ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​អ្នក​ភូមិ​បឹងកក់​ម្នាក់​ត្រូវ​ចាប់​ខ្លួន


អ្នក​តវ៉ា​តតាំង​ជាមួយ​នឹង​ប៉ូលីស​ក្នុង​ទំនាស់​ដីធ្លី​ភូមិបឹងកក់។
អ្នក​តវ៉ា​តតាំង​ជាមួយ​នឹង​ប៉ូលីស​ក្នុង​ទំនាស់​ដីធ្លី​ភូមិបឹងកក់។
ភ្នំពេញ៖ តុលាការក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​សកម្មជន​តវ៉ា​រឿង​វិវាទ​ដីធ្លី​ដ៏​លេចធ្លោ​មួយរូប​នៅ​តំបន់​បឹងកក់​ពីបទ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើហិង្សា​ដោយ​ចេតនា។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​តុលាការ និង​មន្ត្រី​សិទ្ធិមនុស្ស។
លោក តែ សំអាង ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុងភ្នំពេញ​បាន​និយាយថា ការ​សម្រេច​ឃុំខ្លួន​នេះ​បាន​ធ្វើឡើង​តាម​មាត្រា​ទី២១៨ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី។ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​មូលហេតុ​នៃ​ការឃុំខ្លួន​នេះ​ទេ។
នៅ​ព្រឹក​ថ្ងៃ​អង្ការ​នេះ អាជ្ញាធរ​នគរបាល​ស្លៀកពាក់​ស៊ីវិល​បាន​ឆ្មក់​ចាប់​អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី​របស់​អ្នកស្រី​ឈ្មោះ លួស សា​ខន ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ងា​ក់​ផ្អើល​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​ឲ្យ​ទៅ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ធ្វើ​អត្តសញ្ញាណ​បណ្ណ​នៅ​សង្កាត់​ស្រះចក។
លោក​ចៅក្រម តែ សំអាង បាន​និយាយថា អ្នកស្រី​យ៉ោម បុប្ផា ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ចំណែកឯ​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។
«លែង​យ៉ាងម៉េច។ ត្រូវ​ឃុំខ្លួន​គាត់​បណ្តោះអាសន្ន។ ហើយ​ប្តី​គាត់​ឲ្យ​ត្រឡប់​ទៅវិញ មិនមាន​ភាពចាំបាច់​ទេគឺ​គាត់​អាច​នៅក្រៅ​ឃុំ​បាន»។
ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោយពី​មាន​ជម្លោះ​មួយ​កាល​ពី​ដើម​ខែសីហា នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។ ជម្លោះ​នេះ​បាន​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត​រប​ស់​អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវ​បាន​ជន​មិន​ស្គាល់មុខ​លួច​កាច់​កញ្ចក់​ជា​ច្រើន​លើក។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​ចុងក្រោយ​នោះ សមាជិក​ក្រុម​គ្រួសារ​បាន​សង្ស័យ​ជន​មិន​ស្គាល់​ឈ្មោះ​មួយ​រូប រួច​បាន​នាំ​គ្នា​វាយតប់​លើ​ជនសង្ស័យ​នោះ​តែម្តង។
សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី​មិនបាន​ចូលរួម​នៅក្នុង​សកម្មភាព​អំពើ​ហិង្សា​ទាំង​នោះទេ។
អ្នកស្រី ទេព វ៉ា​ន្នី តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​ហៅ​ការចាប់ខ្លួន​របស់​អ្នកស្រី​ថា ប្រៀប​ដូចជា​សកម្មភាព​ចោរប្លន់។ អ្នកស្រី​បាន​និយាយថា ការ​ចាប់ខ្លួន​នេះ​គឺ​ជា​ការ​រំលោភ​លើ​ផ្លូវច្បាប់។
«និយាយ​រួម​ថា ពួគ​ខ្ញុំ​ឥត​ដឹងថា​ម៉េច​ទេ ប៉ុន្តែ​អ្នក​ដែល​ទៅ​ឃើញ​សភាព​ផ្ទាល់​ហ្នឹង​ថា​ដូចជា​ចោរប្លន់​អញ្ចឹ​ង។ ព្រោះ​អ្នក​ចាប់​ហ្នឹង គាត់​ឥតមាន​ពាក់​ឯកសណ្ឋាន​សម្គាល់​អី​ច្បាស់​ផង​ទេ។ សូម្បីតែ​ឡាន​ដែល​ចាប់គាត់​ចូល​ហ្នឹង ក៏​ឥតមាន​ស្លាក​លេខ​ដែរ។ ហើយ​ឥត​មាន​ដាក់​អត្តសញ្ញាណ សញ្ញា​អី​ថា​ឡាន ហ្នឹង​ចេញ​មកពីណា​ទេ»។
លោក អំ សំអាត មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ​បាន​និយាយ​ថា នេះ​គឺជា​ការ​បំបាក់ស្មារតី​ពី​សំណាក់​អាជ្ញាធរ​មកលើ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​មិន​ឲ្យ​ហាន​ចេញមុខ​តវ៉ា​ប្រឆាំង​រឿង​វិវាទ​ដីធ្លី។
«នេះ​គឺជា​ចេតនា​មួយ ក្នុងការ​បំបាក់ស្មារតី​អ្នក​បឹងកក់​នេះ​ថ្មី​មួយទៀត​ដែរ។ បើសិនជា​ការ​ស្រាវជ្រាវ​ហ្នឹង ស៊ើប​អង្កេត​ហ្នឹង​មិនបាន​ដិតដល់​ទេ។ វា​អាចធ្វើ​ឲ្យ​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ជា​បន្តទៀត។ យើង​បារម្ភ​ថា អំពើហិង្សា​អាច​កើតមាន​ជា​បន្ត​បន្ទាប់»។
អ្នកស្រី យ៉ោម បុប្ផា អាយុ​៣៣​ឆ្នាំ ធ្លាប់​ចេញមុខ​តវ៉ា​រឿង​វិវាទ​ដីធ្លី​ដ៏​លេចធ្លោ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់ ដែល​បាន​អូសបន្លាយ​អស់​ជាច្រើន​ឆ្នាំ​ដោយ​ពុំមាន​ដំណោះស្រាយ៕
XS
SM
MD
LG