ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​ប្រកាន់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ពីបទ​បាញ់​​បោះ ពេល​មាន​ក្បួនដង្ហែអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ


ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​គឺ​លោក​មាស​ ច័ន្ទពិសិដ្ឋ​ មាន​ប្រសាសន៍​ថា​ មន្ត្រី​កង​រាជ​អាវុធហត្ថ​មក​ពី​ខេត្ត​កណ្តាល​ត្រូវ​បាន​ដោះ​លែង។
ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​គឺ​លោក​មាស​ ច័ន្ទពិសិដ្ឋ​ មាន​ប្រសាសន៍​ថា​ មន្ត្រី​កង​រាជ​អាវុធហត្ថ​មក​ពី​ខេត្ត​កណ្តាល​ត្រូវ​បាន​ដោះ​លែង។
ភ្នំពេញ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចោទប្រកាន់​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​និង​សម្រេច​ដោះ​លែង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ទៀត​ពី​បទ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​លើ​ហ្វូង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​សប្តាហ៍​មុន។​

លោក​វរសេនីយ៍​ឯក​ឃី គឹមលន់​ មន្ត្រី​កងរាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស ​ដែល​មាន​ងារ​ជា​ឧកញ៉ា​ ត្រូវ​ចាប់​ខ្លួន​ដោយ​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​បាញ់​ជា​ច្រើន​គ្រាប់ទៅ​លើក្បួន​អ្នក​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​ពេល​ដែល​ក្បួន​អ្នក​ឃោសនា​នេះ​បាន​ទៅដល់​ផ្ទះ​របស់​លោក។​

ហើយ​នៅ​ពេល​នោះ​មានការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​រវាង​ក្រុម​អ្នក​ហែ​ក្បួន​ជាមួយ​នឹង​បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​របស់​ជនជាប់​ចោទ​រូប​នេះ ​ដែល​ស្រែក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។​

មាន​កា​រគប់​ដុំ​ថ្ម​និង​ទឹក​សុទ្ធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ធ្វើ​ឲ្យ​រថយន្ត​ចំនួន​ពីរ​គ្រឿង​នៅ​ក្នុង​ផ្ទះ​ជន​ជាប់ចោទ​បែក​កញ្ចក់​ខាងក្រោយ។​ រីឯ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​រាយ​ការណ៍​ថា​ បាន​ទទួល​រង​ការ​ប៉ះ​ទង្គិច​ផង​ដែរ។​

ជន​សង្ស័យ​ចំនួន​បួន​នាក់​ត្រូវ​ចាប់ខ្លួន​ ក៏​ប៉ុន្តែ​ពីរ​នាក់​ត្រូវ​ដោះ​លែង​ទៅ​វិញ។​ ដោយឡែក​លោក​ឃី គឺមលន់​ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ទៀត​មក​ពី​ខេត្ត​កណ្តាល ត្រូវ​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​នេះ។​

ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​គឺ​លោក​មាស​ ច័ន្ទពិសិដ្ឋ​ មាន​ប្រសាសន៍​ថា​ មន្ត្រី​កង​រាជ​អាវុធហត្ថ​មក​ពី​ខេត្ត​កណ្តាល​ត្រូវ​បាន​ដោះ​លែង។ ​រីឯ​លោក​ឃី គឹម​លន់​ត្រូវ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដែល​អាច​ប្រឈម​នឹង​ការ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ ហើយ​និង​ក្រុម​ជន​មិន​ស្គាល់​មុខ​ត្រូវ​ចោទប្រកាន់​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បតិ្ត។ នេះ​គឺជា​ការ​ផ្ទុះ​ហិង្សា​ទ្រង់ទ្រាយ​ធំ​លើក​ទី​មួយ​រវាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​ដែល​គេ​ឮ​ថា ​បាន​ស្រែក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា ​លោក​រង់ចាំ​មើល​ ថា​តើ​តុលាការ​នឹង​ដំណើរការ​កាត់​ក្តី​សំណុំ​រឿង​យ៉ាង​ដូច​ម្តេច។​

លោក​យឹម សុវណ្ណ​បាន​ហៅ​ការ​បាញ់​កាំភ្លើង​លើ​ក្រុម​អ្នក​ហែ​ក្បួន​គណបក្ស​របស់​លោក​នេះ​ថា​ជា​ «ទង្វើ​ខុសច្បាប់​និង​នាំ​ឲ្យ​ប៉ះពាល់​ការ​បោះ​ឆ្នោតសេរី​ និង​ត្រឹមត្រូវ»។​

ដោយឡែក​លោក​ចាន់ សាវ៉េត​ ដែល​ជា​មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បានស្វាគមន៍​ការ​ចោទប្រកាន់​របស់​តុលាការ​នេះ។
​លោក​ចាត់​ទុក​ថា​ ចំណាត់ការ​នេះ​នឹង​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។
​គណបក្ស​ចំនួន​ប្រាំបី​កំពុង​ធ្វើការ​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​នេះ។​

លោក​ទេព នីថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​មាន​ប្រសាសន៍​ថា​ មិន​មាន​បណ្តឹង​ណាមួយ​ទាក់ទង​នឹង​ការ​បាញ់​ក្នុង​ពេល​ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ទេ។

លោក​បញ្ជាក់​ថា​ សំណុំរឿង​នេះ​បាន​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ​ ​គឺ​មិន​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​គ.ជ.ប.​ ទៀត​ទេ៕
XS
SM
MD
LG