ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​បក្ស​ប្រឆាំង​គ្រោង​ប្តឹង​លោក​ហ៊ុន សែន​ពី​ករណី​រត់​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ


ស្រ្តី⁣ម្នាក់នៅក្បែរស្តូប​អនុស្សាវរីយ៍​មួយ​នៅ​ក្បែរ​ស្ពាន​ពេជ្រ​។​ ហេង រស្មី
ស្រ្តី⁣ម្នាក់នៅក្បែរស្តូប​អនុស្សាវរីយ៍​មួយ​នៅ​ក្បែរ​ស្ពាន​ពេជ្រ​។​ ហេង រស្មី
រាជធានី​ភ្នំពេញ៖ ក្រុម​ចលនា​យុវជន​នៃ​គណបក្ស​សម រង្ស៊ី​ព្រមាន​ប្តឹង​អ្នក​ដឹកនាំ​ប្រទេស​និង​អ្នក​រៀបចំ​បុណ្យ​ជាតិ​ក្នុង​ករណី​ស្លាប់​ពលរដ្ឋ​រាប់​រយ​នាក់​ក្នុង​ពេល​បុណ្យ​អុំ​ទូក​ កាលពី​ពីរ​ឆ្នាំ​មុន។​

លោកសួង សោភ័ណ្ឌ​ប្រធាន​ចលនា​យុវជន​គណ​បក្សប្រឆាំង​សមរង្ស៊ីនៅថ្ងៃព្រហស្បតិ៍​នេះ​បាន​ព្រមាន​ថា​លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​មួយ​នៅ​សប្តាហ៍​ក្រោយ​នេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​និង​តុលាការ​ក្រុង​ភ្នំ​ពេញ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​លោក​គង់ សំអុល​រដ្ឋមន្ត្រី​ព្រះបរម​រាជ​វាំង​ពី​បទ​ថា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​រត់​ជាន់​គ្នា​នៅ​លើស្ពាន​កោះ​ពេជ្រ។​

មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​នៅ​ក្បែរ​ស្ពាន​កោះ​ពេជ្រ​ក្នុង​ពិធី​ខួប​លើក​ទី​ពីរ​នៃ​ការ​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ។ លោក​បាន​និយាយ​ថា​ពាក្យ​បណ្តឹង​នេះ​លោក​នឹង​ដាក់​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​នេះ។​
លោក​និយាយ​ថា​មូល​ហេតុ​នៃការ​ប្តឹង​នេះ​ដោយ​សារ​តែ​វា​អាច​ជា​រឿង​មួយ​ដែល​មាន​ការ​រៀប​ចំទុក​ជាមុន។​

«មូលហេតុ​ដែល​ខ្ញុំ​ប្តឹង​នេះ​ខ្ញុំសូម​ជម្រាប​ឱ្យ​បាន​ច្បាស់​ថា​វា​មិន​មែន​ជារឿង​ចៃដន្យ​ពេក​ទេ​ដែល​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ​នេះ​ពី​ព្រោះ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​ដែល​រៀប​ចំទុក​ហើយ​ខ្ញុំ​ក៏មិន​មែន​ចោទ​ប្រកាន់​បុគ្គល​ពីរ​នាក់​ថា​ជាអ្នក​សម្លាប់​ដែរ​ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​រឿង​ហេតុ​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​គាត់​ដូច្នេះ​គាត់​ត្រូវ​តែ​ដោះ​ស្រាយ​រក​មុខ​ជន​ដៃ​ដល់​ឱ្យ​ឃើញ»។​

កាល​ពី​ថ្ងៃ​ទី​២២ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នៅ​ថ្ងៃបញ្ចប់​នៃ​ទិវាបុណ្យ​អុំទូក អកអំបុក ​និង ​សំពះ​ព្រះ​ខែ​មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​មួយ​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ដែល​ទើប​នឹង​អភិវឌ្ឍ​ថ្មី។​
នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​តិច​៣៥៣​នាក់​បាន​ស្លាប់​និង​ជាច្រើន​រាប់​រយ​នាក់​ទៀត​បាន​រង​របួស។​

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​ច្រើន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ​និង​បាន​ធ្វើ​ស្តូប​អនុស្សាវរីយ៍​មួយ​នៅ​ក្បែរ​ស្ពាន​ពេជ្រ​ក៏ប៉ុន្តែ​ស្ពានពេជ្រ​ត្រូវ​បាន​រដ្ឋា​ភិបាល​បាន​សម្រេច​វាយ​កម្ទេច​ចោល​ដោយ​បាន​សាង​សង់​ស្ពាន​ពីរ​បន្ថែម​ទៀត​នៅ​ជិត​កន្លែង​កើត​ហេតុ។​

រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គោរព​ខួប​អនុស្សាវរីយ៍​នៃការ​រត់​ជាន់គ្នា​នេះ​ទេ​នៅ​ក្នុង​ឆ្នាំ​នេះ​លើក​លែង​តែ
គម្រប់​ខួប​ប្រាំ​ពីរ​ថ្ងៃ​រដ្ឋាភិបាល​បាន​រៀប​ចំ​ពិធី​យ៉ាង​គគ្រឹក​គគ្រេង។​

លោក​ផៃ ស៊ីផាន​អ្នក​នាំពាក្យ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​បាន​និយាយ​ថា​រដ្ឋាភិបាល​មិន​បាន​បំភ្លេច​ចោល​នូវ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ទេ​កាល​ពី​ពីរ​ឆ្នាំ​មុនពីព្រោះ​រឿង​នេះ​ជាកិច្ចការ​របស់​សាលា​ក្រុង​ភ្នំពេញ។​
ពាក់​ព័ន្ធ​នឹង​គម្រោង​ប្តឹង​របស់​ប្រធាន​ចលនា​យុវជន​គណបក្ស​ប្រឆាំង​លោក​ផៃ ស៊ីផាន​បាន​និយាយ​ថា​នេះ​ជាការ​ចោទ​ប្រកាន់​ក្នុង​ន័យ​នយោបាយ​តែប៉ុណ្ណោះ​មិន​មែន​ជាមូល​ដ្ឋាន​ក្នុង​ផ្លូវ​ច្បាប់​ទេ។​

«ដូច្នេះ​ការ​លើក​ឡើង​ជា​យុវជន​របស់​គណ​បក្ស​ប្រឆាំង​ដែល​គេ​កំពុង​តែ​ដើរតួ​នយោ​បាយ​តែ​ប៉ុណ្ណោះ​ក៏ប៉ុន្តែ​ថា​ឱ្យ​កើត​ចេញ​ជា​លទ្ធផល​នៃ​ការ​តតាំង​ប្រឆាំង​ឬជា​ភាព​ឧទ្ទាម​ហ្នឹង​វា​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទេ»។​

ការ​ប្រារព្ធ​ខួប​លើក​ទី​ពីរ​នៃ​ការ​រត់​ជាន់​គ្នា​នេះ​មិន​មាន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ណា​ម្នាក់​បាន​ចូល​រួម​ទេ​ក៏​ប៉ុន្តែ​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​ដែល​មាន​សាច់​ញាត្តិ​ស្លាប់​តែ​ប៉ុណ្ណោះ​បាន​ចូល​រួម។​

អ្នកស្រី​ម្នាក់​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​បាន​ចូល​រួម​ពិធី​រំលឹក​ខួប​នេះ​បាន​និយាយ​ថា​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នេះ​ធ្វើ​ឱ្យ​អ្នក​ស្រី​នៅ​ចង​ចាំ​ជា​និច្ច។​

អ្នក​ស្រី​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​រត់​ជាន់​គ្នា​នេះ។​

«រដ្ឋាភិបាល​គួរ​តែ​ស៊ើប​រកជន​ដៃ​ដល់​ហ្នឹង​ហើយ​ដែល​បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​មកអបអរ​ក្នុង​ពិធី​ហ្នឹង​ទទួល​រង​គ្រោះ​ថ្នាក់​បែប​ហ្នឹង​គួរ​តែ​នឹក​ដល់​ប្រជា​ពលរដ្ឋ​ដែល​ជា​កូន​ចៅ​របស់​យើង​ជា​សាច់​ឈាម​ហ្នឹង​ជាខ្មែរ»។​
បន្ទាប់​ពី​មាន​ការ​រត់​ជាន់​គ្នា​រដ្ឋា​ភិបាល​បាន​បង្កើត​គណកម្មការ​ចំរុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ​រួច​ហើយ​បាន​សន្និដ្ឋាន​ថា​ជា​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​តែ​ប៉ុណ្ណោះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG