ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី ​អ៊ុង​ សានស៊ូជី​ ទទូច​សុំ​ឲ្យ​មាន​កិច្ច​សហការ​ក្នុង​ចំណោម​មេដឹកនាំ​​ភូមា


លោក​ប្រធានាធិបតី ថេន សេន (Thein Sein) បង្ហាញមុខលើកដំបូង​ជាអន្តរជាតិ នៅក្នុងកិច្ច​ពិភាក្សា​ប្រចាំ​ឆ្នាំ​នៅ​​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ។​
លោក​ប្រធានាធិបតី ថេន សេន (Thein Sein) បង្ហាញមុខលើកដំបូង​ជាអន្តរជាតិ នៅក្នុងកិច្ច​ពិភាក្សា​ប្រចាំ​ឆ្នាំ​នៅ​​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ។​
ប្រែ​សម្រួល​ដោយ​ លី សុខ​ឃាង

មេដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ភូមា (Burma) លោកស្រី​ អ៊ុង​ សា​នស៊ូជី (Aung San Suu Kyi) បានទទូចសុំ​ឲ្យ​មានកិច្ច​សហការ​គ្នា​ក្នុង​ចំណោម​មេដឹកនាំ​នៅក្នុង​ប្រទេស​របស់លោកស្រី​ ដើម្បី​ធ្វើ​កិច្ចការសម្រាប់​ភាព​ល្អ​ប្រសើរ​របស់ប្រទេសនេះ។

មាន​ប្រសាសន៍​ដោយ​សង្ខេប​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃ​សុក្រ លោកស្រី​បា​ន​ថ្លែងថា​ ពេលវេលា​បានមក​ដល់​ហើយ​សម្រាប់​ប្រជាពលរដ្ឋ ភូមា ក្នុងការ​ទទួលយក​ការទទួល​ខុសត្រូវ សម្រាប់ការធ្វើ​ឱ្យប្រទេស​របស់​ខ្លួន​ក្លាយ​ទៅជា​ប្រទេស​ប្រជាធិបតេយ្យ។



លោកស្រី​ អ៊ុង​ សាន​ស៊ូជី កំពុង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ជាលើកដំបូង​របស់លោកស្រី ទៅកាន់សហរដ្ឋ​អាមេរិក នៅក្នុង​រយៈពេលប៉ុន្មាន​ទសវត្សរ៍កន្លង​មកនេះ​ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​មានរយៈ​ពេល​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ មុ​នពេល​ដំណើរទស្សនកិច្ច​មួយ​របស់លោក​ប្រធានាធិបតី ថេន សេន (Thein Sein) ដែល​នឹង​ធ្វើ​ការ​បង្ហាញមុខលើកដំបូង​ជាអន្តរជាតិ នៅក្នុងកិច្ច​ពិភាក្សា​ប្រចាំ​ឆ្នាំ​នៅមហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ។​

បន្ទាប់ពី​ត្រូវ​បានសាកសួរ ថាតើ​លោកស្រីមានការ​ព្រួយបារម្ភ​អំពីការ​ឆក់យក​ការ​ផ្តោត​ការចាប់អារម្មណ៍​ពីលោកប្រធានាធិបតី​ដែរ​ឬ​យ៉ាង​ណានោះ​ លោកស្រី​បានថ្លែងថា​ លោកស្រី​មិនគិតថា ប្រជាពលរដ្ឋ​គួរគិតគូ​អំពីរឿងនេះ ទាក់​ទង​ទៅនឹង​បញ្ហា​បុគ្គលភាព​នោះទេ។

«ខ្ញុំគិតថា​ យើង​គួរគិតរឿង​នេះ​ថាជា​គោលដៅ​រួមវិញ។ ប្រសិន​បើ​យើង​ទាំងអស់គ្នា​ចង់​សម្រេច​បាន​នូវ​លទ្ធិប្រជាធិបតេយ្យដ៏ពិត​ប្រាកដ​សម្រាប់​ ភូមា​ យើង​ត្រូវ​តែ​រៀន​ធ្វើ​ការ​រួមគ្នា ហើយ​មិនត្រូវគិត​អំពី​ផលប៉ះពាល់​របស់​យើង ក្នុងនាម​ជា​បុគ្គលភាព​នោះទេ ទោះ​ជា​នៅក្នុង​ប្រទេស​របស់យើង​ ឬ​នៅ​ក្នុង​ពិភព​លោក​ទាំងមូលក៏ដោយ​»។

សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ​ ដែល​បានចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ​នៅ​ក្រោម​ការ​ឃុំ​ឃាំង​នៅក្នុង​ផ្ទះ ក្នុង​អំឡុង​ពេល​នៃ​របបគ្រប់គ្រង​យោធា​ បាននិយាយថា​ លោកស្រី​ស្វាគមន៍​ការ​ដកចេញ​នូវ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិកប្រឆាំងនឹង​ប្រទេស ភូមា។

«ឥឡូវនេះ វា​ដល់​ពេលវេលាហើយ ដែល​ប្រជាពលរដ្ឋ ភូមា ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រទេសនេះ​មានលទ្ធិ​ប្រជាធិបតេយ្យ​។ ខ្ញុំ​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​អ្វីដែល​សភា​សហរដ្ឋអាមេរិកបា​ន​ធ្វើ​អស់​រយៈពេល​ជាច្រើនឆ្នាំ ក្នុងការ​គាំទ្រ​ចលនា​របស់​យើង​ ប៉ុន្តែ​ឥឡូវ​នេះ យើង​ត្រូវ​តែ​ខិតខំ​ធ្វើកិច្ចការ​នេះដោយ​ខ្លួនឯង ជាការពិត​ណាស់ ដោយ​មាន​ការ​គាំទ្រ​និងជំនួយជាបន្តពី​បណ្តា​មិត្តភក្តិ​ទាំង​ឡាយ»។

លោកស្រី​ អ៊ុង សានស៊ូជី​ បាន​ជួប​ជាមួយលោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​ គីមូន (Ban Ki-moon) កាល​ពី​ថ្ងៃ​សុក្រ​ ដែល​លោក​បានថ្លែងថា​ លោកស្រីបាន​ក្លាយ​ទៅជា​ «និមិត្តរូប​នៃ​សិទ្ធិមនុស្ស​ជាសាកល​មួយ»។

«​យើង​មាន​សេចក្តី​រំពឹងនិងសង្ឃឹមយ៉ាង​ធំធេង ដែល​ថា​លោកស្រី​ នឹង​ដឹកនាំ​មាគ៌ា​នៃ​ការ​ផ្សះផ្សា​នេះ និង​លទ្ធិ​ប្រជាធិបតេយ្យ​ប្រកបដោយ​ការ​ចូលរួមយ៉ាង​ទូលំទូលាយ ព្រមទាំង​ការ​អភិវឌ្ឍ​ប្រទេស​របស់​លោកស្រី រួម​ជាមួយ​លោក​ប្រធា​នាធិបតី ថេន សេន​ នៃ​ប្រទេស​ ភូមា»។ ​

បន្ទាប់​ពីនោះ​ មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​រូបនេះ​ បានជួប​ជាមួយ​បុគ្គលិកអង្គការ​សហប្រជា​ជាតិមកពី ភូមា ដែល​ត្រូវបានស្គាល់​ថាជា​ប្រទេស​មី​យ៉ាន់​ម៉ា (Myanmar) ផងដែរ​នោះ។ បុគ្គលិក​ម្នាក់​ឈ្មោះ​ នីន យូ (Hnin Yu) បាន​និយាយ​ថា​ លោកស្រី អ៊ុង សានស៊ូជី​ បានទទូចសុំ​ឲ្យ​ពលរដ្ឋ​ភូមា នៅ​បរទេស​ចូលរួមក្នុង​សម័យ​អន្តរកាលរបស់ ភូមា»។​

«លោកស្រី​ បាន​និយាយថា នៅក្នុង​វិធី​មួយ មិនថា​អ្នកនៅ​ទី​កន្លែង​ណាឡើយ អ្ន​ក​ក៏​អាច​ជួយបាន​ដែរ។ អ្នក​មិន​ចាំ​បាច់​នៅ​ក្នុង​ប្រទេស​ដើម្បី​ជួយ​នោះ​ទេ​ អ្នក​រាល់​គ្នា​អាច​ចូលរួម​បាន​ទាំង​អស់គ្នា»។

កាល​ពីយប់​ថ្ងៃ​សុក្រ​ លោកស្រី អ៊ុង សាន​ស៊ូជី​ ត្រូវ​បានផ្តល់​ជូន​ពាន​រង្វាន់​មួយ​ទៀត ដែល​ម្តង​នេះ​បានមក​ពី​ក្រុមប្រឹក្សា​អាត្លង់​ទិក (Atlantic Council) ដែល​លោកស្រីនឹង​ក្លាយ​ទៅជា​ «ពលរដ្ឋ​សកល​លោក​ប្រចាំ​ឆ្នាំ» របស់​ក្រុមប្រឹក្សា​នេះ។ កាល​ពី​ថ្ងៃ​ពុធ​ លោកស្រីបានទទួល​មេដាយ​មាស​ពី​សភា​សហរដ្ឋ​អាមេរិក៕​
XS
SM
MD
LG