ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​កំពូល​អាស៊ាន៖ ហ្វីលីពីន​មាន​សុទិដ្ឋិនិយម​ចំពោះ​ដំណោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង


លោក​ប្រធានាធិបតី​ហ្វីលីពីន Benigno Aquino (ស្តាំ) និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស Albert del Rosario (ឆ្វេង) ក្នុង​អំឡុង​​កិច្ច​ប្រជុំ​អាស៊ាន​មួយ​​នៅ​ប្រទេស​ព្រុយណេ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៣។
លោក​ប្រធានាធិបតី​ហ្វីលីពីន Benigno Aquino (ស្តាំ) និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស Albert del Rosario (ឆ្វេង) ក្នុង​អំឡុង​​កិច្ច​ប្រជុំ​អាស៊ាន​មួយ​​នៅ​ប្រទេស​ព្រុយណេ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៣។
ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន៖ មន្ត្រី​ជាន់​ខ្ពស់ប្រទេស​ហ្វីលីពីន​និយាយ​ថា​ ពួក​គេ​បាន​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ប្រទេស​ព្រុយណេ​វិញ​ ដោយ​មាន​សុទិដ្ឋិនិយម​ចំពោះជំហាន​បន្ត​ទៀត​របស់​សមាគម​អាស៊ាន ដើម្បី​ឈាន​ដល់​ដំណោះស្រាយ​ចំពោះជម្លោះ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ Albert del Rosario រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ហ្វីលីពីន​និយាយ​ថា​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជា​«ប្រធានបទ​ចម្បង»​មួយនៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​ប្រទេស​ទាំង​១០​របស់​អាស៊ាន។

លោក Del Rosario បាន​រ៉ាយរ៉ាប់​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍​មុន​ថា ការ​ជំរុញ​ឲ្យ​មាន​ក្រមប្រតិបត្តិ​ (Code of Conduct) ដើម្បី​គ្រប់គ្រងបញ្ហា​ការ​ទាមទារ​ដែន​ទឹក​ត្រួតស៊ី​គ្នា​ជាមួយ​ប្រទេស​ចិន​ ជា​ប្រធានបទ​ដែលតែង​លេច​ឡើង​ជា​ថ្មី។

លោក​ថ្លែង​ថា៖ «បើ​មើល​ទៅ​លើ​វត្តមាន​របស់សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ គឺ​មាន​ចំណាប់​អារម្មណ៍​ដ៏​ជាក់លាក់ ល្អ និង​វិជ្ជមាន​ថា ពួក​យើង​មាន​ជំហរ​មុតមាំ និង​មាន​សាមគ្គីភាព​ក្នុងន័យ​ថា​បាន​ប្រុងប្រៀប​ខ្លួនដើម្បីធ្វើ​ឲ្យ​ប្រទេស​ចិន​ជឿជាក់​ថា​យើង​ដល់​ពេល​ត្រូវ​ឈាន​ទៅ​ដល់​ក្រម​ប្រតិបត្តិ (COC) ហើយ។»

ការណ៍​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​កិច្ច​ប្រជុំ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន នៅ​ពេល​ដែល​សមាជិក​អាស៊ាន​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​សារ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ដំណោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ នៅ​ពេល​នោះ ប្រទេស​ហ្វីលីពីន​ទើប​បាន​ចរចារួច​អំពី​ស្ថានភាព​ប្រឈម​មុខ​យ៉ាង​តឹងតែង​ជាមួយ​ប្រទេស​ចិន​អំពី​ថ្ម​ប៉ប្រះ​ទឹក​ដែល​ប្រទេស​ហ្វីលីពីន​ថា​ជា​ដែនដី​របស់​ខ្លួន។

ប្រទេស​ចិន​និង​កោះតៃវ៉ាន់ ទាមទារ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើ​ទាំង​មូល។ ប្រទេស​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ ទាមទារ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ ដែន​ទឹក​នេះជា​តំបន់​មាន​នាវាចរណ៍យ៉ាង​មមាញឹក​បំផុត​មួយ​ សំបូរ​ត្រី និង​អាច​មានធនធាន​ប្រេងកាត​និងឧស្ម័ន​ធម្មជាតិដ៏​សន្ធឹកសន្ធាប់។

នៅ​ឆ្នាំ​២០០២ បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដែលមិន​មាន​ចង​ភ្ជាប់​កាតព្វកិច្ច​ ដើម្បី​គ្រប់គ្រង​ជម្លោះ​តាម​មធ្យោបាយ​សន្តិវិធី។ ប៉ុន្តែ​ពួក​គេ​នៅ​មិន​ទាន់​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ចំពោះ​ក្រមប្រតិបត្តិ​មួយដែល​មាន​ជាប់​កាតព្វកិច្ច។

កាល​ពី​ខែ​មករា អាជ្ញាធរ​ហ្វីលីពីន​បាន​នាំយក​ជម្លោះ​ដែន​ទឹក​នេះ​ទៅ​តុលាការ​អន្តរជាតិ​មួយ​ដែល​នៅ​ក្រោម​សមត្ថកិច្ច​របស់​អនុសញ្ញា​សហប្រជាជាតិ​អំពី​ច្បាប់​សមុទ្រ(UNCLOS)។ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ជា​ថ្មី​ថា​ខ្លួន​នឹង​មិន​លះបង់​ចោល​ការ​ទាមទារ​របស់​ខ្លួន​ទេ ហើយ​ចង់​ដោះស្រាយ​ជម្លោះ​នេះ​តាម​ការ​ចរចាគ្នា​។

កិច្ច​ប្រជុំកំពូល​កាល​ពី​សប្តាហ៍មុខ​ជា​កិច្ច​ប្រជុំសមាគម​អាស៊ាន​ធំ​ដំបូង​គេក្នុង​ឆ្នាំ​នេះ​ដែលប្រទេស​ព្រុយណេ​ធ្វើ​ជា​ប្រធាន​សមាគម។ នៅ​ភ្លាមៗ​ក្រោយ​ពី​កិច្ច​ប្រជុំ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប្រធាន​អាស៊ាន គឺ​ព្រះអង្គម្ចាស់​ស៊ុលតង់​ Haji Hassanal Bolkiah នៃ​ប្រទេស​ព្រុយណេ បាន​កត់សម្គាល់​ប្រាប់​អ្នក​យក​ព័ត៌មាន​អំពី​ការ​ជឿន​លឿន​ទៅ​មុខ ចាប់​តាំង​លើក​ចុង​ក្រោយ​ដែល​សមាគមអាស៊ានបាន​ជជែក​គ្នា​ពី​បញ្ហា​នេះ។

«យើង​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​ល្អ​រវាង​បណ្តា​មេដឹកនាំ ហើយ​ក៏​មាន​ការ​ជឿន​លឿន​ទៅ​មុខ ចាប់​តាំង​ពីឆ្នាំមុន យើង​បាន​យល់​ស្រប​គ្នា​ចំពោះ​អ្វី​ដែល​ខ្ញុំ​យល់​ថា​ជា​យុទ្ធសាស្ត្រ​ពីរដំណាក់កាល។ ទី​១ បញ្ហា​តំបន់​ត្រួតស៊ី​គ្នា​ជា​រឿង​សម្រាប់​តែ​ភាគី​ដែល​មាន​ការទាមទារ​ដែន​ទឹក​ត្រូវ​ដោះស្រាយ​ខ្លួន​ឯង។ ទី​២ ទាំង​អាស៊ាន ទាំង​ចិន ប្រាថ្នា​ចង់​ឲ្យបង្កើត​ស្ថានភាព​ដ៏​ស្ងប់ស្ងាត់​និង​ប្រកប​ដោយ​សន្តិវិធី​ ហើយ​ជំរុញការ​បង្កើត​ក្រម​ប្រតិបត្តិឲ្យ​បាន​ឆាប់។»

ប្រទេស​ចិន​បាន​បញ្ជាក់​ជា​រហូត​មក​ថា​ខ្លួន​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​នេះ​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ជម្លោះ​និមួយៗ។ ប្រទេស​ហ្វីលីពីន​និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​បាន​ព្យាយាម​ធ្វើ​ឲ្យ​រឿង​នេះ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ។ នៅក្នុង​ឆ្នាំ​នេះ ប្រទេសចិន​ក៏​នឹង​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​។ លោក​ Del Rosario រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វីលីពីន​និយាយ​ថា ប្រទេស​ថៃកាល​ពី​សប្តាហ៍​មុន​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​ជា​មុន​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដើម្បី​ពង្រឹង​សាមគ្គីភាព​របស់​ពួក​គេ​នៅ​មុន​ជំនួប​ជាមួយ​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយ សឹង សុផាត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG