ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ហាមឃាត់​ឧបករណ៍នេសាទ​ខ្លះ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​សហគមន៍​នេសាទ​ក្រីក្រ


អាជ្ញាធរ​រងការ​ចោទ​ប្រកាន់​ពីបទ​ទទួល​សំណូក​ពីជនល្មើស​ច្បាប់​នេសាទ
អាជ្ញាធរ​រងការ​ចោទ​ប្រកាន់​ពីបទ​ទទួល​សំណូក​ពីជនល្មើស​ច្បាប់​នេសាទ
ខេត្ត​ពោធិ៍សាត់ កម្ពុជា៖ ខណៈ​ដែល​មជ្ឈដ្ឋាន​ទូទៅ​គាំទ្រ​និង​សាទរ​ចំពោះ​ការ​ហាម​ឃាត់​ឧបករណ៍​នេសាទ​ធំៗ​នៅលើ​បឹង​ទន្លេសាប​ ប្រជា​សហគមន៍​នេសាទ​ក្រី​ក្រ​មួយ​ចំនួន​នៅ​ទី​នោះ ​អះអាង​ថា​ ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ​ខ្លះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គេ​ទៅវិញ។​

នាង​ ចាន់ រី​ធ្លាប់រក​ត្រីបាន​ពី​៤០​ទៅ៥០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ ដោយ​ប្រើ​ឧបករណ៍​នេសាទ​ធំៗ​មួយ​ចំនួន​ដូចជា​បរ​ ឬ​អួន​ ដែល​មាន​ប្រវែង​រាប់រយ​ម៉ែត្រ​ជាដើម។​ ប៉ុន្តែ​ឥឡូវ ​អ្នក​នេសាទ​វ័យ​២៣ឆ្នាំ ​នៅក្នុង​ភូមិ​ព្រែក ​ឃុំ​រាំងទិល​ ​ស្រុក​កណ្តៀង​ ​ខេត្ត​ពោធិ៍សាត់​នេះ​រកត្រី​បាន​តែ​ពីរ​បី​គីឡូក្រាម​ប៉ុណ្ណោះ​ជាមួយ​នឹង​មង​ប្រវែង​មិន​លើស​ពី​៥០​ម៉ែត្រ​របស់​នាង។​
«មាន​អារម្មណ៍​ថា ​ពិបាក​រក​ណាស់ ​ហើយ​រក​អី​អត់​បាន»។​

មង​ប្រវែង​ត្រឹម​៥០​ម៉ែត្រនេះ​គឺជា​ប្រភេទ​ឧបករណ៍​នេសាទលក្ខណៈ​គ្រួសារដែល​រដ្ឋាភិបាល​កំណត់​ឲ្យ​ប្រជា​នេសាទ​ប្រើ​ប្រាស់​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ។​

ប៉ុន្តែ អ្នក​នេសាទ​នៅ​ទីនេះ​និយាយ​ថា ការ​កំណត់​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចាប់​ត្រី​បាន​ច្រើន​គ្រប់​គ្រាន់​ ដើម្បី​ផ្តត់​ផ្គង់​ជីវភាព​គ្រួសារ​បាន​ឡើយ។​

នាង​ចាន់ រី​ប្រាប់​ឲ្យ​ដឹង​ថា ​ជួនកាល​នាង​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​មង​ដែល​មាន​ប្រវែង​ វែង​ជាង​នេះ។​
«មក​ពី​គ្រួសារ​អត់ ​ចេះ​តែ​រក​ទៅ។​ ដល់​ពេល​គេ​ហាម​ពេល​ណា​ ឈប់​ពេល​ហ្នឹង​ទៅ»។​
ប្រជាជន​នៅ​ទី​នេះ ​ទាំង​ជនជាតិ​ខ្មែរ​ ទាំង​ជនជាតិ​វៀតណាម​ ភាគច្រើន​ពឹង​អាស្រ័យ​ទៅ​លើ​ការ​នេសាទ​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។​

ពួកគេ​និយាយ​ថា ក្រៅ​តែ​ពី​របរ​នេសាទ ​ពួកគេ​ស្ទើរ​តែ​មិន​អាច​រក​របរ​អ្វីផ្សេង​ធ្វើ​បាន​ទេ​នៅ​ទី​នេះ។​
អ្នក​ស្រី​ថាត់ យែម​គឺ​ជា​ភរិយា​របស់​មេឃុំ​រាំងទិល។​ អ្នកស្រី​ក៏​ពឹង​តែ​លើ​របរ​នេសាទ​នេះ​ដែរ​ដើម្បី​ទ្រទ្រង់​ជីវភាព។​

អ្នក​ស្រី​និយាយ​ថា ​អ្នក​ស្រី​រីករាយ​និង​គាំ​ទ្រ​ចំពោះ​ការ​ហាម​ឃាត់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខ្នាត​ធំ ​ដែល​អាច​បង្ក​ឲ្យ​អន្តរាយ​ដល់​ធនធាន​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​នេះ។​

ប៉ុន្តែ​អ្នក​ស្រី​ចង់ឲ្យ​មាន​ការ​កំណត់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ឲ្យ​បានសមស្រប​ទៅ​នឹង​ស្ថានភាព​រស់​នៅ​ជាក់​ស្តែង ​ដើម្បី​ឲ្យ​ប្រជា​នេសាទ​ក្រី​ក្រ​នៅ​ទីនេះ​ អាច​រក​ត្រី​បាន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ខ្លួន។​

«របរ​តូច​បាន​រក​តែ​អាតូចៗ​ ដល់​អាធំ​ចាប់​ត្រី​អស់។​ អា​ហ្នឹង​និយាយ​ពី​អាអួន​ធំៗ​ដែល​គេ​វាយ​កណ្តាល​ទន្លេ។ អញ្ចឹង​អា​របរ​តូច​អញ្ចិះ​បាន​អី? ​បាន​តែ​ចិញ្ចឹម​ពោះ​ហ្នឹង»។

លោក​ឡុង សូចែត ​ដែល​ជា​ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា​ និយាយ​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​កំណត់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នេះ។​
លោក​និយាយ​ថា ការ​កំណត់​ឲ្យ​ប្រើ​មង​ប្រវែង​ត្រឹម​៥០​ម៉ែត្រ​នេះ ​មិន​អាច​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជា​នេសាទ ​រក​ត្រី​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​បាន​ទេ។

«អញ្ចឹង​ហើយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នេសាទ​ដែល​ជា​លក្ខណៈ​គ្រួសារ​ (ដែល​ប្រើ​មង​ប្រវែង)​ ត្រឹម​៥០​ម៉ែត្រ​នោះ ​គាត់​មិន​អាច​យក​មក​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​បាន​ទេ។ គាត់​បង្កើន​ទៅ​គឺ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ពួក​គាត់​ចូល​រួម​ការ​នេសាទ​ខុស​ច្បាប់​ផង​ដែរ»។​

មន្ត្រី​រដ្ឋបាល​ជលផល​មូលដ្ឋាន​ទទួល​ស្គាល់​ថា​ នៅក្នុង​ស្ថានភាព​ជាក់ស្តែង​ អ្នក​នេសាទ​នៅ​ទីនេះ​ត្រូវការ​ប្រើប្រាស់​មង​ប្រវែង​យ៉ាង​តិច​២០០​ម៉ែត្រ​រហូត​ដល់​៥០០​ម៉ែត្រ​ ដើម្បី​ចាប់​ត្រី​បាន​ច្រើន​ ល្មម​អាច​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន។​

លោក​ពុត ស៊ុនលី​គឺ​ជា​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់។​
«ក្រោយ​ពី​យើង​ចុះ​សិក្សា​ហើយ​វាយ​តម្លៃ​ឃើញ​ថា បើ​[ការ​កំណត់​ឧបករណ៍​នេសាទ] ​មិន​សមស្រប​ទេ ​មិន​តុល្យភាព​ទេ​ អាហ្នឹង​យើង​នឹង​ស្នើ​សុំ​ធ្វើ​ការ​កែប្រែ​នៅ​ថ្ងៃ​ក្រោយ។​ ប៉ុន្តែប្រកាស​របស់​ក្រសួង​ដែល​មាន​ចំណារ​ពី​នាយក​រដ្ឋមន្ត្រី​មក​ហើយ​ យើង​ត្រូវ​តែ​អនុវត្ត​សិន»។​
យ៉ាង​ណា​ក៏​ដោយ ​ប្រជានេសាទ​ទទូច​ឲ្យ​រដ្ឋាភិបាល​ ជាពិសេស​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​គួរ​តែ​កំណត់​ឧបករណ៍​នេសាទ​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​ស្ថានភាព​រស់នៅ​ជាក់​ស្តែង ​ដើម្បី​ឲ្យ​សហគមន៍​នេសាទនៅ​ទី​នេះ ​អាច​ចិញ្ចឹម​ជីវិត​របស់​ពួកគេ​បាន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG