ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គជប​ស្តាប់​អនុសាសន៍​របស់​ភាគី​នានា​ដើម្បី​កែលម្អ​ការ​បោះឆ្នោត


ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី២៨ខែកក្កដា​ឆ្នាំ២០១៣។
ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី២៨ខែកក្កដា​ឆ្នាំ២០១៣។
ភ្នំពេញ៖ មន្ដ្រី​មកពី​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ​ក្រសួង​មហាផ្ទៃ ​ស្ថាប័ន​ព្រឹទ្ធសភា ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ គណបក្ស​នយោបាយ​សំខាន់ៗ​ចំនួន​បី​និង​មកពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គជប) បាន​ពិភាក្សាគ្នា​ជា​លើកដំបូង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដើម្បី​ពិគ្រោះ​យោបល់​ស្វែងរក​ការកែ​លម្អ​បទបញ្ជា​ នីតិ​វិធី​សម្រាប់​ការបោះឆ្នោត។ ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ការព្រមព្រៀង​គ្នា​ណាមួយ​នោះ​ទេ។

យោង​តាម​ក្រុមមន្ដ្រី​សង្គម​ស៊ីវិល​និង​មន្ដ្រី​ផ្លូវការ​របស់​គជប​ភាគី​និមួយៗ​បានផ្តល់​អនុសាសន៍​ដល់​គជប ​ប៉ុន្តែ​ការពិភាក្សា​ទើបតែ​បាន​បួន​ទំព័រ​ក្នុង​ចំណោម​អនុសាសន៍​ដែល​មាន​១៦ទំព័រ​ដាក់​ជូន​គជប ពី​គ្រប់​ភាគី។

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ខុមហ្វ្រែល​បាន​ថ្លែង​ក្នុង​ស​ន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​មានការ​ពិភាក្សា​គ្នា​ច្រើន​លើ​ការបង្កើត​គណៈកម្មការ​ជ្រើសរើស​គណៈកម្មការ​បោះឆ្នោត​ថ្នាក់ក្រោម​មាន​ជាអាទិ៍​នៅ​ថ្នាក់​ខេត្ត ស្រុក ឃុំ​និង​សង្កាត់​និង​ការដាក់​ទីផ្សារ​សម្រាប់​ចូល​ឃោសនា​ជាដើម។

«ព្រឹក​ម៉ិញ​ហ្នឹង ​ជជែក​រឿង​ហ្នឹង​ច្រើន មាន​ការជជែក​គ្នាច្រើន​អំពី​រឿង​កន្លែង​សាធារណៈ​មួយ​ចំនួន​ គឺថា​ទទួល​ការរើសអើង​គឺថា​រារាំង​ឧទាហរណ៍​ជាពិសេស​នៅតាម​ទីផ្សារ។ លើក​នេះ​យើង​ឲ្យ​យោបល់​ទៅ​គជប​ថា​នៅក្នុង​បទបញ្ជា​ហ្នឹង​គួរតែ​មាន​ការនិយាយ​ឲ្យ​ច្បាស់​អំពី​បញ្ហា​រឿង​ទីផ្សារ​នេះ។ ធ្វើ​យ៉ាងម៉េច​ឲ្យ​គណបក្ស​នយោបាយ​គេ​ចូល​បាន​នៅក្នុង​ទីផ្សារ ​ធ្វើការ​ឃោសនា។ ក៏ប៉ុន្តែ​គ្រាន់តែ​ថា​ឲ្យ​មាន​របៀប​រៀបរយ​ទៅ»។

ខុមហ្វ្រែល​រួមជាមួយ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយចំនួនទៀត​ដូចជា​អង្គការ​និក​ហ្វិ​ក និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​គឺ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​ដែល​គណបក្ស​ទាំងពីរ​បាន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​បានផ្តល់​អនុសាសន៍​ចំនួន១៦​ចំណុច​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

ក្នុង​ចំណោម​អនុសាសន៍​ទាំងនោះ​រួមមាន​ការបង្កើត​គណៈកម្មការ​ជ្រើសរើស​និង​ត្រួតពិនិត្យ​ការតែងតាំង​សមាជិក​បោះឆ្នោត​នៅ​មូលដ្ឋាន ​ការរៀបចំ​យន្តការ​ឃោសនា​បោះឆ្នោត​តាម​ទីប្រជុំជន​និង​ទីសាធារណៈ ​ការប្រើប្រាស់​ស្លាក​សញ្ញា​គណបក្ស​និង​ឧបករណ៍​ឃោសនា ​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន ​ការពង្រឹង​អព្យា​ក្រិត​ភាព​កងកម្លាំង​ប្រដាប់​អាវុធ​និង​មន្ត្រី​តុលាការ​ជាដើម។

លោក​នី ចរិយា ​អ្នកសម្រប​សម្រួល​មក​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែង​ក្នុង​ស​និ្ន​សីទ​កាសែត​នោះដែរ​ថា​អនុសាសន៍​ទាំង១៦​ចំណុច​នឹង​ជួយ​ពង្រឹង​ឯករាជ្យភាព​របស់​គជ​ប ប្រសិនបើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជាតិ​នេះ​ទទួលយក។

«ចំណុច​ទាំង១៦​នេះ​ហើយ​ដែល ​ជា​ចំណុច​សំខាន់​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការបោះឆ្នោត​អាច​ទទួល​យក​បាន​ និង​បញ្ជាក់​អំពី​ភាព​ឯករាជ្យ​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត។ អីចឹង​ឯករាជ្យភាព​របស់​គជ​ប គឺ​ឋិត​នៅ​ទៅលើ១៦ចំណុច​នេះឯង»។

លោក​ទេព នីថា អគ្គលេខាធិការ​ គជប ​បាន​ទទួលស្គាល់​ថា​មានការ​ឯកភាព​គ្នា​តែ​លើ​ការកែ​សម្រួល​ពាក្យពេចន៍​តែប៉ុណ្ណោះ។ ដោយឡែក​អនុសាសន៍​មួយចំនួន​មាន​លក្ខណៈ​ជា​ចរិត​នយោបាយ​និង​មិន​ស្របតាម​គោលការណ៍​ច្បាប់។

«ករណី​ខ្លះ​ហ្នឹង​ស្នើ​សុំ​មក​គឺ​ផ្ទុយ​នឹង​ច្បាប់។ កាល​ណា​វា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ គជប ​មិន​អាច​ធ្វើតាម​បាន​ទេ។ ដូចជា​ឧទាហរណ៍​គាត់​ឲ្យ​បង្កើត​គណៈកម្មាធិការ​ជ្រើសរើស​គណៈកម្មាធិការ​បោះឆ្នោត​នៅ​ថ្នាក់​ខេត្ត​ដោយមាន​គណបក្សនយោបាយ​ដែលមាន​អ​សនៈ​នៅ​សភា​ចូលរួម។ ច្បាប់​ឥតមាន​ឲ្យ​ធ្វើ​អីចឹង​ទេ។ ច្បាប់​ប្រគល់​ការងារ​ហ្នឹង​ឲ្យ​គជប។ គជប​ឥតមាន​សិទ្ធិ​ទៅ​បង្កើត​គណៈកម្មាធិការ​មួយ​ដែលមាន​គណបក្សនយោបាយ​អី​ទៅ​ជ្រើសរើស​ទេ»។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី២៨ខែកក្កដា​ឆ្នាំ២០១៣។

គណបក្សប្រឆាំង​និង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយចំនួន​បាន​រិះគន់​ការចាត់វិធានការ​រៀប​ចំការ​បោះឆ្នោត​របស់​ គជប ​ដោយ​ផ្តល់​ចំណេញ​ដល់​គណបក្សកាន់អំណាច​ជាពិសេស​សមាជិក​ក្នុង​អង្គ​រៀបចំ​ការបោះឆ្នោត​ជា​អ្នកគាំទ្រ​ដល់​បក្ស​កាន់អំណាច។
លោក​ទេព នីថា ​មាន​ប្រសាសន៍​ថា​កិច្ចប្រជុំ​ជាមួយ​បក្សនយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​នឹងត្រូវ​លើក​ទៅធ្វើ​នៅពេល​ក្រោយ​បន្តទៀត​ប៉ុន្តែ​មិនទាន់​មានការ​កំណត់ពេល​វេលា​នៅឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG