ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់​ម៉ឺន​នាក់​ចូលរួម​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ


​មេដឹកនាំ​​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ទង់​ជាតិ​ខ្មែរ​ ​ទង់​អង្គការ​សហប្រជាជាតិ និង​ទង់​គណបក្ស ខណៈ​ពេល​ដង្ហែរ​ក្បូន​ទៅ​ទី​ស្នាក់ការ​អ.ស.ប.​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ២៣ តុលា ២០១៣។ (ឃួន ធារ៉ា/វីអូអេ)
​មេដឹកនាំ​​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ទង់​ជាតិ​ខ្មែរ​ ​ទង់​អង្គការ​សហប្រជាជាតិ និង​ទង់​គណបក្ស ខណៈ​ពេល​ដង្ហែរ​ក្បូន​ទៅ​ទី​ស្នាក់ការ​អ.ស.ប.​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ២៣ តុលា ២០១៣។ (ឃួន ធារ៉ា/វីអូអេ)
មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​ព្រម​ទាំង​ព្រះ​សង្ឃ​ជាច្រើន​អង្គ​បាន​និមន្ត​មក​ពី​តាមបណ្តា​ខេត្ត​នានា​និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​ដោយ​សន្តិវិធី​សារជា​ថ្មី​តាម​ការ​អំពាវនាវ​របស់គណបក្ស​សង្គ្រោះជាតិ។​

ការ​ធ្វើ​មហាបាតុកម្ម​លើក​នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​នាំ​យក​ញ្ញត្តិ​ដែល​មាន​ស្នាម​ផ្តិត​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង​ប្រមាណ​ជាង​២​លាន​នាក់​ហើយ​គ្រោង​នឹង​ដង្ហែរ​តាម​មក​ដាក់​នៅ​តាម​ស្ថានទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា។​

ការ​ដង្ហែរ​ញ្ញត្តិ​ថ្ងៃ​ដំបូង​នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​យក​មក​ប្រគល់​ជូន​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​មុន​គេ​ ក៏​ប៉ុន្តែ​កា​រដង្ហែរ​ញ្ញត្តិ​នេះ​គ្មាន​ការ​រារាំង​ពី​កម្លាំង​មាន​សមត្ថកិច្ច​ទេ។

មេដឹកនាំគណបក្ស​សង្គ្រោះ​ឋជាតិ​គឺ​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​មន្ត្រី​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​ញ្ញត្តិ​ថា​នឹង​នាំ​យក​ញ្ញត្តិ​ដែល​មាន​ស្នាម​ផ្តិត​មេដៃ​ជាង​២​លាន​នាក់​នេះ​ទៅ​ស្នាក់​ការ​ធំ​របស់​អង្គការ​សហ​ប្រជាជាតិនៅ​ក្នុង​ទី​ក្រុង​ញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក។​

លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​អង្គការ​សហ​ប្រជាជាតិ​នឹង​ធានា​ឱ្យ​បាន​គង់​វង្ស​នូវ​ញ្ញត្តិ​ទាំង​អស់​នេះ​ព្រោះ​វា​ជា​ភស្តុតាង​មិន​អាច​ប្រកែក​បាន​ហើយ​អង្គការ​សហ​ប្រជាជាតិ​សន្យា​ថា​នឹង​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។​

លោក​និយាយ​ថា៖ ​«ឱ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ឱ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ឬ​មួយ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​បាន​លាត​ត្រដាង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ ត្រូវ​បាន​គេ​គោរព»។​

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ប្រមូល​ស្នាម​ផ្តិត​មេដៃ​ឱ្យ​បាន​ជាង​១លាន​ផ្សេង​ទៀត​ដែល​សរុប​ទាំង​អស់​ជិត៤​លាន​ស្នាម​មេដៃ​ដើម្បី​ដាក់​ជូន​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​និង​ស្ថាន​ទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​នេះ។​

នៅ​ទីលាន​ប្រជាធិបតេយ្យ​មនុស្ស​បាន​ឈរ​ពេញ​ប្រៀប​ដោយ​មាន​ចង​បូណ៌​នៅ​នឹង​ក្បាល​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ខាស់​ឆ្នោត​និង​បាន​កាន់​បដា​ទង់​សាសនា​និង​ទង់​ជាតិ​បណ្តា​ប្រទេស​សំខាន់​រួម​ទាំង​សហរដ្ឋ​អាមេរិក​និង​ទង់​របស់​អង្គការ​សហ​ប្រជាជាតិ។​

លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​សន្យា​ចំពោះ​ក្រុម​បាតុករ​ថា​គណបក្ស​របស់​លោក​នឹង​ទាមទារ​រហូត​ដល់​មាន​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត។​

លោក​និយាយ​ថា៖​ «ខ្ញុំ​ជឿ​ថា​បាតុករ​ទាំង​អស់​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ​យើង​នឹង​សម្រេច​ចិត្ត​ថា​ដាច់​ខាត​យើង​មិន​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជាន់​ឈ្លី​ ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាដាច់​ខាត»។​

ក្រោយ​ពី​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​រយៈ​ពេលខ្លី​លោក​សម រង្ស៊ី​និង​លោក​ កឹម សុខា​ ព្រម​ទាំង​ហ្វូង​បាតុករ​បាន​ដើរ​តាម​ផ្លូវ​លេខ​៥១​ឆ្ពោះ​មក​កាន់​ការិយា​ល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ដើម្បី​ដាក់​ញ្ញត្តិ​ក្រោម​ការ​តាម​ឃ្លាំមើល​ពី​កម្លាំង​សមត្ថកិច្ច។​

នៅ​តាម​ដង​ផ្លូវ​ពី​ទីលាន​ប្រជាធិបតេយ្យ​ឆ្ពោះ​មក​កាន់​ការិយា​ល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ក្រុម​បាតុករ​បាន​ស្រែក​ព្រម​ៗ​គ្នា​ថា​ដូរៗ។​

«ថា​ដូរ​មិន​ដូរ!​ ឈ្នះ​មិន​ឈ្នះ!​ ជយោ!​ គណបក្ស​សង្គ្រោះជាតិ»។​

ដើរ​ស្រែក​បណ្តើរ​ដោយ​សំឡេង​ខ្លាំងៗ​ថា​ដូរៗ​ លោក​សុក​ វិជ្ជា​ប្រជា​ពលរដ្ឋ​មួយ​រូប​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា​លោក​ចង់​បាន​យុត្តិធម៌​និង​ស្អប់​ខ្ពើម​ការ​ដឹក​នាំ​ក្នុង​សង្គម​សព្វ​ថ្ងៃ។​

លោក​និយាយ​ថា៖ ​«ខ្ញុំ​ចង់​ឱ្យ​មាន​ភាព​យុត្តិធម៌​សំខាន់​គឺខ្ញុំ​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​ពី​ព្រោះ​ការ​ដឹកនាំ​សព្វ​ថ្ងៃ​នេះ​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។​

ហ្វូង​បាតុករ​ហៀប​នឹង​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ក្រោយ​ពី​លោក​ សម រង្ស៊ី​មាន​បំណង​ដើរ​ទៅ​គោរព​រូប​សំណាក​លោក​ជា​ វិជ្ជា​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់។​

រូប​សំណាក​នេះ​តាំង​នៅ​លើ​សួន​ច្បារ​មួ​យ​ជិត​គេហរដ្ឋាន​ដ៏​ធំ​ស្កឹម​ស្កៃ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​

នៅ​ជុំវិញ​វិមាន​ឯក​រាជ្យ​និង​ជុំវិញ​បរិវេណ​គេហដ្ឋាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​សមត្ថកិច្ច​ជា​ច្រើន​រាប់​រយ​នាក់​បាន​ដាក់​របាំង​ការ​ពារ​សុវត្តិ​ភាព​យ៉ាង​មាំទាំ​មិន​ឱ្យ​ក្រុម​បាតុករ​ចូល​ក្បែរទី​នោះ​ទេ។​

លោក​ នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​និយាយ​ប្រាប់​វីអូអេសំឡេង​សហរដ្ឋ​អាមេរិក​ថា ​លោក​គាំទ្រ​ឱ្យ​មាន​ការ​ដាក់​ញត្តិ​នេះ​ពី​ព្រោះ​នេះ​ជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​មួយសម្រាប់​ម្ខាស់​ឆ្នោត។​

លោក​និយាយ​ថា៖​ «ខ្ញុំ​យល់​ថា​ការ​ដង្ហែរ​ញ្ញត្តិ​នេះ​ជាមធ្យោបាយ​មួយ​ដែរ​ដែល​បាន​បង្ហាញ​អំពី​ការ​គាំទ្រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នឹង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ដោយ​បង្ហាញ​ថា​ប្រជា​ពលរដ្ឋ​ខ្មែរហ្នឹង​ពិត​ជាចង់​បាន​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​សមាជ​មហាជន​ពីរ​លើក​មុន​មែន»។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​នឹង​ដង្ហែរ​ញ្ញត្តិ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ បារាំង​និង​ ប្រទេស​អង់​គ្លេស​ក៏ប៉ុន្តែ​នៅក្នុង​កម្មវិធី​បី​ថ្ងៃ​នេះ​គណបក្ស​សង្គ្រោះជាតិ​គ្មាន​គម្រោង​ដង្ហែរ​ញ្ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​វៀតណាម​ទេ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG