ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ម៉ម សូណង់ដូ​ នៅ​តែ​មាន​សុខភាព​ល្អ និង​រឹង​ប៉ឹង


លោក​ម៉ម សុ​ណង់​ដូ អាយុ៧១ឆ្នាំ​
លោក​ម៉ម សុ​ណង់​ដូ អាយុ៧១ឆ្នាំ​
ភ្នំពេញ៖ លោក​ម៉ម សុ​ណង់​ដូ នៅតែមាន​ភាពរឹងមាំ​ទាំ​ង​រាងកាយ​និង​ស្មារតី។ មន្ដ្រី​សិទ្ធិ​មនុស្ស​និង​ភរិយា​របស់លោក​ម៉ម សុ​ណង់ ដូ បាន​អះអាង​យ៉ាង​ដូច្នេះ​បន្ទាប់ពី​បាន​ចូល​សួរសុខទុក្ខ​លោក​ម៉ម សុ​ណង់​ដូ ដាច់​ដោយ​ឡែក​ពីគ្នា​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ។
លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ចូល​សួរសុខទុក្ខ​នាយក​វិទ្យុ​សំបុ​ក្រ​ឃ្មុំ​នៅ​រសៀល​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា លោក​ម៉ម សុ​ណង់​ដូ មិនបាន​បាក់​ស្មារតី​នោះទេ។
«ទី១​គាត់​មាន​សុខភាព​រឹងមាំ។ ទី​ពីរ​ខ្ញុំ​ឃើញ​ស្មារតី​គាត់​គឺ​នៅ​រឹងមាំ​មែនទែន។ គាត់​ប្រាប់​ខ្ញុំ​ថា យើង​ទាំង​អស់​គ្នា​នៅ​តែ​ត្រូវ​ធ្វើ​ការតស៊ូ​មតិ។ គាត់​នៅតែ​ថែរក្សា​គោលជំហរ​ដដែល​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទាល់​តែ​សោះ។ គាត់​ប្រាប់​ខ្ញុំ​ថា ការពិត​នៅតែ​ជាការ​ពិត»។
លោក​ម៉ម សុ​ណង់​ដូ អាយុ៧១ឆ្នាំ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០ឆ្នាំ​កាលពី​ថ្ងៃទី១ខែតុលា​នេះហើយ​ជនជាប់ចោទ​ចំនួន១៣នាក់​ផ្សេង​ទៀត​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​ពី​ដប់​ខែ​រហូត​ដល់​៣០​ឆ្នាំ។
លោក​ស្រី ឌិន ផាន់ណារ៉ា ភរិយា​លោក​ម៉ម សុណង់ដូ ដែល​បាន​ចូល​សួរសុខទុក្ខ​ស្វាម៉ី​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃនេះ​លើកឡើង​ដូច​លោក​អ៊ូ វីរៈ​ដែរ។
«បើ​និយាយ​ពី​សុខភាព​គាត់ មិន​អី​ទេ​បច្ចុប្បន្ននេះ។ បើ​និយាយ​ពី​ស្មារតី​គាត់​វិញ​នៅតែ​រឹងមាំ​ធម្មតា​ដដែល​ក្នុងន័យ​ថា​គាត់​អត់​បានធ្វើ​អ្វី​ខុស»។
មន្ដ្រី​អង្គការ​សិទ្ធិមនុស្ស ប្រទេស​បារាំង អាមេរិក គណៈកម្មការ​អឺរ៉ុប រួមទាំង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​សុទ្ធតែ​បាន​ប្រតិកម្ម​ចំពោះ​ការផ្តន្ទាទោស​លោក​ម៉ម សូណង់ដូ ហើយ​សហរដ្ឋអាមេរិក​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក​ម៉ម សុ​ណង់​ដូ ជា​បន្ទាន់។
ក្រុម​មន្ដ្រី​សិទ្ធិមនុស្ស​បាន​ហៅ​ការផ្តន្ទាទោស​លោក​ម៉ម សុ​ណង់​ដូ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល។ ក៏ប៉ុន្តែ​ក្រសួង​ការបរទេស​បាន​ច្រានចោល​សេចក្ដី​អះអាង​នោះ។
កាលពី​ថ្ងៃ​ចន្ទសមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សុ​ណង់​ដូ បាន​ថ្វាយ​លិខិត​ជូន​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ និង​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ដើម្បី​ទូលថ្វាយ​សុំ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូ។ ក៏​ប៉ុន្តែ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ សមាជិក​រាជវង្ស​មួយ​អង្គ​មាន​ព្រះបន្ទូល​ថា អតីត​ព្រះមហាក្សត្រ​មិនមាន​ព្រះរាជ​អំណាច​អន្តរាគមន៍​នោះទេ។
លោកស្រី ឌិន ផាន់​ណា​រ៉ា មាន​ប្រសាសន៍​ថា លោកស្រី​នឹង​ដាក់​ពាក្យ​ប្តឹង​ទាស់​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅ​ក្នុង​ខែ​នេះ​ប្រឆាំង​នឹង​ការសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ។
លោក​សុខ សំអឿន មេធាវី​របស់លោក​ម៉ម សុ​ណង់​ដូ មិនអាច​ទាក់ទង​បានទេ​នៅថ្ងៃនេះ៕
XS
SM
MD
LG