ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​ថ្មី​មួយ​ពិនិត្យ​មើល​ផល​ប៉ះ​ពាល់​នៃសង្គ្រាម​កូរ៉េ


ទង់​ជាតិ​​​​របស់​ប្រទេស​​​កូរ៉េ​ខាងត្បូង​(ឆ្វេង) និង​ទង់ជាតិ​​របស់​​ប្រទេស​កូរ៉េ​ខាង​ជើង​(ស្តាំ)។​
ទង់​ជាតិ​​​​របស់​ប្រទេស​​​កូរ៉េ​ខាងត្បូង​(ឆ្វេង) និង​ទង់ជាតិ​​របស់​​ប្រទេស​កូរ៉េ​ខាង​ជើង​(ស្តាំ)។​
វ៉ាស៊ីនតោន៖ ឆ្នាំ​នេះ​កំណត់​ខួប​ឆ្នាំ​ទី​៦០​នៃ​បទ​ឈប់​បាញ់គ្នា​នៅឆ្នាំ​១៩៥៣​ មិនមែន​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ ដោយ​សន្ធិសញ្ញា​ទេ។ ៦០​ឆ្នាំ​ក្រោយ​ពី​កងទ័ពកូរ៉េខាងជើង​ ឆ្លង​កាត់​ខ្សែ​ស្រប​លេខ​៣៨​ ដែល​បែងចែក​ប្រទេសកូរ៉េទាំង​ពីរ​ កាល​ពី​ថ្ងៃ​២៥​ មិថុនាឆ្នាំ​១៩៥០​ ហើយ​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង សង្គ្រាមកូរ៉េ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

លោកស្រី​ ស៊ីឡា​មីយ៉ូស៊ី​ហ្សាហ្គែរ (Sheila Miyoshi Jager)​ ជាសាស្ដ្រាចារ្យ​រង​ និង​នាយិកាកម្មវិធីកិច្ចការអាស៊ីខាងកើត ​នៅ​មហាវិទ្យាល័យ​ អូប៊ែរលីន​ (Oberlin) រដ្ឋ​ អូហាយយ៉ូ​(Ohio) បាន​និពន្ធ​សៀវភៅ​មួយ​ក្រោម​ចំណង​ជើង​ថា​ «បង​ប្អូន​ប្រុស​ច្បាំង​គ្នា​ ការ​ខ្វែង​គំនិត​គ្នា​មិន​ចប់​នៅ​ កូរ៉េ» ។ លោកស្រី​និយាយអំពី​សៀវភៅ​នេះ​ នៅ​មជ្ឈមណ្ឌល​ វូដ្រូវ វិលសុន​ (Woodrow Wilson) រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ពេលថ្មីៗនេះ។

គោល​ដៅ​នៃ​សៀវភៅ​នេះ​ គឺផ្ដោត​ទៅ​លើ​ ផល​ប៉ះពាល់​នៃ​សង្គ្រាម​កូរ៉េ ​និង​ពិភពលោក​ ក្រោយ​ពី​ការ​ឈប់​បាញ់​គ្នា​នៅ​ថ្ងៃ​ទី​២៧​កក្កដា​ ឆ្នាំ​១៩៥៣​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សៀវភៅ​នោះ​ នាំ​យក​ទិដ្ឋភាព​យោធា​ នយោបាយ​ និង​វប្បធ៌ម​នៃសង្គ្រាម​ សេចក្ដី​សម្រេច​ដែល​មាន​ផល​ប៉ះពាល់​លើ​ជីវិត​និង​វប្បធ៌មនៃ​ជនជាតិ​អាមេរិកាំង​ កូរ៉េ​ និង​ចិន។ សង្គ្រាម​នេះ​ធ្វើ​ឲ្យ​ប្រទេស​ កូរ៉េ​ ទាំង​ពីរ​ គឺ​ខាង​ត្បូង​និង​ខាង​ជើង​ ប្រកួត​ប្រជែង​គ្នា​ មាន​ការ​ខ្វែង​គំនិត​គ្នា​ បែង​ចែក​គ្នានិង​ប្រឆាំង​គ្នា។ ក៏​ប៉ុន្ដែ​សំខាន់​ជាង​នេះ​ទៀត​ ប្រទេស​កូរ៉េ​ ទាំង​ពីរ​ប្រកួត​ប្រជែង​គ្នាដណ្ដើម​អត្ដ​សញ្ញាណ។

«តាំង​ពី​ឆ្នាំ​១៩៤៨​មក​ ប្រទេស​កូរ៉េ​ ទាំង​ពីរ​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​យក​ភាព​ស្រប​ច្បាប់​ជាតិ​ ដែលឲ្យ​អត្ថន័យ​អត្ដ​សញ្ញាណ​របស់​គេ​ ហើយ​នឹង​ការ​តវ៉ា​របស់​គេ»។

នៅ​ក្នុង​សៀវភៅ​ឈ្មោះ​ «បងប្អូន​ប្រុស​ច្បាំង​គ្នា​ ការ​ខ្វែង​គំនិត​គ្នា​មិន​ចប់​នៅ​ ប្រទេស​ កូរ៉េ» លោកស្រី​ ហ្សាហ្គែរ​ សរសេរ​អំពី​ប្រវត្ដិសាស្ដ្រ​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​មហា​អំណាច​ក្នុង​ពិភព​លោក​ គឺ​សរអ​ដែល​គាំទ្រ​ កូរ៉េ​ខាង​ត្បូង​ និង​សហភាព​ សូវៀត​ ហើយ​និង​ចិន​ ដែល​គាំ​ទ្រ​ប្រទេសកូរ៉េខាង​ជើង។

លោក​ស្រី​ផ្ដោត​លើ​វេទិកា​អន្ដរជាតិ​ ដោយ​ពិនិត្យ​មើល​របៀប​ដែល​សរអ​ ចិន​និង​ រុស្ស៊ី​ប្រកួត​ប្រជែង​គ្នា​ដើម្បី​គ្រប់គ្រង​ឧបទ្វីប​ កូរ៉េ ​តាំង​ពី​សង្គ្រាម​លោក​លើកទី​ពីរ។ ក្រោយ​សង្គ្រាម​ត្រជាក់​ កូរ៉េ​ ខាងជើង​បាត់បង់​ប្រទេស​ដែល​គាំទ្រ​ខ្លួន គឺ​សហភាព​ សូវៀត​ដែលបញ្ឈប់​ប្រាក់​ជំនួយ​ ប៉ុន្ដែ​មេដឹកនាំ​កូរ៉េ ​ ខាងជើង​មិន​ព្រម​កែទម្រង់​ទេ។

លោកស្រី​ ហ្សាហ្គែរ​យល់​ថា​ បរាជ័យ​ របស់​សរអ ​ដើម្បីគ្រប់គ្រង​ប្រទេស​កូរ៉េ​ ខាង​ត្បូង​ ជា​មូលហេតុ​ចំបង​នៃ​ការ​លុក​លុយ​របស់​ កូរ៉េ​ ខាងជើង។

ការ​និទាន​របស់​លោកស្រី​រួម​មាន​ យុគ​កណ្ដាល​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​ ពេល​មាន​ការ​ជជែកដេញ​ដោល​គ្នា​អំពី​ឯករាជ្យនៃ​ប្រទេស​ កូរ៉េ ​ពី​សំណាក់​លោក​ប្រធានាធិបតី​សរអ​ ហ្វ្រាំងគ្លិន​ រ៉ូហ្សឺវែល​(Franklin Roosevelt) លោក​ ហ្សូស៊ែហ្វ ស្ដាលិន (Joseph Stalin) មេដឹកនាំ​សហភាព​ សូវៀត​ហើយ​នឹង​លោក​ វិនស្ទិន​ ឆឺរឈិល​ (Winston Churchill) នាយក​រដ្ឋមន្ដ្រី​ នៃ​ប្រទេស​ អង់គ្លេស​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពេល​ដែល​ប្រទេស​ កូរ៉េ​ ខាងជើង​ ដោយ​មាន​ជំនួយ​ពី​ប្រទេស​ចិន​ផង​ មាន​ឃ្លាំង​អាវុធ​ នុយគ្លេអ៊ែរ​ ខណ:​ដែល​ពលរដ្ឋ​របស់ខ្លួន​ប្រឈម​នឹង​ការ​ខ្វះខាត​ស្បៀង​អាហារ។

សាស្ដ្រាចារ្យ​ ស៊ីឡា​មីយ៉ូស៊ី​ហ្សាហ្គែរ​ វិភាគ​យុទ្ធសាស្ដ្រ​មន្ដ្រី​យោធា​លំដាប់​ថ្នាក់​ខ្ពស់​ ហើយ​នឹង​ការ​តស៊ូ​ដ៏ជូរចត់​ ពេល​ក្រោយ​សង្គ្រាម​ ដោយ​បង្ហាញ​ អំពី​របៀប​ដែល​ការ​ខ្វែង​គំនិត​គ្នា​ រវាង​ប្រទេស​ កូរ៉េ​ទាំង​ពីរ​ បន្ដ​មាន​រហូត​ដល់​បច្ចុប្បន្ន។ លោកស្រី​នាំ​យក​រដ្ឋបុរស​ចូល​ ក្នុង​ប្រវត្ដិសាស្ដ្រ​សង្គ្រាម​នេះ​ដូច​ជា​លោក​ប្រធានាធិបតី​ ហ៊ែរី ទ្រូមែន(Harry Truman) ​ដែល​ចង់​បញ្ឈប់​លទ្ធិ​ កុម្មុយនិស្ដ​លោក​ នាយក​រដ្ឋមន្ដ្រី​ គឹម​អ៊ិលស៊ុង​ (Kim Il Sung)​ នៃ​ប្រទេស​ កូរ៉េ​ខាង​ជើង​ លោក​ ម៉ៅ​សេទុង​ (Mao Tse Tung) មេដឹកនាំ​ ប្រទេសចិន​ដែលចង់ការពារ​ការ​បដិវត្ដន៍​របស់​លោក​ និង​ លោក​ ប៉ាក​ ឈុងហ៊ី (Park Chung Hee) ប្រធានាធិបតី​ កូរ៉េ​ខាងត្បូង​។

សៀវភៅ​នេះ​បង្ហាញ​ការ​ប្រយុទ្រ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​ចង់​ធ្វើ​ជា​ប្រទេស​គ្រប់គ្រង​ឧបទ្វីប​ កូរ៉េ ។

«ដោយ​ឲ្យ​ចំណងជើង​សៀវភៅ​នេះ​ថា​ «បង​ប្អូន​ប្រុស​ច្បាំង​គ្នា» ខ្ញុំ​ឲ្យ​សារ:​សំខាន់​ទៅ​វគ្គ​ទី​ពីរ​ ដែល​ជា​ការ​បន្ដ​ការ​ប្រយុទ្ធ​គ្នា​រវាង​ កូរ៉េ​ខាង​ត្បូងនិង​ខាងជើង​ ដែល​ចង់​យក​ភាព​ស្រប​ច្បាប់​នៃ​ប្រទេស​ កូរ៉េ។ ការ​ប្រកួត​គ្នា​នេះ​បណ្ដាល​ឲ្យ​មាន​ការ​តាន​តឹង​តាំង​ពី​ពេល​ដែល​ប្រទេស​ កូរ៉េ​ ចែក​ជា​ពីរ​នៅ​ឆ្នាំ​១៩៤៥​ ហើយ​បន្ដ​ដល់​សព្វថ្ងៃ»។

ភាព​ស្រប​ច្បាប់​ ធ្វើ​ឲ្យ​ប្រទេស​ កូរ៉េ​ខាងជើង​មាន​បំណង​មួយ​។ តែ​ពេល​ កូរ៉េ​ខាងត្បូង​ទទួល​ជោគជ័យ​ របប​នៃ​ប្រទេស ​កូរ៉េ​ ខាងជើង​ហាក់​ដូច​ជា​មិន​ស្រប​ច្បាប់​នៅ​ចំពោះ​មុខ​ពិភពលោក​នឹង​ពលរដ្ឋ​របស់​ខ្លួន។

«ការ​គំរាម​សន្ដិសុខ​ធំ​មួយ​របស់​ប្រទេស​ កូរ៉េ​ ខាងជើង​មិន​មែន​សរអ​ទេ។ គឺ​វិបុលភាព​ ទ្រព្យ​សម្បត្ដិ ​ហើយ​នឹង​ឈ្មោះ​ល្បី​ល្បាញ​របស់​ប្រទេស ​កូរ៉េ​ ខាង​ត្បូង។ បញ្ហា​ធំ​ជាង​គេ​របស់​របប​គ្រប់គ្រង​ កូរ៉េ​ខាង​ជើង​មិនមែន​អ្វីដែល​ប្រទេស​នេះ​មិន​មាន​ ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​របស់​ខ្លួន​ទេ​គឺ​តើ​ខ្លួន​ទទួល​យក​បរាជ័យ​របស់ខ្លួន​យ៉ាង​អាមាស​មុខ​តាម​របៀប​ណា។ គឺ​វិបត្ដិ​ ភាព​ស្រប​ច្បាប់​យ៉ាង​បរាជ័យនៃ​របប​នេះ​ ដែល​ជំរុញ​ឲ្យ​ប្រទេស​នេះ​ធ្វើ​សកម្មភាព​នុយគ្លេអ៊ែរ ​ដោយ​គ្មាន​វិចារណញ្ញាណ»។

លោកស្រី ​ហ្សាហ្គែរ​ សរសេរ​ថា​វិបុលភាព​ លិទ្ធិ​ប្រជាធិបតេយ្យ​និង​កម្លាំង​វប្បធ៌ម​របស់​ កូរ៉េ​ ខាងត្បូង ​ហើយ​ កូរ៉េ​ខាង​ជើង​ ធ្លាក់​ជិត​ដល់មហន្ដរាយ​ ការ​អត់ឃ្លាន​ ហើយ​សន្ដតិវង្ស គិម​ ដែល​បរាជ័យ​ក្នុង​សុបិន​ចង់​គ្រប់គ្រង​ កូរ៉េ​ ខាង​ត្បូង​ បាន​ពន្យល់​ពីស្ថានការណ៍​ដ៏​លំបាកនៃ​ កូរ៉េ​ ខាងជើង​ហើយ​នឹង​ការ​មិនព្រម​បើក​ចំហរ​ដល់​ពិភព​លោក។ ការ​បើក​ចំហរ​មាន​ន័យ​ថា​ ការ​បើក​ឲ្យ​ឃើញ​ការ​រងទុក្ខ​វេទនា​របស់​ពលរដ្ឋ​របស់​ខ្លួន​ ដល់​បងប្អូន​ប្រុស​នៅ​ខាងត្បូង​នៃ​តំបន់​ហាម​មិន​ឲ្យ​ដាក់​ទ័ព​ដែល​បែង​ចែក​ប្រទេស​ទាំង​ពីរ។

លោកស្រី​ ហ្សាហ្គែរ​ សរសេរ​ថា​ កត្ដា​សំខាន់​ដែល​ជួយ​ប្រទេស​ កូរ៉េ​ខាងជើង​ឲ្យគេច​ផុត​ពី​វិនាសកម្ម​ គឺ​កម្មវិធី​ នុយគ្លេអ៊ែរ​រយ: ​ពេល​ដប់ឆ្នាំ​ ដែល​កើន​ឡើង​យ៉ាង​ច្រើន​ ហើយ​នឹង​ការ​បង្ករ​ហេតុ​តាម​ពាក្យសម្ដី​ម្ដង​ហើយ​ម្ដង​ទៀត​ ប្រឆាំង​ កូរ៉េ​ ខាង​ត្បូង​ ដើម្បី​បំភិត​បំភ័យ​បង​ប្អូន​ប្រុស​របស់​ខ្លួន​ ថានឹង «​កំទេច​ឲ្យ​ដូច​សមុទ្រ​ភ្លើង»។

លោកស្រី​សាស្ដ្រាចារ្យ ​ហ្សាហ្គែរ ​មាន​សញ្ញាប័ត្រ​បណ្ឌិត​ខាង​នរវិទ្យា​ពី​សាកល​វិទ្យាល័យ​ ឈីកាហ្កូ​ រដ្ឋអ៊ិលលីណយ។

លោក​ ហ្គ្រេក​អេ​ ប្រាហ្ស៊ិនស្គី (Gregg A. Brazinsky) ​ជា​អ្នកជំនាញ​ខាង​ទំនាក់​ទំនង​រវាង​សរអ​និង​ប្រទេស​ អាស៊ី​ ខាង​កើត​ ពេលសង្គ្រាម​លោក​លើក​ទី​ពីរ។ លោក​និព្ធ​សៀវភៅ​មួយ​ ក្រោម​ចំណង​ជើង​ថា« ការ​ស្ថាបនា​ប្រទេស​ជាតិ​មួយ​នៅ​ប្រទេស​ កូរ៉េ​ខាង​ត្បូង» ​អំពី​ផលប៉ះ​ពាល់​របស់​សង្គម​និង​វប្បធ៌ម​របស់​សរអ​លើ​ប្រទេស​ អាស៊ី​ខាង​កើត។​ លោក​កោត​សរសើរសៀវភៅ​របស់​លោកស្រី​ប៉ុន្ដែ​កត់​សម្គាល់វិស័យ​ខ្លះ​ដែល​មិន​មាន​ក្នុងសៀវភៅនោះ។

«ខ្ញុំ​ខក​ចិត្ដ​ ដោយ​មិនមាន​ការ​យក​ចិត្ដ​ទុកដាក់​គ្រប់គ្រាន់​ទៅលើ​ ខាងភាគី​ កូរ៉េ​ ខាងត្បូង​ គឺ​សៀវភៅ​ប្រឡោម​លោក​អំពី​យោធា​ អក្សរសាស្ដ្រ​ កូរ៉េ ខ្សែ​ភាពយន្ដ​អំពី​សង្គ្រាម​ ការ​រំលឹក​ដល់​ប្រវត្ដិសាស្ដ្រ​ ដូច​ជា​ការ​នឹក​ឃើញ​ដល់​សង្គ្រាម​ដោយ​សំណង់​រំលឹក​វិញ្ញាណក្ខន្ធ​ ជាដើម»។

មនុស្ស​ប្រមាណ​ ៤០ ​នាក់​បាន​ទៅ​ចូល​រួម​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​សៀវភៅ​នេះ​ នៅ​មជ្ឈមណ្ឌល​ ស្រាវជ្រាវ​ វូដ្រូវ​វិលសុន ។ មជ្ឈមណ្ឌល​នេះ​ផ្ដល់​ជូន​អ្នកប្រាជ្ញ​ពី​ជុំវិញ​ពិភពលោក​នូវវេទិកាដើម្បី​ជជែក​ដេញដោល​គ្នា​អំពី​បញ្ហា​ផ្សេងៗ៕
XS
SM
MD
LG