ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះហៅ​សកម្មជន​សិទ្ធិ​មនុស្ស ​និង​អ្នក​សារ​ព័ត៌មាន​


លោក​​អ៊ូ វីរ:​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
លោក​​អ៊ូ វីរ:​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
វ៉ាស៊ីនតោន​៖ សកម្មជន​សិទ្ធិ​មនុស្ស​៣នាក់​ និង​អ្នកសារ​ព័ត៌មាន​ម្នាក់​ត្រូវ​តុលាការ​ខេត្ត​រតនគីរី​កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​ការ​តវ៉ាដីធ្លី​របស់​ជនជាតិ​ភាគតិច​ជាមួយ​និង​ក្រុមហ៊ុន​ឯកជន​មួយ ដែល​គេ​សង្ស័យ​ថា​ ទាក់ទង​ជិត​ដិត​នឹង​អ្នកមាន​អំណាច​ក្នុង​ប្រទេស។​

តុលាការ​ខេត្តរតន​គីរី​បាន​កោះហៅលោកសុខ រដ្ឋា ​អ្នក​យក​ព័ត៌មាន​វិទ្យុអាស៊ី​សេរី​និង​លោក​អ៊ូ វីរៈ​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោកប៉ែន ប៊ុណ្ណារ៍ ​លោក​ឆាយ ​ធី ​អ្នក​សម្រប​សម្រួល​និង​ជាអ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​រតនគីរី​ ក្រោយ​ពេល​ដែល​ពួកគេ​ជួយ​ក្រុមជន​ជាតិដើម​ភាគតិច​ទំពូន​ក្នុង​ស្រុក​លំផាត់​ដើម្បី​តវ៉ា​រឿង​ទំនាស់​ដីធ្លី​មួយ​កន្លែង​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចោទ​ប្រកាន់​ថា​ ក្រុម​ហ៊ុន​ឌីអឹម​គ្រុប​ បាន​រំលោភ​យក ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ។​

បើតាម​ដីការ​កោះ​ហៅ​ដោយ​ឡែកៗ​ពីគ្នា​របស់​លោក​ព្រះរាជ​អាជ្ញា ​ជា សុភ័ក្រ​ ដែល​វីអូអេ​ទទួល​បាន​ ហើយ​ចុះថ្ងៃ​ទី២៨​ ខែ​កញ្ញា​ បាន​បញ្ជាក់​ថា​ សកម្មជន​សិទ្ធិ​មនុស្ស​ទាំងបី​និង​អ្នក​សារ​ព័ត៌មាន​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១០ ​ទី១១ ​និង​ថ្ងៃទី​១៨ ​ខែ​តុលា​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដោយ​បាន​សម្រេច។​

លោក​ប៉ែន ប៊ុណ្ណា ​អ្នកសម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ ចាត់​ទុក​ថា​វិធាន​ការ​តុលាការ​នេះ​ជារឿង​មិន​សមរម្យ​និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ ការ​បំពេញ​កិច្ចការ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​និង​អ្នក​កាសែត។​ តែ​លោក​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា​ លោក​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ដីការ។​

«យើង​គិត​ថា​ យើង​អត់​មាន​ធ្វើ​ខុសអ្វី​ទាំង​អស់។​ យើង​គិត​ថា​ នេះ​ជា​ការ​បំបាក់​ស្មារតី​ ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក៏​ដូចជា​អ្នក​យក​ព័ត៌មាន​ដែរ​ មិនឲ្យ​ចូល​រួម​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ»។​

លោកសុខ រដ្ឋា​ ឬ ​រដ្ឋា ​វិសាល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ដែរ​នោះ​ បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ ​ដោយ​បង្វែរ​សំណួរ​ ទៅ​កាន់​អ្នក​នាំពាក្យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​បដិសេធ​មិន​ធ្វើ​អាត្ថាធិប្បាយ​ ដូច​គ្នា។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ លោកអ៊ូ វីរ:​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​អះអាង​ថា ​គ្មាន​កំហុស​អ្វី​នោះ​ ចាត់ទុក​ចំណាត់​ការ​តុលាការ​នេះ​ថា​ ជា​ការ​ ចង្អុល​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដល់​សង្គម​ស៊ីវិល​និង​អ្នក​សារ​ព័ត៌មាន។​

«ដូច្នេះ​ជាទូទៅ​យើងឃើញ​រឿងនេះ​ជារឿង​មួយ​ក្នុង​ពេល​បច្ចុប្បន្ន​ ជា​ការ​ធ្វើ​បន្តបន្ទាប់​ ជាការ​កៀប​សង្កត់​ ជា​ការ​គំរាម​កំហែង​បន្តបន្ទាប់​តាម​ផ្លូវកាយ​ផង ​និង​ច្បាប់​ផង»។​
លោក​បាន​អះអាងថា ​លោក​នឹង​ទៅ​ចូលរួម​បំភ្លឺ​នៅ​តុលាការ​ តែ​ដោយសារ​លោក​ត្រូវ​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ​នៅ​ពាក់​កណ្តាល​ខែ​តុលា​ លោក​បាន​ស្នើ​សុំ​តុលាការ​អនុញ្ញាត​ឲ្យ​លោក​ទៅ​បំភ្លឺ​នៅថ្ងៃ​ទី​១០​ខែតុលា​ជំនួស​ថ្ងៃទី​១៨​ខែតុលា​វិញ។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ ក្រុមហ៊ុន​ DM Group ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​ អះអាង​ថា ​ជា​សាច់ញាតិ​នឹង​មន្ត្រី​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​រំលោភ​យក​ដី​២៦០​ហិតា​ពីជនជាតិ​ទំពូន​ចំនួន​ជាង​១៣០​គ្រួសារ​ក្នុង​ស្រុក​លំផាត់​ ខេត្ត​រតនគីរី​ដើម្បី​ដាំកៅស៊ូ។​ ពួក​គេបាន​អះអាង​ថា​ ជនជាតិ​ទំពូន​
ទាំង​នោះ​ ខ្លះត្រូវតុលាការចោទប្រកាន់​បន្ថែម​ពីលើ​ការ​បាត់បង់​ដីធ្លី​របស់​ពួក​គេ។​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ ពួក​គេ​បាន​ជួយ​ជនជាតិ​ភាគតិច​ដើម្បី​តវ៉ាយក​ដីធ្លី​មក​វិញ​ ទោះ​ជា​មានអន្តរាគមន៍​ពី​អ្នកមាន​អំណាច​ធំៗ​ជា​ច្រើន​យ៉ាងណា​ក្តី។​

សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​សារ​ព័ត៌មាន​ទាំងនេះ​ត្រូវ​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​រតនគីរី​ទម្លាក់​ចោល​បទ​ចោទ​ម្តង​ហើយ​ទាក់ទង​នឹង​រឿង​ដដែល​នេះ ​ដោយ​សារ​ពាក្យ​បណ្តឹង​គ្មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក។​

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​ហៅ​ថា​ គណៈកម្មាការ​សិទ្ធិ​មនុស្ស​អាស៊ី​ បាន​បញ្ជាក់​ថា​ ចំណាត់​ការ​របស់តុលាការ​ធ្វើ​ឡើង​វិញ​គឺ​តាម​ពាក្យ​បណ្តឹង​របស់​លោក​គិត ចែម​ ជា​មេឃុំដែល​ចោទ​ប្រកាន់​ថា​ ជន​ទាំងបួន​នាក់​គឺ​មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នក​ការសែត​នេះ​បាន​ញុះញង់​ក្រុមសមាជិក​ជន​ជាតិ​ភាគតិច​ឲ្យ​ធ្វើ​បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ ឌីអឹម​គ្រុប​ កាលពី​ឆ្នាំ​២០០៩។​

អ្នក​សារព័ត៌មាន​និង​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​ពលរដ្ឋ​ជាច្រើន ​ត្រូវចាប់​ដាក់គុក​និង​ កាត់​ទោស​ដោយ​ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន​ ដោយ​សារ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​និង​មន្ត្រី​ជា​សាច់ញាតិ​ដែល​មាន​ការ​ទាក់ទង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​
ចុងក្រោយ​នេះ​គឺ​ការកាត់​ទោស​លោក​ម៉ម សូណង់ដូ​ ប្រធាន​ស្ថានីយ​វិទ្យុសំបុក​ឃ្មុំ​អេហ្វអឹម​១០៥​មេហ្គាហឺត ​ឲ្យ​ជាប់គុក​២០​ឆ្នាំ​ ក្រោម​បទចោទ​ប្រកាន់​ ដែល​គេ​ចាត់​ទុក​ថា​ ជាលេស​របស់​រដ្ឋាភិបាល​ ពីរឿង​ធ្វើ​អបគមន៍​ដីធ្លី​ក្នុង​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ ដែល​មាន​ពលរដ្ឋ​ជា​ច្រើន​ពាន់គ្រួសារ​គ្រាន់តែ​តវ៉ាទាមទារ​កម្មសិទ្ធិ​ដីធ្លី​របស់​គាត់​ប៉ុណ្ណោះ។​ ការ​កាត់ទោស​លោក​ម៉ម សូណង់ដូ ​ជាប្រធាន​សមាគមន៍​ប្រជា​ធិបតេយ្យ​ផង​នោះ​ បាន​បង្ក​ឲ្យមាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជា​អន្តរជាតិ​ ជាពិសេស​ប្រទេស​អាមេរិក​និង​សហភាព​អឺរ៉ុប​ដែល​ផ្តល់​ជំនួយ​សំខាន់ៗ​ និង​ជា​ប្រទេស​ដែល​កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​ដូច​ជា​វិស័យ​កាត់ដេរ​ផង​ដែរ៕​
XS
SM
MD
LG