ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​ស្វាយរៀង​កោះហៅ​មន្ត្រី​នគរបាល​ខេត្ត​មក​សាកសួរ​ពីបទ​បាញ់​កម្មករ​រោង​ចក្រ


កម្មការីនី​ដែល​ទទួលរងរបួស​ស្នាមនៅ​ពេល​តវ៉ា​នៅ​តំបន់សេដ្ឋកិច្ច​ពិសេសកាល​ពីដើមឆ្នាំនេះ។
កម្មការីនី​ដែល​ទទួលរងរបួស​ស្នាមនៅ​ពេល​តវ៉ា​នៅ​តំបន់សេដ្ឋកិច្ច​ពិសេសកាល​ពីដើមឆ្នាំនេះ។
ភ្នំពេញ៖ តុលាការ​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រកា​ន់​មន្ត្រី​នគរបាល​ខេត្ត​មួយ​រួបពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​បន្ទាប់​ពី​មាន​កម្មការីនី​ចំនួន​បី​នាក់​ត្រូវ​បាន​បាញ់​ឲ្យ​រង​របួស​នៅ​ក្នុង​ការ​តវ៉ា​ដោយ​ហិង្សាមួយ​កាល​ពី​ខែ​កុម្ភៈ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ។
កាល​ពី​ថ្មីទី​២០​ខែ​កុម្ភៈ បន្ទាប់​ពីមាន​បាតុកម្ម​ដោយហិង្សា​មួយ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិ​សេស​នៃ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​យ៉ាង​តិច​មាន​កម្មការីនី​ឈ្មោះ​ ប៊ុន ចិន្តា​ កែវ នា និង នុត សាខន​ ត្រូវ​បាន​បាញ់​ឲ្យ​រង​របួស។
លោកឈូក​ បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ដែល​ត្រូវ​បាន​លោក​ឧ​ប​នាយក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​និយាយ​ថា ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ដែល​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​បាញ់​ប្រហារ​លើ​កម្មការីនី​ចំនួន​បី​នាក់​ឲ្យ​រង​របួស​ក៏ប៉ុន្តែ​ស្រាប់​តែ​ពេល​ថ្មីៗ​នេះ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលីស​ម្នាក់​ទៀត​ដូច​លោក​ឈូក​ បណ្ឌិត​ដែរ​គឺ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា។​
លោក ស ចាន់​ថា​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ក្រុង​បាវិត​បាន​និយាយ​ថា ​លោក​ត្រូវ​បាន​តុលាការ​កោះ​ហៅទៅ​សាក​សួរ​ចំនួន​បី​លើក។ លោក​បាន​និយាយ​ថា ការ​សាក​សួរ​លើក​ទី​១ ​និង​លើក​ទី​២ តុលាការ​បាន​កោះ​ហៅ​មក​សាក​សួរ​ក្នុង​មាន​ជា​សាក្សី​ក៏​ប៉ុន្តែ​លើក​ទី​៣​ស្រាប់​តែ​តុលាការ​កោះ​ហៅ​លោក​ក្នុង​នាម​ជា​ជន​ជាប់​ចោទ​។
លោក​បាន​មាន​ប្រសាន៍​ថា បន្ទាប់​ពី​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​លើក​ទី៣​ស្រាប់​តែ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា​ទៅ​លើ​កម្មការីនី​ចំនួន​បី​នាក់​ឲ្យ​មាន​របួស។ លោក​បាន​បដិសេដ​ថា​ លោក​មិន​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​ចោទ​ប្រកាន់​ទេ​ពី​ព្រោះ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​លោក​បាន​នៅ​ចម្ងាយ​ប្រហាណ​៥០០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​ហើយ​លោ​ក​ក៏​មិន​បាន​កាន់​អាវុធ​នៅ​នឹង​ដៃ​ដែរ។​លោក​បាន​បញ្ជាក់​ថា​លោក​ស្នង​ការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​របស់​លោក​កាន់​តែ​ដំបង​ឈើ​តែ​ប៉ុណ្ណោះ។​
«ខ្ញុំ​អត់​បាន​ប្រព្រិត្ត។ ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​សោះ​តែ​បែជា​ដាក់​ខ្ញុំ​ជា​ជន​ត្រូវ​ចោទ​ដូច្នេះ​វា​អយុត្តិធម៌ណាស់​សម្រាប់​ខ្ញុំ​ជា​មន្ត្រី​សម្ថកិច្ច ហើយ​ម៉្យាង​ទៀត​ពេល​ដែល​ខ្ញុំ​ទៅ​ចុះ​បេសកម្ម​នៅ​កន្លែង​ហ្នឹង​គឺ​តាម​បញ្ជា​របស់​អធិការ​គឺ​មិន​ឲ្យ​ពួក​ខ្ញុំ​យក​អា​វុធ​ទៅ​ទេ។ ដូច្នេះ​ពួក​ខ្ញុំ​អត់​មាន​អា​វុធ​ទេ​មាន​តែ​ដំបង​ឬស្សី​»។​
លោក​ប៉ិច ឈឿត​ ចៅ​ក្រម​ស៊ើប​សួរ និង​ជា​ប្រធាន​តុលាការ​ក្រុង​ស្វាយ​រៀង​បាន​និយាយ​ដោយ​មិន​អនុញ្ញាត្តិ​ឲ្យ​យក​សំឡេង​របស់​លោក​ទៅ​ប្រើ​ក្នុង​វិទ្យុថា លោក​មាន​ភស្តុតាង​មួយ​ចំនួន​ទើប​បាន​ចាប់​ផ្តើម​បើក​ការ​សាកសួរ​ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា មាន​ភស្តុតាង​អ្វី​ខ្លះ​នោះ​ទេ។ លោក​បាន​និយាយ​ថា ជារឿង​ធម្មតា​ទេ មិន​ដែល​មាន​ជន​ណា​ដែល​ចូល​ខ្លួន​មក​បំភ្លឺ​ក្នុង​តុលាការ​ហើយ​សារ​ភាព​ថា​ខ្លួន​បាន​ប្រព្រិត្ត​នោះ​ទេ។​
លោក​ មឿន តុលា​ ប្រធាន​កម្មវិធី​សិទ្ឋិ​ការ​ងារ​នៃ​មជ្ឃមណ្ឌល​អភិវឌ្ឃន៍​សង្គម​ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​បាញ់​ប្រហារ​នេះ​បាន​និយាយ​ថា វា​ជា​រឿង​ចំលែក​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​នគរបាល​ម្នាក់​ទៀត។ លោក​បាននិយាយ​ថា តាម​ការ​ស៊ើប​អង្កេតរបស់​លោក និង​យោង​តាម​ការ​អះ​អាង​របស់​សាក្សី​ជា​ច្រើន​បាន​អះ​អាង​ថា មន្ត្រី​ប៉ូលីស​នោះ​មិន​មាន​វត្តមាន​នៅ​ក្នុង​កន្លែង​កើត​ហេតុ​នោះ​ទេ។​
លោក​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ប្រហែល​ជា​តុលាការ​ព្យាយាម​ដោះ​បន្ទុក​ឲ្យ​លោក​ឈូក​បណ្ឌិត។​
«សម្រាប់​ការ​ដែល​យើង​ស៊ើប​អង្កេត​កន្លងមក​គឺ​អត់​មាន​ទេ។ មន្ត្រី​ប៉ូលីស​គឺ​យើង​អត់​រក​ឃើញ​ថា​ប៉ូលីស​ហ្នឹង​ជា​អ្នក​ទៅ​បង្ក​របួស​ស្នាម​ទៅ​លើ​ជន​រង​គ្រោះ​ទេ​គឺ​យើង​ទទួល​ព័ត៌មាន​ថា​មាន​មន្ត្រី​ប៉ូលីស​មួយ​ចំនួន​បាន​ជួយ​លោក​ឈូក​បណ្ឌិត​ឲ្យ​រត់​ចេញ»។​
បើ​ទោះ​បី​មាន​ការ​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលីស​ម្នាក់​ទៀត​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​បាញ់​កម្មករ​បី​នាក់​ឲ្យ​រង​របួស​ក៏​ដោយ​ក៏​ទាំង​លោក​ឈូក បណ្ឌិត និង​លោក​ស ចាន់​ថា​មិន​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ទេ​ក៏​ប៉ុន្តែ​ពួកគេ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ៕​
XS
SM
MD
LG