ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ជា​ផ្លូវការ​តែបាត់​អាសនៈ​យ៉ាងច្រើន


បញ្ជីឈ្មោះ​​តំណាងរាស្ត្រ​​ជាប់ឆ្នោត​​ដែល​ប្រកាស​ដោយ​គ.ជ.ប.​នៅ​ថ្ងៃទី​៨​ កញ្ញា​ឆ្នាំ២០១៣។​
បញ្ជីឈ្មោះ​​តំណាងរាស្ត្រ​​ជាប់ឆ្នោត​​ដែល​ប្រកាស​ដោយ​គ.ជ.ប.​នៅ​ថ្ងៃទី​៨​ កញ្ញា​ឆ្នាំ២០១៣។​
មិនខុស​ពី​អ្វី​ដែល​គេបាន​ដឹង​ពី​លទ្ធផល​បោះឆ្នោត​ក្រៅ​ផ្លូវការ​រួច​ទៅ​ហើយ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​អណត្តិ​ទី​៥​នេះ ​ដោយ​ទទួល​បានអាសនៈ​សរុប​ចំនួន​៦៨​ក្នុង​រដ្ឋ​សភា​ដែល​មាន​១២៣​អាសនៈ។​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិរបស់​លោកសម រង្ស៊ី​និង​លោក​កឹម សុខា ទទួល​បាន​៥៥​អាសនៈ។​

នេះ​បើ​តាម​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គជ​ប​)នៅ​ថ្ងៃអាទិត្យ​ទី​៨​ខែកញ្ញា​នេះ។​

លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមូល​បាន​ទាំងអស់​ខេត្ត​ដែល​មាន​ត្រឹមតែ​មួយ​អាសនៈ​ដូច​ជា​ខេត្តកោះកុង​ ​ព្រះសីហ​នុ​ ស្ទឹងត្រែង​ មណ្ឌល​គី​រី​ រតនៈគីរី​ ព្រះ​វិហារ​ កែប​ ប៉ៃលិន​ និង​ឧត្ត​មាន​ជ័យ។​ ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រៀប​ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ដូច​ជា​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ព្រៃវែង​ និង​ខេត្តកំពង់ចាម​ ជាដើម។​

គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​គាំទ្រ​និង«ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត»​នេះ។

ក្នុងសេចក្តី​ថ្លែងការណ៍​ដដែល​គណបក្ស​កាន់អំណាច​បញ្ជាក់ថា​ការបោះឆ្នោត​ដែល​បានប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​កន្លង​ទៅ​នេះ​មាន​ភាព«សេរី ​ត្រឹមត្រូវ​និង​យុត្តិធម៌»។

ផ្ទុយទៅវិញ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​ហើយ​បាន​ដាក់ផែន​ការ​ធ្វើ​មហាបាតុកម្ម​រយៈពេល​បីថ្ងៃ​ជាប់ៗ​គ្នា​ចាប់ពីថ្ងៃ​អាទិត្យ​ទី​១៥ ដល់​ថ្ងៃ​អង្គារ​ទី​១៧​ខែ​កញ្ញា​សប្តាហ៍​ក្រោយ​នេះ។ គោលដៅ​គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​ខ្លួន​ទាមទារ​មិនបានសម្រេច​ដើម្បី​ដោះ​ស្រាយភាព​មិនប្រក្រតី​ក្នុង​ការបោះឆ្នោត។

លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅរសៀល​នេះ​ថា​លទ្ធផល​បោះឆ្នោត​នេះ​ថា​ជា​លទ្ធផល​«មិនឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជារាស្រ្ត​ទេ»។

«និយាយ​ឲ្យ​ចំ​ទៅ​គឺ​គណបក្ស​ប្រជាជន​ជា​អ្នករៀបចំ​លទ្ធផល​ហ្នឹង​អញ្ចឹង​គណបក្ស​សង្គ្រោះជាតិ​ជំទាស់។ ជំទាស់(ដោយសារ)​យើង​យល់​ឃើញ​ថា​មិនត្រឹមត្រូវ ​មិនឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជារាស្ដ្រ។ ផ្ទុយ​ទៅវិញ​ជា​ការបំភ្លៃ​ឆន្ទៈ​ប្រជារាស្រ្ត​ ជា​ការក្បត់ឆន្ទៈ​ប្រជារាស្ដ្រ​ថែម​ទៀត»។

ដំណាល​គ្នា​នោះ​លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​ប្រកាស​ពី​ផែនការ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី​ម្តងទៀត។​ បាតុកម្ម​ម្តង​នេះ​ដែលបាតុករ​នឹង​អង្គុយ​និង​ស្ថិត​នៅ​ទីលាន​បាតុកម្ម​ទាំង​ថ្ងៃ​ទាំង​យប់​ហើយ​បើតាម​លោក​សម រង្ស៊ី ​គេនៅ​មិន​ទាន់​ដឹង​ថាតើ​បាតុកម្ម​នោះ​នឹងត្រូវ​ចុះ​ដើរតាម​ផ្លូវ​ដែរ​ឬ​យ៉ាង​ណា។

​គណបក្ស​ជំទាស់​បានធ្វើ​មហាបាតុកម្ម​ជា​លើក​ទីមួយ​របស់​ខ្លួន​កាលពីថ្ងៃ​សៅរ៍​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដោយសារ​តែ​គណបក្ស​នេះ​លើក​ឡើង​ថា​ការ​បោះ​ឆ្នោតជ្រើសតាំង​តំណាងរាស្ដ្រ​អណត្តិ​ទី​៥​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំនួន​អាសនៈ​របស់​ខ្លួន។ ហើយ​បាតុកម្មនោះ​ដែរ​ក៏បានទាមទារ​ឲ្យ​មាន​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​ដោះស្រាយ​ភាព​មិនប្រក្រតី​នេះ​ដែរ​ដោយ​មាន​ការចូលរួម​ពី​អង្គការ​សហ​ប្រជាជាតិ។

ក្នុង​សន្និសីទ​កាសែត​នៅថ្ងៃ​នេះ​មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ប្រកាស​ថា​ខ្លួន​នឹង​មិន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​ដើម្បី​ផ្តល់​សុពល​ភាព​សភា​ថ្មី​នោះ​ទេ​ប្រសិនបើ​បញ្ហា​ដែល​ខ្លួន​បាន​ទាមទារ​ខាងលើ​នេះ​មិនត្រូវ​បាន​ដោះស្រាយ។ កិច្ច​ប្រជុំ​សភា​ដំបូង​ដែល​ទំនង​ជា​ធ្វើ​នៅ​ថ្ងៃទី​២៤​ខែ​កញ្ញា​នេះ​ដែល​រដ្ឋធម្ម​នុញ្ញ​តម្រូវ​ឲ្យមាន​តំណាងរាស្ដ្រ​យ៉ាងតិច​១២០​រូប​មាន​វត្តមាន។

លោកបណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​មានប្រសាសន៍​ថា​ភាព​តានតឹង​ផ្នែក​នយោបាយ​នឹង​បន្ត​ទៅទៀត​ប្រសិនបើ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​មិន​មានការព្រមពា្រង​គ្នា​ណាមួយ។

«ភាពតានតឹង​នឹង​បន្ត​ទៅទៀត​ទៅ ​ការប្រឈមមុខ​ដាក់គ្នា​ក៏​ចេះតែ​បន្ត​ទៅ​ទៀត​ទៅ។គណបក្ស​កាន់​អំណាច​ដែលគេ​មិនសប្បាយ​ចិត្ត ​មិនបោះឆ្នោត​ឲ្យ​នោះ​ក៏​ចេះ​តែ​តតាំង​គ្នា​តទៅ​ទៀត​ទៅ ​ប៉ុន្តែ​មិនល្អ​ទេ​ចំពោះ​ប្រជាជាតិ។ ហើយមួយទៀត​ពេលប៉ុន្មាន​អាទិត្យ​នេះ​គឺត្រូវ​បង្កើត​រដ្ឋសភា​និង​បង្កើត​រដ្ឋា​ភិបាល​ថ្មី»។

លោកបណ្ឌិត​ឡៅ ម៉ុងហៃ​ សន្និដ្ឋាន​ថា​មានតែ​មធ្យោបាយ​នៃ​ការចរចា​រវាង​គណបក្ស​ទាំងពីរ​ទេ​ទើប​អាច​បញ្ចៀស​នូវ​វិបត្តិ​ប្រឈម​នា​ពេល​ខាងមុខ​បាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG