ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​នៅ​ញ៉ីវយ៉ក​នឹង​ពិនិត្យ​មើល​បណ្តឹង​ទាម​ទារ​វត្ថុ​បុរាណ​ខ្មែរ​ចុង​ខែ​កញ្ញា


ការដេញ​ថ្លៃ​មួយ​នៅសារមន្ទីរ​ Sotheby’s នៅទីក្រុង​ញ៉ីវយ៉ក
ការដេញ​ថ្លៃ​មួយ​នៅសារមន្ទីរ​ Sotheby’s នៅទីក្រុង​ញ៉ីវយ៉ក

​រូប​ចម្លាក់​នោះ ​ជា​ទ្រព្យ​សម្បត្តិ​វប្បធម៌​ដ៏​សំខាន់​របស់​កម្ពុជា​ដែល​ត្រូវ​បាន​លួច​ចេញ​ពី​ប្រទេស​ក្នុង​យុគសម័យ​ដែល​មាន​កលយុគ​ប៉ុន្តែ​បែរ​ជា​ធ្វើ​ព្រងើយ​កន្តើយ។

វ៉ាស៊ីនតោន៖ តុលាការ​មួយ​ក្នុង​ទីក្រុង​ញ៉ីវយ៉ក​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ការ​ពិនិត្យ​មើល​នៅ​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញានេះ​លើ​សំណើរបស់​សារមន្ទីរ​ Sotheby’s ​ដែល​ស្នើ​សុំ​ឱ្យ​ទម្លាក់​ចោលមិន​ចាត់​ការ​លើ​បណ្តឹង​ទាមទារ​របស់​រដ្ឋាភិបាល​អាមេរិកដើម្បីប្រគល់​សង​វត្ថុ​បុរាណ​សម័យ​សតវត្សរ៍​ទី​១០​មួយទៅ​ឱ្យ​ប្រទេស​កម្ពុជា​វិញ។​

ក្រុម​រដ្ឋ​អាជ្ញាសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ញ៉ីវយ៉ក​ដែល​ជា​ដើម​បណ្តឹង​បាន​បដិសេធ​ការស្នើ​សុំ​នេះហើយ​ចោទ​ថា​សារមន្ទីរ​ Sotheby’s ​បាន​ដឹង​ថា​រូប​ចម្លាក់​នោះ ​ជា​ទ្រព្យ​សម្បត្តិ​វប្បធម៌​ដ៏​សំខាន់​របស់​កម្ពុជា​ដែល​ត្រូវ​បាន​លួច​ចេញ​ពី​ប្រទេស​ក្នុង​យុគសម័យ​ដែល​មាន​កលយុគ​ប៉ុន្តែ​បែរ​ជា​ធ្វើ​ព្រងើយ​កន្តើយ។

រូបចម្លាក់​ដែល​ហៅថា​ជា «អ្នកចម្បាំង»​សម័យ​បុរាណ ​ត្រូវបាន​សារមន្ទីរ​ Sotheby’s ​គ្រោង​ដាក់​លក់​ដេញថ្លៃ​កាលពី​ខែមិនា​ឆ្នាំ២០១១​ប៉ុន្តែ​បាន​ដកចេញ​វិញ ​នៅ​នាទី​ចុង​ក្រោយ​បន្ទាប់ពី ​មាន​ការជំទាស់​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​កម្ពុជា។

ក្នុង​សេចក្តី​ស្នើ​របស់​សារមន្ទីរ​ Sotheby’s ​កាលពី​ខែ​មិថុនាបាន​សុំឱ្យតុលាការ​ច្រាន​ចោល​ពាក្យ​បណ្តឹង​ទាមទាររបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដោយអះអាង​ថា៖ ទីមួយ) រូបចម្លាក់​នោះ មិន​មែន​ជា​ទ្រព្យសម្បត្តិ​របស់​កម្ពុជា​ទេ ទីពីរ)​កម្ពុជា​មិនដែល​បាន​អនុវត្ត​ច្បាប់​ស្តី​ពី​កម្មសិទ្ធិ​ជាតិ​ដែល​បញ្ជាក់​ពី​កម្មសិទ្ធិ​លើ​រូបចម្លាក់​នេះ​ឡើយ​ ទីបី)មិន​មានការសំអាង​ណា​បញ្ជាក់ថា​វត្ថុ​បុរាណនោះ​ត្រូវបាន​យក​ចេញ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ប្រទេសកម្ពុជា​ទេ​បើ​ទោះ​បី​ជា​ដើម​បណ្តឹង​បាន​លើក​ឡើង​ថា​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រាសាទ​ចិន​ក៏​ដោយ។

រូបចម្លាក់ដែល​មាន​កម្ពស់​ ១,៦០​ម៉ែត្រ​នេះ​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​លើក​ទី១​នៅ​ឆ្នាំ​១៩៧៥​នៅ​ពេល​ដែល​វាត្រូវ​បាន​លក់​ដោយ​កន្លែង​លក់​ដេញ​ថ្លៃ​មួយ​នៅ​ប្រទេស​អង់គ្លេស​ហើយ​ត្រូវ​បាន​អ្នក​ប្រមូល​ទិញ​វត្ថុ​បុរាណ​ជាតិ​បែលហ្ស៊ិក​ទិញ​យកទុក។​ នេះ​បើតាម​ការ​បញ្ជាក់​ក្នុងញត្តិ​ចំនួន​៣៥​ទំព័រ​របស់​ក្រុម​រដ្ឋ​អាជ្ញា​ដែល​វីអូអេ​ផ្នែក​ខេមរភាសាទទួលបាន។​

តាំង​ពី​ពេល​នោះ ​មក​រូបចម្លាក់​ដែល​មាន​ទំងន់​ជិត​៣០០​គីឡូក្រាម​នោះ​បាន​បាត់​ស្រមោល​ឈឹង​រហូត​ទាល់​តែ​សារមន្ទីរ​ Sotheby’s ​បាន​នាំ​ចូល​សហរដ្ឋ​អាមេរិក​នៅ​ខែ​មេសា​ឆ្នាំ​២០១០​ដើម្បី ​ដាក់​លក់​ដេញ​ថ្លៃនៅ​ទីក្រុង​ញ៉ីវយ៉ក។​

ឯកសារ​បញ្ជាក់​ថា​អ្នក​ដែល​គេ​ចាត់​ទុក​ថា​ជា​ម្ចាស់​ចុងក្រោយគឺ​មាន​ឈ្មោះ ​ថា​លោកស្រី​ Ruspoli di Poggio Suasa។ រីឯ​តម្លៃ​វត្ថុបុរាណ​នេះ​អាច​មាន​ចន្លោះ​ពី​ពីរ​លានដល់​បី​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ក្នុង​ញត្តិដោយ​ដកស្រង់​ការ​សន្និដ្ឋានរបស់អ្នក​ឯកទេស​បុរាណ​វិទ្យាបារាំង​ឈ្មោះ Eric Bourdonneau ថា​រូបចម្លាក់​នោះ​ត្រូវ​បាន​លួច​ចេញ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦០​និង​១៩៧៥​ពី​ប្រាសាទ​ចិន ​ក្នុង​តំបន់​ប្រាសាទ​កោះកេរ្តិ៍​ ដែល​ជា​អតីត​រាជធានី​របស់​អាណាចក្រ​ខ្មែរ។

រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិកបាន​ចោទសារមន្ទីរ​ Sotheby's ​ថា​បាន​ដឹងថា​រូបចម្លាក់​នោះ​ ត្រូវ​បាន​លួច​ចេញ​ពី​ប្រទេស​កម្ពុជា​ប៉ុន្តែ​នៅ​តែ​ព្រងើយ​កន្តើយ​មិន​ព្រម​ទាក់​ទង​អាជ្ញា​កម្ពុជា​ដើម្បី​ឱ្យ​បាន​ដឹង​ច្បាស់​លាស់​ថា​កម្ពុជា​មានការ​យល់​ព្រមឬ​ទេមុន​នឹង​ដាក់​លក់៖
«យោងតាម​មុខ​ជំនាញ​របស់​ខ្លួន​និង​ចំណេះ​ដឹងក្នុង​វិស័យ​នេះ​ គឺ​សារមន្ទីរ​Sotheby's បាន​ដឹង​យ៉ាង​ច្បាស់​តាំង​ពី​ប្រភព​ដើម​របស់​រូបចម្លាក់​នោះ​និង​ការ​លួច​ចេញ​ពី​ប្រាសាទ​កោះ​កេរ្តិ៍​និង​ការ​លេច​ឡើង​នៅ​លើ​ទីផ្សារ​វត្ថុ​បុរាណ»។ ​

រដ្ឋ​អាជ្ញា​បានបន្តចោទ​ទៀត​ថា៖
«ថ្វី​បើ​បាន​ដឹង​ដូច​នេះ​ក៏​ដោយ​ ក៏​សារមន្ទីរ​ Sotheby’s ​នៅ​យល់​ព្រម​លក់​រូបចម្លាក់​នេះ​នៅ ទីក្រុង​ញ៉ីវយ៉ក​ និង​បន្ត​នាំ​វា​ចូល​មក​សហរដ្ឋ​អាមេរិក​នៅ​ខែ​មេសា​ឆ្នាំ​២០១០»។

ផ្ទុយ​ទៅវិញ​សារមន្ទីរ​ Sotheby’s បានលើក​ឡើងថា​ពុំ​មាន​សេចក្តី​អះអាង​ថា​រូប​ចម្លាក់​នោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ដើម​សតវត្សរ៍​ទី២០​ទេ​គឺ​នៅ​ពេល​ដែល​ច្បាប់​ស្តី​ពី​កម្មសិទ្ធិ​ជាតិ​ត្រូវ​បាន​យក​មក​ប្រើ​ និង​ថា​យោង​តាម​អាជ្ញា​យុកាលដែល​កំណត់ក្នុង​ច្បាប់​របស់​អង់គ្លេស​ទីកន្លែង​ដែល​វត្ថុ​នេះ​ត្រូវ​បាន​ទិញ​លក់​ជាលើក​ដំបូង​គឺ​បាន​ផុត​ទៅហើយ​ក្រោយ​ពី​ការដាក់​លក់​ក្នុង​ឆ្នាំ​១៩៧៥​ ព្រោះ​ ច្បាប់​នោះ​ កំណត់​ទុក​ពេល​ឱ្យ​អ្នក​ប្តឹង​ជំទាស់​ក្នុងរយៈ​ពេល​៦​ឆ្នាំ​ក្រោយ​ពី​មាន​ការ​ទិញ​ដូរ។

ប៉ុន្តែ​ រដ្ឋ​អាជ្ញា​ក៏​បាន​ចោទ​ប្រកាន់​ថា​ទាំង​សារមន្ទីរ​ Sotheby’s ​និង​អ្នក​ដែល​ប្រកាស​ខ្លួន​ជាម្ចាស់​ពុំ​មាន​ឯកសារ​ណា​មក​បញ្ជាក់​ថា​ខ្លួន​បាន​ទិញ​វត្ថុ​បុរាណ​នេះ​ក្នុង​ឆ្នាំ​១៩៧៥​ដោយ​សុចរិត​ទេ​ដូច្នេះ​អាជ្ញា​យុកាល​ដែល​មាន​កំណត់​ក្នុង​ច្បាប់​របស់​ប្រទេស​អង់គ្លេស​គឺ​មិន​អនុវត្ត​បាន​ចំពោះ​របស់​ដែល​ទិញ​ដូរ​ដោយ​ទុច្ចរិត​ទេ។​

ក្រុម​រដ្ឋ​អាជ្ញា​បាន​ជំទាស់​នឹង​ការ​ទាម​ទារ​របស់​សារមន្ទីរ​ Sotheby’s ទៅ​លើ​ភាព​ខ្វះខាត​នៃ​ច្បាប់​ខ្មែរដោយ​បញ្ជាក់​ថា​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​បន្សល់ទុក​តាំង​ពី​សម័យ​អាណានិគម​បារាំង​គឺ​មាន​លក្ខណៈ​ច្បាស់​លាស់​និង​មិន​ស្រពេច​ស្រពិល​ទេ។
ក្រុម​រដ្ឋ​អាជ្ញា​បាន​ដក​ស្រង់​សេចក្តី​ថ្លែង​របស់​លោក​ Matthew Rendall អ្នក​ជំនាញ​ច្បាប់​កម្មសិទ្ធិ​វប្បធម៌​កម្ពុជា​ថា​ប្រទេស​កម្ពុជា​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​រូបចម្លាក់​នេះ​យ៉ាង​ច្បាស់លាស់​ណាស់​។

នៅ​ក្នុង​ញត្តិ​របស់​ក្រុម​រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់​ពី​ល្បិច​របស់​សារមន្ទីរ​ Sotheby’s ​ដែលព្រងើយ​កន្តើយ​ក្នុង​ការ​ទាក់​ទង​ជាមួយ​នឹង​មន្ត្រី ​កម្ពុជា​ដើម្បី​ឱ្យ​បាន​ដឹង​ច្បាស់ថា​វត្ថុ​បុរាណ​នោះ ​ពិត​ជា​ត្រូវ​បាន​លួច​ចេញ​ពី ​ប្រទេស​កម្ពុជាឬ​យ៉ាង​ណា។ ផ្ទុយ​ទៅវិញ​ Sotheby’s ​បែ​រជា​ប្រាប់​អ្នក​ជំនាញ​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ ​ដែល​ខ្លួន​ជួល​មក​ជួយ​សរសេរ​សៀវភៅ​កាតាឡុកសម្រាប់ដាក់​លក់​វត្ថុ​បុរាណ​ឱ្យ​ស៊ើប​មើល​ថា​តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​ដឹង​ឬ​ទេ​ពី​វត្ថុ​នោះ ​ហើយ​តើ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​បើ​ខ្លួន​ដាក់​លក់​។

«ក្រោយ​ពី​បាន​ពិភាក្សា​ជាមួយ​នឹង​ភ្នាក់​ងារ​ចារកម្ម​វប្បធម៌​របស់​ខ្លួន​និងអតីត​ប្រធាន​សារមន្ទីរ​ជាតិ​កម្ពុជា​ម្នាក់​ដែល​ពេល​បច្ចុប្បន្ន​បាន​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​ក្រសួង​វប្បធម៌​ គឺ​អ្នក​ជំនាញ​រូប​នោះ ​បាន​ធានា​ចំពោះ​សារមន្ទីរ​ Sotheby’s ​ថាកម្ពុជា​ទំនង​ជា​នឹង​មិន​ធ្វើ​អន្តរាគមន៍អ្វី​ទេ​ដោយ​សារ​ជាប់​រវល់​តែ​ក្នុង​ការ​បញ្ឈប់​ការ​លួច​និង​ជួញ​ដូរ​ដែល​កំពុង​កើត​មាន​ឡើង»។
ប៉ុន្តែ​អ្នក​ជំនាញ​រូប​នោះ​បញ្ជាក់​ថា​ក្នុង​ពេល​ទាក់​ទង​លោក​អតីត​ប្រធាន​សារមន្ទីរ​ជាតិ​រូបនោះ​គឺ​គាត់​មិន​បាន​និយាយ​អ្វី​ដែល​សំដៅ​លើ​រូប​ចម្លាក់​ដែល​ត្រូវ​ដាក់​លក់​ទេ។ ​

សម្រាប់​កម្ពុជា​ការ​ទទួល​វត្ថុ​បុរាណ​នេះ​មក​វិញ​គឺ​ជា​ការ​ជួបជុំ​ជាមួយ​នឹង​ម្ចាស់​ដើម​ដែល​គ្មាន​អ្នក​ណា​មាន​សិទ្ធិមក​បំបែក​បាន។

លោក​ផៃ​ ស៊ីផាន​រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រីបាន​បញ្ជាក់​ថា​កម្ពុជា​បាន​ផ្តល់​ឯកសារ​ពាក់​ព័ន្ធ​ជាច្រើន​ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទាម​ទារ​វត្ថុបុរាណ​នេះ​មក​ឱ្យ​កម្ពុជា​វិញ៖​

«អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ​ហើយ​យើង​ជឿ​ថា​កម្ពុជា​ដែល​មាន​ច្បាប់​ទម្លាប់​ខ្លួន​ឯង​ផ្ទាល់​ច្បាស់​លាស់​ជាមួយ​នឹង​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​យើង​សង្ឃឹម​ថា​រូបចម្លាក់​ហ្នុង​នឹង​ត្រឡប់​មក​កាន់​មាតុភូមិ​របស់​យើង​វិញ​ហើយ​ក៏ ជា​ប្រវត្តិសាស្រ្ត​មួយ​ដែល​បង្កើត​ឱ្យ​មាន​ចលនា​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​រូបចម្លាក់​ដែល​គេ​បាន​លួច​យក​ចេញ​ពី​តំបន់​វប្បធម៌​ដទៃ​ទៀត»។​

មាន​វត្ថុ​បុរាណ​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​លួច​រត់​ពន្ធ​ពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​ប្រទេសហើយ​កំពុង​ស្ថិត​នៅ​ រាយប៉ាយ​ជុំ​វិញ​ពិភពលោក​ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG