ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​សាងសង់​ផ្លូវ​ឈូសប៉ះគ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កំពង់​ស្ពឺ


ផ្ទៃដី​ដែល​នៅ​គ្រប​ដណ្តប់​ដោយសារ​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ​ជា​១.៧៥០​គីឡូម៉ែត្រ​ការេ។
ផ្ទៃដី​ដែល​នៅ​គ្រប​ដណ្តប់​ដោយសារ​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ​ជា​១.៧៥០​គីឡូម៉ែត្រ​ការេ។
ភ្នំពេញ៖ គ្រាប់ផ្លោង​ធុន១២០មី​លី​ម៉ែត្រ​ចំនួន​១០៨​គ្រាប់​ត្រូវបាន​រកឃើញ​នៅក្នុង​ស្រុក​ឱរ៉ាល់ ​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​មួយ។

នេះ​បើ​យោង​តាម​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) និង​ប៉ូលិស​ខេត្ត។
ក្រុមហ៊ុន​ឯកជន​នេះ​បាន​ប្រទះ​ឃើញ​គ្រាប់​ទាំងនេះ​នៅពេល​ដែល​កំពុង​ឈូស​ឆាយ​ដី​ដើម្បី​សាង​សង់​ផ្លូវលំ​មួយ​កំណាត់​ក្នុង​ឃុំ​ត្រពាំង​ជោរ។

លោក​កែវ ពិសី ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ឲ្យ​ដឹងថា​អាជ្ញាធរ​បាន​ជូនដំណឹង​នេះ​ទៅ​CMAC ដើម្បី​រៀបចំ​ធ្វើការ​កម្ចេច​ចោល។

«ខ្ញុំ​បាន​ទាក់ទង​ទៅ​ស៊ីម៉ាក់​ហើយ។ រកឃើញ​នៅ​ឆ្ងាយ​ណាស់។ នៅ​ជិត​ភ្នំ​ឱ​រ៉ា​ល់»។
លោក ហេង រតនា អគ្គនាយក​CMACមានប្រសាសន៍ថា​បន្ទាប់​ពី​បាន​ប្រទះឃើញ​គ្រាប់​នេះ​ស៊ីម៉ាក់​បានសម្រេច​ស្នើ​ឲ្យ​ផ្អាក​សកម្មភាព​ធ្វើ​ផ្លូវ​មួយ​រយៈ។

ហើយ​ក្នុង​ពេលនេះ​គ្រាប់​ដែល​បាន​រកឃើញ​សរុប​ទាំងអស់​ចំនួន​១០៨​គ្រាប់។ ហើយ​នៅ​ក្នុងនោះ​គ្រាប់​ចំនួន១០៧គ្រាប់​ត្រូវបាន​យកចេញ​ពីរ​ណ្តៅ។

លោក​បញ្ជាក់​ថា​គ្រាប់​ទាំងនេះ​គឺជា​គ្រាប់​ដែល​ត្រូវ​កប់​ដូចជា​ឃ្លាំង​ចល័ត​ក្នុង​អំឡុង​សម័យ​សង្គ្រាម។
លោក ហេង រតនា ​អធិប្បាយ​ថា​ការរកឃើញ​គ្រាប់​នេះ​បាន​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នៅ​តំបន់​អតីត​មានការ​ប្រយុទ្ធ​គ្នា​នោះ។

«ការរក​ឃើញ​នេះ ​អាច​មិនមាន​គ្រោះថ្នាក់​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​យើង​យក​គ្រាប់​ទាំងអស់​នេះ យកទៅ​កម្ចេច​ចោល។ អញ្ចឹ​ង វា​ជា​សំណាង​មួយ​ដែរ។ ពីព្រោះ​ថា ​យើង​ចេះតែ​រកឃើញ​គ្រាប់​គ្រប់​ប្រភេទ​ហ្នឹង ​វា​ជា​ការជួយ​បង្កើន​នូវ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ ​ហើយ​ក៏​ដូចជា​សន្តិសុខ​ជាតិ​របស់​យើង​ផង»។

កាលពី​ថ្ងៃទី២៥​ខែ​មិនា ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៨០គ្រាប់ ​ត្រូវបាន​រកឃើញ​ដោយ​ប្រជាពលរដ្ឋ​មួយរូប​នៅ​ភូមិ​គោក​ចាន់ ​សង្កាត់​គោកចក ​ខេត្តសៀមរាប។
គ្រាប់​ទាំងនេះ​ស្ថិតក្នុង​គំនរ​កប់​ក្នុង​ដី​ក្នុង​រណ្តៅ​តែមួយ​នៅ​វាលស្រែ​ជិត​ផ្ទះ​អ្នកភូមិ។

លោក​ហេង រតនា ​បន្ថែម​ថា​ជនរងគ្រោះ​ទាំង​របួស​ទាំង​ស្លាប់​ដោយសារ​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ធ្លាក់ចុះ​ពី​ជាង​៤.០០០នាក់​កាលពី​អំឡុង​ឆ្នាំ១៩៩៦-៩៧មក​ត្រឹម១៨៥នាក់​នៅ​ឆ្នាំ២០១២។

ដោយឡែក​ផ្ទៃដី​ដែល​នៅ​គ្រប​ដណ្តប់​ដោយសារ​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ​ជា​១.៧៥០​គីឡូម៉ែត្រ​ការេ។
អគ្គនាយក​CMAC​លោក ហេង រតនា ​បញ្ជាក់ថា​កម្ពុជា​ត្រូវការ​ថវិកា​យ៉ាងតិច​៥០០​លាន​ដុល្លារ​អាមេរិក​ទៀត​ដើម្បី​បោសសម្អាត​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ។ នៅ​កម្ពុជា​ក្នុងនោះ​ក្នុងមួយឆ្នាំៗCMAC ​ត្រូវការ​ជំនួយ​ប្រមាណ​ជា៥០លាន​ដុល្លារ​យ៉ាងតិច​ដើម្បី​បំពេញ​បេសកកម្ម​របស់​ខ្លួន​ស្រប​ពេល​ដែល​កម្ពុជា​ប្តេជ្ញា​ថា​នឹង​បោស​សម្អាត​គ្រាប់មីន​ប្រឆាំង​មនុស្ស​ឲ្យ​អស់​នៅត្រឹម​ឆ្នាំ២០២០៕
XS
SM
MD
LG