ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរជាច្រើន​បាន​ទៅតាំង​លំនៅ​លើ​វាល​ផ្នូរខ្លោច​


ទីក្រុង​ភ្នំពេញ​កាន់តែ​ចង្អៀត ហើយ​ដីកាន់​តែ​ឡើងថ្លៃ
ទីក្រុង​ភ្នំពេញ​កាន់តែ​ចង្អៀត ហើយ​ដីកាន់​តែ​ឡើងថ្លៃ
​ទីភ្នាក់ងារ AP​ ភ្នំពេញ៖
ក្នុងខណៈ​ដែល​ទីក្រុង​ភ្នំពេញ​កាន់តែ​ចង្អៀត ហើយ​ដីកាន់​តែ​ឡើងថ្លៃ គ្រួសារក្រីក្រ​ខ្លះ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទៅ​ធ្វើផ្ទះ​នៅលើ​វាល​ផ្នូរខ្មោច​ច្រើន​ឡើងៗ ហើយ​ចាត់ទុក​ថា ទីនេះ​ជា​ភូមិ​របស់​ខ្លួន។

វាល​វដ្ត​សង្ខារ​របស់សត្វលោក​គឺកើត​ចាស់​ឈឺស្លាប់។ តែ​ប្រជាជន​ទាំងនេះ​មកយក​កន្លែងអ្នក​ស្លាប់​ធ្វើជា​ជម្រក​របស់​ខ្លួន។​ វាល​កប់ខ្មោច​ដើមស្លែង​នេះនៅ​ជិត​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​បាន​សង់ជម្រក ដូចជា​បោះ​តង់​សំពត់​កៅស៊ូ ធ្វើ​ខ្ទមប្រក់​សង្កសី និង​កម្ទេច​ឈើ​នៅ​ជាប់​ផ្នូរ​ខ្មោច​ពីដើម​នេះ។

ពួកគេ​ ដែល​ខ្លះត្រូវ​ដេញពី​កន្លែងនានា និង​ខ្លះ​គ្មានជម្រក បាន​ហៅ​កន្លែង​នេះ​ថា ជាផ្ទះ​របស់​ខ្លួន។​ ពួក​គេមាន​ប្រវត្ត​ផ្សេងៗ​គ្នា។ អ្នកខ្លះ​មកនៅ​យូរហើយ។ អ្នកខ្លះទើបមកនៅ។ គេមាន​ទម្លាប់រស់​នៅជា​មួយ​ផ្នូរខ្មោចទៅ​ហើយ។ គេយក​ម៉ុង​ខ្មោច​ធ្វើជាធ្វើជាតុ កៅអី​សម្រាប់​អង្គុយ​លេង​ជារៀង​រាល់​ថ្ងៃ។
អ្នកស្រី​សួង រី​អាយុ​៦០​ឆ្នាំ​ជា​អ្នក​លក់​អាហារ។ គាត់​បានមក​រស់នៅ​ទីនេះ​តាំងពី​ឆ្នាំ​១៩៨៦។​ គាត់និយាយ​ថា ចំនួន​អ្នកភូមិផ្នូរ​ខ្មោច​នេះ​កើន​ឡើង​បន្តិច​ម្តងៗ។​

«កាលណោះ​អត់មាន​មនុស្ស​នៅ​ទេ​ មានតែ​គាត់​ ផ្ទះ​ខាង​ណោះ​នៅ​ម្នាក់​ឯង។​ ដល់​ពេល​គាត់​មក​នៅកន្លែង​ហ្នឹងទៅ ​ហើយ​ច្រាំង​ចេះ​តែបាក់​មក​ គេក៏ចេះ​តែ​នាំគ្នាមក​នៅ​កន្លែង​ហ្នឹង​ទៅ។ ​ចុះមាន​កន្លែង​ណា​នៅអូន ​មាន​តែមក​នៅកន្លែង​ហ្នឹង។​ ចេះតែ​ប្រជ្រៀត​នៅនឹង​ផ្នូរខ្មោច​ហ្នឹងទៅ! ​ហើយផ្នូរ​ខ្មោច​ក៏​គេចេះ​តែ​គាស់​ចេញ​អស់​ខ្លះ​ទៀត។​ ចេះតែ​មាន​មនុស្ស​មក​នៅ។ ​ឥឡូវបើ​បើក​ដៃឲ្យ​នៅ​ក៏នៅ​មិន​អស់​ដែរ»។​

អ្នក​ខ្លះជួល​ផ្ទះ​របស់​គេ​នៅ​ ៣ដុល្លារ​ក្នុងមួយ​ខែ ហើយ​អ្នកខ្លះ​អះអាង​ថា ខ្លួនមាន​កម្មសិទ្ធិ​ស្រប​ច្បាប់។ ​អ្នក​ខ្លះ​បាន​ធ្វើផ្ទះ​ឈើ ឬ​បោះ​ជម្រក​បណ្តោះ​អាសន្ន​ក្នុង​ចំណោម​ផ្នូរ​ខ្មោច​ទាំង​នេះ។ ជួន​កាល​ គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ហ៊ុន ដោយ​មិន​ប្រាប់ជាមុន ឬមិន​បាន​សំណង​សម្រាប់​ទៅ​តាំងលំ​នៅ​កន្លែង​ថ្មីទេ។​

លោកព្រំ ហឿន អាយុ​២៩​ឆ្នាំ ជា​អ្នក​លក់ម្ហូប​តាម​ដងផ្លូវ ហើយ​ដែល​បាន​មក​រស់​នៅ​ទីនេះ​តាំង​ពីឆ្នាំ​១៩៩៧​នោះ​ យល់ស្រប​នឹងអ្នក​ជិតខាង​របស់​គាត់​គឺអ្នកស្រី​សួង រី។ គាត់និយាយថា វាល​កប់​ខ្មោចនេះ​មាន​មនុស្ស​រស់មក​តាំងលំនៅ​ច្រើន តាំងពី​ពេល​មានទឹក​ជំនន់​កាលពី​ពីរបី​ឆ្នាំមុន។​

«ពីមុន​ព្រៃ​ច្រើន​ ខ្លាច។ ព្រៃ! សុទ្ធតែ​ព្រៃ! ​មានផ្ទះ​មួយៗ។ ​ដល់​ពេល​មាត់​ទន្លេចេះ​តែ​បាក់ដី​ ផ្ទះ​នៅមាត់​រើមក​នៅ។ ​អញ្ចឹង​មនុស្សកាន់តែច្រើនទៅៗ។​ ខ្មោច​ខ្លាច​មនុស្ស​វិញ​ហើយ​ឥឡូវ!»។

លោកព្រំ ហឿនមាន​កូន​៣នាក់។ គាត់​បារម្ភខ្លាច​អាជ្ញាធរ​បណ្តេញ​ពួកគាត់​ចេញ​ពី​ទីនេះ។​

«អាហ្នឹង​ខ្ញុំ​មិន​ហ៊ាន...​រឿង​ភ័យៗ​ហើយ ​ខ្លាច​គេ​ដេញ​ចេញ។ ​បើគេ​មាន​កន្លែង​ដូរ... តែ​ខ្លាច​គេដេញ​ទៅអត់​មាន​កន្លែង​ឲ្យ​នៅ​ ពិបាក​ ព្រោះដី​ខ្ញុំមាន​កូនចៅ​បីបួន​នាក់»។​

ដោយសារ​អនាគត​មិនច្បាស់លាស់​ អ្នកភូមិ​ផ្នូរខ្មោច​ចេះតែ​បារម្ភ​ឡើងៗ។​

អង្គការ​អភិវឌ្ឍន៍​ស្រ្តីក្រីក្រ​នៅភ្នំពេញ​កំពុងជួយ​អ្នករស់​នៅ​លើវាល​កប់ខ្មោច​នេះ ឲ្យ​គេ​ត្រៀម​ខ្លួន​សម្រាប់​ការ​បណ្តេញ​ចេញ។ ​

អ្នកស្រី​ ស៊ុំ សាម៉ុន​គឺមន្ត្រី​អង្គការ​នេះ។​គាត់​និយាយ​ថា ក្តីបារម្ភខ្លាចការ​បណ្តេញ​ចេញនេះ​បានធ្វើឲ្យ​គ្រួសារ​ទាំង​នេះ​មាន​ជំងឺខូច​អារម្មណ៍​ធ្ងន់ធ្ងរ។​

«វាមិន​ផ្តោត​តែ​កន្លែង​ផ្នូរ​ទេ។ ទីកន្លែង​ណា​ក៏ដោយ​ឲ្យតែ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ធំ​បំផុត​គឺ​ជំងឺ​ផ្លូវ​ចិត្ត។​ កង្វល់​របស់​គាត់​ធ្វើឲ្យ​គាត់អាក់​ខាន​ក្នុងការ​អភិវឌ្ឍ​គ្រួសារ​របស់គាត់​ ដែល​ទន្ទឹងចាំ​ថ្ងៃដែល​គេ​ដេញ។​ ហើយ​គាត់មាន​កង្វល់​យ៉ាង​ខ្លាំងដែល​ជា​ជំងឺ​ផ្លូវចិត្ត​របស់​គាត់»។​

អនាគត​ភូមិផ្នូរ​ខ្មោចដើម​ស្លែងនេះ​នៅ​ជាអាថ៌​កំបាំង​នៅ​ឡើយ។ អ្នកស្រុក​ទាំងនេះ​ដែល​យក​វាល​កប់ខ្មោច​ជាភូមិ​របស់ខ្លួន​នោះ សង្ឃឹម​ថា ​គេនឹង​បានរស់​នៅទីនេះ​រហូត ហើយ​នឹង​មិន​ប្រឈម​នឹង​ការបណ្តេញ​ចេញ​ ដូច​កន្លែងផ្សេង​ទៀត​ទេ។
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG