ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចន្លោះ​ប្រហោង​នៃ​​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ត្រូវ​បាន​អ្នក​ជំនាញការ​ពិភាក្សា​នៅ​ស.រ.អា


សង្គម​ស៊ីវិល​ក្នុង​តំបន់​ត្រូវ​ធ្វើ​កិច្ច​ការ​តស៊ូ​មតិ​ថែម​ទៀត​ដើម្បី​កែសម្រួល​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ឲ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ។
សង្គម​ស៊ីវិល​ក្នុង​តំបន់​ត្រូវ​ធ្វើ​កិច្ច​ការ​តស៊ូ​មតិ​ថែម​ទៀត​ដើម្បី​កែសម្រួល​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ឲ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ។
វ៉ាស៊ីនតោន៖ ក្រុម​វាគ្មិន​សំខាន់ៗ​និង​អ្នក​ចូលរួមបាន​ដេញដោល​គ្នា​អំពី​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ដែល​រង​ការរិះគន់​ជា​អន្តរជាតិ អំពី​ការអនុវត្ត​និង​ការតស៊ូ​ផ្លូវច្បាប់​ដើម្បី​កែប្រែ​ទៅ​ថ្ងៃ​ខាងមុខ។

បើទោះបីជា មេដឹកនាំ​អាស៊ាន​បានអនុម័ត​កាលពី​ខែវិច្ឆិកា​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ទៅហើយ​ក្តី ក៏​ក្រុម​វាគ្មិន​ជឿថា​សង្គម​ស៊ីវិល​ក្នុង​តំបន់​និង​អន្តរជាតិ​នឹង​អា​ចរក​មធ្យោបាយ​ធ្វើ​ឲ្យ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​បម្រើ​ឲ្យ​ផលប្រយោជន៍​ពិតប្រាកដ​ដល់​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​អាស៊ាន​៦០០​លាន​នាក់។
កិច្ចពិភាក្សា​ស៊ី​ជម្រៅ​កាលពី​ថ្ងៃ​សុក្រ​ដែល​រៀបចំ​ដោយ​អង្គការ​តាក់តែង​គោល​នយោបាយ​ស.រ.អា​មួយ​ហៅថា​មជ្ឈមណ្ឌល​អ៊ី​ស វែ​ស (East West Center) មិន​អនុញ្ញាតិ​ឲ្យ​មាន​ការថត​សំឡេង​និង​ដកស្រង់​សំដី​មក​ផ្សាយ​នោះទេ។

វាគ្មិន​ដែល​ចូលរួម មាន​លោកស្រី ខេ​ធឺ​រី​ន សៅ​វី​ក (Katherine Southwick) អ្នកច្បាប់​មកពី​គណៈមេធាវី​អាមេរិកាំង និង​ធ្លាប់ជា​អ្នកជំនាញ​ខាង​កិច្ចការ​សិទ្ធិមនុស្ស​អាស៊ាន​ប្រចាំ​ប្រទេស​ហ្វ៊ី​លី​ពី​ន ហើយ​និង​អ្នកស្រី​គ្រីស្ទី​ណា សឺ​ណា (Christina Cerna) ជា​សាស្ត្រាចារ្យ​ច្បាប់​ម្នាក់​នៃ​សាកលវិទ្យាល័យ ហ្គ​ក​ធោ​ន (Georgetown) និង​ជា​អ្នកជំនាញ​ផ្នែក​គោលការណ៍​សិទ្ធិមនុស្ស​នៃ​អង្គការសិទ្ធិមនុស្ស​អាមេរិកាំង ហៅ​កាត់​ថា IACHR និង​មាន​អ្នកចូលរួម​ប្រមាណ៥០នាក់​មកពី​ក្រសួងការបរទេស​ស.រ.អា អង្គការ ស្ថា​ទូត​បរទេស​នានា អ្នកធ្វើ​គោលនយោបាយ​ស.រ.អាសំខាន់ៗផ្សេងទៀត​ក៏​ចូលរួម​ផងដែរ។

ក្រុម​វាគ្មិន​បានលើកឡើង​យ៉ាង​ប្រយ័ត្នប្រយែង​ពី​បញ្ហា​សិទ្ធិ​ជាច្រើន​ដែល​នាំ​ឲ្យ សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​មិន​គ្រប់​តាម​ស្តង់ដារ​អន្តរជាតិ​ដូចជា​បញ្ហា កម្រិត​សិទ្ធិ​ពលរដ្ឋ បញ្ហា​តុល្យភាព​រវាង​សិទ្ធិ​និង​ការទទួលខុសត្រូវ បញ្ហា​សិទ្ធិ និង​សន្តិសុខ​ជាតិ​របស់​ប្រទេស​អាស៊ាន​នីមួយៗ បញ្ហា​សិទ្ធិ​និង​វប្បធម៌ និង សាសនា និង​សីលធម៌​សាធារណៈ​របស់​ប្រទេស​នីមួយៗ ហើយ​និង​ការ​អនុវត្ត សិទ្ធិ​ឲ្យ​ស្រប​ច្បាប់​ក្នុង​ប្រទេស​អាស៊ាន​ផងដែរ។

ថ្លែងប្រាប់​វីអូអេ​ក្រោយ​ពី​កិច្ច​ពិភាក្សា​លោកស្រី គ្រីស្ទីណា សឺណា បាន​ផ្តល់​ទំនុកចិត្ត​ដល់​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​ អៃ​ចា និង​រដ្ឋាភិបាល​អាស៊ាន​ចាប់​អារម្មណ៍​និង​កែលម្អ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ។

«ដូច​ខ្ញុំ​បាន​និយាយ​គឺថា​មាន​បញ្ហា​ជាក់លាក់​ដែល​អាចធ្វើ​ឲ្យ​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ប្រសើរ​បាន តែ​មិនមែន​ដោយសារ​សេចក្តីប្រកាស​នេះ​មិនល្អ ត្រូវតែ​រិះគន់​នោះទេ។ ខ្ញុំ​គិតថា​អនាគត​នៅ​បើកចំហ។ ខ្ញុំ​គិតថា​វា​ស្រេច​លើ​សង្គម​ស៊ីវិល​ក្នុង​ការ​បន្ត​ដាក់​សម្ពាធ​ឲ្យ​មាន​ការធ្វើ​ឲ្យ​ប្រសើរ បន្ត​ដាក់​សម្ពាធ​ឲ្យ​មានការ​បង្កើត​យន្តការ​ការពារ ហើយ​និង​ដាក់ពាក្យ​ប្តឹង​ទៅ​អៃ​ចា»។

ប្រទេស​អាស៊ាន​ភាគច្រើន​ក្នុង​ចំណោម​១០​ប្រទេស​ត្រូវគេ​ចាត់​ទុក​ថា​មាន​ប្រវត្តិ​សិទ្ធិមនុស្ស​មិន​ល្អ ហើយ​គ្មាន​សេរីភាព​ដែល​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ក្នុង​តំបន់ រួមទាំង​ស.រ.​អា អ.ស.ប និង​សហភាព​អ៊ឺរ៉ុប ព្រួយបារម្ភ​ថា​សេចក្តីប្រកាស​នេះ​អាច ត្រូវគេ​ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិមនុស្ស រឹត​ត្បិត​សេរីភាព​ពលរដ្ឋ​គឺ​មិនមែន​ដើម្បី​ការពារ​និង​គោរព​សិទ្ធិមនុស្ស​ទេ។

ទោះជា​យ៉ាងណាក៏ដោយ​លោកស្រី គ្រីស្ទីណា សឺណា មាន​យោបល់​ផ្ទុយ​ទៅ​វិញ​ថា​លោកស្រី​មាន​សេចក្តី​រីករាយ​ខ្លាំង​ដោយសារ​អាស៊ាន​មាន​សេចក្តីប្រកាស​សិទ្ធិមនុស្ស​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ធ្វើ​កិច្ចការ​ផ្នែក​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​អាមេរិក៣៣ឆ្នាំ​របស់​លោកស្រី។ នៅ​ក្នុង​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន មេដឹកនាំ​ប្លុក​នេះ បាន​ប្តេជ្ញា​រួមគ្នា​មិន​ធ្វើ​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​នេះ​ស្ថិត​នៅ​ក្រោម​ឬ​ផ្ទុយ​នឹង​បទដ្ឋាន​អន្តរជាតិ​ទេ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុម​អ្នកចូលរួម​ផ្សេងទៀត​ដែល​មើលឃើញ​ពី​ការ​រឹត​ត្បិត​សិទ្ធ​សេរីភាព​នានា​និង​ការមិន​ដាក់បញ្ចូល​សិទ្ធិ​ជាច្រើន​ដូចជា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច សិទ្ធិ​ធ្វើការ​ជួបប្រជុំ សិទ្ធិ​ផ្នែក​យេនឌ័រ​ជាដើម​នោះ បាន​លើក​ឡើង​ដែរ​ថា​ប្រតិកម្ម​ខ្លាំង​ពីស​.រ.អា​និង​សហគមន៍​អន្តរជាតិ​អាចធ្វើ​ឲ្យ​មេដឹកនាំ​អាស៊ាន​យកចិត្តទុកដាក់។ ប៉ុន្តែ​ទី​បំផុត គឺ​សង្គម​ស៊ីវិល​ក្នុង​តំបន់​ត្រូវ​ធ្វើ​កិច្ច​ការ​តស៊ូ​មតិ​ថែម​ទៀត​ដើម្បី​កែសម្រួល​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ឲ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ។

អ្នកនាង ហ្គ្រេស រូច (Grace Ruch) ជំនួយការ​កម្មវិធី​នៃ​មជ្ឍមណ្ឌល អ៊ីស វែស ដែល​ជា​អ្នក ជួយ​រៀបចំ​កិច្ចពិភាក្សា​អំពី​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​បាន​ថ្លែង​ថា​ជា​រឿង​សំខាន់​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ចែករំលែក​គំនិត​លើ​បញ្ហាផ្សេង​ៗ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បើ​ពុំ​ដូច្នោះ​ទេ​មិន​មាន​អ្នក​ដឹងឮ​អំពី​បញ្ហា​អាស៊ាន​ទេ។

«គោលបំណង​នៃ​កម្មវិធី​ប្រជុំ​សិក្ខាសាលា​នៅឯ​មជ្ឈមណ្ឌល East West Center គឺ​ដើម្បី​នាំយក​ទស្សនៈ​នានា​ពី​ក្នុង​តំបន់ ដែល​គេ​មិន​ធ្លាប់បាន​ឮ​ជា​ញឹកញាប់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្តីពី​គោល​នយោបាយ បញ្ហា​ដែល​កើតឡើង​ស្តីពី​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ដែល​កើតឡើង​នៅលើ​ឆាក​អន្តរជាតិ»។
ក្រុម​អ្នកតាក់តែង​គោលនយោបាយ​សំខាន់ៗ​របស់​ស.រ.​អា​បាន​ពិភាក្សាគ្នា​ម្តង​ដែរ កាលពី​ថ្ងៃ​ទី២៨ វិច្ឆិកា ​នៅឯ​សាកលវិទ្យាល័យ​អាមេរិកាំង (American University) ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដែលមាន​ការចូលរួម​ពី​លោក ដានីញែល ប៊ែ ឧបការី​រង​រដ្ឋមន្ត្រី ក្រសួងការបរទេស​ស​.រ.អា​ទទួល​បន្ទុក​ផ្នែក​ប្រជាធិបតេយ្យ ពលកម្ម​និង​សិទ្ធិ​មនុស្ស​និង​ក្រុម​អ្នកជំនាញ​ការ​ខាង​កិច្ចការ​សិទ្ធិ​មនុស្ស​អាស៊ាន​ជា​ច្រើន​មក​ពី​ប្រទេស​នានា​រួម​ទាំង​កម្ពុជា​ផង។ គួរ​រំលឹក​ដែរ​ថា​ក្រុម​សង្គម​ស៊ីវិល​អាស៊ាន​និង អន្តរជាតិ​ជាង៥០បា​នបដិសេដ​រួម​គ្នា​ថា​មិន​ទទួលស្គាល់​និង​ប្រើ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ទេ ដោយ​អះអាងថា​នឹង​នៅ​បន្ត​ប្រើប្រាស់​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​ជា​សាកល​និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ៕
XS
SM
MD
LG