ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រាជានិយម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​រឿង​ពុករលួយ


បាតុកម្ម​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​សៅរ៍នៅរដ្ឋធានី⁣បាងកក ប្រទេសថៃ។
បាតុកម្ម​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​សៅរ៍នៅរដ្ឋធានី⁣បាងកក ប្រទេសថៃ។
បាងកក៖ ក្រុម​ប្រឆាំង​នៅ​ប្រទេស​ថៃ បាន​រៀបចំ​ធ្វើ​បាតុកម្ម​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ពី​បទ​ប្រព្រឹត្ដ​អំពើ​ពុករលួយ និងអភិបាលកិច្ច​មិន​ល្អ។ រដ្ឋាភិបាល​ភ័យ​ខ្លាច​ថា បាតុកម្ម​នោះ​អាច​បណ្ដាល​ឲ្យ​មាន​អំពើ​ឃោរឃៅ។ ​
ការប៉ះ​ទង្គិចគ្នា​តូចតាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​កង​នគរបាល ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​មុន​និង​ចាប់​ខ្លួន។ ការ​ប៉ះទង្គិច​គ្នា​នេះ​បណ្តាល​ឲ្យ​មន្ត្រី​នគរបាល​ និង​បាតុករ​មួយ​ចំនួន​បាន​រង​របួស។

បាតុកម្ម​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​សៅរ៍
បាតុកម្ម​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​សៅរ៍
បាតុករ​រាប់​ពាន់​នាក់​បាន​ប្រឈ​មត​ទល់​នឹង​កិច្ច​ការពារ​សន្ដិសុខ​ដ៏រឹង​មាំ កាល​ពីថ្ងៃ​សៅរ៍​ខណៈ​ដែល​ក្រុម​បាតុករ​បាន​នាំ​គ្នា​ដើរ​លើ​ផ្លូវ ​ដើម្បី​ទាម​ទារ​ឲ្យ​នាយក​រដ្ឋមន្ដ្រី ​យីងឡាក់ ស៊ីណាវ៉ាត្រ លាលែង​ចេញ​ពី​ដំណែង។ កងកម្លាំង​នគរបាល និង​ក្រុម ​ការពារ​សន្ដិសុខ​ខេត្ដ​រាប់រយ​នាក់​បាន​ ឈរ​បាំងផ្លូវ​នៅ​ជិត​ទី​កន្លែង​បាតុកម្ម។​ អាជ្ញាធរ​ និយាយ​ថា ​មនុស្ស​ជាង​១០០​នាក់​បាន​ត្រូវ​ចាប់​ខ្លួន។​
ក្រុម​ប្រឆាំង​រដ្ឋាភិបាល ​ហៅ ពី​ថាក់ សៃអាម​ ឬ​ អ្នក​ការពារ​ប្រទេស​ថៃ​ ដឹកនាំ​ដោយ​ឧត្ដម​សេនីយ​ចូល​និវត្ដ​ម្នាក់​ សង្ឃឹម​ថា ​នឹង​អាច​ប្រម៉ូល​បាន​មនុស្ស១០​ម៉ឺន​នាក់​ ដើម្បី​ធ្វើ​បាតុកម្ម​នៅ​កណ្ដាល​ក្រុង​បាងកក។​ តែអាជ្ញាធរ​នគរបាល​និយាយថា​ មនុស្ស ​តិច​ជាង​៣ ម៉ឺននាក់​បានមក​ចូលរួម។​
រដ្ឋាភិបាល​បាន​ប្រកាស​ប្រើ​អំណាច​ពេល​គ្រាអាសន្ន​តាមរយៈ​ច្បាប់​សន្ដិសុខ​ផ្ទៃ​ក្នុង ​រួច​បាន​បង្កើន​វត្ដមាន​កង​កម្លាំង​នគរបាល​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​តិច​ចូល​រួម​ធ្វើ​បាតុកម្ម ហើយ​នគរបាល​បាន​ដាក់​របាំងឃំាង​ផ្លូវ​ជាច្រើន​នៅ​ក្រៅ​ក្រុង​ដែល​ពន្យឺត ល្បឿន​មនុស្ស​ដែល​ចង់​ចូល​មកក្នុង​ទីកន្លែង​ធ្វើ​បាតុកម្ម។​
នៅ​ពេល​ល្ងាច​នៃ​ថ្ងៃ​បាតុកម្ម​ ឧត្ដមសេនីយ ប៊ូនឡឺត​ កៃប្រាសិទ ​បាន​បញ្ឈប់​ការ​ដើរ​តវ៉ា​ ដោយ​និយាយថា នគរបាល​បាន​ប្រើ​ឧបាយកល​ទាក់​ទាញ​បាតុករ​ ឲ្យ​ប្រើ​អំពើ​ហិង្សា។ ការ​ដើរ​តវ៉ា​នោះ​ ក៏​បាន​ត្រូវ​ពន្យឺត​ដោយសារ​ភ្លៀងធំ​នៅ​ពេល​ល្ងាច។​
កាលពី​ព្រឹក​កង​នគរបាល​បាន​បាញ់​គ្រាប់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ មក​លើ​ក្រុម​បាតុករ​ដែល​ព្យាយាម​ ទម្លាយ​ក្រវាត់​កាពារ​របស់​នគរបាល។
លោក ពាន ពិនហ៊ុត​ អ្នក​សម្រប​សម្រួល​បាតុកម្ម​ថ្លែង​ថា​ មនុស្ស​ច្រើន​នាក់​បាន​ពុល​ដោយសារ​ផ្សែងឧស្ម័ន ហើយ​បាន​ត្រូវ​យក​ទៅ​ព្យាបាល​នៅ​ មន្ទីរពេទ្យ​ជិតខាង។
ពេលនេះ​ នគរបាល​ប្រដាប់​ដោយ​អាវុធ​ បាន​រារាំង​បាតុករ​មិន​ឲ្យ​ចូល​ទៅ​លើផ្លូវ។ កាល​ពី​ព្រឹកនគរបាលបាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​មក​លើ​ប្រជាពលរដ្ឋ​ដើម្បី​គំរាម ​តែ​ មួយ​ម៉ោង​ក្រោយ​មក​នគរបាល​ឈប់​ប្រើ​គ្រាប់​ឧស្ម័ន។ មិត្ដភក្ដិ​ខ្ញុំ អ្នក​យក​ព័ត៌មាន​ និង​អ្នក​ដទៃ​បាន​រងគ្រោះ​ដោយ​ផ្សែង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ ហើយ​មាន​អ្នកខ្លះ​ទៀត​បាន​ត្រូវ​នគរបាល​ចាប់ឃុំ។​
ការ​ដើរ​បាតុកម្ម​ជាលើកទី២​ នេះ​ធ្វើ​ឡើង​ដោយ​ក្រុម ​ពីថាក់ សៃអាម ហើយ​ត្រូវ​បាន​
មើល​ឃើញ​ថា​ ជាការ​សាកល្បង​កម្លាំង​របស់​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ស្រី យីង​ ឡាក់​ ស៊ីណាវ៉ាត្រ ដែល​ជាប់ឆ្នោត​នៅខែ​ កក្កដា​ ២០១១។
ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ថ្លែង​ប្រាប់​វីអូអេ​ អំពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​គឺ​មក​ពី​អំពើ​ពុករលួយ ការ​ទិញ​សម្លឹក​ឆ្នោត​ និង​ ការ​ចាត់ចែង​សេដ្ឋកិច្ច​ នៅ​ក្រោម​រដ្ឋាភិបាល​មួយ​ដែល​គេ​ហៅ​ថា ​បាន​ប្រើ​នយោបាយ​ដែល​ទាញ​យក​ប្រយោជន៍​ពី​ប្រជា​ពលរដ្ឋ។​
ពាណិជ្ជករ​ម្នាក់​ដែល​សុំ​មិន​ចេញ​ឈ្មោះ​និយាយ​ថា​ ប្រាក់ខែ​ច្រើន​សន្ធឹក​របស់​មន្ដ្រី​រដ្ឋាភិបាល​ខ្លះ ​និង​អំពើពុករលួយ ​ជារឿងចម្បងនៃ​ការ​ព្រួយ​បារម្ភ​របស់​គាត់៕
XS
SM
MD
LG