ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កត្តា​ដែល​សព​លោកហ៊ុន នាង​មាន​អ្នក​ចូលរួម​ច្រើន


លោក​ ហ៊ុន​ នាង​បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៩០​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១២​ខែ​កក្កដា។
លោក​ ហ៊ុន​ នាង​បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៩០​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១២​ខែ​កក្កដា។
ភ្នំពេញ៖ អង្គុយ​នៅ​លើ​គ្រែ​ឈើ​ចំណាស់​មួយ​ ដែល​មាន​រនាប​បន្ទះ​តូចៗ​ អ្នកស្រី​ មាគ​ ប៉ាច ​សម្លឹង​ទៅរក​ចេតិយ​មួយ​លេចធ្លោ​ ធំ​ជាងគេ​ក្នុង​វត្ត​វង្កដ្ឋបូរី​ សង្កាត់ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ក្រុង​ភ្នំពេញ។​

នោះ​ គឺ​ចេតិយ​តម្កល់​សព​ឪពុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដែល​មាន​ងារ​ជា​អ្នក​ឧញ៉ា​ មហា​ភក្តី​ហ៊ុន​ នាង។​

សព​ត្រូវ​បាន​បញ្ចុះ​តាម​ពិធី​ព្រះពុទ្ធ​សាសនា​ ដោយ​មាន​ការ​ហែហម​យ៉ាង​អធឹក​អធម​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។​

អ្នកស្រី ​មាគ​ ប៉ាច មាន​ស្រុក​កំណើត​មក​ពី​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម។​ ស្ត្រី​អាយុ​៧៧​ឆ្នាំ​នេះ​ឲ្យ​ដឹង​ថា ​ចេតិយ​សព​លោក​ហ៊ុន​ នាង​ត្រូវ​ទទួល​ការ​ថែ​ទាំ​ជា​ពិសេស​នៅ​ក្នុង​វត្ត​វង្កដ្ឋបូរី​នេះ។​

អ្នកស្រី​និយាយថា៖​ «ជួយ​ណាស់។​ ជួយ​បោស​សម្អាត​ទាំង​លោក ទាំង​ឧបាសក​ ទាំង​អាចារ្យ ​ទាំង​លោក។​ លោក​គ្រូសង្ឃរាជ​ចាត់ចែង​(ទាំងអស់)»។​

លោក​ ហ៊ុន​ នាង​បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៩០​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១២​ខែ​កក្កដា។​ លោក​មាន​រោគាពាធ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ និង​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សិង្ហ​បុរីយ៉ាង​ញឹកញាប់។​

សព​របស់​លោក​ត្រូវ​បញ្ចុះ​ក្នុង​ចេតិយ​ដែល​មាន​ក្បូរ​ក្បាច់​និង​លាប​ពណ៌​លឿង​ស្រាល ​និង​បែរមុខ​ទៅ​រក​ស្រះ​ទឹក​ដ៏​ធំ​មួយ​នៅ​ពីមុខ​ព្រះ​វិហារ​នៃ​វត្ត​វង្កដ្ឋបុរី។​ សព​ម្តាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​គឺ​អ្នកស្រី​ឌី​ ប៉ុក​ក៏​ត្រូវ​បញ្ចុះ​ក្នុង​វត្ត​នេះ​ដែរ។​

អ្នកស្រី ​មាគ​ ប៉ាចបាន​មក​រស់នៅ​និង​ជួយ​បម្រើ​កិច្ចការ​ក្នុង​វត្តជាង​ដប់​ឆ្នាំ​មក​ហើយ។​ គាត់​រំឭកពី​គុណ​សម្បត្តិ​របស់​ឪពុក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។​

អ្នកស្រី​និយាយថា៖ «តាំងពី​យាយ​គាត់​ខូច​ គាត់​មក​បង្សុកូល ​ចែក​អាវ​មួយ​ សំពត់​មួយ​ ក្រមា​មួយ​ លុយ​មួយ​ម៉ឺន​រៀល។​ នេះ​តា​ នាង។​ តា​នាង​គាត់​ធ្វើ​បុណ្យ​ណាស់​ ចំណែក​កូនៗ ​ដូច​ជា​អត់»។​

លោក​ផៃ​ ស៊ីផាន​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​រំឭកពី​គុណ​សម្បតិ្ត​នៃ​សព​ឪពុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ថែ​រក្សា​ ការ​អប់រំ​ និង​ការ​ផ្តល់​ដំបូន្មាន​ល្អៗ​សម្រាប់​កូនៗ​របស់​គាត់។​

លោក​ថ្លែងថា៖ ​«មិន​ត្រឹមតែ​គុណ​សម្បតិ្ត​នៅ​ក្នុង​គ្រួសារ​ទេ​ កូនប្រុស​របស់​លោក​ក៏​ក្លាយ​ទៅជា​វីរជន​មួយ​រូប​របស់​ប្រជាជាតិ​ខ្មែរ»។​

ថ្វី​ត្បិត​តែ​ឪពុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​មិន​មានមុខ​នាទី​អ្វី​ក្រៅ​ពី​ងារ​ជា​អ្នក​ឧកញ៉ា​ មហា​ភក្តី​ ហ៊ុន​ នាងក្តី​ ប៉ុន្តែ​មរណភាព​របស់​លោក​បាន​ទាក់ទាញ​ការ​ចូល​រួម​មរណទុក្ខ​ពី​មេ​ដឹកនាំ​ និង​ប្រមុខ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ ដូច​ជា​ប្រទេស​ភូមា​ ប្រទេស​ឡាវ​ ហ្វីលីពីន​ ប្រ៊ុយណេ​ និង​នាយក​រដ្ឋមន្ត្រី​ថៃ​លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត់​ និង​បងប្រុស​របស់​លោកស្រី​គឺ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់​ស៊ីន​ ស៊ីណា​វ៉ាត់​ជាដើម។​

លោក​កែម​ ឡី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​បាន​វិភាគ​ឃើញ​ថា​ ទិដ្ឋភាព​នេះ​បង្ហាញ​ពី​ចំណង​ទាក់ទង​ជាមួយ​ប្រជាជាតិ​ជិត​ខាង។​

លោក​និយាយថា៖​ «រហូត​ដល់​មាន​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​មក​រំលែក​ទុក្ខ​ដូច្នេះ​ ទាល់តែ​មាន​លក្ខណៈ​បុគ្គល​ស៊ី​ជម្រៅ។​ ឧទាហរណ៍​ដូច​ជា​លោក​នាយក​រដ្ឋមន្ត្រី​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ថាក់​ស៊ីន​ច្រើន។​ ទោះបីជា​ប្អូន​ជា​នាយក​រដ្ឋមន្ត្រី​ក៏​ដោយ​ ក៏​ប្អូន​ទទួល​ឥទ្ធិពល​ពី​បង​ដែរ»។​

ប៉ុន្តែ​លោក​កែម​ ឡី​បន្ថែម​ថា​ ហេតុផល​មួយទៀត​គឺ​ថា​ គេ​អាច​យក​ការ​ចូល​រួម​រំលែក​ទុក្ខ​ពី​អន្តរជាតិ​ចំពោះ​ឪពុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នេះ​សម្រាប់​បិទ​បាំង​រឿង​អាក្រក់​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​ដោយ​អាច​អះអាង​ថា​ ប្រទេស​នេះ​មាន​ការ​ដឹកនាំ​ដោយ​ប្រជាធិបតេយ្យ​ទើប​នាំ​ឲ្យ​មាន​ការ​យក​ចិត្តទុក​ដាក់​ពី​អន្តរជាតិ​មួយ​ចំនួន​បែប​នេះ​ បើ​ទោះបី​ជា​មរណភាព​នេះ​ត្រឹម​កម្រិត​ឪពុក​របស់​លោក​ក៏​ដោយ។​

ដោយឡែក​លោក​ផៃ​ ស៊ីផាន​អះអាង​ថា ​ការណ៍​នេះ​ដោយសារ​កម្ពុជា​មាន​ទំនាក់​ទំនង​ការ​បរទេស ​«ខ្ពស់»​ និង​ដោយសារ​លោក​ហ៊ុន​ សែន​មាន​«សកម្មភាព​អន្តរ​ជាតិ​ច្រើន»៕​
XS
SM
MD
LG