ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​វៀតណាម​​កាត់ទោស​សកម្មជន​១៤​នាក់​ឲ្យ​មាន​ទោស​ជា​ទម្ងន់​


ក្រុម​អ្នក​មាន​​ប្រព័ន្ធ​ blogs ​សង្គម​ ហើយនឹង​និស្សិត​ទាំងនេះ​ត្រូវបាន​ជាប់ចោទ​ក្នុង​បទ​ធ្វើ​ជា​សមាជិក​នៃ​​ក្រុម​ Viet Tan ។​
ក្រុម​អ្នក​មាន​​ប្រព័ន្ធ​ blogs ​សង្គម​ ហើយនឹង​និស្សិត​ទាំងនេះ​ត្រូវបាន​ជាប់ចោទ​ក្នុង​បទ​ធ្វើ​ជា​សមាជិក​នៃ​​ក្រុម​ Viet Tan ។​

សកម្មជន​១៤​នាក់​មាន​ទោស​ក្នុង​បទ​ធ្វើ​វិទ្ធង្សនា​ ហើយ​បាន​កាត់​​ទោស​ពួក​គេ​ឲ្យ​ជាប់​ពន្ធ​នាគារ​១៣​ឆ្នាំ។

បាងកក​៖ តុលាការ​មួយ​នៅ​ប្រទេស​ វៀតណាម​បាន​កាត់ទោស​សកម្មជន​១៤​នាក់​ឲ្យ​មាន​ទោស​ជា​ទម្ងន់​ដោយ​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ទៅ​១៣​ឆ្នាំ​ក្នុង​បទ​ខិតខំ​រំលំ​រដ្ឋាភិបាល​ដែល​គណបក្ស​កុម្មុយនិស្ត​ដឹកនាំ។​ ការ​ជំនំ​ជម្រះ​កាត់​សេចក្ដីនេះជា​ការ​កាត់​សេចក្ដី​ធំ​ជាង​គេ​ពីបទ​ធ្វើ​វិទង្សនា​ ហើយ​អាជ្ញាធរ​ផ្នែក​ច្បាប់​ ​មាន​ទីចាត់​ការ​នៅ​ស.រ.អា.​ ​ដែល​កំពុងតែ​ជួយ​ជន​ជាប់ចោទ​ ​បានប្រាប់​ VOA​ថា​ ការ​កាត់​ទោស​នេះ​អយុត្ដិធ៌ម​យ៉ាង​ខ្លាំង​ក្លា។​

នៅក្នុង​ការ​ជំនំ​ជម្រះ​កាត់​សេចក្ដី​ប្រព្រឹត្ដ​ធ្វើទៅ​តែពីរ​ថ្ងៃ​ប៉ុណ្ណោះ​ តុលាករ​មួយ​នៅ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​ កាលពីថ្ងៃ​ពុធ រក​ឃើញ​ថា​ សកម្មជន​១៤​នាក់​មាន​ទោស​ក្នុង​បទ​ធ្វើ​វិទ្ធង្សនា​ ហើយ​បាន​កាត់ទោស​ពួក​គេ​ឲ្យ​ជាប់​ពន្ធ​នាគារ​១៣​ឆ្នាំ។ សកម្ម​ជនម្នាក់​បាន​ទទួល​ការ​ព្យួរទោស​ដោយ​មាន​លក្ខខណ្ឌ។​
ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​កាលពីឆ្នាំ​២០១១​ ហើយ​មាន​ទោស​ក្នុង​បទ​ឃោសនា​យ៉ាង​រាល​ដាល​ ប្រឆាំង​រដ្ឋាភិបាល​ ហើយ​នឹង​ខិតខំ​រំលំ​រដ្ឋាភិបាល។​

ក្រុម​អ្នក​មានប្រព័ន្ធ​ blogs ​សង្គម​ ហើយនឹង​និស្សិត​ទាំងនេះ​ត្រូវបាន​ជាប់ចោទ​ក្នុង​បទ​ធ្វើ​ជា​សមាជិក​នៃក្រុម​ Viet Tan ​ដែល​មាន​ទី​ចាត់ការ​នៅ​ស.រ.អា.​ ហើយ​ជា​ក្រុមគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​រដ្ឋាភិបាល​វៀតណាម​ចាត់ទុក​ថា​ ជា​អង្គ​ការ​ភេរវកម្ម។​

ជន​ជាប់ចោទ​ទាំងនោះ​ ភាគ​ច្រើន​ជា​បរិស័ទ​កាន់​សាសនាគ្រីស្ទនិកាយ​ កាតូលិក​ដែល​ជា​ញឹកញាប់​ណាស់​ ជា​ក្រុម​ត្រូវ​បាន​គេ​ធ្វើទុក្ខ​បុកម្នេញ​ នៅ​ក្រោមការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត​គ្មាន​ជំនឿ​លើ​សាសនា​ ហើយ​មាន​ខ្លះ​ពាក់​ព័ន្ធ​នឹងបាតុកម្ម​ប្រឆាំង​ប្រទេស​ចិន​អំពី​ជម្លោះ​ដែនដី​នៅ​សមុទ្រចិន​ខាង​ត្បូង។​
មាន​ខ្លះទៀត​ ជា​សមាជិក​នៃ​ក្រុម​សកម្មជន​១៧​នាក់​ដែល​ត្រូវ​បាន​ជាប់​ឃុំឃាំង​ កាល​ពី​ខែ​កក្តដា​ ហើយ​ដែល​បាន​អំពាវនាវ​សុំ​ជំនួយ​ពីក្រុម​ការងារ​នៃ​អ.ស.ប.​ប្រឆាំងការ​ឃុំឃាំងតាម​អំពើ​ចិត្ដ។​

លោក​ Alen Weiner ​ជា​នាយក​នៃ​កម្មវិធី​ច្បាប់​អន្ដរជាតិ​និង​ការ​ប្រៀប​ធៀប​ច្បាប់​ នៃ​សាលា​ច្បាប់​ Stanford ។ ​លោក​ជួយ​ដាក់​ញ្ញតិ​ជូន​អ.ស.ប. ​ហើយ​បាន​ថ្លែង​ការណ៍តាមរយ: ​Skype​ ថា​ នីតិវិធី​ច្បាប់​នៃ​ប្រទេស​វៀតណាម​ខកខាន​មិនបាន​ផ្ដល់​នីតិរដ្ឋ​ ឬ​អ្វី​ ដែល​ដូច​ជា​ការ​កាត់ទោស​ដោយ​យុត្ដិធ៌ម​នោះ​ទេ។​

«បុគ្គល​ទាំងនោះ​ជាប់​ពន្ធនាគារ​ប្រមាណ​មួយ​ឆ្នាំ​ មុន​ពួក​គេ​ត្រូវបាន​ប្រាប់​អំពី​ការ​ចោទ​ប្រកាន់​ប្រឆាំង​ពួក​គេ ដែល​នេះ​ជា​ការ​រំលោភ​ជាក់ស្ដែង​លើបទដ្ឋាន​អន្ដរ​ជាតិ​ ហើយ​នឹង​ការ​រំលោភ​ផង​ដែរ​លើ​ច្បាប់​របស់​ប្រទេស​វៀតណាម​ ផ្ទាល់»។​

ការ​កាត់​សេចក្ដី​នេះ​ប្រព្រឹត្ដ​ធ្វើ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ប្រទេស​វៀតណាម ​ភាគ​ ​ខាងជើង​ ហើយ​ក៏​បាន​ទទួល​ការ​យក​ចិត្ដទុកដាក់​តិចតួច​ណាស់​ពីសំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រដ្ឋាភិបាល​គ្រប់គ្រង។​

អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​មានការ​តវ៉ា​ជា​សាធារណ:​ ដែល​កម្រ​កើតមាន​ប្រឆាំង​ប្រទេស​ចិន​ក្នុង​ការ​តវ៉ា​យ៉ាង​ព្រហើន​ថ្មីៗ​នេះ​ នៅ​ដែនដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប្រទេស​ វៀតណាម​ ទាមទារ​ថា ​ជា​របស់​ខ្លួន។​

ក៏​ប៉ុន្ដែ​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​វៀតណាម​បារម្ភថា​ ​បាតុកម្ម​នេះ​ដែល​កើត​ឡើង​ពេល​មាន​បញ្ហា​សេដ្ឋកិច្ច​ ហើយ​នឹង​ពេល​មានរឿងក្ដី​របស់​ឥស្សរ​ជន​ថ្នាក់ខ្ពស់​ក្នុង​បទ​ពុករលួយ​នោះ អាច​ក្លាយជា​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋ។​

លោក Weiner ​និយាយ​ថា​ ការ​អភិវឌ្ឍ​យ៉ាង​លឿន​នៃ​ប្រទេស​វៀតណាម ​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ត្រូវការ​នូវ​តំណាង​លទ្ធិប្រជាធិបតេយ្យច្រើន​ឡើង​ ដែល​គណបក្ស​ កុម្មុយនិស្ត ​ចាត់ទុក​ថា​ ជា​ការ​គំរាម។​
«ខ្ញុំ​ចង់​និយាយថា​ បើ​មាន​ហេតុផល​ណា​មួយ​ដែលជំរុញ​រឿង​នេះ​ វា​ត្រូវតែ​ជា​ឧប្បទវហេតុដែល​បាន​កើត​ឡើង​ដូចនៅ​មជ្ឈឹមបូព៌ា ឬ​ការតវ៉ា​ដែល​បាន​កើត​មាន​នៅ​ប្រទេសរុស្ស៊ី។ យើង​បាន​ឃើញការ​គ្រប់គ្រង​ដូចគ្នា​ ដែល​មាន​ទ្វេឡើង​លើ​សកម្មភាព​សង្គម ​និង​នយោបាយ​នៅ​ប្រទេស​ចិន។​ ខ្ញុំ​យល់ថា​ យើង​កំពុង​តែ​ឃើញ​ឧប្បទវ​ហេតុដូច​គ្នា​នេះ​នៅ​ប្រទេស​វៀតណាម»។​

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា​ ការ​បង្ក្រាប​របស់​ប្រទេស​វៀតណាម ​ទៅ​លើ​អ្នក​ជំទាស់​កំពុង​តែ​កើន​ឡើង​ ហើយ​នឹង​មាន​ផល​ប៉ះពាល់​លើ​ទំនាក់ទំនង​ជា​មួយ​បស្ចឹម​ប្រទេស។​

ស.រ.អា.​បាន​លុបចោល​ការ​សន្ទនាគ្នា​ប្រចាំឆ្នាំ​អំពី​សិទ្ធិ​មនុស្ស​ជាមួយ​ប្រទេស​វៀតណាម ​កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​ការ​ថយក្រោយ​យ៉ាង​ជាក់ស្ដែងខាង​សិទ្ធិ​មនុស្ស។​

លោក​ Weiner​ និយាយ​ថា ​ទោះបី​លោក​សង្ឃឹម​ថា ​ប្រទេស​វៀតណាម​នឹងធ្វើ​ការ​ត្រិះរិះ​ជាមុន​ផ្នែក​នយោបាយ​ដើម្បី​បញ្ចប់​ការ​បង្ក្រាប​ក៏​ដោយ​ ក៏អាកប្ប​កិរិយា​នៃ​ប្រទេស​នេះ​កំពុង​តែ​បង្ហាញ​អំពី​និន្នាការ​ផ្សេងទៀត។​

«ខ្ញុំ​គិតថា​ វា​ជា​រឿង​សំខាន់​ជាទី​បំផុត​សម្រាប់​ប្រទេស​នានា ​នៅ​ក្នុង​តំបន់​នោះ​ត្រូវ​ធានា​ថា​ ប្រទេស​វៀតណាម​មិន​បាន​ទទួល​ផល​ប្រយោជន៍​នៅ​ក្នុង​ការ​ទាក់ទង​ពេញ​លេញ​ក្នុង​ប្រព័ន្ធពាណិជ្ជកម្ម​បស្ចឹម​ប្រទេស​ទេ បើប្រទេស​នេះ​បន្ដមាន​អាក្ប​កិរិយា​ ដែល​ទំនង​នឹង​រំលោភ​លើ​បទដ្ឋាន​ច្បាប់​អន្ដរជាតិ​ ដែល​ប្រទេស​ វៀតណាម​ខ្លួនឯង​បាន​ប្រកាន់យក​ ហើយ​ដែល​ត្រូវ​បាន​ប្រទេស​ដទៃ​ទៀត​ប្រកាន់​យក​នៅ​ទូទាំង​ពិភព​លោក»។​

កាល​ពី​ខែ​កញ្ញា​ ប្រទេស​វៀតណាម​បាន​កាត់​ទោសអ្នកមាន​ប្រព័ន្ធ​សង្គម​ blogs​ បី​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៤​ទៅ១២​ឆ្នាំ​ក្នុង​បទ​ផ្សព្វផ្សាយ​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ។ ​ការ​ជំនំ​ជម្រះ​កាត់សេចក្ដី​របស់​តុលាការ​ធ្វើទៅ​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​នាយក​ទទួល​បន្ទុក​ខាង​កិច្ចការ​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប. បាន​រិះគន់​ចំពោះ​ការ​កាត់​ទោស​នេះ។​

ក្រសួង​ការ​បរទេស​ស.រ.អា.​ហៅ​ការ​កាត់​ទោស​នោះ​ថា​ គួរ​ឲ្យ​មាន​កង្វល់​យ៉ាង​ខ្លាំង​ក្លា។​
កាល​ពី​ថ្ងៃ​ពុធ​ ស្ថានទូត​ស.រ.អា.​ប្រចាំ​ទីក្រុង​ហាណូយ​អំពាវនាវ​ឲ្យ​ប្រទេស​វៀតណាម​ដោះលែង​សកម្មជន​ហើយ​នឹង​អ្នកទោស​មនសិកា​ទាំងអស់។​
នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​ ស្ថានទូត​នេះ​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​បាប​ជន​ជាប់​ចោទ​ជន​មានទោស​គឺ​មិន​ស្រប​តាម​កាតព្វកិច្ច​របស់ប្រទេស​ វៀតណាម​ក្រោម​ច្បាប់អន្ដរជាតិ​និង​ច្បាប់​សិទ្ធិមនុស្ស​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG