ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អសបនិង​កម្ពុជា​ជួប​គ្នា​រក​វិធី​ដោះស្រាយ​វិបត្តិ​ថវិកា​និង​ជំរុញ​សាលាក្តីឱ្យ​ទៅ​មុខ


ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
ភ្នំពេញ៖​ មន្ត្រីជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សាលាក្តី​ខ្មែរ​ក្រហម​និង​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សន្យា​រួមគ្នាថា​នឹង​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​កង្វះ​ខាតថវិកា​សម្រាប់​ទ្រទ្រង់​សាលាក្តី​ខ្មែរ​ក្រហមឆ្នាំ​២០១៣​ក្នុង​គោលបំណង​ដើម្បី​ស្វែង​រក​យុត្តិធម៌​លើ​បទ​ឧក្រិដ្ឋ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​

ការសន្យា​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ជំនួប​គ្នាមួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ​រវាង​លោក​ ដេវិដ​ សេហ័្វរ​ ជំនាញការ​ពិសេស​របស់​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប)​ ទទួល​បន្ទុក​សាលា​ក្តី​ខ្មែរ​ក្រហម​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​សម្រាប់​សាលា​ក្តីខ្មែរ​ក្រហម។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមគ្នា​រវាង​ភាគី​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធនេះ​ភាគីទាំង​ពីរ​បាន​ប្តេជា្ញ​ថា​នឹង​រិះ​រកដំណោះ​ស្រាយ​ជុំវិញ​កង្វះខាត​ថវិកា​សម្រាប់​ទ្រទ្រង់​សាលា​ក្តី​ខ្មែរ​ក្រហម។​

លោក​ឯក ថា​ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មិនបាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ​ជុំវិញ​លទ្ធផល​ក្រោយ​ពី​ជំនួប។​

ភាគី​កម្ពុជា​និង​ភាគី​អន្តរជាតិ​ត្រូវការ​ថវិកា​ចំនួន​៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ទ្រទ្រង់​សាលា​ក្តី​ខ្មែរ​ក្រហម ​សម្រាប់​ឆ្នាំ​២០១៣ ​ក្នុងនោះ​ភាគី​កម្ពុជា​ត្រូវ​ការ​ថវិកា​ចំនួន​៩,៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ចំណែក​ភាគី​អន្តរជាតិ​ត្រូវការ​ថវិកា​ចំនួន​២៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

លោក​នេត្រ​ ភ័ត្រា​ អ្នកនាំពាក្យ​សាលា​ក្តីខ្មែរ​ក្រហម​បាន​និយាយ​ថា​សម្រាប់​ភាគី​ជាតិ​យើង​ទើប​ទទួល​បាន​ចំនួន​២,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​តែប៉ុណ្ណោះ។​ក្នុង​នោះ​មាន​ថវិកា​បដិភាគ​របស់​រដ្ឋា​ភិបាល​ចំនួន​១,៨​លាន​ដុល្លារ​និង​ថវិកា​ចំនួន​៧សែន​ដុល្លារ​ទទួល​បាន​ពី​ប្រទេស​អាល្លឺម៉ង់​សម្រាប់​ទ្រទ្រង់​លើ​អង្គភាព​គាំពារ​ជនរងគ្រោះ។​

«ដោយឡែក​សម្រាប់​ភាគី​អន្តរជាតិ​គាត់​មាន​ថវិកា​អាច​ដំណើរការ​រហូត​ទៅ​ដល់​ខែ​៦ឆ្នាំ​២០១៣នេះ​
ចំណែក​ឯភាគី​ជាតិ​យើង​គឺនៅ​ខ្វះ​ថវិកា​ប្រមាណ​៧​លាន​ដុល្លារ​ទៀត​ដើម្បី​យក​មកចំណាយ​ហើយ​ជាពិសេស​ទាក់​ទងជាមួយ​នឹង​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​បុគ្គលិក​ជាតិ​ទាំង​២៧០​នាក់​ជាង»។​

កាល​ពី​ថ្ងៃទី​៤​ខែមីនា​នេះ​បុគ្គលិក​អ្នក​បក​ប្រែ​ភាសា​បរទេស​នៅ​ក្នុង​ សាលាក្តី​ខ្មែរ​ក្រហម​ចំនួន​ប្រមាណ​៣០​នាក់​បាន​ធ្វើ​ពហិការ​មិន​ធ្វើ​ ការងារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅក្នុង​ពេលបើក​សវនាការ​ក្នុង​ខណៈពេល​ ដែល​សាលាក្តី​កំពុង​ដំណើរ​ការ​លើសំណុំរឿង​០០២។​

ការ​ធ្វើពហិការ​មិន​ចូល​បម្រើ​ការងារ​នេះ​ដោយ​សារតែ​ពួកគេ​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្សរ៍​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២​ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ពួកគេ​បាន​សម្រេច​ចិត្តចូល​បំពេញ​ការ​ងារ​របស់​ខ្លួន​វិញ​បន្ទាប់​ពីមាន​ការ​សន្យា​ពី​ការិយាល័យ​រដ្ឋបាល​របស់​សាលា​ក្តី​ថា​នឹង​បើក​ប្រាក់​បៀវត្សរ៍​សម្រាប់​ខែ​ធ្នូ​ដល់​ពួកគេ។​

បញ្ហា​កង្វះ​ខាត​សម្រាប់​ទ្រទ្រង់​សាលា​ក្តី​ខ្មែរ​ក្រហម​របស់​ភាគី​កម្ពុជា​បាន​ធ្វើឡើង​ក្នុង​ពេល​ដែល​សាលា​ក្តី​ប្រល័យ​ពូជសាសន៍​ដោយមាន​ការ​គាំទ្រ​ពី​អង្គការ​សហ​ប្រជាជាតិ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​លើសំណុំរឿង​០០២​ដែល​មាន​ជនជាប់​ចោទ​ចំនួន​៤​នាក់​គឺ​អៀង សារី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ដែល​ទើប​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ភរិយា​របស់​លោក​គឺអ្នក​ស្រី អៀង ធីរិទ្ធ​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ លោក​ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ និង​មេ​មនោគមន៍​វិជ្ជា​ នួន ជា​ អតីត​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​

ចាប់​តាំង​ពីឆ្នាំ​២០០៦​រហូត​មកដល់​ឆ្នាំ​២០១២​សាលាក្តី​ខ្មែរ​ក្រហម​ទាំង​ភាគី​ជាតិ​និង​អន្តរជាតិ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​១៧៣,៣​លាន​ដុល្លារ​ក្នុង​នោះភាគី​អន្តរជាតិ​ចំណាយ​ថវិកា​អស់​១៣១,២​លាន​ដុល្លារ​ហើយ​ភាគី​ជាតិ​ចំណាយ​អស់​៤២,១​លាន​ដុល្លារ។​

ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ចាប់​តាំងពី​ឆ្នាំ​២០០៦មក​ ​រួម​មាន​ប្រទេស​ជប៉ុន​បាន​ផ្តល់​វិភាគ​ទាន​ស្ម័គ្រចិត្ត​ចំនួន​៧៩​លាន​ដុល្លារ​គឺ​ស្មើ​ប្រមាណ​៤៤​%​នៃ​ថវិកា​ចំណាយ​សរុប​
នៅ​ក្នុង​សាលាក្តី​ហើយ​ក្រៅពី​នោះ​មាន​សហរដ្ឋ​អាមេរិក​ អូស្តា្រលី​ អាល្លឺម៉ង់​ អង់គ្លេស​ និង​ប្រទេស​បារាំង៕​
XS
SM
MD
LG