ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​អ្នកវិភាគ​​ចាត់​ទុក​​សេរីភាព​​ក្នុង​ការ​​បញ្ចេញ​មតិ​​​នៅ​​រុស្ស៊ី​​​កំពុង​រីករិល​​បន្តិច​ម្តងៗ


ក្រុម​កុប្បករ​យោនី (Pussy Riot)
ក្រុម​កុប្បករ​យោនី (Pussy Riot)
ដោយ Rizwan Syed
ប្រែសម្រួលដោយ លី​ សុខឃាង
ការ​កាត់ទោស«ក្រុមមនុស្ស​ទំនើង» នៅក្នុង​ទីក្រុង ម៉ូស្គូ (Moscow) ដែល​ជា​តន្ត្រី​ការនី​វប្បធម៌​ចំនួន​បី​នាក់ ដែលបានធ្វើបាតុកម្ម​នៅក្នុង​ព្រះវិហារគ្រិស្ត អូស្សូដក់ (Orthodox) មួយ​នៅក្នុង​ប្រទេស រុស្សី (Russia) បានធ្វើ​ឳ្យ​ខូចមុខ​មាត់​របស់​ប្រទេស រុស្ស៊ី នៅ​ឯ​បរទេស​។ នេះដោយ​វិនិច្ឆ័យ​ទៅលើ​ប្រតិកម្មនៅជុំវិញ​ពិភពលោក​ និង​ការគូស​បញ្ជាក់ពី​ឥទិ្ធពល​យ៉ាង​ធំធេង​នៅក្នុងប្រទេស រុស្ស៊ី ពីសំណាក់​ព្រះវិហារគ្រិស្ត អូស្សូដក់។ ស្ត្រី​បីនាក់របស់ក្រុម​តន្រ្តីមួយ ដែល​ត្រូវ​បាន​គេហៅថា «ក្រុម​កុប្បករ​យោនី (Pussy Riot)» ត្រូវ​បានរក​ឃើញ​ថា​មានកំហុស​កាល​ពីថ្ងៃ​សុក្រ​នេះ ហើយ​ត្រូវ​បាន​កាត់​ទោស​ឳ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ​ពីការសម្តែង​បទ​ចម្រៀងមួយ​បទ ដែល​ធ្វើ​ដូចជាការ​បែរ​បន់​ឳ្យ​មានការ​បណ្តេញលោក​ប្រធានា​ធិបតី​ វ្លាឌឺមៀ ពូទីន (Vladimir Putin) ចេញពីអំណាច។ Rizwan Syed រាយការណ៍សម្រាប់វីអូអេ ពីទីក្រុង ឡុងដ៏ (London) ថា ក្រុម​អ្នកជំនាញ​និយាយ​ថា​ រឿងក្តី​នេះ​ធ្វើ​ឳ្យ​ចុះ​ខ្សោយ​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅក្នុង​ប្រទេស រុស្ស៊ី។
ក្រុម​អ្នកវិភាគ​និយាយថា ការ​កាត់​ទោស​ និងការ​ផ្តន្ទាទោសនេះ​ គឺជាតឹកតាង​បង្ហាញថា រដ្ឋាភិបាល រុស្ស៊ី នឹង​បន្ត​ការ​ព្យាយាម​បិទមាត់ក្រុម​អ្នក​ប្រឆាំងខាង​នយោបាយ​ នាពេល​អនាគត។
លោក ជេមស៍ នីចស៊ី (James Nixey) ជាអ្នក​វិភាគ​នៅ​ឯរាជ​វិទ្យាស្ថាន​កិច្ច​ការ​អន្តរជាតិ (Royal Institute for International Affairs) ដែល​ជាក្រុម​អ្នក​ប្រឹក្សា​យោបល់​ដល់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​ស្គាល់​ថាជា ឆាថាម​ហៅស៍ (Chatham House)។​ លោក​បាន​ឳ្យ​និយមន័យ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិតាម​បែប​ទីក្រុង មូស្គូ។
«ការ​រិះគន់​ត្រូវ​បាន​អនុញ្ញាត។ ប៉ុន្តែ នៅ​ពេល​ដែល​ការរិះគន់​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយខ្លាំង​ពេក ឬ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ខ្លាំង​ពេក ការរិះគន់​នោះ​មិន​ត្រូវ​បាន​អនុញ្ញាតឡើយ។ ជាពិសេស​ នៅពេល​ដែល​ការ​រិះគន់នោះ​សំដៅ​ទៅលើ​ប្រធានាធិបតី​ ឧទាហរណ៍ នៅពេល​ដែល​ការរិះគន់នោះ​សំដៅ​ទៅលើ​ទ្រព្យ​ធន​ផ្ទាល់​របស់​លោក ឬទិដ្ឋភាព​នៃអំពើពុករលួយ​ ឬ​ទិដ្ឋភាព​នៃ​អំពើ​ឧក្រិដ្ឋកម្ម ដែលបាន​កើនឡើង​នៅ​ក្នុង​របបនេះ រដ្ឋ​ចាប់​ផ្តើម​វាយ​បង្ក្រាប​តែម្តង។ ដូច្នេះ​ និយាយ​ម្យ៉ាង​ទៀត ការ​រិះគន់​នៅមាន​ការ​កម្រិត។»
លោក នីចស៊ី ថ្លែងថា​ ប្រទេសរុស្ស៊ី​ នៅក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ពូទីន ដែល​ជាអតីតមន្ត្រី​ កា-ហ្សេ-បេ កំពុង​ងាកទៅរក​របៀប​គ្រប់គ្រង​បែប​សហភាព​សូវៀត។
«គិត​មកដល់​ឥឡូវនេះ​ លោក​បាន​កាន់​អំណាច​អស់​រយៈពេល​១៣ឆ្នាំ​ហើយ ហើយ​ប្រទេស រុស្ស៊ី មិនមាន​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ​នោះទេ។ ប្រទេស​នេះមិនបាន​ក្លាយ​ទៅ​ជា​សង្គមពហុនិយម​ទេ។ ប្រទេសនេះ​មិន​មែន​ជា​ផ្នែកមួយ​របស់​លោក​ខាងលិច​ទេ​ ហើយ​នៅក្នុង​របៀបខ្លះ ប្រទេសនេះ​កំពុងវិល​ទៅរក​សហភាព​សូវៀត​វិញហើយ។ ប្រទេស​នេះ​កំពុង​បង្កើត​រចនា​សម្ព័ន្ធ​របស់ខ្លួន​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ស្ថានការក្រោយរយៈកាល​នៃ​សហភាព​សូវៀត ដូច្នេះ​ក្របខណ្ឌ​នេះ​មាន​ភាព​សាកសម​ទៅ​នឹងគំនិត​របស់​លោក ពូទីន ក្នុង​នាម​ជា​ជនជាតិ​អឺរ៉ុប​កាត់​អាស៊ី (Eurasianist) ប្រសិនបើ​អ្នក​ជឿ​ទៅលើ​តម្លៃរបស់​ក្របខណ្ឌ​សហភាព​សូវៀត ថាជា​វិស័យ​ដែល​គួរតែ​បន្ត»។
ឥឡូវនេះ ស្រ្តី​បីនាក់​នៃ​ក្រុម​តន្រី្ត​វប្បធម៌ រុស្ស៊ី ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា «កុប្បកម្ម​យោនី» ត្រូវ​បាន​កាត់​ទោសឳ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ ចំពោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ពូទីន កាលពី​៦​ខែ​មុន​ នៅ​លើទីគោរពបូជារបស់ព្រះវិហារ​គ្រិស្ត អូស្សូដក់ ធំ​ជាងគេ​បំផុត​របស់ទីក្រុង មូស្គូ។ លោក ម៉ារីណា ស៊ីរ៉ូវ៉ា (Marina Syrova) ចៅក្រមដែល​បាន​ប្រកាស​ថា ស្រ្តី​ទាំងនេះ​មានកំហុស​ បាន​និយាយថា ការ​ចោទប្រកាន់​ពី​បទ «ភាពទំនើង» មានភាព​ត្រឹមត្រូវ ដោយសារតែ​ស្ត្រី​ទាំងនេះ​«បាន​បំផ្លិច​បំផ្លាញ​សណ្តាប់ធ្នាប់​សង្គម​យ៉ាង​ព្រហើន» នៅ​ក្នុងការ​តវ៉ាដែល​ត្រូវ​បានជំរុញ​ដោយភាព​ស្អប់​ខ្ពើមខាង​សាសនា។
ស្ត្រី​ទាំងនោះនិយាយថា ពួកគេនៅពេល​នោះ​កំពុង​ព្យាយាមបង្ហាញ​ពីការគាំទ្រខាង​នយោបាយ​យ៉ាង​ខ្លាំងក្លា របស់​ថ្នាក់​ដឹកនាំ​ព្រះវិហារ​គ្រិស្តនិកាយ អូស្សូដក់ របស់ ​រុស្ស៊ី ចំពោះ​លោក ពូទីន ដែល​មិន​ទាន់​ត្រូវ​បាន​ជ្រើស​តាំងជា​ប្រធានាធិបតី​នៅឡើយ។
លោក នីចស៊ី មានប្រសាសន៍ថា លទ្ធផល​នៃរឿងក្តី​នេះ​នឹង​លើកទឹកចិត្ត​ឳ្យ​រដ្ឋាភិបាល ​រុស្ស៊ី ធ្វើ​ការ​ចោទ​ប្រកាន់អ្នក​ប្រឆាំង​ខាង​នយោបាយ​បន្ថែម​ទៀត។
«ខ្ញុំ​គិតថា ក្នុងកម្រិត​ណាមួយ សេរីភាព​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំងនេះ ​នឹងនៅតែ​បន្ត​មាន​កម្រិត ហើយ​ឥឡូវនេះ​ត្រូវបាន​បើក​ចំហរក្នុង​ការ​ចោទសួរ។ វា​ប្រហែល​ជាថា ការ​កាត់ទោស​នាពេល​បច្ចុប្បន្ននេះលើ​រឿង «កុប្បកម្ម​យោនី» គ្រាន់​តែ​ជា​ការពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​អាជ្ញាធរ​ក្នុងការ​ជឿជាក់ថា ពួកគេ​អាច​សម្រេច​ឃុំ​ខ្លួនតាមអំពើចិត្ត​ទៅលើ​បុគ្គល​ដែលជា​អ្នករិះគន់»។
លោកស្រី​ ស៊ូសាន ឡាសេន (Susan Larsen) ដែលបង្រៀន​អំពី​វប្បធម៌ រុស្ស៊ី នៅ​សាកលវិទ្យាល័យ​ខាមប្រ៊ីជ (University of Cambridge) គិតថា រដ្ឋាភិបាល​របស់​លោក ពូទីន កំពុង​ព្យាយាម​រឹតបន្តឹង​ការ​ក្តាប់អំណាច​របស់​ខ្លួន តាមរយៈសម្ព័ន្ធភាព​ជាមួយ​ព្រះវិហារគ្រិស្ត អូស្សូដក់ របស់ រុស្ស៊ី។
«អ្វីដែល​អ្នក​អាច​ពណ៌នា​ថាជា «ការគ្រប់គ្រង​បែប​ពូទីន» កំពុង​បំភ្លៃ​ច្បាប់​ដើម្បី​រក្សា​ការ​ក្តាប់​អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ។​ ហើយ​ផ្នែក​មួយ​នៃ​ការ​ព្យាយាម​ក្តាប់​អំណាច គឺតាមរយៈ​សម្ព័ន្ធភាព​ជាមួយ​ព្រះវិហារគ្រិស្ត ​អូស្សូដក់ របស់ រុស្ស៊ី។ នេះ​គ្រាន់តែ​ជា​ភស្តុតាង​តូច​មួយ ដែល​អាច​មើល​ឃើញ​ស្តីពី​ការ​បង្កើនការ​គៀប​សង្កត់​និង​ការបង្ក្រាបយ៉ាង​ឆាប់​រហ័សទៅលើ​សកម្មភាព​នយោបាយ​តាមទម្រង់ផ្សេង​ជាច្រើន»។
ទោះ​ជា​យ៉ាងនេះក្តី ក្រុម​អ្នករិះគន់ទៅលើ​ក្រុម​អ្នកតវ៉ា​តន្រ្តី​វប្បធម៌ ថ្លែងថា​ ការសម្តែង​របស់​ពួកគេ គឺជា​ការ​ប្រមាថដល់​ព្រះវិហារ​អូស្សូដក់​របស់​រុស្ស៊ី ហើយ​ពួកគេ​គួរ​តែ​ទទួល​ការ​ដាក់ទោស​ធ្ងន់ធ្ងរ​ជាងនេះ។
លោកស្រី​ ឡាសេន អះអាងថា​ អារម្មណ៍​បែបនោះ​នឹង​មានឥទ្ធិពល​តិចតួច​ណាស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។
«ការកាត់​ទោសនេះ​មិន​អាច​ជះឥទ្ធិពល​ទៅលើ​ទស្សននៅ​ក្នុង​ប្រទេស​នេះ​បាន​ទេ​ ដរាប​ណា​បណ្តាញ​សារព័ត៌មាន ពោល​គឺប្រព័ន្ធ​ឃោសនា ចាប់ផ្តើម​រាយការណ៍អំពី​រឿងនេះ ដោយ​មិនលម្អៀង​។ ប្រទេស​ទាំង​មូល​នឹង​មិនត្រឹមតែ​ប្រមូលផ្តុំ ជុំ​វិញ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះទេ ប៉ុន្តែ​ប្រទេស​នេះ​ថែមទាំង​ប្រមូល​ផ្តុំ​ជុំវិញ​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ទៀតផង។»
ហ្វូង​មនុស្សយ៉ាង​ច្រើន​នៃក្រុមអ្នកគាំទ្រ​«កុប្បកម្ម​យោនី» បានជួបជុំ​គ្នា​នៅទីក្រុង មូស្គូ សម្រាប់ការ​កាត់​ទោស​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​ក៏មានការ​តវ៉ា​ប្រកបដោយ​សមានចិត្ត​ដែរ​ នៅទីក្នុង​ទីក្រុង​ប៉ារីស (Paris) បេលហ្គ្រាដ (Belgrade) ប៊ែកឡាំង (Berlin) សូហ្វៀ (Sofia) ឡុងដ៍ (London) ឌូប្លីន (Dublim) និងបាសេឡូណា (Barcelona) ព្រមទាំង​សេចក្តី​ថ្លែងការណ៍​ផ្ទាល់​ខ្លួនគាំទ្រចំពោះស្រ្តីទាំងនោះ​ពី​សំណាក់​ក្រុម​វិចិត្រករ ដោយ​រាប់​បញ្ចូល​ទាំង​លោកស្រី ផូល ម៉ាកខាតនី (Paul McCartney)​ និង​ ម៉ាណាដូណា (Madonna) ទៀតផង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG