ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ៖ ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ថា TikTok ជា​ឧបករណ៍​ជះ​ឥទ្ធិពល​របស់​ចិន


រូបទង់ជាតិ​អាមេរិក​និងផ្លាកយីហោ​របស់​ក្រុមហ៊ុន TikTok ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
រូបទង់ជាតិ​អាមេរិក​និងផ្លាកយីហោ​របស់​ក្រុមហ៊ុន TikTok ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ជឿ​ថា ប្រទេស​ចិន​ប្រើប្រាស់​បណ្ដាញ​សង្គម​អនឡាញ TikTok ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​សាធារណជន​អាមេរិកាំង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​ស្ទង់មតិ​របស់ Reuters/Ipsos ស្រប​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ខិត​កាន់តែ​ជិត​ទៅ​ដល់​ការ​ដាក់​បម្រាម​លើ​ការ​ប្រើប្រាស់ TikTok នេះ។

នៅក្នុង​ការ​ស្ទង់មតិ​រយៈពេល ២ ថ្ងៃ ដែល​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី ៣០ ខែ​មេសា​កន្លង​ទៅ​នេះ អ្នក​ចូលរួម​ឆ្លើយ​សំណួរ​ប្រមាណ ៥៨% បាន​យល់ស្រប​ជាមួយ​នឹង​ការ​លើកឡើង​ដែល​ថា​រដ្ឋាភិបាល​ចិន​បាន​ប្រើ TikTok ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ByteDance របស់​ចិន ដើម្បី «ជះ​ឥទ្ធិពល​លើ​ទស្សនៈ​សាធារណជន​អាមេរិកាំង»។

អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ​ប្រមាណ ១៣% មិន​យល់ស្រប​លើ​រឿង​នេះ ខណៈ​អ្នក​ចូលរួម​ផ្សេង​ទៀត​នៅ​មិន​ច្បាស់​ឬ​មិន​បាន​ឆ្លើយ​នឹង​សំណួរ​តែម្ដង។

អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ទំនងជា​ជឿ​ខ្លាំងជាង​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ថា ចិន​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ជះ​ឥទ្ធិពល​លើ​ទស្សនៈ​ពលរដ្ឋ​អាមេរិកាំង។

ក្រុមហ៊ុន TikTok បាន​បញ្ជាក់​ថា ខ្លួន​បាន​ចំណាយ​ប្រាក់​ជាង ១.៥០០ លាន​ដុល្លារ​អាមេរិក​លើ​កិច្ច​ប្រឹងប្រែង​ធ្វើ​ឱ្យ​មាន​សន្តិសុខ​លើ​ប្រព័ន្ធ​ទិន្នន័យ​នៃ​កម្មវិធី​របស់​ខ្លួន ហើយ​ថា​ខ្លួន​នឹង​មិន​ចែក​រំលែក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ចំនួន ១៧០ លាន​នាក់​ជាមួយ​រដ្ឋាភិបាល​ចិន​នោះ​ឡើយ។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​សភា​អាមេរិក​កាលពី​ឆ្នាំ​មុន​ថា ខ្លួន «មិន​គាំទ្រ​ឬ​ដក​ចេញ​នូវ​វីដេអូ​ណាមួយ​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​ចិន​នោះទេ»។

ក្រុមហ៊ុន TikTok មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​នោះ​ឡើយ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ ដោយ​ទុកពេល ២៧០ ថ្ងៃ​ឱ្យ​ក្រុមហ៊ុន ByteDance ដែល​គ្រប់គ្រង TikTok នេះ​ឱ្យ​លក់​សិទ្ធិ​កាន់កាប់ TikTok ដល់​សហរដ្ឋ​អាមេរិក បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ហាមឃាត់។

ក្រុមហ៊ុន TikTok បាន​សន្យា​ថា​នឹង​ប្រឆាំង​នឹង​បម្រាម​នេះ​ដោយ​ចាត់ទុក​បម្រាម​នេះ​ថា​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​ការ​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​មាន​ចែង​ក្នុង​វិសោធនកម្ម​ទី​មួយ​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ហើយ​អ្នក​ប្រើប្រាស់ TikTok នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ម្ដងទៀត​ប្រឆាំង​ទៅ​នឹង​បម្រាម​នេះ។

ចៅក្រម​ថ្នាក់​ជាតិ​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋ Montana កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​បាន​រាំងខ្ទប់​ការ​ដាក់បម្រាម​របស់​រដ្ឋ​នេះ​លើ​ការ​ប្រើប្រាស់ TikTok ដោយ​លើកឡើង​អំពី​ក្តីបារម្ភ​ទាក់ទិន​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ។

ក្រុមហ៊ុន​ស្ទង់មតិ Reuters/Ipsos បាន​រក​ឃើញ​ថា ពលរដ្ឋ​អាមេរិកាំង​ចំនួន ៥០% គាំទ្រ​ឱ្យ​មាន​ការ​ដាក់​បម្រាម​លើ TikTok ៣២% ប្រឆាំង​នឹង​បម្រាម​នេះ ហើយ​ក្រៅពី​នេះ​គឺ​មិន​ច្បាស់​លើ​បញ្ហា​នេះ។

ការ​ស្ទង់មតិ​នេះ​បាន​ធ្វើឡើង​តែលើ​ក្រុម​មនុស្ស​ពេញវ័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ហើយ​មិន​បាន​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​នោះទេ ដែល​ក្រុម​ពលរដ្ឋ​នេះ​ច្រើន​គួរសម​គឺជា​អ្នក​ប្រើប្រាស់ TikTok នៅក្នុង​សហរដ្ឋ​អាមេរិក។

អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ​ចំនួន ៦ នាក់​ក្នុង​ចំណោម ១០ នាក់​ដែល​មាន​អាយុ​ចាប់ពី ៤០ ឆ្នាំ​ឡើង​ទៅ​បាន​គាំទ្រ​បម្រាម​នេះ បើ​ធៀប​ទៅនឹង​ចំនួន​ប្រមាណ ៤ នាក់​ក្នុង​ចំណោម ១០ នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ឆ្នាំ​ដល់ ៣៩ ឆ្នាំ។

ការ​ស្ទង់មតិ​នេះ​បាន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​ចំនួន ៤៦% យល់ស្រប​ដោយ​លើកឡើង​ថា​ ប្រទេស​ចិន​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី «ឈ្លប​យកការណ៍​លើ​ពលរដ្ឋ​អាមេរិកាំង​ទូទៅ» ដែល​ជា​ការ​ចោទប្រកាន់​ដែល​រដ្ឋាភិបាល​ចិន​បាន​បដិសេធ។

កម្មវិធី TikTok មាន​ការ​ពេញនិយម​ជា​ខ្លាំង​នៅ​គ្រប់​កន្លែង​ទាំងអស់​ក្នុង​សហរដ្ឋ​អាមេរិក។ សូម្បីតែ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden ក៏​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ខាងមុខ​នេះ​ផងដែរ។

ប៉ុន្តែ​សម្រាប់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ដែល​ជា​គូប្រជែង​របស់​លោក Biden វិញ​បាន​រិះគន់​លើ​បម្រាម​នេះ​និង​មិន​បាន​ប្រើប្រាស់ TikTok នោះទេ។ លោក​គឺជា​អ្នក​កាន់កាប់​ភាគហ៊ុន​ភាគច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​លើ​បណ្តាញ​សង្គម​អនឡាញ Truth Social របស់​លោក។

ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ប្រមាណ ៦០% បាន​និយាយ​ថា វា​មិន​ត្រឹមត្រូវ​ឡើយ​ដែល​បេក្ខជន​នយោបាយ​អាមេរិក​ប្រើប្រាស់​កម្មវិធី TikTok ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន។

ការ​ចុះ​ហត្ថលេខា​លើ​ច្បាប់​របស់​លោក Biden នេះ​បាន​កំណត់​យក​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២៥ ធ្វើ​ជា​កាល​បរិច្ឆេទ​ចុងក្រោយ​សម្រាប់​ឱ្យ TikTok លក់​កម្មសិទ្ធិ​ទៅឱ្យ​សហរដ្ឋ​អាមេរិក គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​អាណត្តិ​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​លោក Biden នឹង​ត្រូវ​បញ្ចប់ ប៉ុន្តែ​លោក​អាច​ពន្យារ​កាលបរិច្ឆេទ​នេះ ៣ ខែ​បន្ថែម​ទៀត ប្រសិនបើ​លោក​មើល​ឃើញ​ថា​ក្រុមហ៊ុន ByteDance ដែល​គ្រប់គ្រង TikTok នេះ​កំពុង​ធ្វើការ​ទៅមុខ​លើ​ការ​ផ្លាស់ប្តូរ​សិទ្ធិ​កាន់កាប់ TikTok នេះ។

ការ​ស្ទង់មតិ​ដែល​បាន​ធ្វើឡើង​អនឡាញ​នេះ​ទទួល​បាន​ការ​ឆ្លើយតប​ពី​ពលរដ្ឋ​អាមេរិកាំង​ពេញវ័យ​ចំនួន ១.០២២ នាក់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ហើយ​មាន​អត្រា​ខុសគ្នា​ប្រមាណ ៣ ពិន្ទុ​ភាគរយ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG