ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួង​ដែនដី​បួន​នាក់​មាន​សេរីភាព​វិញហើយ​ក្រោយ​ពី​ជាប់​ឃុំ​តែ​មួយ​សប្តាហ៍​


សន្ទទស្សន៍​​ចាត់​ថ្នាក់​អំពើ​ពុក​រលួយ (Corruption Perceptions Index) ប្រចាំ​ឆ្នាំរបស់​​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ឆ្នាំ២០១០។
សន្ទទស្សន៍​​ចាត់​ថ្នាក់​អំពើ​ពុក​រលួយ (Corruption Perceptions Index) ប្រចាំ​ឆ្នាំរបស់​​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ឆ្នាំ២០១០។
ភ្នំពេញ៖ មន្ត្រី​ក្រសួង​ដែនដី​ នគរូបនីយកម្មនិង​សំណង់​ចំនួន​បួន​នាក់​បាន​រួច​ចេញ​ពី​គុក​វិញ​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំ​ពេញ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​និងដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ក្នុង​ករណី​ពាក់​ព័ន្ធ​នឹង​ការ​កេង​បន្លំ​ថវិកា​រដ្ឋ​ប្រមាណ​ជិត​ពីរ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។អ្នក​វិភាគ​ឯក​រាជ្យ​បាន​រិះ​គន់​ប្រព័ន្ធ​តុលាការ​ថា​ការ​ដោះ​លែង​នេះ​មាន​ភាព​លំអៀង​និង​មិន​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់។​

«យើង​ខ្ញុំ​មិន​មាន​ការ​ជំទាស់​របស់​តុលាការ​នោះ​ទេ​ព្រោះ​យល់​ឃើញ​ថា​អ្នក​បួន​នាក់​ហ្នឹង​បាន​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ហើយ។​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ជា​បណ្តោះ​អាសន្ន​ដែរ​ហើយ​ទី​ពីរ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​រួម​ជាមួយ​មេធាវី​គាត់​ដើម្បី​តទល់​ក្តី​នេះ​ជា​មួយ​យើង​ខ្ញុំ។​យើង​ខ្ញុំ​ក៏​បន្ត​រឿង​ហ្នឹង​ដូច​គ្នា​នេះ​ដែរ​ដើម្បី​ជូន​ទៅ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ​ចុង​ក្រោយ»។​
លោក​ឱម យិន​ទៀង
ជន​សង្ស័យ​ទាំង​បួន​នាក់​ត្រូវ​បាន​មន្ត្រី​តុលាការ​បញ្ជាក់​ឱ្យ​ដឹង​ថា​មាន​ឈ្មោះ សារេត បូរាមី អគ្គលេខាធិការរង​ក្រសួង​ដែនដី ​នគរូបនីយកម្ម​និង​សំណង់​ លោក ផូរ វុឌ្ឍី ​ប្រធាន​នាយក​ដ្ឋាន​ហិរញ្ញវត្ថុ ​លោក មាស ឥស្សរ៉ា ​និង​លោក ទុយ ឡាយរិទ្ធី។​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​បួន​នាក់​កាល​ពី​ថ្ងៃ​ទី​៦​ខែ​សីហា​កន្លង​ទៅ​នេះ​ហើយ​បន្ទាប់​មក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​រួច​ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​រង់​ចាំ​ជំនុំ​ជម្រះ​ទោស។​
លោក​ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និយាយ​ថា​លោក​បាន​ទទួល​ដំណឹង​នៃ​ការ​ដោះ​លែង​មន្ត្រី​ទាំង​បួន​នាក់​ចេញ​ពី​ពន្ធនាគារ​ដែរ​ហើយ​លោក​បាន​បញ្ជាក់​ថា​លោក​មិន​ជំទាស់​នឹង​ការ​ដោះ​លែង​នេះ​ទេ។​

មាន​ប្រសាសន៍ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​លោក​ឱម យិន​ទៀង​បាន​បញ្ជាក់​ថា​នៅ​ពេល​ដែល​តុលាការ​សម្រេច​ដោះ​លែង​អ្នក​ទាំង​បួន​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​មាន​ន័យ​ថា​តុលាការ​បាន​ទទួល​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​តាម​ការស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហើយ។​លោក​បាន​អះ​អាង​ទៀត​ថា​ប្រសិន​ណា​បើ​សំណុំ​រឿង​របស់​អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​មិន​គ្រប់​គ្រាន់​តុលាការ​មិន​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ទេ​ហើយ​ដោះ​លែង​តែ​ម្តង។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​បាន​បញ្ជាក់​ថា​លោក​និង​បន្ត​រឿង​ក្តី​នេះ​តទៅ​ទៀត។​

«យើង​ខ្ញុំ​មិន​មាន​ការ​ជំទាស់​របស់​តុលាការ​នោះ​ទេ​ព្រោះ​យល់​ឃើញ​ថា​អ្នក​បួន​នាក់​ហ្នឹង​បាន​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ហើយ។​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ជា​បណ្តោះ​អាសន្ន​ដែរ​ហើយ​ទី​ពីរ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​រួម​ជាមួយ​មេធាវី​គាត់​ដើម្បី​តទល់​ក្តី​នេះ​ជា​មួយ​យើង​ខ្ញុំ។​យើង​ខ្ញុំ​ក៏​បន្ត​រឿង​ហ្នឹង​ដូច​គ្នា​នេះ​ដែរ​ដើម្បី​ជូន​ទៅ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ​ចុង​ក្រោយ»។​

ជន​សង្ស័យ​ទាំង​បួន​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​ក្រោម​បទ​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​ការ​កិប​កេង​ថវិកា​រដ្ឋ​ប្រមាណ​ជិត​ពីរ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​គម្រោង​ប្រគល់​ដី​សម្បទាន​សង្គម​កិច្ច​និង​សាង​សង់​លំនៅ​ដ្ឋាន​ជូន​អតីត​យុទ្ធជន​និង​ជន​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​កាល​ពី​ឆ្នាំ​២០១១។​

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​អ្នក​វិភាគឯក​រាជ្យ​មួយ​រូប​បាន​រិះ​គន់​ការ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នៃ​ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​ថា​តុលាការ​មាន​ភាព​លំអៀង​និង​មិន​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ហើយ​អ្នក​មាន​អំណាច​ត្រូវ​បញ្ឈប់​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​ឯក​រាជ្យ​ភាព​របស់​តុលាការ។​

«ត្រូវ​តែ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ឥទ្ធិពល​អំណាច​ហើយ​ធ្វើ​ឱ្យ​តុលាការ​ឯក​រាជ្យ។​ហើយ​នេះ​គឺ​ជា​សិទ្ធិ​មួយ​ដាច់​ខាត​ឥតមាន​ការ​លើក​លែង​ទេ​ក្នុង​ការ​កាត់​ទោស​កាត់​សេច​ក្តី​ដោយ​តុលាការ​ឯក​រាជ្យ​ ឥត​លំអៀង»។​

អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ធ្លាប់​បាន​ចាប់​ខ្លួន​មន្ត្រី​តុលាការ​ខេត្ត​កណ្តាល​ជាប់​ពាក់​ព័ន្ធ​នឹង​ថវិកា​ប្រមាណ​៥​ពាន់​ដុល្លារ​និង​អតីត​ព្រះ​រាជ​អាជ្ញា​ខេត្ត​ពោធិ៍​សាត់​គឺ​លោក​តុប ច័ន្ទសេរី​វុធ​ក៏ប៉ុន្តែ​តុលាការ​មិន​បាន​ដោះ​លែង​ពួក​គេ​ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ​រហូត​ដល់​រង់​ចាំ​ឱ្យ​មានការ​កាត់​ទោស​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។​

លោក​ លាង សំណាត់​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញមិន​អាច​ស្នើ​សុំ​ទំ​នាក់​ទំនង​ដើម្បី​សេច​ក្តី​អត្ថា​ធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ទទួល​ការ​ហៅ​ចូល​ហើយ​តែ​គ្មាន​អ្នក​ទទួល។​
លោក​ឱម យិន​ទៀង​បាន​និយាយ​ជំនួស​តុលាការ​ថា​បទ​ល្មើស​ពុករលួយ​មាន​បី​កម្រិត​ គឺ​ថ្នាក់​ឧក្រិដ្ឋ​ ថ្នាក់​មជ្ឈិម​និង​បទ​ល្មើស​ពុក​រលួយ​ថ្នាក់​តូច​តាច។ ហើយ​ករណី​ដោះ​លែង​ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​ប្រហែល​ជា​តុលាការ​យល់​ឃើញ​ថា​ស្ថិត​នៅ​ក្នុង​ការ​ប្រព្រឹត្តិ​បទ​ល្មើស​ពុក​រលួយ​កម្រិត​មជ្ឈិម​ហើយ​អ្នក​ផ្សេង​ដែល​ធានា​មិន​ឱ្យ​ចេញ​នៅ​ក្រៅ​ឃុំបានអាច​ស្ថិត​ក្នុង​បទ​ឧ​ក្រិដ្ឋ៕​
XS
SM
MD
LG