ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ី​សេរី​ប្រកាស⁣​មិន⁣​ចុះញ៉ម​នឹង​ការ​គំរាម⁣​របស់​⁣រដ្ឋាភិបាល​


ការិយាល័យ​ធំ​របស់​វិទ្យុ​អាស៊ី​សេរី​ដែល​មាន​ស្នាក់​ការ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​អាស៊ី​សេរី​នឹង​នៅ​បន្ត​ផ្តល​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​និង​ត្រឹមត្រូវ​ដល់​អ្នក​ស្តាប់​កម្ពុជា។
ការិយាល័យ​ធំ​របស់​វិទ្យុ​អាស៊ី​សេរី​ដែល​មាន​ស្នាក់​ការ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​អាស៊ី​សេរី​នឹង​នៅ​បន្ត​ផ្តល​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​និង​ត្រឹមត្រូវ​ដល់​អ្នក​ស្តាប់​កម្ពុជា។
ដោយ វីអូអេ
រដ្ឋ​ធានី​វ៉ាស៊ីនតោន៖
ស្ថានីយ​វិទ្យុ​អាស៊ី​សេរី​បាន​ថ្លែង​ការពារ​ការផ្សាយ​របស់​ខ្លួន​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​ហើយ​បាន​ហៅ​ការព្រមាន​របស់​រដ្ឋាភិបាល​មក​លើ​វិទ្យុ​នេះ​ថា​ជាការ​បំភិត​បំភ័យ​មួយ។
នៅ​ក្នុង​សារឆ្លើយ​តប​វិញ​ដែល​វីអូអេ​ទទួល​បាន​វិទ្យុ​នេះ​បាន​ថ្លែង​ថា៖

«ការវាយ​ប្រហារ​របស់​រដ្ឋាភិបាល​មក​លើ​វិទ្យុ​អាស៊ី​សេរី​គឺ​គ្រាន់តែ​ជា​ការគំរាម​ជាសាធារណៈ​និង​ជា​ឯកជន​ដែល​មាន​ជាបន្ត​បន្ទាប់​មាន​ចេតនា​ដើម្បី​បំភិត​បំភ័យ​អ្នក​យក​ព័ត៌មាន​របស់​យើង​និង​បំបាក់​ទឹកចិត្ត​ដល់​ការធ្វើ​សេចក្តី​រាយការណ៍មិន​លម្អៀង​លើ​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ»។

ប្រតិកម្ម​នេះ​ជា​ការ​ឆ្លើយ​តប​ទៅនឹងមន្ត្រីជាន់​ខ្ពស់រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​នឹង​ប្តឹង​វិទ្យុអាស៊ី​សេរី​បើ​វិទ្យុនេះ​នៅ​តែ​ធ្វើ​សេចក្តី​រាយការ​ទាក់​ទិន​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​និង​ប្រទេស​ថៃ។​

លោក​ផៃ ស៊ីផាន​អ្នក​នាំពាក្យនៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​នៅ​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​បាន​ធ្វើ​ឡើង​នៅទី​ស្តី​ការគណៈ​រដ្ឋ​មន្ត្រី​ថា​ការផ្សព្វ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​អំពីបញ្ហាព្រំដែន​ជា​យុទ្ឋនាការ​មួយ​ដើម្បី​វាយ​ប្រហារ​មក​លើរដ្ឋាភិបាល។ ​លោក​បាន​បញ្ជាក់​ថា​បញ្ហាព្រំដែន​គឺ​ជា​បញ្ហា​សន្តិ​សុខ​ជាតិ​មិន​មែនជា​ សេរីភាព​សម្រាប់​បញ្ចេញ​យោបល់​នោះ​ទេ​ហើយ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដោយ​សារ​តែ​ការធ្វើ​នេះ​មិន​មែន​ចំលែក​ជាង​សហរដ្ឋ​អាមេរិក​ឬ​បណ្តាអ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ផ្សេងៗ​នោះ​ទេ។​

នៅ​ក្នុង​ការផ្សាយ​របស់​ខ្លួន​កាល​ថ្ងៃ​ពុធ​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរ​ភាសា​បាន​ផ្សព្វផ្សាយ​នៅក្នុង​អត្ថបទ​របស់​ខ្លួនថា​មាន​ដីខ្មែរ​មួយ​ភាគធំ​នៅតាម​បណ្តោយ​ព្រំដែន​ដែល​គ្រប់គ្រង​ដោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម​តាំង​ពី​ឆ្នាំ​១៩៩៦​មក ​បច្ចុប្បន្ន​ត្រូវ​ថៃ​កាន់​កាប់​ស្ទើរ​តែ​ទាំង​ស្រុង។
ការិយាល័យ​ធំ​របស់​វិទ្យុ​អាស៊ី​សេរី​ដែល​មាន​ស្នាក់​ការ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​អាស៊ី​សេរី​នឹង​នៅ​បន្ត​ផ្តល​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​និង​ត្រឹមត្រូវ​ដល់​អ្នក​ស្តាប់​កម្ពុជា​ដែល​ខិតខំ​ស្វែងរក​និង​គួរ​តែ​ទទួល​បាន​ព័ត៌មាន​ទាំង​នោះ​បើទោះ​បី​ជា​បញ្ហា​នោះ​មាន​លក្ខណៈ​រសើប​ចំពោះ​បុគ្គល​និង​គណបក្ស​នយោបាយ​ណា​ក៏ដោយ​ហើយ​បដិសេធ​មិន​ចុះញ៉ម​សុខចិត្ត​ទទួល​ការ​បំភិត​បំភ័យ​ទាំង​នោះ​រហូត​ដល់​រិតត្បិត​ការ​ផ្សាយ​ទេ៕
XS
SM
MD
LG