ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​បើក​យុទ្ធនាការ​ប្រមូល​ភស្តុតាង​បញ្ហា​បោះឆ្នោត


អ្នកបោះឆ្នោត​ចួលរួម​យុទ្ធនាការ​​របស់​គណបក្ស​ប្រឆាំង​​​​ប្រមូល​​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​​​បោះឆ្នោត​​។​
អ្នកបោះឆ្នោត​ចួលរួម​យុទ្ធនាការ​​របស់​គណបក្ស​ប្រឆាំង​​​​ប្រមូល​​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​​​បោះឆ្នោត​​។​
គណបក្ស​សង្គ្រោះជាតិ​ ដែល​ដឹកនាំ​ដោយ​លោកសម រង្ស៊ី​ និង​លោក​កឹម ​សុខា​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចាប់​ផ្តើម​បើក​យុទ្ធ​នាការ​ប្រមូល​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​ក្នុងអំឡុង​ពេល​បោះឆ្នោត​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទៅ​សហគមន៍​អន្តរជាតិ​បន្ទាប់​ពី​គណបក្ស​នេះ​មាន​ការ​ចោទ​ប្រកាន់​ថា​ ការ​បោះឆ្នោត​លើក​នេះ​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ​ជាច្រើន។​

យោង​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ហាញឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ទទួល​បានសំឡេងចំនួន​៦៨​អាសនៈ ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ។​

ក៏ប៉ុន្តែ​លោក​សម រង្ស៊ី​បាន​និយាយ​ថា​ គណបក្ស​សង្គ្រោះជាតិ​ជាអ្នក​ឈ្នះ​ឆ្នោត​នៅ​ក្នុង​អាណត្តិ​នេះ​គឺ​អាច​ទទួល​បាន​ចំនួន​៦៦​អាសនៈ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន។

លោកហូរ​ វ៉ាន់​ សមាជិក​គណៈ​កម្មការទទួល​ពាក្យ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​និយាយ​ថា ​យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​១០​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ​នេះ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៩​ខែសីហា​ ខាង​មុខ​នេះ​ មួយ​ថ្ងៃ​មុន​ពេល​ប្រកាស​លទ្ធផល​ជា​បណ្តោះ​អាសន្ន​របស់​គ.ជ.ប.។​

លោក​បាន​បញ្ជាក់​ថា​ ការ​ទទួល​ពាក្យ​បណ្តឹង​នេះ​ចែក​ចេញ​ជា​បួន​ប្រភេទគឺ​ទីមួយ​ប្រជា​ពលរដ្ឋ​ដែល​មិន​បាន​បោះឆ្នោត​ ឈ្មោះ​ខ្លួន​ត្រូវ​បាន​គេ​បោះ​ជំនួស​ ប្រជា​ពលរដ្ឋ​ដែល​បាន​ឃើញ​បាតុភាព​មិន​ប្រក្រតី និង​ប្រជា​ពលរដ្ឋ​ ដែល​បាន​ដឹង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ជន​បរទេស​ដែល​បាន​ចូល​បោះ​ឆ្នោត​ ត្រូវ​បញ្ជូនឯក​សារ​ជា​រូប​ភាព​ជា​វីដេអូមក​គណបក្ស​សង្គ្រោះជាតិ​ទុក​ជា​ភស្តុតាង។​

លោក​បាន​និយាយ​ថា ​យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទូទាំង​ ហើយ​ប្រទេស​ប្រជា​ពលរដ្ឋ​អាច​មក​ដាក់​ពាក្យ​បណ្តឹង​អំពី​ភាព​មិន​ក្រតី​ទាំង​នេះ​ទៅ​កាន់​ការិយាល័យ​គណបក្ស​សង្គ្រោះជាតិ​នៅ​ទូទាំង​ខេត្ត​ក្រុង។​

លោក​បាន​និយាយ​ថា៖​ «យើង​ធ្វើ​នេះ​គឺ​ដើម្បីឲ្យ​ការ​បោះឆ្នោត​នេះ​វា​មាន​សេរី​ និង​យុត្តិធម៌​ និង​មាន​តម្លាភាព។​ អ្នក​ឈ្នះ​ក៏ទទួល​យក​បាន ​អ្នក​ចាញ់​ក៏​ទទួល​យក​បាន»។​

មាន​មនុស្ស​យ៉ាង​តិច​ប្រមាណ​ជិត​១០០០​នាក់​បាន​មក​កាន់​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​ទីតាំង​នៅ​ខណ្ឌ​ទួលគោក​ ដោយ​មាន​អ្នក​ខ្លះ​បាន​កាន់​សៀវ​ភៅ​បណ្ណ​គ្រួសារ​ និង​អត្ត​សញ្ញាណ​បណ្ណ​បង្ហាញ​ជូន​មន្ត្រី​ទទួល​ពាក្យ​បណ្តឹង​របស់​គណបក្ស។​

ប្រជា​ពលរដ្ឋ​មួយរូប​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​កាន់​អត្ត​សញ្ញាណ​បណ្ណ​និង​បណ្ណ​គ្រួសារ​មក​បង្ហាញ​នៅ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ។ ​លោក​បាន​និយាយ​ទាំង​កំហឹង​ថា ​ក្រុម​គ្រួសារ​របស់​លោក​ចំនួន​បួន​នាក់​មិន​បាន​បោះ​ឆ្នោត​ទេ។​

លោក​និយាយថា៖​«ចាប់​ពីពេល​នេះ​ទៅ​ ប្រសិនណា​បើ​គ.ជ.ប.​នៅ​តែ​បក្ស​តែ​មួយ​នៅ​តែ​ដដែល​ទេ​ មិន​សុក្រឹត​ មិន​យុត្តិ​ធម៌​ទេ​ មិន​សុក្រិដ្ឋ​ឧទាហរណ៍​ថា​ ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ដែល​មាន​អត្ត​សញ្ញាណ​បណ្ណ​ បញ្ជូល​ឈ្មោះ​គាត់​ទៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ហើយ​ទៅ​ មិន​ចាំបាច់ទៅ​ចុះ​ឈ្មោះ​ មិន​ចាំ​បាច់ទៅរក។ គ្នា​ជិះ​ឡាន​ទៅ​មួយ​ថ្ងៃ​ប៉ុន្មាន?»​

ក្រុម​ប្រជា​ពលរដ្ឋ​ ដែល​បាន​មក​ដាក់​ពាក្យ​បណ្តឹង​ បាន​ស្រែក​ស្វាគមន៍​នៅ​ពេល​ដែល​បាន​ឃើញ​មាន​វត្តមាន​លោក​កឹម សុខា​និង​លោកសម​រង្ស៊ី​ថ្លែង​នៅ​ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ទទួល​ពាក្យ​បណ្តឹង។

«ជយោ! ​លោក​ប្រធាន​សម រង្ស៊ី»។​

លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ថា​ យើង​មិន​អនុញ្ញាត​ឲ្យ​គេលួច​ជ័យ​ជំនះ​របស់​យើង​ទេ​ ហើយ​សូម​បង​ប្អូន​ទាំង​អស់​រួម​គ្នាការពារ​ជ័យ​ជំនះ​របស់​ពលរដ្ឋ​ខ្មែរ។​

លោក​និយាយ​ថា៖​ «យើង​រៀប​ចំធ្វើ​ការ​ដើម្បី​ប្រមូល​ភស្តុតាង ​ប្រមូល​សាក្សី​បញ្ជាក់ឲ្យ​ពិភព​លោក​ទាំង​មូល​ឃើញ​ច្បាស់​ថា​ សង្គ្រោះ​ជាតិ​ឈ្នះ​ដាច់​ ឈ្នះ​លើ​គណបក្ស​ប្រជាជន»។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​ គ្រាន់​តែ​រយៈ​ពេល​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ គណបក្ស​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​១០០០​ ហើយ​គេ​រំពឹង​ថា​ពាក្យ​បណ្តឹង​នឹង​មាន​ចំនួន​កើន​ឡើង​ជាង​នេះ។​

លោកហូរ​ វ៉ាន់​បាន​និយាយ​ថា ​ក្រោយ​ពី​បញ្ចប់​ពាក្យ​បណ្តឹង​ លោក​នឹង​ដាក់​ប្តឹង​ទៅ​កាន់​គ.ជ.ប.​មុន​គេ​ ហើយ​ក្រោយ​មក​និង​ប្តឹង​ទៅ​សហគមន៍​អន្តរជាតិ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

វីអូអេបានព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​ទេព​ នីថា​ អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ តែ​មិន​អាច​ទាក់​ទង​បាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG