ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ណែនាំ​អំពី​ជំងឺ​ផ្តាសាយ​បក្សី


ជំងឺ​ផ្តាសាយ​បក្សី​បាន​និង​កំពុង​បន្ត​កើត​មាន​ឡើង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​និង​ពិភពលោក។
ជំងឺ​ផ្តាសាយ​បក្សី​បាន​និង​កំពុង​បន្ត​កើត​មាន​ឡើង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​និង​ពិភពលោក។
ភ្នំពេញ៖ ខណៈពេល​ដែល​កម្ពុជា​កំពុង​តែផ្ទុះ​ឡើង​ខ្លាំង​នូវ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅ​ដើម​ឆ្នាំ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដល់​ក្រសួង​សុខាភិបាល​ ក្រសួង​កសិកម្ម រុក្ខា​ ប្រមាញ់​ និង​នេសាទ​ ព្រម​ទាំង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​ចូល​រួមទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ផ្តាសាយ​បក្សីនេះ។​
នៅ​ក្នុង​សារាចរ​ណែនាំ​មួយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ បាន​ណៃនាំ​ដល់​ក្រសួង​កសិកម្ម​និង​ក្រសួង​សុខាភិបាល​ឲ្យ​ពង្រឹង​កិច្ច​សហការ​គ្នា​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ទាន់​ពេល​វេលា។ ធ្វើការ​ស្រាវជ្រាវ​និង​តាម​ដាន​ឲ្យ​បាន​ហ្មត់ចត់​និង​ជា​ប្រចាំ​ដល់​សុខភាព​បក្សី​នៅ​ទូទាំង​ប្រទេស​ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពីជំងឺ​ផ្តាសាយ​បក្សី។​
អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មាន​ការ​សហការ​ជាមួយ​នឹង​ក្រសួង​កសិកម្ម​ក្នុង​ការ​ត្រួតពិនិត្យ​និង​គ្រប់​គ្រង​សត្តឃាតដ្ឋាន​និង​កន្លែង​ពិឃាត។ ចំណែក​ឯ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ឋ​ កងរាជអាវុធហត្ថ​ មន្ត្រី​ប៉ូលីស​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បង្កើន​កិច្ចសហការ​ និង​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​ក្រសួង​កសិកម្ម​និង​ក្រសួង​សុខាភិបាល។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល។
លោក​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​មិន​អាច​ស្នើ​សុំ​សេចក្តី​អត្ថាធិប្យាយ​បាន​ទេ។ ក៏​ប៉ុន្តែ​លោក​លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​ទប់​ស្កាត់​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​គឺជា​ការ​ចូលរួម​ទាំង​អស់​គ្នា​ពីព្រោះក្រសួង​សុខាភិបាល​មិន​អាច​ចាត់​ការ​ជំងឺ​ផ្តាសាយ​បក្សី​តែ​ម្នាក់​ឯង​ទេ។
លោក​បាន​និយាយ​ថា ចាប់​តាំង​ពី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ចាប់​ផ្តើម​ផ្ទុះមក ក្រសួង​បាន​រៀប​ចំប្រព័ន្ឋ​មួយ​ដែល​ឆ្លើយ​តប​នឹង​រក​ឃើញ​ទាន់​ពេលវេលា ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ប្រព័ន្ឋ​នេះ​បាន​រៀប​ចំ​បាន​ច្រើន​ទាំង​ប្រព័ន្ឋ​រុក​រក​ជំងឺឆ្លង​និង​រាតត្បាត។
«មន្ត្រិ​ឆ្លើយ​តប​ទូទាំង​ប្រទេស​ប្រមាណ​១.៤០០​នាក់​នោះ។ យើង​មាន​មន្ទីរ​ពិសោធន៍​ក៏​យើង​មាន​សម្ថភាព​ខ្ពស់​ជាង​មុន។ យើង​អាច​មាន​សម្ភារៈ​ធ្វើ​វត្ថុវិភាគ​នៅ​ក្នុង​មូល​ដ្ឋាន​ហើយ​ប្រមូល​វត្ថុវិភាគ​យក​មក​ធ្វើតេស្ត​ថ្នាក់​ជាតិ​បាន​លឿន»។​
ជំងឺ​ផ្តាសាយ​បក្សី​បាន​និង​កំពុង​បន្ត​កើត​មាន​ឡើង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​និង​ពិភពលោក។ ​ដោយ​ឡែក​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ខែ​ដើម​ឆ្នាំ​២០១៣​នេះ ជំងឺ​ផ្តាសាយ​បក្សី​H5N1​បាន​ផ្ទុះ​និង​ចម្លង​ដល់​មនុស្ស​ចំនួន​ប្រាំបួន​ករណីក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន​ប្រាំបី​នាក់។
គិតចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​មាន​មនុស្ស​ឈឺ​ចំនួន​៣០​នាក់​និង​បាន​ស្លាប់​ចំនួន​២៧​នាក់។
លោក​លី សុវណ្ណ​បាន​និយាយ​ថា មូល​ហេតុ​ដែល​នៅ​ដើម​ឆ្នាំ​នេះ​ជំងឺគ្រុន​បានកើន​ឡើង​ខ្ពស់​ដោយ​សារ​តែ​ជំងឺនេះ​បាន​ផ្ទុះ​ទៅលើ​បក្សី​ជាច្រើន​ខេត្ត​បណ្តាល​ឲ្យ​មាន​មាន់​ទា​ជាច្រើន​បាន​ងាប់​នៅ​ក្នុង​ភូមិ​ដូច្នេះ​បាន​ជាឆ្លង​មក​មនុស្ស។
ផ្តាសាយ​បក្សី​H5N1​គឺ​ជា​ជំងឺ​ផ្តាសាយ​មួយ ដែល​ជា​ធម្មតា​ចម្លង​ពី​សត្វ​បក្សី​ឈឺ​ទៅ​បក្សី​ផ្សេងទៀត។ ប៉ុន្តែ​ជួន​កាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស។ នៅ​ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​ផ្តាសាយ​បក្សី ​H5N1​ ភាគ​ ច្រើន​ជា​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ។ នៅ​ពេល​ជំងឺ​ផ្តាសាយបក្សី​បាន​ឆ្លង​ទៅ​មនុស្ស ជំងឺ​នេះ​តម្រូវ​ឲ្យមាន​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់៕
XS
SM
MD
LG