ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ​រក​មុខ​មន្ត្រី​ទូត​បារាំង​ស្លាប់​នៅ​ទួលស្លែង​ឃើញ


នៅ​ខាងក្រោយ​រូបថតមាន​ឈ្មោះនិង​ថ្ងៃខែ​ឆ្នាំ​កំណើត - មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​))
នៅ​ខាងក្រោយ​រូបថតមាន​ឈ្មោះនិង​ថ្ងៃខែ​ឆ្នាំ​កំណើត - មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​))
វ៉ាស៊ីនតោន៖​ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅថ្ងៃ​ព្រហស្បត៍​នេះបាន​រក​ឃើញ​ឯកសារ​បន្ថែម​និង​រូបថតទាក់​ទង​នឹង​ជន​ជាតិ​បារាំង​ម្នាក់​ដែល​ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​សម្លាប់​នៅ​មន្ទីរ​ឃុំឃាំង​ទួលស្លែង​ហៅ​ស២១។

ជន​ជាតិ​បារាំង​ដែល​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​កំណត់​បាន​នេះ​គឺ​មាន​ឈ្មោះ ថា​គួរទីញេ អង់ដ្រេ ហ្កាស្តុង ។​ នេះបើតាម​ការ​បញ្ជាក់​របស់​លោក​ឆាង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

លោក​ហ្កាស្តុងធ្លាប់​ធ្វើការ​ជា​ស្មៀន​នៅ​ក្នុង​ស្ថានទូត​បារាំង​ ជាអ្នក​វាយ​អង្គុលីលេខ ​មាន​ប្រពន្ធ​ជា​ស្រ្តី កម្ពុជា​ឈ្មោះ​ឆាយ រាសី ។ លោក​ត្រូវបាន​ចាប់​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​១៥ ខែ​មេសា​ ឆ្នាំ​១៩៧៦​ ។ នៅពេល​នោះ​លោក​មាន​អាយុ​៣០​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ពី​ខេត្ត​សៀមរាប។​

លោក​ឆាង យុ​បញ្ជាក់​ថា៖

«ឯកសារ​នេះ​មិន​មែន​មក​ពី ​ទួលស្លែង​ទេ។ តាម​ខ្ញុំ​ដឹង​ឯកសារ​ហ្នឹង​គឺ​បាន​ផ្តល់​ទៅ​ឱ្យ​សុន សេន ឬ​ក៏​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់។ ឯកសារ​នេះ​គឺ​នៅ ​ក្រៅ​ទួលស្លែង»។​

លោក​ឆាង​ យុ​បាន​បញ្ជាក់​បន្ថែម​ថា​ការរក​ឃើញ​អត្តសញ្ញាណ​លោក​ហ្កាស្តុង​កើត​ឡើង​ដោយ​ចៃដន្យ​គឺ​ក្នុង​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ខិតខំ​ស្វែង​រក​អត្តសញ្ញាណ​ជន​បស្ចិម​ប្រទេស​ពីរនាក់​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​រូបថត​ដែល​អ្នក​ប្រមូល​ឯកសា​រ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រគល់​ជូន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាកាលពី​ប៉ុន្មាន​សប្តាហ៍​មុន។

«ឯកសារ​នេះ​វា​មាន​នៅ​ក្នុង​របស់​យើង​ដែរ​តែ​យើង​រក​ដោយ​ដៃ​ព្រោះ​ យើង​មិន​ទាន់​ទុក​ក្នុង​កាតាឡុក»។​

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​គេ​បាន​ឃើញ​រូបថត​របស់​លោក​អង់ដ្រេ​ហ្កាស្តុង​បើ​ទោះ​បី​ជា​គេ​ដឹង​ថា​លោក​ត្រូវ​បាន​សម្លាប់​នៅ​មន្ទីរ​ឃុំឃាំង​ស២១​ប៉ុន្តែ​មិន​ដែល​មាន​រូប​ថត​បង្ហាញ​នោះ​ទេ។

មាន​អ្នកទោសជាង​១២.០០០នាក់​ត្រូវ​បាន​សម្លាប់​នៅ​មន្ទី​ឃុំឃាំង​នេះ​ក្នុង​នោះមាន​ជនជាតិ​បស្ចិម​ប្រទេសចំនួន​១១​នាក់។

ស្ថានទូត​បារាំង​នៅ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​អាច​ទំនាក់​ទំនង​ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

អតីត​ប្រធាន​មន្ទីរ​ស២១ កាំង​ហ្កេកអ៊ាវ​ហៅឌុច​កំពុង​ជាប់​ទោស​មួយ​ជីវិត​បន្ទាប់​ពី​តុលាការកូន​កាត់​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ដើម្បី​កាត់​ទោស។
XS
SM
MD
LG