ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ហៅ​រដ្ឋាភិបាលថ្មី​ថា ​ប្រាសចាក​រដ្ឋធម្មនុញ្ញ


លោក​សម រង្ស៊ី និង​លោក​កឹម សុខា ​មេដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​ធ្វើសន្និសីទ​សារព័ត៌មាន ថ្ងៃ​២៥ កញ្ញា ២០១៣។​
លោក​សម រង្ស៊ី និង​លោក​កឹម សុខា ​មេដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​ធ្វើសន្និសីទ​សារព័ត៌មាន ថ្ងៃ​២៥ កញ្ញា ២០១៣។​
រយៈពេល​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋ​សភា​បាន​បោះ​ឆ្នោត​ជា​កញ្ចប់តែងតាំង​ស្ថាប័ន​រដ្ឋ​សភា​ និង​រដ្ឋាភិបាល​ក្នុង​ពេល​តែមួយ​ ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​រដ្ឋាភិបាលនិង​ស្ថាប័ន​រដ្ឋសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​ទេ ​ដោយបាន​ចាត់​ទុក​ថា ​ជា​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ​និង​បាន​លួច​ប្លន់​ឆន្ទៈ​ប្រជា​រាស្ត្រ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គាររដ្ឋសភា​បានបើក​សម័យ​ប្រជុំ​ជាលើក​ដំបូង​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​របស់​របស់​សមាជិក​សភា​ក្រោមព្រះរាជ​អធិបតី​ភាព​ព្រះ​មហាក្សត្រ ​និង​ប្រកាស​បោះឆ្នោត​ជា​កញ្ចប់​ដើម្បី​ជ្រើស​តាំង​ស្ថាប័ន​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​ក្នុង​ពេល​តែមួយ។​

ការ​បោះ​ឆ្នោត​នេះ​ ដែល​បាន​ប្រើពេល​វេលា​មិន​ដល់​មួយ​ម៉ោង​ផង ​បាន​ប្រកាស​តែង​តាំង​លោក​ហ៊ុន សែន​ជានាយក​រដ្ឋ​មន្ត្រី។​ ចំណែក​ឯលោក​ហេង​ សំរិន​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​រដ្ឋសភា​ ហើយ​គណៈ​កម្មការ​ជំនាញ​ទាំង​អស់​នៃ​រដ្ឋសភា​បាន​កាន់​កាប់​ដោយ​គណបក្សប្រជាជន​កម្ពុជា។​

បន្ទាប់​ពី​បាន​វិល​ត្រឡប់​មកពី​ខេត្ត​សៀមរាប​ ដែល​នៅ​ទីនោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៦៣​នោះ​ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ គណបក្ស​របស់​លោកមិនទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​ទើប​តែ​បាន​បង្កើត​កាល​ពី​ដើម​សប្តាហ៍នេះទេ។​

លោក​បាន​ចាត់​ទុក​ថា​ អ្វី​ដែល​បាន​ធ្វើ​កាល​ពីថ្ងៃ​ច័ន្ទ ​និង​ថ្ងៃ​អង្គារមាន​លក្ខណៈ​ដូច​ជា​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ​ និង​ការ​លួច​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ។​

លោក​និយាយ​ថា៖​ «ការ​រៀប​ចំក្បាល​ម៉ាស៊ីន​ស្ថាប័ន​រដ្ឋ​ដោយ​ខុស​ច្បាប់​ ដោយ​រំលោភ​ច្បាប់​កំពូល​គឺ​រដ្ឋ​ធម្មនុញ្ញ ​ហើយ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​ ដូច្នេះ​យើង​មិន​អាច​ទទួល​ស្គាល់​ ហើយ​មិន​អាច​សហការ​តាម​រូបភាព​ណាមួយ​ជាមួយ​រដ្ឋាភិបាល​បែប​នេះ​ទេ»។

ការ​ប្រកាស​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​អាណត្តិ​ទី​៥​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នេះ​ បាន​កើត​ឡើង​ចំពេល​ដែល​គណៈរដ្ឋ​មន្ត្រី​បាន​បើក​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត។

យោង​តាម​លទ្ធផល​ផ្លូវ​ការ​ដែល​ចេញ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ឲ្យដឹង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​ចំនួន​៦៨​អាសនៈ។ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ប្រកាស​ថា​ ខ្លួន​បាន​ឈ្នះ​ឆ្នោត​ដែរ​ ដោយ​ទទួល​បាន​៦៣​អាសនៈ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​សម រង្ស៊ី​បាន​និយាយ​ថា ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ខុស​ច្បាប់​ ហើយ​លោក​អំពាវ​នាវ​ឲ្យអ្នក​វិនិយោគ​ទុន​បរទេស​ទាំង​អស់​កុំឲ្យប្រញាប់​មក​ធ្វើ​ការ​វិនិយោគ​ ឬ​ក៏​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​ណា​មួយ​ជាមួយ​រដ្ឋាភិបាល។

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​ មិន​អាច​ទាក់ទងបាន​ទេ។​ ចំណែក​លោក​ឈាង​ វុន​ សមាជិក​សភា​តំណាង​រាស្រ្ត​ខាង​គណបក្សប្រជាជន​កម្ពុជា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។​

លោក​និយាយ​ថា៖ «ខ្ញុំ​អត់​មានទេ ​ក្មួយ​ណា៎»។​

គណបក្ស​សង្គ្រោះ​ជាតិ ​មក​ដល់​ពេល​នេះ​ នៅ​តែ​បញ្ជាក់​ជំហរ​ថា ​នឹង​មិន​ចូល​ស្បថ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំងទេ ​ដរាប​ណា​ការ​ទាម​ទារ​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត​មិន​ទាន់​បាន​ដោះ​ស្រាយ។​ ក៏​ប៉ុន្តែ​គណបក្ស​នេះ​បាន​បើក​ផ្លូវ​ឲ្យមាន​ការ​ចរចាជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដើម្បី​ស្វែង​រក​តុល្យភាព​នៃ​អំណាច។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាម​ទារ​កាន់​កាប់​តំណែង​ក្នុង​ស្ថាប័ន​រដ្ឋ​សភា​ដោយ​ទុក​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ដៃ​គូ​ជម្លោះ​ ជា​អ្នក​កាន់​កាប់​ស្ថាប័ន​រដ្ឋាភិបាល។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារថា ​បើ​ចង់​មាន​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះជាតិត្រូវ​តែ​ធ្វើ​ពិធី​ស្បថ​នៅ​ព្រះ​បរម​រាជ​វាំង​ជាមុន​សិន​ ហើយ​ចំពោះ​ការ​ទាមទារ​កាន់​កាប់​ស្ថាប័ន​រដ្ឋ​សភា​ប្រហែល​ជាមិន​អាច​ទៅ​រួចទេ។​

គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ព្រមាន​ថា ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​ នាពេល​ខាង​មុខនេះ ប្រសិន​ណា​បើមិន​មាន​ការ​ចរចាដើម្បី​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត។​

​លោក​សុរិយា​ ប្រាសាទ​ ស៊ុប៊ែឌី​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្ងៃង​ការណ៍មួយ​ពីទី​ក្រុង​ហ្សឺណែវ ​ដោយ​អំពាវ​នាវ​ឲ្យមាន​ការ​ចរចារវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ទម្លុះ​ទម្លាយភាព​ជាប់​គាំង​ក្រោយ​ពី​ការ​បោះ​ឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG