ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រ៉ុក្កែត​និង​គ្រឿងផ្ទុះត្រូវ​គេ​បង្កៃ​នៅ​កន្លែង​គ្រោង​ធ្វើ​​​បាតុកម្ម


ក្រុម​ដោះមីន​របស់​អង្គការ​ CMAC ប៉ូលិស​និង​ទាហាន​ត្រូវ​គេប្រទះឃើញ​នៅ​កន្លែង​មហាជន​គ្រោង​​ធ្វើ​បាតុកម្ម។​
ក្រុម​ដោះមីន​របស់​អង្គការ​ CMAC ប៉ូលិស​និង​ទាហាន​ត្រូវ​គេប្រទះឃើញ​នៅ​កន្លែង​មហាជន​គ្រោង​​ធ្វើ​បាតុកម្ម។​
គ្រាប់​រ៉ុកែ្កត​M៧៩​ចំនួន៣​គ្រាប់​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខយក​ទៅ​ផ្លុង​ចោល​នៅមិន​ឆ្ញាយ​ប៉ុន្មាន​ពី​សួន​ប្រជា​ធិបតេយ្យ។​

ការ​រក​ឃើញ​នេះ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ពេល​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ធ្វើ​មហាបាតុ​កម្ម​លើក​ទី​ពីរ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​ នៅ​ទី​នោះ។ ​នៅ​ព្រឹក​ជា​មួយ​គ្នា​នេះ ​ម្សៅរំសេវ​TNT​១​ប៊ីដុង​ធំ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅខាង​មុខ​វិមាន​រដ្ឋសភា។​

ខណៈពេល​ដែល​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​លើ​ករណី​ទាំង​ពីរ​នេះ ​មន្ត្រី​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​យល់​ថា​ នេះ​ជា​ការ​បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ​ដែល​គ្រោង​នឹង​ចូលរួម​មហា​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

គ្រាប់បែក​៣​គ្រាប់​ដែល​ត្រូវ​បាន​ចង​ផ្គួប​គ្នា​ច្រក​ក្នុង​ស្បោង​ខ្មៅ​មួយ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញនៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​នៅ​ក្បែរ​រូប​សំណាក់​លោក​មហាត្មៈ​គន្ធី ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​សួន​ប្រជា​ធិបតេយ្យ។​

លោក​ឃន ដារ៉ា​ជា​បុគ្គលិក​សន្តិសុខ​ម្នាក់​នៅ​ជិត​នោះ​និង​ជា​អ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​ម្នាក់។​

លោក​និយាយថា៖​ «ប្រហែល​ម៉ោង​៩​ហ្នឹង ​អ្នក​គួកជេ​ឡាន​ម្នាក់​ គាត់​បាន​ដើរ​ទៅ​បត់​ជើង​ ក៏​បាន​ឃើញ​គ្រាប់បែក​ហ្នឹង​ ក៏​រត់​មក​ប្រាប់​តៗ​គ្នា​មក។​ គ្រាប់​បែក​ហ្នឹង​រុំ​ជាប់​គ្នា​ដាក់​នៅ​លើ​ស្មៅ​ហ្នឹង»។​

មិន​យូរ​ប៉ុន្មាន ​កងកម្លាំង​ប្រដាប់​អាវុធ​និង​អ្នក​ជំនាញ​ដោះ​គ្រាប់​របស់​ស៊ីម៉ាក់​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ​ហើយ​នៅ​ម៉ោង​ប្រហែល​១១​កន្លះ​ ​គ្រាប់​បែក​នោះ​ត្រូវ​បាន​អ្នកជំនាញ​ស៊ីម៉ាក់​ដោះ​ចេញ​ និង​បញ្ជូនទៅ​ការិល័យ​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​វិភាគ​និង​ស្រាវជ្រាវ​បន្ត។​

នៅ​ព្រឹក​ជាមួយ​គ្នា​នេះ​ ម្សៅរំសេវ​TNT​១​ប៊ីដុងធំ​ចំណុះ​៥​លីត្រផ្សេង​ទៀត​ ក៏​ត្រូវ​បាន​អ្នក​បោស​សម្រាមម្នាក់​ប្រទះ​ឃើញ​នៅ​លើ​ដី​ទំនេរ​មួយ​ខាង​មុខ​វិមានរដ្ឋ​សភា​ផង​ដែរ។​

ដោយមិន​អាច​រំកិល​តាម​លក្ខណៈ​បច្ចេក​ទេស​បាន ​ក្រុម​អ្នក​ជំនាញ​របស់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ​(ស៊ីម៉ាក់) ​បាន​សម្រេច​ចិត្ត​បំផ្ទុះម្សៅ​រំសេវ​នោះនៅ​នឹង​កន្លែង​។ សំឡេង​ផ្ទុះ​ដ៏​រន្ទឺរ​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​នោះ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។​

លោក​ជួន សុវណ្ណ​ ស្នងការ​រាជធានី​ភ្នំពេញ​ ដែល​មក​ពិនិត្យ​ហេតុ​ការណ៍​នៅ​ហ្នឹង​កន្លែង​ បដិសេដ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទេ។​

ប៉ុន្តែ​លោក​សុខ សម្បត្តិ​ អភិបាល​ខណ្ឌ​ដូនពេញ ​ថ្លែង​ថា ​អាជ្ញាធរ​កំពុង​បន្តការ​ស៊ើប​អង្កេត​របស់​ខ្លួន។​

លោក​និយាយថា៖​ «យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ ម៉េច​ទេ។​ អញ្ចឹងយើង​បន្ត​ស្រាវជ្រាវ​ទាំង​អស់​គ្នា។​ សំខាន់​ឥឡូវ​យើង​យក​គ្រាប់​ហ្នឹង​ចេញ​ទៅ​សិន»។​

លោក​យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​យល់​ថា​ នេះ​ជា​ការ​បំភិតបំភ័យ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ការ​មក​ចូលរួម​មហា​បាតុកម្ម។​

លោក​និយាយថា៖​ «នេះ​ជា​រឿង​ដដែលៗ​ ដែល​ពួក​អ្នក​មាន​អំណាច​និង​ជន​ទុច្ចរិតមួយ​ចំនួន​ចង់​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ហើយ​ជា​ពិសេស​អ្នក​ដែល​មក​ចូលរួម​មហា​បាតុកម្ម។​ ហើយ​នេះ​មិន​មែនជា​រឿង​ថ្មី​ទេ។​ វា​ជា​រឿង​ចាស់​គំរិល​ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ។​ នេះ​ស​បញ្ជាក់​ថា​ ប្រទេស​យើង​គ្មាន​សន្តិភាព​ និង​យុត្តិធម៌​ទេ»។​

នេះ​ជា​ការដាក់​បង្កៃ​គ្រាប់បែក​ទី៤ហើយ​រាប់​ចាប់​ពី​ថ្ងៃ​បោះឆ្នោត​មក។​ កាល​ពីម្សិលម៉ិញ​ក៏​មាន​គេ​ផ្លុង​ចោល​គ្រាប់​បែក​ចាស់​មួយ​គ្រាប់​នៅ​ជិត​វេទិកា​ជួប​ជុំ​មួយ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិក្នុង​ខេត្ត​សៀមរាប​ផង​ដែរ។​

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​យល់​ថា​ ការ​បង្កៃ​គ្រាប់​ផ្ទុះ​ផ្ទួនៗ​គ្នា​នេះ​មិន​មែន​ជា​រឿង​ចៃ​ដន្យ​ទេ​ ប៉ុន្តែ​ជា​ចេតនា​នយោបាយ​មួយ។​

លោក​និយាយថា៖​ «នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។​ យើង​ដឹង​ថា ​ជា​ចេតនា​មួយ​ទាក់ទង​នឹង​ភាព​ជាប់គាំង ​ឬ​ជម្លោះ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ ហើយ​វា​ពាក់​ព័ន្ធ​ហ្នឹង​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ។ ​វា​ពាក់​ព័ន្ធ ប៉ុន្តែ​សំណួរសួរ​ថា​ អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ​យើង​មិន​ទាន់​ដឹង​ទេ​ ហើយ​អាច​លឿន​ពេក​ក្នុង​ការ​ធ្វើ​ការ​សន្និដ្ឋាន»។​

លោក​អ៊ូ វីរៈ​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ដោយ​ឯករាជ្យ​និងអាចទទួល​យក​បាន​លើ​ករណី​ផ្ទួនៗ​គ្នា​នេះដើម្បី​រក្សា​ស្ថិរភាព​និង​ទំនុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ។​

វីអូអេ​បានព្យាយាម​ទាក់​ទង​សុំ​សេចក្តី​បំភ្លឺ​ពីលោក​គៀត ​ច័ន្ទថារិទ្ធ ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ ​និង​លោក​ខៀវ សុភ័គ្រ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ តែ​មិន​អាចទាក់​ទងបាន​ទេ​រហូត​ទល់​ល្ងាច​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG