ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ចិន​ពីរ​នាក់​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា រឿងលាង​លុយ​កខ្វក់


រូបឯកសារ៖ ប៉ូលិស​កំពុង​ឆែកឆេរ​ជនសង្ស័យ​ពីរនាក់កាលពីថ្ងៃទី​១៨ សីហា ឆ្នាំ២០២២។
រូបឯកសារ៖ ប៉ូលិស​កំពុង​ឆែកឆេរ​ជនសង្ស័យ​ពីរនាក់កាលពីថ្ងៃទី​១៨ សីហា ឆ្នាំ២០២២។

បុរស​ជា​ជន​ជាតិ​ចិន​២​នាក់​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​សិង្ហបុរី​មក​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពួក​គេ​ទាំង​២​នាក់​ត្រូវ​បាន​កាត់​ទោស​ក្នុង​សំណុំ​រឿង​លាង​លុយ​កខ្វក់​របស់​ប្រទេស​សិង្ហបុរី។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានសិង្ហបុរី ​The Straits Times និង​អាជ្ញាធរ​កម្ពុជា។

បុរស​ទាំង២​នាក់​នោះ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ឈ្មោះ Su Wenqiang និង Wang Baosen ហើយ​ត្រូវ​បាន​និរទេស​មក​កម្ពុជា កាល​ពី​ថ្ងៃទី ៦ ខែឧសភា។

យោង​តាម​សារព័ត៌មាន​សិង្ហបុរី បុរស​ទាំង​២​នាក់​ដែល​មាន​អាយុ​៣២​ឆ្នាំ​ដូចគ្នា ជា​ក្រុម​តែ​មួយ​ក្នុង​ចំណោម​ក្រុម​ជន​បរទេស​ចំនួន​១០​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ខែ​សីហា ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ការ​លាង​លុយ​កខ្វក់​ជា​សាច់​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​ជាង​២ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Wenqiang ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៣​ខែ កាល​ពី​ថ្ងៃទី ២ ខែ​មេសា ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់​ដោយ​ទទួល​ស្គាល់​ថាមាន​សាច់​ប្រាក់​ជាង​៤៤​ម៉ឺន​ដុល្លារអាមេរិក​ពី​ការ​លេង​ល្បែង​អន​ឡាញ​ខុស​ច្បាប់ និង​ប្រើប្រាស់​ប្រាក់​ប្រមាណ​៣៧​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​រថយន្តម៉ាក ​Mercedes-Benz។

ចំណែក​លោក Baosen ត្រូវ​បានកាត់​ទោស​ដាក់​ពន្ធនាគារ​ចំនួន​១៣​ខែ​ដូច​គ្នា កាល​ពី​ថ្ងៃទី ១៦ ​ខែមេសា សម្រាប់​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា រួម​ទាំង​ការ​កុហក​អំពី​ប្រភព​នៃ​មូល​និធិ និង​ស្ថានភាព​ការងារ​របស់​លោក​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

ពួកគេ​ទាំង​២នាក់​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​សិង្ហបុរី​វិញ​ឡើយ។

កាល​ពី​ខែ​សីហា ឆ្នាំ​មុន នគរ​បាល​សិង្ហបុរី​បាន​ឃាត់​ខ្លួន​មនុស្ស​១០​នាក់ ដោយ​សង្ស័យ​ក្នុង​បទ​ល្មើស​លាង​លុយ​កខ្វក់និង​ក្លែង​បន្លំ​ឯកសារ ដែល​ក្នុង​នោះ​មាន​មនុស្ស​៣​នាក់ មាន​ឈ្មោះ​ជា​ជន​ជាតិ​ចិន ប៉ុន្តែ​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ប៉ូលិស​សិង្ហបុរី ឈ្មោះ ​Singapore Police Force និង​សារ​ព័ត៌មាន​សិង្ហបុរី​ឈ្មោះ ​Channel News Asia ឬ​ហៅ​ថា ​CNA ដែល​ចេញ​ផ្សាយ​កាល​នោះ។

លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ជនជាតិ​ចិន​ទាំង​២​នាក់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា​អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ស្វែង​រក​បទ​ល្មើស​កន្លង​មក​ថា​តើ​ជនបរទេស​ទាំង​២​នាក់នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា​ដែរ​ឬទេ។ លោក​បន្ថែម​ថា​ប្រសិន​បើ​មាន​នោះ ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ឃុំ​ខ្លួន​ពួកគេ។

លោក សុខ វាសនា ថ្លែង​ថា៖ «បាទ​គាត់​ចូល​មក​កម្ពុជា​ហើយ​ឥឡូវ​នេះ ប៉ុន្ដែ​យើង​នឹង​ពិនិត្យ​មើល​បន្ត​ថា​តើ​សកម្មភាព​យ៉ាង​ណា​ទីមួយ។ ទី​ពីរ​មាន​ជាប់​ពាក់ព័ន្ធ​ការងារ​ជាប់​ទោស​អី​នៅ​ស្រុក​ខ្មែរ​អត់ យើង​នឹង​ពិនិត្យ​មើល​បន្ត​ទៀត»។

បើ​តាម​លោក សុខ វាសនា ជនជាតិ​ចិន​ទាំង​២​នាក់​នេះ​ពិត​ជា​មាន​សញ្ជាតិ​ខ្មែរ ហើយ​ចំពោះ​ចំណាត់ការដំបូង​នេះ គឺ​មិន​មាន​ការ​បញ្ជូន​ជន​បរទេស​ទាំង​២​នាក់​នេះ​ទៅ​ប្រទេស​ដើម​កំណើត​វិញ​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ចំពោះ​ការ​បញ្ជូន​ជន​ជាតិ​ចិន​ទាំង​២​នាក់​នោះ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​ឬយ៉ាងណា ជា​នីតិវិធី​រវាង​រដ្ឋ​និង​រដ្ឋ។ អ្នកនាំពាក្យ​រូប​នេះ​ស្នើ​ឱ្យ​សួរ​ទៅ​កាន់​ក្រសួង​ការបរទេស​កម្ពុជា​វិញ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា​ការងារ​នេះ​មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការបរទេស​ឡើយ។ ដូច្នេះ​លោក​ថា​មិន​មាន​ព័ត៌មាន​ផ្តល់​ឱ្យ​អ្នក​សារព័ត៌មាន​ឡើយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រសួង​ការបរទេស​សិង្ហបុរី និង​ស្ថាន​ទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ​នី សុខា ​ប្រាប់​វីអូអេ​ថា​នេះ​គឺ​ជា​ការ​សោក​ស្ដាយ​មួយ នៅ​ពេល​ដែល​កម្ពុជា​បាន​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស ប៉ុន្ដែ​ជន​បរទេស​នោះ​បែរ​ជា​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ទៅ​វិញ។ លោក​បន្ត​ថា​បញ្ហា​នេះ​អាច​ធ្វើ​អាច​ប៉ះពាល់​ទៅ​ដល់​កេរ្ដិ៍​ឈ្មោះ​កម្ពុជា ជាពិសេស​ការ​វិនិយោគ​ក្នុង​ប្រទេស។

លោក នី សុខា ថ្លែង​ថា៖ «ចឹង​នៅ​ពេល​ណា​ដែល​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​វា​អាច​ធ្វើ​ឱ្យ​ជះ​ឥទិ្ធពល​មិន​ល្អ​ទៅ​ដល់​អ្នក​វិនិយោគ​ផ្សេងៗ​ទៀត ដូច​ថា​នៅ​ប្រទេស​កម្ពុជា​យើង​មាន​ការត្រួត​ពិនិត្យ​មិន​បាន​ដិត​ដល់​ចំពោះ​បញ្ហា​ទាំង​អស់​ហ្នឹង​ វា​អាច​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ផ្សេងៗ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​គេ​មើល​ឃើញ​ទៅ​គឺ​ហានិភ័យ​ទៅ​ដល់​គេ ជា​ពិសេស​អ្នក​វិនិយោគ​ផ្សេងៗ»។

លោក នី សុខា យល់​ថា​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជន​បរទេស​គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​គោលការណ៍​ច្បាប់​ឱ្យ​បានហ្មត់ចត់ និង​ពិនិត្យ​មើល​ទៅ​លើ​ប្រវត្តិ​កា​ររស់​នៅ សីលធម៌ លក្ខណៈ​សម្បត្ដិ និង​សកម្ម​ភាព​ផ្សេងៗ​របស់​ជន​បរទេស​នោះ​បាន​ជួយ​ជា​ប្រយោជន៍​អ្វីស​ម្រាប់​សង្គម​ជាតិ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG