ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​បដិសេធ​សំណើ​គណបក្ស​ប្រឆាំង​សុំ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ​និង​កម្មករ​


លោក​សុន ឆៃ​ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង
លោក​សុន ឆៃ​ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង
ភ្នំពេញ៖ គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​នៅថ្ងៃ​ពុធនេះ​បាន​បដិសេធ​សេចក្តី​ស្នើសុំ​របស់​អ្នក​តំណាង​រាស្ត្រ ​មកពី​គណបក្ស​ប្រឆាំង​អំពី​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​និង​មន្ត្រី​រាជការ​ស៊ីវិល។​

ការ​បដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ច​ប្រជុំគ្នា​មួយ​រវាង​អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​មិនកាន់​អំណាច​និង​គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​ ក្រសួង​ការងារ​ ក្រសួង​មុខងារ​សារធារណៈ​ និង​ក្រសួង​កិច្ច​ការ​នារី។​

លោក​ស្មាន ទៀត​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​គ្រប់គ្រង​អំណាច​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​របស់​រដ្ឋ​សភា​បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំថារដ្ឋសភា​បាន​ទាត់​ចោល​សេចក្តី​ស្នើ​របស់​គណបក្ស​ប្រឆាំង​ដោយ​បាន​ចាត់​ទុកថា​ការ​ស្នើ​ឡើង​នេះ​គឺ​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​មុន​ពេល​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

«​ជា​លទ្ធផល​នៃ​ស្មារតី​នៃ​អង្គប្រជុំ​គណៈកម្មការ​ទាំងពីរ​ហ្នឹង​បាន​ឯកភាព​គ្នា​គឺ​សុំ​មិន​ទទួល​យក​នូវ​សេចក្តី​ស្នើច្បាប់​នេះ​ដោយ​ផ្អែក​លើ​សេចក្តី​ស្នើច្បាប់​នេះ​មិន​សមស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ប្រកាន់​យក​នូវ​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី»។​

គណបក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​កាលពី​ចុង​ខែ​កុម្ភៈ​បាន​ដាក់​សេចក្តី​ស្នើ​ឱ្យដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​រហូត​ដល់​៦០ម៉ឺន​រៀល​គឺប្រមាណ​១៥០​ដុល្លារ​ ចំណែក​ឯមន្ត្រី​រាជការ​ស៊ីវិល​ស្នើ​សុំ​ឱ្យដំឡើង​ដល់​១លាន​រៀល​គឺ​ប្រមាណ​២៥០​ដុល្លារ​ក្នុង​មួយ​ខែៗ។​

សេចក្តី​ស្នើ​សុំនេះ​គណបក្ស​ប្រឆាំង​ចង់​ឱ្យដាក់​ក្នុង​របៀប​វារៈ​នៃកិច្ច​ប្រជុំ​រដ្ឋសភា​ដែល​គ្រោង​ធ្វើ​នៅ​
ពេល​ខាង​មុខ​នេះ។​

លោក​ស្មាន ទៀត​ បាន​និយាយ​ថា​នៅ​ប្រទេស​កម្ពុជា​យើង​អនុវត្ត​ទៅ​តាម​ការ​ជាក់​ស្តែង​ប្រសិន​ណា​បើ​សេដ្ឋកិច្ច​យើង​ឡើង​គឺ​យើង​ដំឡើង​ទៅតាម​នោះ។​លោក​បញ្ជាក់​ថា​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​ក្រសួង​ការងារ​បាន​សម្រេច​ជាមួយ​សហជីព​រួច​ហើយ​គឺ​ដំឡើង​ចាប់​ពី​៦១ដុល្លាររហូត​ដល់​៨០​ដុល្លារ​ក្នុង​មួយខែៗ​និង​មាន​គុណ​បំណាច់​ផ្សេងៗ​ទៀត។ ​ចំណែក​ឯមន្ត្រី​រាជការ​ដំឡើង​ប្រាក់​បៀវត្សរ៍​គឺ​ផ្អែក​ទៅ​តាម​កំណើន​សេដ្ឋកិច្ច។​

លោក​សុន ឆៃ​ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ដឹក​នាំកិច្ច​ប្រជុំ​នេះ​បាន​ហៅ​ការ​ច្រាន​ចោល​របស់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋ​សភា​ថា​ជា​ការ​រើស​អើង​ផ្នែក​នយោ​បាយ។​
លោក​បាននិយាយ​ថា​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​កម្មករ​ឱ្យបាន​សមរម្យ​អាច​នឹង​ទប់​ស្កាត់​ការ​ធ្វើ​កូដកម្ម​និង​បាតុកម្ម។​

«បើ​បន្តប្រាក់​កម្រៃ​តិច​ដល់​កម្មករ​នេះ​រោងចក្រ​ដែល​ត្រូវ​បិទទ្វារ​ឬ​ក៏​មិន​មកធ្វើ​វិនិយោគ​ទុន​គឺមិន​មែន​ដោយ​សារ​តែ​ប្រាក់​កម្រៃ​របស់​កម្មករទេ​គឺ​ដោយ​សារ​តែ​មិនមាន​កម្មករ​មក​ធ្វើ​ការ​ក្នុង​រោង​ចក្រ​នៅ​ប្រទេស​យើង​ដែល​ឱ្យកម្រៃ​ទាប​គេសុខ​ចិត្ត​ទៅ​ប្រទេស​ដទៃ»។​

លោក​សុន ឆៃ​បាន​បញ្ជាក់​ទៀត​ថានៅក្នុង​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ច្រើន​ណាស់​ក្នុង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​និង​មន្ត្រីរាជការ​គឺ​យើង​យកពីការ​បង់ប្រាក់ពន្ធគយ​មិនត្រឹមត្រូវ​ក្នុងមួយ​ឆ្នាំៗ​ប្រមាណ​ពី​១.៣០០​លាន​ដុល្លារ​ទៅ​១.៥០០​លាន​ដុល្លារ។​

លោក​បាន​និយាយ​ថា​មាន​មន្ត្រី​រាជការ​បច្ចុប្បន្ន​នេះ​មាន​តែម្នាក់​តែ​មាន​ឈ្មោះ​នៅតាម​ក្រសួង​ខ្លះ​ពី​៦ទៅ​៧​កន្លែង​ដែល​ពុំទាន់​មាន​វិធាន​ការ​របស់​រដ្ឋាភិបាលក្នុង​ការលុប​ឈ្មោះ​មន្ត្រីបំប៉ោងទាំង​នោះ​ទេ។​ លោក​បាន​បញ្ជាក់​ថា​ទង្វើ​នេះ​នាំឱ្យមាន​ការ​កេងបន្លំ​ថវិកា​ជាតិ​ធ្ងន់ធ្ងរ​ណាស់។​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា​ចាប់​ពី​ឆ្នាំ​ក្រោយៗ​ទៅ​លោក​នឹង​ផ្លាស់​ប្តូរ​ពី​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​ប្រមាណ​២០%​ក្នុង​មួយ​ឆ្នាំ​ទៅជា​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ទៅ​តាម​កំណើន​សេដ្ឋកិច្ច​វិញ​ទាំង​មន្ត្រី​រាជការ​និង​កម្មករ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG