ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នឹង​ជួប​ជុំ​បួងសួង​សុំ​ក្តី​សុខ​ដល់​ក្រុម​បាតុករ


វត្ត​ពុទ្ធិ​ការ៉ាម​​ក្នុង​រដ្ឋ​ម៉ារីឡែន ថត​​ពី​ចំហៀង នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ២០១៣។
វត្ត​ពុទ្ធិ​ការ៉ាម​​ក្នុង​រដ្ឋ​ម៉ារីឡែន ថត​​ពី​ចំហៀង នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ២០១៣។
វ៉ាស៊ីនតោន៖ ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំ​ង​រស់​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នឹង​ជួប​ជុំ​គ្នា​នៅ​ក្នុងវត្ត​ពុទ្ធិ​ការ៉ាមក្នុង​រដ្ឋ​ម៉ារីឡែន​នៅ​យប់​ថ្ងៃ​សុក្រ​ដើម្បី​បួងសួង​បន់ស្រន់​សូម​ឱ្យ​ក្រុម​បាតុករ​អហិង្សា​ក្នុងប្រទេស​កម្ពុជា​បាន​សេចក្តីសុខ​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ក្នុងការ​ទាម​ទារ​រក​យុត្តិធម៌​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ។

បាតុកម្ម​នេះ​ដឹកនាំ​ដោយ​គណបក្ស​សង្រ្គោះជាតិ​របស់​លោ​កសម រង្ស៊ី​និង​លោក​កឹម សុខា ហើយ​គ្រោង​រៀបចំធ្វើនៅ​ទីលាន​ប្រជាធិបតេយ្យនាថ្ងៃ​សៅរ៍​ទី​៧​ខែ​កញ្ញា​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​អាច​នឹងផ្តល់​ជ័យ​ជម្នះ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

​លោក​គីវ ខេន អ្នក​រៀបចំ​កម្មវិធីនេះបានអំពាវ​នាវ​ឱ្យ​ក្រុម​បាតុករ​និង​អាជ្ញា​ធរ​ជៀសវាងការប្រើ​ប្រាស់​អំពើ​ហិង្សា​ណាមួយ​។

«ខ្ញុំ​សូម​អំពាវនាវ​ដល់​អស់លោក​ទាហាន​ទាំង​អស់ លោក​អ្នក​ធំ​ទាំង​អស់​ដែល​បាន​ធ្វើការសព្វ​ថ្ងៃ​នេះ​ មេបញ្ជាការ​កន្លែង​ណាមួយ​ក៏ដោយ​ នេះ​ជា​សតវត្សរ៍​ទី​២១​ គឺ​ថា​អ្វីៗ​ដែល​យើង​ធ្វើ​គឺ​គេ​ដឹង​ទាំង​អស់​....ដូច្នេះ​ជៀសវាង​អំពើ​ហិង្សា​ដាច់​ខាត​។​ ហើយ​ម៉្យាង​ទៀត​ខ្មែរ​និង​ខ្មែរ​ជា​ឱពុក​ជាម្តាយ​ជាកូន​យើង​ទាំងអស់​គ្នា​ទេ»។

​លោក​គីវ ខេន​បាន​សម្តែង​ការ​គាំទ្រ​ដល់​បុព្វហេតុ​នៃ​ការ​តវ៉ា​របស់​បាតុករ​ទាំង​នោះ​និង​ស្នើ​សុំ​កុំ​ឱ្យ​មេដឹកនាំ​បាតុកម្ម​នេះ​បោះបង់​ចោល​ការទាម​ទារ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​ចរចាដើម្បី​ដូរ​នឹង​អំណាច​បុណ្យ​សក្តិ។

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ក្នុង​ប្រទេស​កម្ពុជា​រំពឹង​ថា​មាន​ពលរដ្ឋ​ចំនួន​២០.០០០​នាក់​នឹង​ចូលរួម​ក្នុង​ការតវ៉ា​នោះ​បើទោះ​បី​ជា​មាន​ការរឹតត្បិត​ពី​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ក៏ដោយ៕
XS
SM
MD
LG