ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​អំពាវនាវ​ឱ្យ​មនុស្ស​ជម្លៀស​ចេញ​ពី​ផ្នែក​ខាងកើត​ក្នុង​ទីក្រុង Rafah មុន​ការ​វាយលុក​ដែល​គ្រោងទុក


People flee the eastern parts of Rafah after the Israeli military began evacuating Palestinian civilians ahead of a threatened assault on the southern Gazan city
People flee the eastern parts of Rafah after the Israeli military began evacuating Palestinian civilians ahead of a threatened assault on the southern Gazan city

យោធា​អ៊ីស្រាអែល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​នៅ​ផ្នែក​ភាគ​ខាង​កើត​ក្នុង​ទីក្រុង Rafah នៅ​តំបន់​ហ្កាហ្សា​ (Gaza) គួរ​ទៅ​តំបន់​មនុស្សធម៌​ដ៏​ទូលំទូលាយ​មួយ​កន្លែង​ដែល​នៅ​ពេល​នេះ​រួម​បញ្ចូល​ទាំង​ទីក្រុង Khan Younis ផងដែរ។ នេះ​គឺជា​វិធានការ​មួយ​ដែល​ធ្វើឡើង​មុន​ការ​វាយ​ប្រហារ​ដែល​គ្រោងទុក​របស់​អ៊ីស្រាអែល​លើ​ទីក្រុង Rafah។

អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ក្នុង​សារ​បង្ហោះ​ជា​ភាសា​អារ៉ាប់​នៅលើ​បណ្ដាញ​សង្គម​អនឡាញ​ថា យោធា​អ៊ីស្រាអែល​នឹង​ប្រើ​កម្លាំង​ចាត់​វិធានការ​ប្រឆាំង​នឹង​អង្គការ​ភេរវកម្ម​នានា​នៅក្នុង​ទីក្រុង Rafah និង​ថា នរណា​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​នោះ​នឹង​ប្រឈម​នឹង​ហានិភ័យ​ដល់​អាយុ​ជីវិត។

អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​បន្ថែម​ថា អ៊ីស្រាអែល​កំពុង​ត្រៀម «ប្រតិបត្តិការ​ក្នុង​ទំហំ​មាន​កម្រិត» នៅក្នុង​ទីក្រុង Rafah ហើយ​ខ្លួន​បាន​អំពាវនាវ​ឱ្យ​មនុស្ស​ប្រហែល​ ១០០.០០០ ​នាក់​ចាកចេញ​ពី​តំបន់​ជម្លៀស​នោះ។

អ៊ីស្រាអែល​ធ្លាប់​ចេញ​ការ​ព្រមាន​ដូចនេះ​រួចហើយ​នៅ​ចំពេល​ដែល​ខ្លួន​ធ្វើ​យុទ្ធនាការ​ដើម្បី​កម្ចាត់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នៅក្នុង​តំបន់​ហ្កាហ្សា។ ជនជាតិ​ប៉ាឡេស្ទីន​ជាច្រើន​នៅក្នុង​តំបន់​ហ្កាហ្សា​បាន​ធ្វើដំណើរ​ទៅ​ទីនោះ​ដើម្បី​ស្វែងរក​ទី​ជ្រកកោន បន្ទាប់ពី​អ៊ីស្រាអែល​បាន​ប្រាប់​ពួកគេ​ឱ្យ​ភៀសខ្លួន​ចេញ​ពី​ផ្នែក​ផ្សេងៗ​នៃ​តំបន់​ហ្កាហ្សា។

អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង Rafah គឺ​ចាំបាច់​ដើម្បី​កម្ចាត់​ក្រុម​ហាម៉ាស់ ​ចំណែកឯ​សហរដ្ឋ​អាមេរិក អង្គការ​សហប្រជាជាតិ ​និង​ប្រទេស​ផ្សេង​ទៀត​បាន​ព្រមាន​ថា​គ្រោះ​មហន្តរាយ​មនុស្សធម៌​អាច​កើតឡើង​ប្រសិនបើ​អ៊ីស្រាអែល​អនុវត្ត​ប្រតិបត្តិការ​វាយ​ប្រហារ​

ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​នោះ ដែល​នៅ​ទីនោះ​ប្រជាជន​តំបន់​ហ្កាហ្សា​ជាង​ពាក់​កណ្ដាល​កំពុង​ជ្រកកោន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​លើកឡើង​អំពី​បញ្ហា​នេះ​ម្ដងទៀត​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរសព្ទ​កាលពី​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង ​Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG