ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​នយោបាយ​ប្តេជ្ញា​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ពេល​ជាប់​ឆ្នោត


ការិយាល័យ​​របស់​អង្គភាព​​​ប្រឆាំង​​អំពើ​ពុករលួយ​​នៅ​​កម្ពុជា ​ដែល​ជា​ស្ថាប័ន​​គ្រប់គ្រង​​ដោយ​រដ្ឋាភិបាល។
ការិយាល័យ​​របស់​អង្គភាព​​​ប្រឆាំង​​អំពើ​ពុករលួយ​​នៅ​​កម្ពុជា ​ដែល​ជា​ស្ថាប័ន​​គ្រប់គ្រង​​ដោយ​រដ្ឋាភិបាល។
គណបក្ស​នយោបាយ​៦​ដែល​ឈរឈ្មោះ​បោះឆ្នោត​អណត្តិ​ទី៥​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហាញ​ការបេ្តជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នា​វេទិការ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ សង្គម​ស៊ីវិល​ក្នុង​ទីក្រុង​ភ្នំពេញ។

គណបក្ស​ទាំង​នោះ​រូម​មាន​គណបក្ស​សង្គ្រោះ​ជាតិ ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

លោក សុន ឆ័យ​តំណាងរាស្ត្រ​មកពី​គណបក្ស​ជំទាស់​ធំជាងគេ​នៅ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​យល់ព្រម​និង​ប្តេជ្ញាចិត្ត​ក្នុងការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល រៀបចំ​ឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​ ឬ ​Transparency International Cambodia ថា ​អំពើ​ពុករលួយ​នៅ​កម្ពុ​ជាមាន​សភាព​ធ្ងន់ធ្ងរ​និង​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​អំពើ​អយុត្តិធម៌​ និង​ភាពក្រីក្រ​នៅ​កម្ពុជា។

លោកនិយាយថា៖ «ការងារ​ដែល​យើង​ធ្វើ​គឺ​ដើម្បី​សង្គ្រោះ​ជាតិ​និង​ប្រទេស​ជាតិ។ ហើយ​ប្រសិនបើ​យើង​ធ្វើ​កិច្ចការ​នេះ​មិនបាន​ទេ​នោះ ​យើង​ជឿ​ថា​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ហើយ​ថា​នឹង​ចុះ​ចេញពី​តំណែង​ដោយ​មិនចាំបាច់​មានការ​ទាមទារ​ដោយ​ប្រការ​ណាមួយ​នោះ​ទេ»។

លោក ផាន់ សិទ្ធី​ ប្រធាន​លេខាធិការដ្ឋាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​វិញ​និយាយថា​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ធ្វើការ​ប្រឆាំង​ដាច់ខាត​នឹង​អំពើ​ពុករលួយ​ហើយនឹង​រៀបចំឡើង​នូវ​សង្គម​មួយ​ដែល​ស្អាតស្អំ​គ្មាន​ការជិះជាន់​ពី​មន្ត្រី​មានអំណាច ​និង​ការគោរព​សិទ្ធិមនុស្ស​ក្នុងប្រទេស។

លោក​ថ្លែងថា៖ «លុបបំបាត់​អំពើពុករលួយ។ លុបបំបាត់​អំពើ​ល្មោភ​អំណាច។ ការកសាង​សង្គម​ស្អាតស្អំ។ ត្រូវ​ផ្តន្ទា​ទោស​មន្ត្រី​ប្រព្រឹត្ត​ពុករលួយ​ដោយ​គ្មាន​ការយោគយល់»។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ(USAID)ធ្លាប់​បានធ្វើការ​ប៉ាន់​ប្រមាណ​ថា​អំពើ​ពុករលួយ​បានធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ប្រមាណ​ពី​៣០០​ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​នៅ​កម្ពុជា។

មន្ត្រី​តំណាង​មកពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គណបក្ស​បក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​អាន​នូវ​សេចក្តី​ថ្លែងការណ៍គោល​នយោ​បាយ​ និង​សេចក្តី​ថ្លែងការណ៍​របស់​បក្ស​រៀងៗ​ខ្លួន​ថា​នឹង​បេ្តជា្ញ​លុបបំបាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា។ ទន្ទឹមនឹង​គ្នា​ដែរ​នោះ​លោក ក្រវ៉ា​ញ ដា​រ៉​ន​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​លើកឡើង​ថា​គណបក្ស​រប​ស់លោក​នឹងធ្វើ​ការកែប្រែ​សង្គម​ផ្តាច់ការ​ទៅជា​សង្គម​ប្រជា​ធិបតេយ្យ​ពិតប្រាកដ។

លោកអះអាងថា៖ «ប្រឆាំង​នឹង​អំពើ​ពុករលួយ ប្រឆាំង​នឹង​ភាពក្រីក្រ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ក្លាយជា​នីតិរដ្ឋ​យើង​ត្រូវតែ​ប្តូរ​រដ្ឋាភិបាល​ដែល​ផ្តាច់ការ​ទៅ​រដ្ឋាភិបាល​ដែល​ប្រកបដោយ​នីតិរដ្ឋ»។

មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​មកពី២៦​ប្រទេស​បាន​ចូលរួម​ធ្វើ​ជាសា​ក្សី​ក្នុង​ពិធី​ថ្លែង​ការណ៍ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​គណបក្ស​នយោបាយ​ទាំងនេះ។ ពួកគេ​បាន​ចុះ​ហត្ថលេខាលើ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ទាំងនោះ។

លោក​ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែងថា​ពិធី​ថ្លែងការណ៍​របស់​គណបក្ស​នយោបាយ​ទាំងនេះ​ដើម្បី​រំលឹក​ឲ្យ​គណបក្ស​ទាំងនោះ​គោរព​គោលការណ៍​ប្រឆាំង​អំពើ​ពុករលួយ​នៅពេល​ដែល​ខ្លួន​ជាប់ឆ្នោត ​ដោយ​លោក​ចាត់ទុកថា​នេះ​ជា​បញ្ហាសំខាន់​សម្រាប់​ការដឹកនាំ​ប្រទេស។

លោកនិយាយថា៖ «ការចុះហត្ថលេខា​លើ​ការ​ប្តេជ្ញា​ចិត្ត​និង​ឆន្ទៈ​របស់​គណបក្ស​នយោបាយនៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ ដែល​វា​បង្ហាញ​ពី​ការយកចិត្ត​ទុក្ខ​ដាក់​របស់​គណបក្ស​នយោបាយ»

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សញ្ជាតិ​កម្ពុជា​មិនបាន​ចូលរួម​ក្នុង​ការធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​ទេ។ សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ជាង​មួយខែ​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្ងៃទី២៨​ ខែកក្កដា​ខាងមុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG