ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​មិន​បាន​ទទួល​ព័ត៌មាន​ពី​រដ្ឋាភិបាល​ពី​ផែនការ​បង្កើន​ការនាំ​អង្ករ​ចេញ


កសិករ​នៅក្នុង​ភូមិ​មួយ
កសិករ​នៅក្នុង​ភូមិ​មួយ
ដោយ៖ ឃួន ធារ៉ា
ខេត្ត​បាត់​ដំបង៖ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​ចំការ​សំរោង​នៃ​ស្រុក​បាត់ដំបង ​កសិករ​មួយ​ក្រុម​កំពុង​បំពេញ​ការងារ​ដោយ​ឡែកៗ​នៅ​កណ្តាល​វាលស្រែ​ដែល​សន្ធឹង​ល្ហរ​ល្ហេវ​ដាច់​កន្ទុយ​ភ្នែក។ អ្នកខ្លះ​កំពុង​ជញ្ជូន​កណ្តាប់​ស្រូវ​ដែល​ទើប​ច្រូត​រួច​ទៅ​ដាក់បញ្ចូល​ម៉ាស៊ីនបោកស្រូវ​ដែល​បញ្ឈរ​នៅ​ជិត​នោះ អ្នក​ខ្លះទៀត​កំពុង​បូមទឹក​បញ្ចូល​ស្រែ​ដើម្បី​សាប​ព្រួស​ស្រូវ​ជា​ថ្មី ដោយឡែក​ប្រជាកសិករ​ខ្លះ​ទៀត​កំពុងតែ​ស្ទូង​យ៉ាង​ញាប់ដៃ​ញាប់ជើង។

កសិករ​នៅក្នុង​ភូមិ​ចំការ​សំរោង​នេះ ​ធ្វើ​ការដាំដុះ​ស្រូវ​ពី​ពីរ​ទៅ​បី​ដង​ក្នុង​មួយឆ្នាំ។ ក៏ប៉ុន្តែ​ពួកគាត់​អះអាង​ថា ​មិន​ដែល​បាន​ទទួល​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​បង្កើន​ផលិតផល​ស្រូវ​សម្រាប់​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​ច្រើន​នោះ​ទេ។

កាលពី​ខែ​សីហា ​ឆ្នាំ ២០១០ ​រាជរដ្ឋាភិបាល​បាន​ដាក់​ផែនការ​ថា ​នឹង​ត្រូវ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​ចំនួន​មួយ​លាន​តោន​ចាប់ពី​ឆ្នាំ២០១៥​ត​ទៅ។
បុរស​ខ្មែរ​ម្នាក់​កាន់ស្រូវនៅ​វាលស្រែមួយ​នៅភូមិ​បែកពាង​ក្នុង​ប្រទេស​កម្ពុជា។ (ឯកសារ)
បុរស​ខ្មែរ​ម្នាក់​កាន់ស្រូវនៅ​វាលស្រែមួយ​នៅភូមិ​បែកពាង​ក្នុង​ប្រទេស​កម្ពុជា។ (ឯកសារ)


លោក ហ៊ុន ប៉េះ កំពុង​បូមទឹក​ដាក់​ស្រែ។ កសិករ​អាយុ ៨៤ ឆ្នាំ​រូបនេះ​បាន​ទទួល​ដំណឹង​ពី​ការ​ជំរុញ​ការនាំ​អង្ករ​ចេញ​របស់​រដ្ឋាភិបាល​តា​មរយៈ​បណ្តាញ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ។

«មិនដែល​ឃើញ​ទេ ទទេ​សោះ មិន​ដែល​ឃើញ​អង្គការ​ភូមិ​ឃុំ​ចុះមក​សួរ​ពី​ស្រែ​គឺ​មិន​ដែល​សោះ គឺ​មាន​តែ​គ្នា​ឯង​ក្នុង​ភូមិ​ហ្នឹង​សួរ ហើយ​ឮ​តែ​តាម​វិទ្យុ»។

ក្នុង​មួយឆ្នាំ​លោក​ហ៊ុន ប៉េះ ​ធ្វើស្រែ​ចំនួន​បី​ដង។ គាត់​ប្រមូល​ផល​បាន​ពី​ប្រាំមួយ​ទៅ​ប្រាំពីរ​តោន​លើ​ផ្ទៃដី​ចំនួន​មួយ​ហិកតា។

ដូច​អ្នកភូមិ​របស់​គាត់​ដទៃទៀត​ដែរ​ កសិករ​វ័យ​ចំណាស់​រូបនេះ​តែងតែ​លក់​ស្រូវ​របស់ខ្លួន​ឲ្យ​ទៅ​ឈ្មួញ​ដែល​ចុះទៅ​ទិញ​ដល់ទី​កន្លែង។

«ក្នុង​មួយ​តោន​លក់​បាន​១០.២០០​បាត។ ភាគច្រើន​គេ​មក​ទិញ​ដល់​កន្លែង មាន​ជនជាតិ​វៀតណាម​និង​ថៃ​មក​ទិញ​ខ្លះ​ដែរ​ ដូចជា​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ​ព្រោះ​គេ​ហ៊ាន​ទិញ​ក្នុងតម្លៃ​រោង​ម៉ាស៊ីន រោង​ម៉ាស៊ីន​ហ៊ាន​ប៉ុន្មាន ​គេ​ហ៊ាន​ប៉ុណ្ណោះ​ដែរ»។

ខេត្តបាត់ដំបង​គឺជា​ខេត្ត​ជង្រុក​ស្រូវ​ដ៏​សំខាន់បំផុត​របស់​ប្រទេស​កម្ពុជា។ នៅពេលដែល​លទ្ធភាព​ពង្រឹង​ការអប់រំ​ផ្នែក​កសិកម្ម​នៅ​ទន់ខ្សោយ​ក្រុមយុវជន​នៅទីនេះ​មួយចំនួន​បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​ជា​កម្មករ​ឬ​កសិករ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ។
លោក ប៉ិល វិញ ជា​កសិករ​អាយុ៤១ ឆ្នាំ។ គាត់​ត្អូញត្អែរ​ពី​កង្វះ​ទឹក​ស្រប​ពេលដែល​រដ្ឋាភិបាល​ចង់​ជំរុញ​កំណើន​ទិន្នផល​ស្រូវ​នោះ។

«ខ្ញុំ​បាន​ស្តាប់​ព័ត៌មាន​ដែរ ដែល​រដ្ឋាភិបាល​ក្នុង​ឆ្នាំ២០១២នេះ នាំ​ស្រូវ​ឱ្យបាន​ប៉ុណ្ណេះ​តោន​ប៉ុណ្ណោះ​តោន ​ក៏ប៉ុន្តែ​ក្នុង​ហ្នឹង​ទាល់​កន្លែង​នោះ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ទឹក​គ្រប់គ្រាន់ ​មាន​មេទឹក ​ប៉ុន្តែ​កន្លែង​នេះ ​ទោះបីជា​រាជរដ្ឋាភិបាល​គាត់​កំណត់​ឱ្យ​ប៉ុណ្ណេះ​តោន​ប៉ុណ្ណោះ​តោន ក៏​មិនដឹង​រក​មកពីណា​ដែរ វា​អាស្រ័យ​ធំ​នឹង​អត់​ទឹក​ហ្នឹង​តែ​ម្តង»។

របាយការណ៍​ត្រួតពិនិត្យ​ការអនុវត្ត​គោល​នយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ (ឆ្នាំ២០១០-២០១១) បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​បាន​ជំរុញ​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​និង​វិនិយោគ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ។ ក្នុងនោះ​ការវិនិយោគ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​កើន​ពី​១០១​លាន​ដុល្លារ ​ក្នុង​ឆ្នាំ២០០៩​ដល់ ១៨៩​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១១។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ​របាយការណ៍​ដដែល​ទទួល​ស្គាល់​ថា​ការវិនិយោគ​នេះ ​នៅ​ពុំទាន់​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ទៅ​ហ្នឹង​តម្រូវការ​របស់​ប្រជា​កសិករ​នៅឡើយ។

វិស័យ​កសិកម្ម​គឺជា​ផ្នែក​មួយ​នៃ​ឆ្អឹងខ្នង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ​វិស័យ​នេះ​នៅ​អន់ថយ​នៅឡើយ។ កម្ពុជា​ផលិត​ស្រូវ​ជា​មធ្យម​បាន​ពី​ពីរ​ទៅ​បី​តោន​ក្នុង​មួយ​ហិក​តា។ ប្រជាកសិករ​ភាគច្រើន​មិនមាន​លទ្ធភាព​ប្រើប្រាស់​គ្រឿងយន្ត​ក្នុងការ​បង្ក​បង្កើន​ផល​នោះទេ។

លោក អ៊ី​ម៉ា​ហា​ស៊ី តា​កា​យ៉ូ​គី (Imahashi Takayuki) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចា​ផា​ម៉ាក (Japamax) ​ដែលជា​ក្រុមហ៊ុន​នាំចូល​គ្រឿងចក្រ​កសិកម្ម​មួយ​មាន​ប្រសាសន៍​ថា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម ​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​បច្ចុប្បន្ន​កម្ម​លើ​បច្ចេកវិទ្យា​និង​គ្រឿងចក្រ​កសិកម្ម។ ប៉ុន្តែ​ការ​វិនិយោគ​ទៅ​លើ​វិស័យ​នេះ​នៅ​ពុំទាន់​ទូលំទូលាយ​នៅ​ឡើយ​នៅ​ប្រទេស​កម្ពុជា។ ម្យ៉ាងវិញទៀត​លោក​មានប្រសាសន៍​ថា ប្រជា​កសិករ​មួយ​ចំនួន​ធំ​នៅ​តែ​បន្ត​ប្រើប្រាស់​ឧបករណ៍​កសិកម្ម​បែប​បុរាណ ​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ដល់​ប្រសិទ្ធភាព​និង​លទ្ធភាព​ផលិត​ស្រូវ​កម្ពុជា។

«ប្រជាកសិករ​ខ្មែរ​ភាគច្រើន ពួកគេ​មិនបាន​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​កសិកម្ម​ទេ ដូច្នេះ​ទិន្នផល​ដែល​ទទួល​បាន​គឺ​ពុំមាន​ស្ថិរភាព​ទេ ​និង​មាន​ភាព​យឺតយ៉ាវ ​ប៉ុន្តែ​បើ​ពួកគេ​ប្រើប្រាស់​គ្រឿង​ម៉ា​ស៊ីន ​ពួកគេ​អាច​កាត់បន្ថយ​ចំនួន​កម្លាំង​ពលកម្ម ​ហើយ​និង​រកចំណូល​បាន​ច្រើនជាង​មុន»។

ដើម្បី​ឆ្លើយតប​នឹង​កង្វល់​នេះ លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ​សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​បាន​សម្រេច​លើកលែង​ពន្ធគយ​ទាំងស្រុង​និង​ជួយ​សម្រួល​បែបបទ​ទាំងឡាយ​សម្រាប់​ការ​នាំចូល​សម្ភារៈ​និង​គ្រឿងចក្រ​កសិកម្ម ​ដើម្បី​ជំរុញ​កំណើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG