៅ​ស្រុក​បាវិត​ ខេត្តស្វាយ​រៀង​ដែល​គេ​សង្ស័យ​ថា​ប្រព្រឹត្តដោយ​លោក​ឈូក បណ្ឌិត​ អភិបាល​ស្រុក​ជាដើម។​

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចាត់​ទុក​ថា ​របាយ​ ការណ៍​សិទ្ធិ​មនុស្ស​របស់​ស.រ.អា.​ជា​រឿង​សំខាន់​បំផុត​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុកដាក់។​ លោក​ថ្លែង​ថា​ ការ​កែ​ប្រែ​ ឬ​មិន​កែប្រែ​គឺអាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ផង​និង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ផង។​

«តែ​បើ​រដ្ឋាភិបាល​អត់ចង់​ធ្វើទេ​ អាហ្នឹង​សេ្រច​ទៅ​លើ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បង្ហាញ​នូវឆន្ទៈ​ប្រាប់​ទៅ​អ្នក​នយោបាយ​ថា​ ខ្លួន​ចង់​បាន​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​ត្រឹមត្រូវ ​ដែល​ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ ដូច​ជា​ដីធ្លី ​ហើយ​ចង់​បាន​អំពើ​យុត្តិធម៌​នៅ​ក្នុង​សង្គម​របស់​យើង ​ជាទូទៅ។​ អាហ្នឹង​ជារឿង​ដែល​សំខាន់​បំផុត»។​

លោក​អ៊ូ វីរៈ​ដែល​អះអាង​ថា ​អ្វីដែល​អង្គការ​លោក​លើក​ឡើង​ក្តី​ អង្គការ​ផ្សេង​ទៀត​លើក​ឡើងក្តី​និង​ស.រ.អា.​លើកឡើង​ក្តី​គឺមិន​មែន​ជាការ​ស្តី​បន្ទោស​ដល់រដ្ឋាភិបាល​ទេ​ តែ​ជា​ការចង់​ឃើញ​កំណែទម្រង់​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បាន​ ហើយមាន​មិត្ត​ជាច្រើន​រង់ចាំ​ជួយ។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ បាន​អះអាង​ថា​ របាយ​ការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ការណ៍​ពិត​មួយ​ចំនួន​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​បញ្ហា​តុលាការ​ ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​មន្ត្រី​មាន​អំណាច។​

«អញ្ចឹង​ហើយ​របាយ​ការណ៍​ទាំងអស់​នេះ​យើង​គិត​ថា ​រាជ​រដ្ឋាភិបាល​គួរតែ​ ពិចារណា​ ហើយ​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​ឡើង​វិញ​ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់​ ឬ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​មតិ​អន្តរជាតិ​ ជា​បន្តទៅ​ទៀត»។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​ការ​រិៈគន់​ពី​អន្តរជាតិ​ច្រើន​ ហើយ​ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​នោះ​ នឹង​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​វិនិយោគទុន​ ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ ប៉ះពាល់​ដល់​ជំនួយ​ ដូចជា​ការ​ប្រកាស​បង្កក​ជំនួយ​កន្លង​ទៅ​ដោយ​ធនាគារ​ពិភព​លោក​ ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ចំណាត់​ថ្នាក់​ទាប​សម្រាប់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ។​

របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​បញ្ជាក់​ទៀត​ថា ​គណបក្ស​ប្រជាជន​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ ហើយ​គ្មាន​បំណង​ឲ្យ​គណបក្ស​ជំទាស់​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បន្តនិយាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​សម រង្ស៉ី​ជា​សាធារណៈ។​ អង្គការ​ជាតិ ​អន្តរជាតិ​ប្រឈម​មុខ​នឹង​ការ​គម្រាម​កំហែង​និង​ចំណាត់​ការ​ផ្លូវច្បាប់ ​ហើយ​នឹង​ការ​រំខាន​ដោយ​ការិយា​ធិបតេយ្យ​ ដែល​ជា​ការ​រារាំង​ដល់​ការ​ជួប​ប្រជុំ។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ ​លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​ទីស្តីការ គណៈ​រដ្ឋមន្ត្រី​ បាន​អះអាង​ថា​ របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​ស.រ.អា.​នេះ​ឆ្លុះ​បញ្ចាំង​ពី​អតីត​កាល​ជាជាង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​រីក​ចម្រើន។​

«របាយ​ការណ៍​ហ្នឹង​គ្រាន់តែ​ជា​ការ​លើក​ឡើង​នៃ​ការ​ចាប់​អារម្មណ៍​ នៃ​ការ​យក​ចិត្តទុក​ដាក់​របស់​ស.រ.អា.​ដែល​ជា​ដៃ​គូ​អភិវឌ្ឍ​ជាមួយ​នឹង​កម្ពុជា។​ នេះ​ជា​ចំណុច​ដែល​យើង​ឃើញ។​ ប៉ុន្តែ​របាយ​ការណ៍​ទាំង​អស់​ហ្នឹង​គ្រាន់តែ​បង្ហាញ​ពី​ការ​ដែលគេ​មើល​ឃើញ​ទេ។ ​គេ​មិន​បាន​បង្ហាញ​ពីការ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ ពីមួយខែ​ទៅមួយ​ខែ ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៃអ្វី​ដែល​គេ​បាន​ឃើញ​ទេ។ ​ដូច្នេះ​អ្វីដែល​ជា​ការ​ផ្លាស់ប្តូរ​ ​របាយ​ការណ៍​ហ្នឹង​តាម​អត់​ទាន់​សភាព​ការណ៍​ទេ។ ​ដូច្នេះ​អ្វី​ដែល​គេ​ដាក់​ក្នុង​របាយ​ការណ៍​ហ្នឹង​ជាអ្វី​ដែល​កន្លង​មក​ហើយ»។​

លោក​អះអាង​ថា​ កម្ពុជា​មាន​ការ​ប្រឹងប្រែង​ច្រើន ​ដូចជា​ការ​ចាប់​ខ្លួន​មន្ត្រី​តុលា​ការ​ដាក់គុក​ និង​ការ​កែ​ទម្រង់​ផ្នែក​ប្រព័ន្ធ​តុលាការ​ដទៃ​ទៀត​ដែល​គេ​មិន​បាន​ដឹង។​ ដោយ​ឡែក​លោក​ផៃ ស៊ីផាន​បាន​បញ្ជាក់​ថា ​វប្បធម៌​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ត្រូវការ​ពេលវេលា​ ត្រូវការ​ការ​យល់​ដឹង​ច្បាប់​ ត្រូវ​ការ​ការ​អនុវត្តន៍​ច្បាប់​ និង​ការ​ចូលរួម​ប្រតិបត្តិ​ច្បាប់។​

ក៏ប៉ុន្តែ​ចំពោះ​លោក​ប្រេដ៍ ​អាដាំ​ (Brad Adams)​ នាយក​អង្គការ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​អះអាង​ថា​ រដ្ឋាភិបាល​គួរតែ​បង្ហាញ​ឆន្ទៈ​ស៊ើប​អង្កេត​រក​យុត្តិធម៌​តាម​របាយ​ការណ៍​របស់​អង្គការ​ស្ថាប័ន​នានា​ដែល​បាន​ចង​ក្រង​ដោយមាន​ព័ត៌មាន​ច្បាស់លាស់​ជាមុន​សិន​ មុន​ពេល​បដិសេធ។ ​ការ​ស៊ើប​អង្កេត​ និង​ការ​ទាមទារ​ឲ្យ​ត្រួត​ពិនិត្យ​របាយ​ការណ៍​នានា​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​ចិត្ត។​

«ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទស​កម្ពុជា​នៅតែ​ទន់ខ្សោយ​យ៉ាង​ខ្លាំង​នៅ​ឡើយ។ ​មាន​បញ្ហា​សំខាន់​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​តុលាការ​ដែល​រង​ឥទ្ធិពល​នយោបាយ​យ៉ាង​ខ្លាំង​ក្លា។​ នៅ​ពេល​រដ្ឋាភិបាល​ ជាពិសេស​ នៅពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ចង់ចាប់​នរណា​ម្នាក់​ អាជ្ញាធរ​ត្រូវតែ​ធ្វើ​តាម ​ហើយ​បើសិន​ជា​គេ​ចង់ដាក់​ទោស​នរណា​ម្នាក់​ ដូចជា​លោក​ម៉ម សូណង់ដូ ​ឬ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ការ​តវ៉ា​នៅ​បឹងកក់​ តុលាការ​ធ្វើបាន​យ៉ាង​ងាយ​តាមអ្វី​ដែល​អ្នក​នយោបាយ​ប្រាប់ឲ្យ​ធ្វើ»។​

លោក​បាន​រិៈគន់​របាយ​ការណ៍​ក្រសួងការ​បរទេស​ស.រ.អា.​ត្រង់​ចំណុច​មួយ​ចំនួន ​ដែល​លោក​ចាត់ទុក​ថា​ ជា​រឿង​មិន​គ្រប់​គ្រាន់។​

«របាយ​ការណ៍​ក្រសួង​ការ​បរទេស​ល្អ​ហើយ​ តែហាក់​ដូចជា​មិន​យោគ​យល់​ដល់​រដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​មួយ​ចំនួន។​ របាយ​ការណ៍​នេះ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​ឆ្នាំ២០០៨​មិនល្អ​ មិន​តាម​បទដ្ឋាន​អន្តរជាតិ​ តែ​មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​មុន។​ ការណ៍​ពិត​មន្ត្រី​សហ​ភាព​អឺរ៉ុប​ ដែល​ខ្ញុំ​បាន​ជួប ​និយាយ​ថា​ ការ​បោះឆ្នោត​ឆ្នាំមុន​ជា​ការ​បោះឆ្នោត​ដ៏​អាក្រក់។​ ដូច្នេះ​ហើយ​បាន​ជា​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២១០៣​ សហភាព​អឺរ៉ុប​មិន​បញ្ជូន​ប្រតិភូ​សង្កេត​ការណ៍​បោះឆ្នោត​មក​កម្ពុជា»។​

លោក​បាន​បន្ថែម​ថា​ ក្រសួង​ការ​បរទេស​ធ្វើសេចក្តី​សន្និដ្ឋាន​លឿនពេក​ដែល​ថា ​ឃាដកម្ម​លើលោក​ឈុត វុទ្ធី​មិនមែន​ជាឧក្រិដ្ឋកម្ម​គិតទុក​ជាមុន​ហើយ​មិន​ពាក់​ពន្ធ​នឹង​រឿង​នយោបាយ ​នៅ​ពេល​សំណុំ​រឿង​នេះ​ស្ថិត​នៅ​ក្រោម​ការ​សង្ស័យ​នៅ​ឡើយ​ ហើយ​គួរ​ស.រ.អា.​ប្រើ​ភាសាខ្លាំង​ជាង​របាយ​ការណ៍​លើក​នេះទាក់ទង​នឹងការ​ចេញ​សាលក្រម​តុលាការ​ដែល​ចៅក្រម​សម្រេច​មុន​ការ​កាត់ទោស​នោះ។​ ដោយ​ឡែក​ក្រសួង​ការ​បរទេស​ស.រ.អា.​គួរ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ប៊ន សំណាង​ លោក​សុខ ​សំអឿន​ ឃាដករ​សប្បនិម្មិត ​និង​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាដករ​ពិត​ ដែល​បាន​បាញ់​សម្លាប់​លោក​ជា វិជ្ជា ​មេដឹកនាំ​សហជីព​ដ៏ល្បីល្បាញ​កាល​ពីឆ្នាំ​២០០៤។ ​ស.រ.អា.​មិន​គួរ​ផ្លាស់​ប្តូរ​ជំហរ​ទេ។​
លោក​ប្រេដ៍ អាដាំ​បាន​អះអាង​ថា​ កម្ពុជា​អាច​កែប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស​បាន ​ក្នុង​រយៈ​ពេល​តែមួយ​យប់​ទេ ​គឺ​ចាប់ផ្តើម​ពី​ការ​ធានា​ឯករាជ្យ​ភាព​របស់​តុលាការ​ មន្ត្រី​តុលាការ​មិនត្រូវ​ជា​សាមាជិក​គណបក្ស​នយោបាយ​ហើយ​ផ្តល់​ប្រាក់​ខែ​ដល់​មន្ត្រី​តុលាការ​ឲ្យបាន​សមរម្យ​ដើម្បី​ឲ្យ​រួច​ពី​ការ​ហ៊ុំព័ទ្ធ​ដោយ​អំពើ​ពុក​រលួយ។ ​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ហើយ​ការ​ផ្តល់​ដី​សម្បទាន​ណា​មួយ​ត្រូវ​តែ​មាន​ការ​ចូលរួម​ត្រួត​ពិនិត្យ​ដោយ​គណៈ​កម្មាការ​ឯករាជ្យ​ដែល​មាន​សិទ្ធិ​អំណាច​បដិសេធ​កុងត្រា​បាន។ ​នេះ​ប្រសិន​បើ​ជាដី​ប្រជា​ពលរដ្ឋ​រស់​នៅ​ទីនោះ។​ ជា​ចុង​ក្រោយ​គឺដាក់​ទោស​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស ​និង​បញ្ឈប់​ការ​ការពារ​ដល់​ជនណា​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ឬ​ត្រូវ​កាត់ទោស​ឲ្យ​មាន​យុត្តិធម៌​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ថា​អ្នក​មាន​អំណាច​មិន​ការពារ​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG