ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សីថា​លោក​ម៉ម សុណង់ដូ មិន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍


លោក ម៉ម សុណង់ដូ
លោក ម៉ម សុណង់ដូ
ភ្នំពេញ៖ មាន​សាក្សី​ជាច្រើន​បាន​ឆ្លើយ​ប្រាប់​តុលាការ​ថា ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក ប៊ុន រដ្ឋា តែ​ម្នាក់​គត់ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ម៉ម សុណង់ដូ ទេ។
លោក ប៊ុន រដ្ឋា អតីត​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ បាន​រត់គេចខ្លួន​នៅឯ​ក្រៅ​ប្រទេស បន្ទាប់​ពី​តុលាការ​បាន​ប្រកាស​ស្វែងរក​ចាប់ខ្លួន​ពីបទ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។
តុលាការ​ក្រុង​ភ្នំពេញ​បានចាប់ផ្តើម​បើកសវនាការ​ជំនុំជម្រះ​ទោស​ប្រឆាំង​នឹង​ករណីនេះ អស់​រយៈពេល​ពីរ​ថ្ងៃ​មកហើយ ដែលមាន​ជនជាប់ចោទ​រហូត​ដល់​១០​នាក់ ដែល​ក្នុង​នោះ​មាន​លោក ម៉ម សុ​ណង់​ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​ប្រធាន​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជា​តួអង្គ​សំខាន់​ជាងគេ ដែល​តុលា​ការលើក​យកមក​ពិភាក្សា​ដេញដោល។
ជន​ជាប់ចោទ​ទាំង​១០​រូប ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដូចៗ​គ្នា​ចំនួន​បួន​ចំណុច​ធំៗ ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់​ និង​ការ​ផ្តួច​ផ្តើមគំនិត​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ ក្រោយពី​រដ្ឋាភិបាល​បាន​បង្ក្រាប​ដ៏​ហិង្សា​លើរឿង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ប្រមា កាលពី​ខែ​ឧសភា​កន្លង​ទៅ។ ការបង្ក្រាប​នេះ​នាំ​ឲ្យ​កុមារី​ម្នាក់ ឈ្មោះ​ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់។
តុលាការ​បាន​បង្ហាញ​ភស្តុតាង​រួមមាន​ព្រួញ ស្នារ និង​កំភ្លៀវ ដែល​ឧបករណ៍​ទាំងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ ហើយ​ត្រូវបាន​សាក្សី​បាន​អះអាងថា មាន​តាំងពី​បុរាណ​មក​ម្លេះ។ ឧបករណ៍​មួយ​ចំនួន​ទៀត ទើប​តែ​ធ្វើ​ថ្មី​សម្រាប់​យកទៅ​បរបាញ់​សត្វ និង​ចាប់​បង្កែប​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ឧបករណ៍​ទាំងនេះ​អាច​នឹង​សម្លាប់​មនុស្ស​បាន ប្រសិន​ណា​ប្រើប្រាស់​ខុស​គោលដៅ។
លោក ជា បំ​រ៉ុង អនុប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​របស់​លោក​ម៉ម សុ​ណង់​ដូ បាន​ថ្លែង​ប្រាប់​សវនាការ​ថា ការបង្កើត​សមាគម​ប្រជាធិបតេយ្យ​នេះ​គឺ​ដើម្បី​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​ច្បាប់។
ចំណែក​លោក ជា ជីន អាយុ៦១ឆ្នាំ អតីត​ប្រធានភូមិ​ប្រមា បាន​ថ្លែងប្រាប់​តុលាការ​ថា ក្រុម​ប៊ុន រដ្ឋា សុខ តុង និង​ប៊ុន ឆន បានមក​ប្រជុំ​នៅក្នុង​វត្ត​មួយចំនួន​បួន​លើក​ដើម្បី​ណែនាំ​ឲ្យ​ប្រជាជន​ចូលរួម​ជា​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ ដោយបាន​សន្យាថា​នឹង​ចែក​ដី​ឲ្យ។
លោក​បាន​បញ្ជាក់ថា ក្រុម ប៊ុន រដ្ឋា បាន​ដាក់​បា​រ៉ា​ស់​នៅ​ក្នុង​ភូមិ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល និង​បាន​គំរាម​គំហែង​ដោយ​បានប្រព្រឹត្តអំពើហិង្សា​លើ​ប្រជា​ពលរដ្ឋ។
ក្នុង​ពេល​ផ្តល់​សម្ភាសន៍​ដាក់​ដោយឡែក​មួយ ជាមួយនឹង​វី​អូ​អេ​សំឡេង​សហ​រដ្ឋ​អាមេរិក​នៅក្រៅ​បរិវេណ​តុលាការ លោក ជា ជីន បាន​និយាយ​យ៉ាង​ថា
«ខ្ញុំ​ឥត​បាន​ដឹង​ទេ ក៏​ប៉ុន្តែ​ពេលនោះ​គឺ​ប្រឆាំង​តែម្តង។ សកម្មភាព​ទី​១ គាត់​ដាក់​បា​រ៉ា​ស់ ហើយ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ ប្រសិន​ជិះ​ឆ្លង​ត្រូវ​បណ្តើរ»។
សវនាការ​រយៈពេល​ពី​រ​ថ្ងៃនេះ តុលាការ​បាន​បន្ត​សាកសួរ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​បួន​រូប ជន​ជាប់​ចោទ​បន្ថែម​មួយរូប​ទៀត និង​សាក្សី​ទាំង​ដាក់បន្ទុក និង​ដោះ​បន្ទុក សរុប​ចំនួន១៣រូប។ ចំណែកឯ​នៅក្រៅ​អគារ​តុលាការ​វិញ អាជ្ញាធរ​នៅតែ​រឹតបន្តឹង​សន្តិសុខ​យ៉ាង​មាំទាំ​ដើម្បី​រាំងខ្ទប់​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ និង​រងគ្រោះ​បាត់បង់​ដីធ្លី​ពី​តំបន់​បឹងកក់ និង​បុរី​កីឡា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​ម៉ម សុ​ណង់​ដូ ឲ្យ​មាន​សេរីភាព​ឡើងវិញ។
តុលាការក្រុង​ភ្នំពេញ​គ្រោង​នឹង​បន្ត​បើកសវនាការ​ជំនុំ​ជម្រះ​នេះ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ស្អែក​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG