ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​ឆ្ងល់​ពី​ប្រសិទ្ធភាព​ជំនួយ​បរទេស


នៅ​ឆ្នាំ​២០០​៤កម្ពុជា​ទទួល​បានជំនួយ​​៥៨០​លាន​ដុល្លារ​ ហើយ​នៅ​​ឆ្នាំ​២០១២ ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់​១.៣៧៥​លាន​ដុល្លារ​ក្នុង​កំណើន​ជា​មធ្យម​១៤​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
នៅ​ឆ្នាំ​២០០​៤កម្ពុជា​ទទួល​បានជំនួយ​​៥៨០​លាន​ដុល្លារ​ ហើយ​នៅ​​ឆ្នាំ​២០១២ ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់​១.៣៧៥​លាន​ដុល្លារ​ក្នុង​កំណើន​ជា​មធ្យម​១៤​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ជំនួយ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ ​បាន​កើន​ពី​១៨៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ ​រហូត​ដល់​៣៧៦​លាន​ដុល្លារ ​ឬ ​ស្មើ​នឹង​៣០​ភាគ​រយ​នៃ​ជំនួយ​សរុប​​នៅ​ឆ្នាំ​២០១២។

ភ្នំពេញ៖​តាំង​ពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១២​ជំនួយ​បរទេស​ឬ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​កម្ពុជា​បាន​កើន​ដល់​យ៉ាង​តិច​ជាង​១០​ពាន់​លាន​ដុល្លារ។

កំណើន​ជំនួយ​បរទេស​ដែល​ក្នុង​នោះ​មួយ​ផ្នែក​ជា​ប្រាក់​កម្ចី ​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ក្រុមមន្ត្រី​រដ្ឋាភិបាល ​សង្គម​ស៊ីវិល ​និង​អ្នកស្រាវជ្រាវ​ជំនាញ​បង្ហាញ​ប្រតិកម្ម​ផ្សេងៗ​គ្នា។

លោក ជូ ហេង ​អ្នកឯកទេស​គោល​នយោបាយ​ជាន់ខ្ពស់​នៅ​ឯ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ថ្លែង​ថា​ កំណើន​ជំនួយ​ពី​បរទេស​នេះ​បាន​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​កម្ពុជា។​

ទោះ​បីជា​យ៉ាង​ណា ​លោក ជូ ហេង ​បន្ថែម​ថា ​កម្ពុជា​មាន​លទ្ធភាព​តិច​តួច​បំផុត​ក្នុង​ចាត់ចែង​ជំនួយ​ទាំង​នោះដោយ​ខ្លួន​ឯង ​ហើយ​ជំនួយភាគ​ច្រើន​ភ្ជាប់​មក​ជា​មួយ​លក្ខខណ្ឌ ​លើក​លែង​តែ​ជំនួយ​ពី​ប្រទេស​ចិន។

«កន្លង​មក​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ ​រាជរដ្ឋាភិបាល​ឬក៏​ក្រសួង​ស្ថាប័ន​ដែល​ជា​អ្នក​ប្រើប្រាស់​ហ្នឹងមាន​លទ្ធភាព​តិចតួច​ឬ​មិន​មាន​ទាល់​តែ​សោះ​ក្នុង​ការចាត់ចែង។ ដោយ​ឡែក​ករណី​កម្ចី​របស់​ចិន ​មួយ​ផ្នែក​ធំ​ហាក់​ដូចជា​មាន​សិទ្ធិ​ក្នុង​ការកំណត់​ការប្រើប្រាស់​ត្រឹមត្រូវ​ហើយ​ជំនួយ​ភាគ​ច្រើន​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​ចិន​ប៉ុន្តែ​រដ្ឋាភិបាល​យើង​មាន​សិទ្ធិ​ជ្រើស​រើស​ក្រុមហ៊ុន​១​ឬ​ក៏​២​តាម​អ្វី​ដែល​គេ​ផ្តល់​ឱ្យ»។​

នៅ​ឆ្នាំ​២០០​៤កម្ពុជា​ទទួល​បានជំនួយ៥៨០​លាន​ដុល្លារ​ ហើយ​នៅឆ្នាំ​២០១២ ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់​១.៣៧៥​លាន​ដុល្លារ​ក្នុង​កំណើន​ជា​មធ្យម​១៤​ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ក្នុង​នោះ​ជំនួយ​ក្នុង​រូបភាព​កម្ចី​បាន​កើន​ឡើង​ជា​លំដាប់នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ហើយ​នៅ​ឆ្នាំ​២០១២ ​ប្រហែល​៣០​ភាគរយ​នៃ​ជំនួយ​សរុប​ជា​ប្រាក់​កម្ចី។

ប្រទេស​ចិន​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​កាតាលីករ​សំខាន់​សម្រាប់​ការកើន​ឡើង​នេះ​ពោល​គឺ​ជំនួយ​ពី​ចិន​បានកើន​ឡើង​ពី​៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០២​រហូត​ដល់​៣៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២ ​ប៉ុន្តែ​ភាគ​ច្រើន​ជា​កម្ចីមាន​ការប្រាក់​ទាប។ ក្រៅ​ពី​ចិន​ក៏ឃើញមាន​ការ​កើន​ឡើងជំនួយ​ពី​ប្រទេស​និង​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត​ដូចជា ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ​ប្រទេស​ជប៉ុន ​អូស្ត្រាលី ​សហរដ្ឋ​អាមេរិក ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​និង​អង្គការ​សហ​ប្រជាជាតិ​ជាដើម។

ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​អាទិភាព​របស់​ម្ចាស់​ជំនួយ​មាន​ការប្រែប្រួល​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តួយ៉ាង​វិស័យ​សុខាភិបាល​ដែល​តាំង​ពី​មុន​មក​ជា​វិស័យ​អាទិភាព​ខ្ពស់​ជាង​គេ​ ​ត្រូវ​បាន​ជំនួស​ដោយ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ឆ្នាំ​២០១១​និង​២០១២។

ជំនួយ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ​បាន​កើន​ពី​១៨៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ ​រហូត​ដល់​៣៧៦​លាន​ដុល្លារ​ឬ​ស្មើ​នឹង​៣០​ភាគ​រយ​នៃ​ជំនួយ​សរុបនៅ​ឆ្នាំ​២០១២​ហើយ​ថវិកា​ទាំងនោះ​ភាគ​ច្រើន​ជា​ជំនួយ​ក្នុង​រូបភាព​ជា​កម្ចី​ពី​ប្រទេស​ចិន។

វិស័យ​ដែល​មាន​កំណើន​ផង​ដែរ​រួម​មាន​វិស័យ​អប់រំ​ដែល​កើន​ឡើង​ពី​១០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៨​រហូត​ដល់​១២៥​នៅ​ឆ្នាំ​២០១២ ​និង​កសិកម្ម​ពី​៤៦​លាន​ដុល្លារ​ទៅ​១៣០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២។ ផ្ទុយ​ទៅ​វិញ​វិស័យ​ព័ត៌មាន​វប្បធម៌ ​និង​ទេសចរណ៍ ​មាន​ការធ្លាក់​ចុះ​កាន់តែ​ខ្លាំង។

លោក សឿង សារឿន ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ដែល​ជា​អង្គការ​ឃ្លាំ​មើល​លើ​ប្រសិទ្ធភាព​ប្រើប្រាស់ជំនួយ​មួយ​ថ្លែង​ទទួល​ស្គាល់​ពី​ប្រយោជន៍​ដែល​ទាញ​បាន​ពី​ជំនួយ​បរទេស​នា​ពេល​កន្លង​មក​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា។

ប៉ុន្តែ​តាម​ការអង្កេត​របស់​លោក ​ពុំ​មាន​ប្រទេស​ណា​ដែល​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌនោះ​ទេ​ រួម​ទាំង​ជំនួយ​ពី​ចិន​ផង​ដែរ។

«ខ្ញុំ​មិន​គិត​ថា​ជំនួយ​ចិន​អត់​មាន​លក្ខខណ្ឌ​ទេ ​ជំនួយ​ទាំង​អស់សុទ្ធ​តែ​មាន​លក្ខខណ្ឌ ​គ្រាន់តែ​លក្ខខណ្ឌ​ខ្លះ​សរសេរ​ក្នុង​ឯកសារ ​លក្ខខណ្ឌ​ខ្លះ​មិន​បាន​សរសេរ​ក្នុង​ឯកសារ។ តែ​អ្វី​ដែល​សង្គម​ស៊ីវិល​ចង់​ឃើញ ​គឺ​ជំនួយ​មាន​លក្ខខណ្ឌ​ក្តី​មិន​មាន​លក្ខខណ្ឌ​ក្តី ​បាន​សរសេរ​ក្នុង​ឯកសារ​ហើយ​ដាក់​ឯកសារ​នោះ​ជា​សាធារណៈ​សម្រាប់​ឱ្យ​ប្រជាជន​ គាត់​បាន​ចូលរួម​ភាពជាម្ចាស់​ទៅ​លើ​ការគ្រប់គ្រង​ជំនួយ​ហ្នឹង»។

លោក យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថាជំនួយ​ដែល​ជា​កម្ចីពី​ប្រទេស​ចិន​មាន​ការប្រាក់​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​ផ្សេងៗ ​ហើយ​មិន​មាន​តម្លាភាព​នោះ​ទេ។ ហើយទោះ​បីជាលោក​ទទួល​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​ជំនួយ​បរទេស​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស​នា​ពេល​កន្លង​មក​ក្តី ជំនួយ​ទាំង​នោះ​គួរ​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ប្រយោជន៍​ច្រើន​ជាង​នេះ។

«មាន​ជំនួយ​ខ្លះ​ចំ​ទិសដៅ ​តែ​មាន​ជំនួយ​ខ្លះ​មិន​ចំ​ទិស​ដៅ​ទេ។ ជំនួយ​ខ្លះ​មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​ជំនួយ​ខ្លះ​មិន​មាន​ប្រសិទ្ធភាព​ទេ។ ឧទាហរណ៍​ការធ្វើ​ផ្លូវ​ថ្នល់​ដែល​គ្មាន​គុណភាព។ ផ្លូវ​ថ្នល់ធ្វើ​បាន​តែ​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ខូច​ខ្ទេចខ្ទី ​ហើយ​ត្រូវ​ចំណាយ​លុយ​ថែម​ទៀត។ នេះ​ជា​ផ្លូវ​ថ្នល់​ដែល​គ្មាន​គុណភាព​ ដោយ​សារ​តែ​អំពើ​ពុករលួយ ​ដោយ​សារ​តែ​ការ​វាយ​តម្លៃ​គម្រោង​មិន​ត្រឹមត្រូវ ​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​ហ្នឹង​តិច​បំផុត»។

លោក អ៊ា សុផល ​សាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា «​ជំនួយ​បរទេស​នៅ​កម្ពុជា៖ តើ​ជំនួយ​បរទេស​ធ្វើ​ឱ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិតេយ្យ​នៅ​កម្ពុជា​ដូចម្តេច» ថ្លែង​ប្រាប់​វីអូអេ ​ខេមរភាសា​នា​ពេល​ថ្មីៗ​នេះ​ថាកម្ពុជា​គប្បី​បញ្ឈប់​ការទទួល​ជំនួយ​ពី​បរទេស។

លោក​ពន្យល់​ថា ​ជំនួយ​បរទេស​ធ្វើ​ឱ្យ​មាន​អតុល្យភាព​រវាង​ចំណូល​និង​ចំណាយ​របស់​រដ្ឋាភិបាល​ ពីព្រោះ​វា​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​រំលោភ​សិទ្ធិ​មនុស្ស ​និង​ចំណាយ​ខ្ពស់​ឆ្ងាយ​ជាង​ចំណូល ​ទោះ​បី​ជា​មាន​ឱនភាព​សេដ្ឋកិច្ច​ក៏​ដោយ។
លោក​សាស្ត្រាចារ្យ​បន្ត​ថា​ជំនួយ​បរទេស​ក្នុង​ចំនួន​ដ៏​ច្រើន​ជា​កម្ចី​ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​គឺជា​អ្នក​សង​បំណុល​ទាំងនោះ។

លោក​ផ្តល់​អនុសាសន៍​ថា ​កម្ពុជា​គួរ​បង្កើន​ប្រសិទ្ធភាព​ប្រមូល​ពន្ធ​និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ដើម្បី​អាច​លែង​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​បន្ត​ទៀត។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ ​លោក ជូ ហេង ​ថ្លែង​ថា​កម្ពុជា​សព្វថ្ងៃ​មិន​ទាន់​អាច​បញ្ឈប់​ការទទួល​ជំនួយ​ពី​បរទេស​បាន​ទេ ​ដោយសារ​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ​ហើយ​នៅ​ថ្ងៃ​អនាគត​ ទោះបី​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ក្តី ​ក៏​នៅ​តែ​បន្ត​ស្វាគមន៍​ជំនួយ​ពី​ប្រទេស​ដៃ​គូ​អភិវឌ្ឍន៍​ដដែល​ក្នុង​រូបភាពជា​កិច្ចសហ​ប្រតិបត្តិការ​បច្ចេកទេស​ឬ​ក៏​ផ្តោត​អាទិភាព​លើ​វិស័យ​ផ្សេង​វិញ៕
XS
SM
MD
LG