ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Romney ​បន្ត​យុទ្ធ​នាការ​ឃោសនា​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​លោក​អូបាម៉ា​មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​ទេ


លោក​ប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​អំឡុង​ពេល​លោក​​ទស្សនា​ការិយាល័យ​កាកបាទ​ក្រហម​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២។
លោក​ប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​អំឡុង​ពេល​លោក​​ទស្សនា​ការិយាល័យ​កាកបាទ​ក្រហម​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២។
វ៉ាស៊ីនតោន៖ ដោយ​នៅ​សល់​តែ​មួយ​សប្តាហ៍​គត់​មុនពេល​ការ​បោះឆ្នោត​ប្រធានាធិបតី​ ទាំងប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និង​លោកMitt Romney បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ កំពុង​ចាត់​វិធានការ​យ៉ាង​ប្រុង​ប្រយ័ត្នលើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្រោយ​ស្ថានការណ៍​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​ដែល​មាន​ឈ្មោះ​ថា​ Sandy ដែល​បាន​បក់​បោកក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ខាង​កើត​សហរដ្ឋ​អាមេរិក (East Coast)។

លោក​ប្រធានាធិបតី​អូបាម៉ា នៅ​តែ​ផ្តោត​លើ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ដល់​ខ្យល់​ព្យុះ​ Sandy ​នៅ​ពេល​ដែល​លោក​ ចុះ​ទៅ​ពិនិត្យ​មើល​ទី​ស្នាក់ការ​កាកបាទ​ក្រហម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ អូបាម៉ា បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​ហើយ​បាន​សន្យា​គាំទ្រ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ខ្យល់​ព្យុះ​នោះ។

«សារ​ដ៏​សំខាន់បំផុត​ដែល​ខ្ញុំ​មាន​សម្រាប់​ពួកគេ​គឺ​ថា ​ប្រទេស​អាមេរិក​ទាំង​មូល​ស្ថិត​នៅជាមួយ​អស់​លោក​អ្នក។ យើង​កំពុង​គាំទ្រ​អស់​លោក​អ្នក​ ហើយ​យើង​ កំពុង​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ដើម្បី​ជួយ​ឲ្យ​លោក​អ្នក​មាន​ស្ថានភាព​ដូច​ដើម​វិញ»។

លោក​ប្រធានាធិបតី​បាន​លុប​ចោល​យុទ្ធនាការ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ក្នុង​រដ្ឋ​អូហៃយ៉ូ (Ohio) ដើម្បី​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះដែល​បន្ត​ធ្វើ​ឡើង​នៅ​ក្រោយ​មាន​ព្យុះតាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ខាង​កើត។

លោក​ Mitt Romney គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ បាន​សម្រេច​បន្ត​យុទ្ធនាការ​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ដោយ​បាន​បង្ហាញ​ខ្លួន​ក្នុង​រដ្ឋ​ហ្វ្លរីដា (Florida)។​
លោក​ Romney ​បាន​លុបចោល​យុទ្ធនាការជា​ប្រចាំ​របស់​លោក​ដែល​បាន​គ្រោង​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​អង្គារ​ដោយសារគិតគូរពីអ្នក​រងគ្រោះ​ដោយខ្យល់​ព្យុះ​ Sandy ។ លោក​ Romney ​បាន​ថ្លែង​ត្រួស​ៗ​ទៅ​កាន់​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ជួយ​ប្រមូល​អំណោយ​ម្ហូប​អាហារ​នៅ​ក្នុង​រដ្ឋ​ Ohio។

«នៅពេល​ឥឡូវ​នេះ មាន​មនុស្សដែល​កំពុង​ជួបការលំបាកពីព្រោះ​តែ​ខ្យល់​ព្យុះ​សង្ឃរា Hurricane ​ហើយខ្យល់​ព្យុះ​ដែល​បាន​កើត​មាន​ឡើងបន្ទាប់​ពី​នោះ។​ហើយ​ចិត្ត​សប្បុរស​របស់​អស់​លោក​អ្នក​ នឹង​រួម​ចំណែកជួយ​យ៉ាង​ខ្លាំង។ ដូច្នេះ ខ្ញុំ សូម​ថ្លែងអំណរ​គុណ​ដល់​អស់​លោក​អ្នក»។

ប្រធានាធិបតី​អូបាម៉ា បាន​ទទួល​ការ​សរសើរ​មិន​រំពឹង​ទុកខ្លះ​ពី​លោក​ Chris Christie ​អភិបាល​រដ្ឋ​ New Jersey ។

អភិបាល​រដ្ឋ​ Christie ​បាន​រឹះ​គន់​យ៉ាង​ខ្លាំងដល់​ប្រ​វត្តិ​ស្នាដៃ​ប្រធានាធិបតីហើយ​បាន​ធ្វើ​យុទ្ធ​នាការនៅ​ទូទាំង​ប្រទេស​ឲ្យ​លោក​ Romney ។ ប៉ុន្តែ​ លោក​ Christie ​បាន​សរសើរដល់​ចំណាត់​ការខ្យល់​ព្យុះ​របស់​ប្រធានាធិបតី​ហើយ​នឹងការ​អនុម័ត​ភ្លាម​ៗ​នៃ​ជំនួយ​គ្រោះ​មហន្តរាយ​សហព័ន្ធ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាច្រើន​ រួមទាំង​កិច្ច​សម្ភាសន៍ជាមួយ​កម្មវិធី​ Good Morning America នៃ​បណ្តាញ​ទូរទស្សន៍​ ABC។

«ខ្ញុំ ត្រូវ​និយាយ​ថា​រដ្ឋ​បាល លោក​ប្រធានាធិបតី​ខ្លួន​លោក​ផ្ទាល់​និង​លោក​ Craig Fugate ​ នាយកទីភ្នាក់​ងារ​គ្រប់​គ្រងគ្រោះមហន្ត​រាយសហព័ន្ធ​FEMA ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ជាមួយ​យើង​រហូត​មក​ទល់​ពេល​នេះ។ យើង មាន​ដៃគូ​យ៉ាង​ធំជាមួយ​ពួក​អស់​លោក​ហើយ​ខ្ញុំ សូមថ្លែង​អំណរ​គុណដោយ​ផ្ទាល់ដល់​លោក​ប្រធា​នា​ធិបតីចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ដោយ​ផ្ទាល់​របស់​លោក​ដល់​បញ្ហា​នេះ​»។

សេតវិមាន​ បាន​ប្រកាស​ថាអភិបាល​រដ្ឋ​ Christie ​នឹង​ចូល​រួម​ជាមួយ​លោក​ប្រធា​នា​ធិបតី​នៅ​ថ្ងៃ​ពុធ​ដើម្បី​ពិនិត្យ​មើល​ការ​ខូច​ខាត​ខ្លះនៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្ររដ្ឋ​ New Jersey ​ដែល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងពី​ខ្យល់​ព្យុះ។

ការ​ផ្តោត​លើ​ខ្យល់​ព្យុះ Sandy​ ​ជា​ការបង្វែ​ចំណាប់​អារម្មណ៍​សាធារណ​យ៉ាង​ខ្លាំង​ពី​យុទ្ធ​នាការណ៍​ប្រធានាធិបតីដោយ​នៅ​សល់​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុនពេល​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។ អ្នក​វិភាគ​ខ្លះ កំពុង​ពណ៌នា​រួច​ទៅ​ហើយ​ថា​ខ្យល់​ព្យុះ​នោះ«​ជា​ការ​ភ្ញាក់​ផ្អើល​នៅ​ខែ​តុលា​ជា​ប្រក្រតី»​ដែល​ជា​ព្រឹត្តិ​ការ​ណ៍​មិន​រំពឹង​ទុក​ក្នុង​យុទ្ធ​នាការ​ឃោសនា​ប្រធានាធិបតី​ដែល​អាច​ប៉ះពាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ប៉ុន្តែ​ នៅ​ត្រង់​ចំណុចនេះ​ អ្នក​វិភាគ​ជា​ច្រើន​និយាយ​ថា​វា​នៅ​ឆាប់​ពេកដើម្បី​ដឹង​ពី​ផល​ប៉ះពាល់​អ្វី​ដែល​នឹង​មាន​លើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​នោះ។

ការ​ស្ទង់​មតិ​ថ្មី​ថ្នាក់ជាតិ​ បង្ហាញ​ថាការ​ប្រកួតប្រជែង​គ្នា​មាន​ការ​ប្រកៀក​គ្នា​ខ្លាំង​ណាស់​ហើយ​យុទ្ធនាការ​ទាំង​២​ កំពុង​ផ្តោត​ថាមពល​ភាគ​ច្រើន​របស់​ពួក​គេ​នៅ​ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៅ​ក្នុង​រដ្ឋដែល​មាន​ការ​ប្រកៀក​គ្នា​ចំនួន​៩ដែល​ការ​ស្ទង់​មតិ​បង្ហាញ​ថា​បេក្ខជន​ទាំង២​មាន​ឱកាស​ឈ្នះ៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន
XS
SM
MD
LG