ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​នៃ​អាស៊ាន​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​មុន​ជំនួប​កំពូល​អាស៊ាន


ទាមទារ​ឲ្យ​មេដឹក​នាំ​នៃ​ប្រជា​ជាតិ​អាស៊ាន​គួរ​តែ​ពង្រឹង​ការ​គោរព​សិទ្ឋិ​មនុស្ស។
ទាមទារ​ឲ្យ​មេដឹក​នាំ​នៃ​ប្រជា​ជាតិ​អាស៊ាន​គួរ​តែ​ពង្រឹង​ការ​គោរព​សិទ្ឋិ​មនុស្ស។
ភ្នំពេញ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២.០០០​នាក់​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​លើក​លែង​តែ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សុក្រ​នេះ​បានដើរ​ក្បួន​ដង្ហែ​ដោយ​សន្តិវិធី​មួយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​អគារ​រដ្ឋ​សភា​ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា។
ការ​ដាក់​ញត្តិ​នេះ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ ខែល និង​ដំបង​ឆក់រាំង​ខ្ទប់មិន​ឲ្យ​ដាក់​ញាត្តិ​នៅ​ក្រសួង​ការបរទេស​ទេ​ក៏​ប៉ុន្តែ​ពួកគេ​បាន​បង្វែរ​មក​ដាក់់​ញត្តិ​នៅ​រដ្ឋ​សភាជាតិ​វិញជាតិ។ ការ​រាំង​ខ្ទប់​នេះ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ​គ្រាន់​តែ​មាន​ការ​ណែ​នាំ​ខ្លះៗ​ពី​កម្លាំង​សម្ថកិច្ច​ប្រាប់​ដល់​ក្រុម​អ្នក​ដឹក​នាំក្បួន​ដង្ហែ​តែ​ប៉ុណ្ណោះ។​
លោក​ឧត្តម​សេនីយឯក ជួន សុវណ្ណ​ ស្នង​ការប៉ូលីសក្រុង​ភ្នំពេញ​បាន​និយាយ​ថា លោក​មិន​អនុញ្ញាត​ឲ្យ​ក្បួន​ដង្ហែ​យកញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការ​បរទេស​ទេ​ដោយសារ​តែ​ពុំ​មាន​ច្បាប់​អនុញ្ញាត និង​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។
«ឃើញ​មាន​ទង់​អាស៊ាន​ មាន​ទង់​បណ្តា​ប្រទេស​ផ្សេងៗ​ចូល​រួម។ អញ្ចឹង​យើង​ត្រូវ​យល់​ថា​ ពេល​នេះ​មាន​បណ្តា​ប្រទេស​ច្រើន​ណាស់​ដែល​យើង​គៀងគរ​ឲ្យ​មក​ចូល​រួម​ក្នុង​សមាគម​អាស៊ាន​របស់​យើង។ហើយ​យើង​ក៏​ត្រូវ​យល់​ថា ឥឡូវនេះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​២១​កំពុង​តែរៀបចំ​ចាប់​ផ្តើម»។​
ក្រុម​អ្នក​ចូល​រួម​ដែល​សុទ្ឋសឹង​ជា​អ្នក​ទទួល​រង​គ្រោះដោយ​សារ​ការ​រំលោភ​បំពាន​សិទ្ឋិ​មនុស្ស​នៅ​តាម​បណ្តា​ប្រទេស​និមួយៗ​បាន​កាន់​ពាក្យ​ស្លោក យក​ក្រដាសបិទ​មាត់ និង​មាន​កាន់​ទង់​ជាតិ​ប្រទេស​សមាជិក​អាស៊ាន​និង​ទង់​របស់​អាស៊ាន​ដើរ​ដង្ហែ​ដោយ​សន្តវិធី​ចេញ​ពី​អគារ​ពាណិជ្ជកម្ម​របស់​ប្រទេស​កូរ៉េ​ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពីអគាររដ្ឋសភា។​
«យុត្តិធម៌​ត្រូវ​តែ​ឈ្នះ​ តស៊ូ!»។
លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ឋ​ដែល​បាន​ដឹក​នាំ​ក្បួន​ដង្ហែ​នេះ​បាន​និយាយថា​សេរីភាព​នៅ​កម្ពុជា​រដ្ឋាភិបាល​កំពុងតែ​វាស់​ដី​ឲ្យ​យើង​ដើរ​ដោយ​សារ​តែ​យើង​មាន​គម្រោង​ហែ​ក្បួន​ពី​វត្ត​បុទុមវត្តី​តែ​អាជ្ញាធរ​មិន​អនុញ្ញាត។​
លោក​បាន​បញ្ជាក់​ថា​គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ​គឺ​ដើម្បី​បង្ហាញ​នៅភាព​អយុត្តិ​ធម៌ក្នុង​សង្គម​ទាំង​ឡាយ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​តំបន់​អាស៊ាន​ទាក់​ទង​និងផ្នែក​វិស័យការងារ​ ផ្នែក​វិស័យ​ដីធ្លី​និង​ផ្នែក​ធនធាន​ធម្មជាតិ។​
«សារៈសំខាន់​ទាំង​អស់​នេះ​គឺ​យើង​ផ្ញើ​ទៅ​រដ្ឋាភិបាល​អាស៊ាន​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាស៊ាន​លោក​ដោះស្រាយ​បញ្ហា​ ដូចជា​បញ្ហា​វិស័យ​ការងារដែល​កម្មករ​ក្នុង​តំបន់​អាស៊ាន​កំពុង​រងទុក្ខ​វេទនា​ វិស័យ​ផ្នែក​ដី​ធ្លី ដែល​ខ្មែរ​ក៏​ដូចជា​តំបន់​អាស៊ាន​មួយ​ចំនួន​ទៀត​កំពុង​រង​ផល​លំបាក​និង​ផល​ប៉ះ​ពាល់»។​
អ្នកស្រី​ ហ្គី ឡាហ្កា (Ghi Laga) សកម្មជន​ទាមទារ​សិទ្ឋ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មក​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រាប់​វីអូអេ​ភាសា​ខ្មែរ​ថា ការ​រំលោភ​សិទ្ឋិ​មនុស្ស​មិន​មែន​មានតែក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ក៏​ជួប​បញ្ហានេះ​ស្រដៀង​គ្នានិង​កម្ពុជា​ផង​ដែរ។​
អ្នក​ស្រី​បាន​និយាយ​ថា ពួកគេ​មក​ទី​នេះ​ដើម្បី​ទាមទារ​ឲ្យ​មេដឹក​នាំ​នៃ​ប្រជា​ជាតិ​អាស៊ាន​គួរ​តែ​ពង្រឹង​ការ​គោរព​សិទ្ឋិ​មនុស្ស។
«ខ្ញុំ​គិតថា​នេះ​ជាសិទ្ឋិរបស់​យើង​ក្នុង​ការ​ប្រមួលផ្តុំគ្នា​ដើម្បី​សម្ដែង​មតិ​ហើយ​យើង​គួរ​តែ​អនុវត្ត​សិទ្ឋទាំងនេះ។ រដ្ឋាភិបាល​ឬក៏អ្នកណាក៏ដោយ​មិនត្រូវ​បញ្ឃប់​យើងទេ​ចំពោះ​ការ​បញ្ចេញ​មតិនិង​ទស្សនៈបស់​យើង»។​
ការ​ដើរក្បួន​ដង្ហែ​របស់​ប្រជាពលរដ្ឋ​មក​ពី​សមា​ជិក​អាស៊ាន​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​បើក​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​សេដ្ឋកិច្ច​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​និង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​នៅ​ក្នុង​ខេត្ត​សៀមរាប៕​

វីដេអូថ្មីៗបំផុត

ពាក្យក្នុងសារព័ត៌មាន៖ Venture
សូម​រង់ចាំ

No media source currently available

0:00 0:01:33 0:00
XS
SM
MD
LG