ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡា​អូឡាំពិក​បាន​បញ្ចប់​ប៉ុន្តែ​អត្តពលករ​​អាហ្វ្រិក​ខ្លះ​បន្ត​លាក់​ខ្លួននៅ​ទីក្រុង​​ឡុងដ៍​


កីឡា​អូឡាំពិក​ឆ្នាំ​២០១២ បាន​ប្រារព្ធ​ធ្វើនៅ​ទីក្រុងឡុងដ៍។
កីឡា​អូឡាំពិក​ឆ្នាំ​២០១២ បាន​ប្រារព្ធ​ធ្វើនៅ​ទីក្រុងឡុងដ៍។

អ្នក​ប្រកួតកីឡា​ជាតិ​​អាហ្វ្រិក​ចំនួន​ប្រហែល​​១២រូប​បាន​សម្រេច​ចិត្ត​គេច​ខ្លួនដោយ​រួម​បញ្ចូល​ទាំង​បុរស​ម្នាក់​​ដែល​បាន​កាន់​ទង់ជាតិ​របស់​ប្រទេស​អេរីទ្រា​(Eritrea) ផង​ដែរ។

ដោយ​ Anita Powell
ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា
កីឡា​អូឡាំពិក​ឆ្នាំ​២០១២​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះប៉ុន្តែ​អត្តពលករ​បាន​លាក់​ខ្លួន​នៅ​ចក្រភព​អង់គ្លេស​នៅ​ឡើយ។​ អ្នក​ប្រកួតកីឡា​ជាតិអាហ្វ្រិក​ចំនួន​ប្រហែល១២រូប​បាន​សម្រេច​ចិត្ត​គេច​ខ្លួនដោយ​រួម​បញ្ចូល​ទាំង​បុរស​ម្នាក់ដែល​បាន​កាន់​ទង់ជាតិ​របស់​ប្រទេស​អេរីទ្រា​(Eritrea) ផង​ដែរ។

កីឡាករ​ម៉ារ៉ាតុង​ដែល​ទទួល​មេដាយមាស​របស់​ប្រទេស​អ៊ូហ្គង់ដា (Uganda) បានវិលត្រលប់​មក​ស្រុក​កំណើត​វិញ​ក្នុង​សប្តាហ៍​នេះសម្រាប់ក្បួនព្យុហយាត្រាដែល​ជាកិច្ចស្វាគមន៍​ពី​
ប្រធានាធិបតីរួម​ជាមួយ​នឹងមូលប្បទានប័ត្រ​ចំនួន​៨​ម៉ឺន​ដុល្លារទៀត​ផង។

មិន​មែន​រាល់​កីឡាករ​អូឡាំពិក​ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រលប់​មក​ប្រទេស​វិញដូចជា​លោក ស្តេហ្វិន គីផ្រូទិច (Stephen Kiprotich)របស់​ប្រទេស​អ៊ុយ​ហ្គាន់ដា​ នោះ​ទេ។

តាម​ពិតយ៉ាង​ហោច​ណាស់​ក៏​មាន​កីឡាករ​១២​រូប​ដែរបាន​ចាកចេញ​ពី​ភូមិកីឡាករអូឡាំពិក​ហើយ​បានស្វែងរកសិទ្ធិ​ជ្រកកោននៅ​ចក្រភព​អង់គ្លេស។

មុន​ដំបូងអត្តពលករ​៧​រូបនៅ​ក្នុង​ចំណោមគណៈប្រតិភូ​ប្រទេស​កាមេរូន (Cameroon) បាន​ចាកចេញ​ពី​ភូមិ​កីឡាអូឡាំពិក​ដោយ​ពុំ​មាន​ការ​ពន្យល់អំពីមូលហេតុ​ក្នុង​កំឡុង​ពេល​ប្រកួត​នោះ​ទេ។ កន្លែង​លាក់​ខ្លួន​របស់​ពួកគេ​នៅ​តែ​មិន​ទាន់​ដឹង​នៅ​ឡើយ។ ប្រភព​នានា​ដែល​ស្និទ្ធ​ជាមួយនឹងគណៈប្រតិភូ​កាមេរូន​ក្នុងទីក្រុងឡុងន៍ (London) បាន​ប្រាប់​សំឡេង​ស.រ.អាថា​អត្តពលករ​ទាំងនោះ​បានផ្តាច់​ខ្លួន​ដើម្បីស្វែងរក​ឳកាស​សេដ្ឋកិច្ច​នៅ​ឯបរទេស។
បន្ទាប់មកស្ថានីយ៍​វិទ្យុ​របស់​អង្គការ​សហប្រជាជាតិ​មួយ​បាន​រាយការណ៍​ថា​សមាជិក​៤​រូប​នៃ​គណៈ​ប្រតិភូ​អូឡាំពិក​នៃ​ប្រទេស​កុងហ្គោ(Congo) បាន​បាត់​ខ្លួនដែរ។

ហើយកាលពេល​ថ្មី​ៗបំផុតនេះបុរស​ដែល​ត្រូវ​បាន​ជ្រើសតាំង​ឱ្យ​កាន់​ទង់ជាតិ​ប្រទេស​អេរីទ្រា​នៅ​ក្នុងពិធី​បើក​កម្មវិធីលោក វីណេ ហ្គេប្រេស៊ីឡាស៊ី (WeynayGhebresilasie) កីឡាករ​លោតផ្លោះ​របាបាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយរួម​ជា​មួយ​សមាជិកបី​រូប​ផ្សេង​ទៀតនៃ​គណៈប្រតិភូ​អេរីទ្រាដែរ។ អ្នក​ទាំង​បី​នោះ​បាន​ស្នើ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ។

អត្តពលករ​អេរីទ្រានានា ចូលរួម​ជាមួយ​ជន​រួមជាតិ​ពួកគេ​ជា​ច្រើន​រូប​ផ្សេង​ទៀត​ដែល​បានចោល​ស្រុក​កំណើត​ក្នុង​អំឡុង​ពេល​មួយ​ទសវត្សរ៍​មុន។ ក្នុងចំណោម​អ្នក​ទាំង​នោះ​ មាន​ក្រុម​បាល់ទាត់​ទាំង​មូលតែម្តង។

លោក វីណេ ដែល​មិន​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​កីឡា​ផ្លោះ​របា​ផ្នែក​បុរសបាន​និយាយ​ថា លោកមាន​អារម្មណ៍​ថា​ស្ថានភាព​នៅ​ឯ​ប្រទេស​កំណើតហាក់​ដូចជា​កាន់​តែ​ធ្ងន់​ធ្ងរឡើង។

លោកអេរ៉ុន ប៊ឺហេន (Aaron Berhane) អ្នក​នាំ​ពាក្យ​ឱ្យ​ក្រុម​យុវជន​សាមគ្គី​ភាព​អេរីទ្រាដើម្បី​ការ​ផ្លាស់​ប្តូរ (Eritrean Youth Solidarity for Change) ដែល​មាន​មូលដ្ឋាននៅទីក្រុង​តូរ៉ុនតូ (Toronto) និយាយ​ថា​អត្តពលករ​ទាំងនោះ​បាន​ចាកចេញ​ដោយ​សារ​មូលហេតុ​ដូចគ្នាដែល​ដូច​ទៅ​នឹង​ជនជាតិ​អេរីទ្រា​រាប់​ពាន់​នាក់​ផ្សេង​ទៀតដែរដែល​បាន​រត់​ភៀស​ខ្លួនដែរ។

«​នៅប្រទេស​អេរីទ្រាយើង​មាន​របប​ដ៏​ផ្តាច់ការ​មួយ។ គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិគ្មាន​សេរីភាពក្នុង​ការធ្វើ​ដំណើរគ្មាន​សេរីភាពខាង​សាសនាទេ។ ប្រទេស​នេះ​គឺ​នៅ​ក្រោម​រដ្ឋាភិបាល​ផ្តាច់​ការ​មួយ។»

អត្តពលករ​ដែល​កំពុង​បាត់​ខ្លួន​ទាំងនោះ​មាន​រឿងរ៉ាវ​ដូច​គ្នាជា​ច្រើន​។ ពួកគេ​ទាំងអស់​មក​ពី​ប្រទេស​ដែល​រងគ្រោះដោយ​សារ​ភាព​ក្រីក្រ អំពើ​ពុករលួយ និង​មេ​ដឹកនាំ​យូរ​អង្វែង​ដែល​បដិសេធ​មិន​ព្រម​បោះលាលែង​ពីអំណាច។

ប្រទេស​កាមេរូន​ត្រូវ​បាន​ដឹក​នាំ​តាំង​ពី​ឆ្នាំ​១៩៨២មក​ម៉្លេះ​ ដោយ​លោក​ប្រធានាធិបតី ផូល ប៊ីយ៉ា (Paul Biya) ដែល​ត្រូវ​បាន​រិះគន់ចំពោះការ​កាន់​អំណាច​បែបផ្តាច់ការ​កាន់​តែ​ខ្លាំង​ឡើង​។
ប្រធានាធិបតីកុងហ្គោ លោក ចូសេប កាប៊ីឡា (Joseph Kabila) ត្រូវបាន​ជាប់​បោះ​ឆ្នោតសារ​ជា​ថ្មី​កាល​ពី​ឆ្នាំ​មុន។ លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​បដិសេដចោលដោយគណបក្សប្រឆាំង។
ហើយ​ប្រទេស​អេរីទ្រាត្រូវបានដឹកនាំ​តាំង​ពី​កកើត​ឡើង​ដោយ​បុរស​តែ​ម្នាក់នេះ ​គឺប្រធានាធិបតី អ៊ីសាអាសអាហ្វវឺគី (IsaiasAfwerki)។ លោកបាន​ឡើង​កាន់​អំណាចនៅ​ពេលដែលប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អេត្យូពី(Ethiopia) កាល​ពីឆ្នាំ​១៩៩៣។
ក្រុម​អ្នក​សិទ្ធិ​មនុស្សនិយាយ​ថា រដ្ឋបាល​លោក​អ៊ីសាអាស បាន​ដាក់​ពន្ធនាគារ​អ្នក​ប្រឆាំខាង​ង​នយោបាយ​រាប់​មិន​អស់ បាន​គាបសង្កត់​សេរីភាព និង​បាន​ពន្យា​ការ​បោះឆ្នោត​ម្តង​ហើយ​ម្តង​ទៀត។ សេវាកម្មយោធាក្លាយជា​កាតព្វកិច្ច។
លោក បេរេកេត ខាសៃ (BereketKhasai) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងឡុងដ៍ បាន​និយាយ​ថាក្នុង​ចំណោម​អ្នក​ដែលត្រូវ​បានកេណ្ឌ​ឱ្យ​ធ្វើ​ទាហានគឺ​មាន​លោក​វីណេដែល​បាន​ចំណាយ​ពេល​លើស​ពីតម្រូវ​ការរយៈពេល១៨​ខែ​របស់​លោកនៅក្នុង​សេវាកម្មនេះហើយ​នៅ​តែ​មិន​អាច​ចាកចេញ​ពី​យោធាដដែល។

លោកបេរេកេត ដែល​ជា​សមាជិក​មា្នក់​ទៀត​នៃ​ក្រុម​អេរីទ្រា​នេះដែល​មានទំនាក់ទំនង​ជាប់​ជានិច្ច​ជាមួយ​លោក​វីណេមាន​ប្រសាសន៍​ថា​ យុវជន​វ័យ​ក្មេង​រូប​នេះ​មានភាព​អស់កម្លាំង​កាយ​និងចិត្ត។

លោក​និយាយថាលោក​វីណេ​ត្រូវ​បានសួរ​ចម្លើយ​អស់​រយៈពេល​១១​ម៉ោង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំងដោយ​សង្ឃឹម​ថា​ចេតនា​សុំ​សិទ្ធិ​ជ្រក​កោន​របស់​លោក​ត្រូវ​បាន​បញ្ជាក់។
«លោក​គ្មាន​គម្រោង​សុំ​សិទ្ធិ​ជ្រកកោន​ទេ​មុន​ពេល​លោកមក​ដល់​ចក្រភព​អង់គ្លេស​ដោយ​សង្ឃឹម​ថា​អ្វី​ៗ​នឹង​ប្រសើរឡើង​នៅ​ពេល​អនាគត នៅក្នុង​ប្រទេស​នោះសម្រាប់​រូប​លោក ប្រជាជន​របស់​លោកនិង​គ្រួសារ​របស់​លោក។ ប៉ុន្តែ​ជា​អកុសលលោកបាន​ដឹង​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃអ្វី​ៗ​ទាំង​នោះ​កំពុង​តែមាន​ភាព​ខុសឆ្គង​ជា​ពិសេស​នៅ​ពេល​លោកមក​ប្រកួត​កីឡា​អូឡាំពិកហើយ​បាន​ឆ្លង​កាត់ជាក់ស្តែង​នូវ​ការ​ប្រព្រឹត្ត​ស្រដៀង​គ្នា​នេះពី​សំណាក់សហព័ន្ធអេរីទ្រា​សម្រាប់វិស័យ​កីឡា។ ដូច្នេះ​នោះ​ជា​ពេល​ដែលលោកបាន​សម្រេច​ចិត្តស្នើ​សុំសិទ្ធិ​ជ្រកកោននៅ​ពេល​ដែលលោកបាន​ប្រកួតកីឡា​លោតផ្លោះ​របា​ចម្ងាយ​៣ពាន់ម៉ែត្រ​រួចហើយ»។

ហើយ​ក៏​គ្មាន​អត្តពលករ​ដែល​កំពុង​គេច​ខ្លួន​ណា​ម្នាក់​បាន​ឈ្នះ​មេដាយ​នោះ​ទេ។
លោក​បេរេកេតមាន​ប្រសាសន៍​ថា​ប្រសិន​បើ​លោក​វីណេ​បាន​ឈ្នះ​មេដាយរឿងរ៉ាវ​ប្រហែល​អាច​នឹង​ខុសពី​នេះ។ប៉ុន្តែ​លោក​និយាយ​ថាអត្តពលករ​ទាំងនោះ​បាន​ត្អូញត្អែរ​ថា​ពួកគេ​ត្រូវរង​ការ​ធ្វើ​បាបហើយ​បង្វឹក​មិន​គ្រប់គ្រាន់​ពីសំណាក់គណៈប្រតិភូ​ជាតិ​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​នៅ​ទីក្រុង​ឡុងដ៍។
ការ​គេច​ខ្លួន​ភ្លាម​ៗ​នៅ​ឆ្នាំ​នេះគឺ​ផ្ទុយ​ពី​កីឡា​អូឡាំពិក​កាល​ពី​លើក​មុន។

មាន​តែ​អត្តពលករ​ម្នាក់​ប៉ុណ្ណោះ​ដែល​ប៉ុនប៉ង​គេចខ្លួន​ពី​ការ​ប្រកួត​កីឡា​នៅទីក្រុងប៉េកាំង។ម្នាក់​នោះ​គឺ​អត្ត​ពលករ​ជាតិ​កាមេរូន លោក ថូម៉ាសអេសសូមបា (Thomas Essomba) ប៉ុន្តែ​បាន​ប្តូរចិត្ត​វិញ​។លោកបាន​ស្ថិតក្នុង​ចំណោមអ្នក​ដែល​បាន​ចាកចេញ​ពី​ក្រុម​របស់​ពួកគេ នៅ​ទីក្រុង​ឡុងដ៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG