ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ពុករលួយ​ជាង​គេ​បំផុត​ចំនួន​២០


នៅពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​អំពើពុក​រលួយ​កាន់​តែ​រីកធំ​ឡើងៗ។​
នៅពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​អំពើពុក​រលួយ​កាន់​តែ​រីកធំ​ឡើងៗ។​
ភ្នំពេញ៖ អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ថ្ងៃ​ពុធនេះ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​លេខ​រៀង​ទី​១៥៧​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៦​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំងជាងគេ។ ក៏​ប៉ុន្តែ​លទ្ធផល​នេះ​មាន​ភាព​ល្អប្រសើរ​បើ​ធ្វើការ​ប្រៀបធៀប​នៅ​ក្នុង​ឆ្នាំ២០១១។​

កាល​ពី​ឆ្នាំ​២០១១​ប្រទេសកម្ពុជា​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខរៀង​ទី១៦៥​ក្នុង​ចំណោម​ប្រទេស​១៧៦​ដែល​មាន​អំពើ​ពុករលួយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​កម្ពុជា​បាន​ឱ្យដឹង​ថា​ចំណាត់​ថ្នាក់​អំពើ​ពុក​រលួយ​នេះ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ល្អជាង​ប្រទេស​ឡាវ ​ភូមា ​អាហ្វហ្កានីស្ថាន​ និង​កូរ៉េ​ខាង​ជើង​ហើយ​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ល្អជាង​គេ​គឺ​ប្រទេស​ដាណឺម៉ាក​ ចំណែក​ប្រទេស​សូម៉ាលី​ស្ថិត​ក្នុង​លំដាប់​លេខរៀង​ចុង​ក្រោយគេ។​

លោក រ័ត្ន សោភ័ណ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធនេះ​ថា​សន្ទស្សន៍​នៃការ​យល់​ឃើញ​អំពើ​ពុក​រលួយ​សម្រាប់​ឆ្នាំ​២០១២​នេះ​បាន​បង្ហាញ​ឱ្យឃើញ​ថា​កម្ពុជា​នៅ​តែត្រូវ​ចាត់​ទុកថា​ជា​ប្រទេស​ដែល​មាន​អំពើពុក​រលួយ​ខ្លាំង​នៅ​ឡើយ។​

លោក​បាន​និយាយ​ថា​ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​ដំណើរការ​ពង្រឹង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ការបង្កើន​សមត្ថភាព​និង​លទ្ធភាព​ផ្សព្វផ្សាយ​របស់​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ទៀតដើម្បី​ឱ្យធ្វើការ​ស៊ើប​អង្កេត​សំណុំរឿង​អំពើ​ពុករលួយ។​

«ដើម្បី​ធានា​បាន​នូវ​តម្លាភាព​និង​គណនេយ្យភាព​យើង​សូម​ស្នើឱ្យរដ្ឋាភិបាល​អនុម័តច្បាប់​ទទួល​បាន​ព័ត៌មាន​ដែល​អាច​ឱ្យប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​អំពើ​គម្រោង​ថវិកា​ លទ្ធកម្ម​និង​ការ​ដេញថ្ងៃ​សាធារណៈ​និង​ការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់ៗ​ផ្សេងៗទៀត​ក៏​ដូចជា​ជា​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុក​រលួយ»។​

ប្រទេស​ចំនួន​ពីរ​ភាគបី​នៃ​ប្រទេស​សរុប​ចំនួន​១៧៦​ត្រូវ​បាន​ដាក់​លេខរៀង​ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​២០១២​នេះ​ទទួល​បាន​ពិន្ទុទាប​ជាង​៥០​ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​ពី​០ ​ទៅ​ត្រូវ​បាន​គេ​យល់​ថា​មាន​អំពើ​ពុក​រលួយ​ខ្លាំ​ង​ ហើយ​ពិន្ទុពី​១០០​ទៅត្រូវ​បាន​ចាត់​ទុក​ថា​មាន​ភាពស្អាតស្អំ​បំផុត​ហើយ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ចំនួន​២២​មាន​ន័យ​ថា​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​អំពើ​ពុក​រលួយ​ខ្លាំងនៅ​ឡើយ។​

លោក​ព្រាប កុល​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា​ទិន្នន័យ​ដែល​យើង​ប្រមូល​បាន​យក​មក​ធ្វើ​ការ​វាយ​តម្លៃ​នេះ​មាន​ចំនួន​៧​ទិន្នន័យ​ខុសៗគ្នា​ក្នុង​នោះ​មាន​ធនាគារ​ពិភពលោក​ផង​ដែរ។​

លោក​បាន​និយាយ​ថា​បញ្ហា​អំពើ​ពុក​រលួយ​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់ដូចជា​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើឱ្យ​ប្រទេស​ដែលស្អាត​ស្អំមួយចំនួន​គេ​ពិបាក​ក្នុង​ការ​មក​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ។​

«បើយើង​និយាយ​ពី​ក្នុង​លក្ខណៈ​ជីវភាព​គឺ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​អ្នកក្រីក្រ​ហ្នឹងខ្លាំង​ជាងគេ​ដែល​គាត់​ភាគ​ច្រើន​មិន​ស្គាល់​ថា​ពុករលួយ​ហ្នឹង​ស្អី​ផង​ហើយ​យើង​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ដែល​មាន​អំពើពុក​រលួយ​សុទ្ធ​តែ​ជាជន​រងគ្រោះ​ទាំង​អស់»។​

លោក​ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​មិន​អាចស្នើសុំ​ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​។ ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ផៃ ស៊ីផាន​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ច្រាន​ចោល​ចំពោះ​ការលើក​ឡើង​នេះ។​

លោក​ផៃ ស៊ីផាន​បាន​បញ្ជាក់​ថា​ការវាយតម្លៃ​នេះ​មិនបាន​ឆ្លុះបង្ហាញ​ពីការណ៍​ពិត​នៅ​កម្ពុជា​ទេ។​
«មតិ​ភាគ​ច្រើន​ប្រមាណ​៨០%​បាន​វាយ​តម្លៃ​ខ្ពស់​ក្នុង​ការ​ងារ​របស់​រដ្ឋាភិបាល​ដែល​បាន​វិវត្តន៍​យ៉ាង​ល្អ​ហើយ​ចំ​ទិស​ដៅ​ដែល​គេ​ពេញចិត្ត​នោះ​ហើយ​ដែល​ជា​លទ្ធផល​ដែល​យើង​ចង់​បាន​ពី​ប្រជា​ពលរដ្ឋ​របស់​យើង»។​

លោក​យឹម សុវណ្ណ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​ដោយសារ​អំពើពុក​រលួយ​កម្ពុជា​បាន​បាត់​បង់ប្រាក់​ប្រមាណ​ពី​៥០០​លាន​ទៅ​១.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

លោក​បាន​បញ្ជាក់​ថា​នៅពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​អំពើពុក​រលួយ​កាន់​តែ​រីកធំ​ឡើងៗ៕​
XS
SM
MD
LG