ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ឈ្នះ​ឆ្នោត​ទាំងពីរ​​បន្ទន់​ជំហរ​មួយ​កម្រិតក្នុងកិច្ចប្រជុំ​ថ្ងៃសុក្រ


លោកសម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​អំពីភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត។​
លោកសម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​អំពីភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត។​
គណបក្ស​ប្រជាន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម​ រ​ង្ស៊ី​ និង​លោក​កឹម​ សុខា​បាន​ជួប​ប្រជុំ​ទ្វេភាគី​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ស្វែងរក​ការ​ទម្លុះទម្លាយ​ភាព​ទាល់​ច្រក​ក្នុង​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះ​ដោះស្រាយ​ចំណោទ​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត។​

គណបក្សជំទាស់​អះអាង​ថា​ ភាព​មិន​ប្រក្រតី​នេះធ្វើ​ឲ្យ​ខ្លួន​បាត់បង់​ចំនួន​អាសនៈ​ជា​ច្រើន។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ម៉ោង​នៅ​មន្ទីរ​រដ្ឋ​សភា​ជាតិ​កាលពី​ព្រឹក​មិ​ញ​នេះ ​គណបក្សជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​បាន​ឯកភាព​គ្នា​ជា​ផ្លូវការ​លើ​ចំណុច​ណាមួយ​នៅ​ឡើយ​ទេ។​

មន្ត្រី​ផ្លូវការ​នៃ​គណបក្ស​ទាំង​ពីរ​ឲ្យ​ដឹង​ថា​ មានការ​យល់​ស្របគ្នា​ថា​ នឹង​ទុក​ឲ្យ​មេ​ដឹកនាំ​គណបក្ស​រៀងៗ​ខ្លួន​ពិនិត្យ​ និង​សម្រេច​លើ​លទ្ធភាព​ដែល​អនុញ្ញាត​ឲ្យ​មាន​អ្នក​សង្កេត​ការណ៍​ពី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ដំណោះ​ស្រាយ​នេះ​ ហើយនឹង​ពិចារណា​បន្ថែម​អំពី​សមាសភាព​ពី​មន្ត្រី​អង្គការ​ជាតិ​ និង​អន្តរជាតិ​ចូល​រួម​ក្នុង​គណៈ​កម្មការ​នេះ។​

លោក​យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​នេះ​ធ្វើឡើងដើម្បី​ពិភាក្សា​ស្វែង​រក​រូប​មន្ត​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ដោះ​ស្រាយ​ចំណោទ​នៃ​ភាព​មិន​ប្រក្រតី​នេះ។​

លោក​និយាយថា៖​ «កាលពី​ព្រឹក​មិ​ញ​នេះ​ គណបក្ស​ទាំង​ពីរ​បាន​ជួបជុំ​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​វេលា​ម៉ោង​៩​ដល់​ម៉ោង​១១។ការ​ប្រជុំ​គ្នា​នេះ​គឺជា​ការ​ប្រជុំ​ដើម្បី​រក​រូបមន្ត​បង្កើត​នូវ​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​កើត​ឡើង​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ថ្ងៃ​២៨​ខែ​កក្កដា​កន្លង​មក​នេះ»។​

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លោក​សុន​ ឆ័យ​ ​ លោក​គួយ ប៊ុនរឿន និង​លោក​យ៉ែម​ ប៉ុញ្ញាឫទ្ធិ​ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លោក​ជាម​ យៀប​ លោក​ព្រំ សុខា​ និង​លោក​អ៊ុក គឹមហាន នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ។​

ក្នុង​កិច្ចប្រជុំ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​ជាតិ​ និង​អន្តរជាតិ​ និង​បាន​ថយ​មួយ​ជំហាន​គឺ​ប្តូរ​ពី​ការ​ទាមទារ​ឲ្យ​តំណាង​អង្គការ​សហ​ប្រជាជាតិធ្វើ​ជា​អាជ្ញា​កណ្តាល​ក្នុង​គណៈ​កម្មការ​ចម្រុះ​សម្រាប់​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ មក​ជា​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​គណៈ​កម្មការ​នេះ​វិញ។​

លោក​ជាម​ យៀប​ សមាជិក​គណៈ​កម្មការ​អចិន្ត្រៃ​នៃ​គណបក្ស​កាន់អំណាច​ចាត់​ទុកថា​ ជំនួប​នេះ​បាន​ជួយ​ទម្លាយ​ភាព​ទ័លច្រក​ជំហាន​ដំបូង​សម្រាប់​ការ​ដោះស្រាយ​បន្ទាប់។​

លោក​និយាយថា៖​ «មិន​ទាន់​មានការ​សម្រេច​អី​ទេ​ ពី​ព្រោះថា​អង្គការ​សហ​ប្រជាជាតិ​ អ្នក​សង្កេត​ការណ៍​ ឬ​សង្គម​ស៊ី​វិល​ ឬ​ក៏​សហគមន៍​អន្តរជាតិ​ចង់​ចូលរួម​យ៉ាង​ម៉េចៗ​ នឹង​សួរ​ថ្នាក់​ដឹកនាំ​សិន​ ថា​តើ​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​របៀប​ណាៗ។​ នោះ​យើង​នឹង​ឆ្លើយ​ប្រាប់​ក្រោយ។ ជា​រួម​យើង​បាន​យល់ចិត្ត​យល់​ថ្លើម​គ្នា​ដំបូង​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ទៅ​ជំហាន​ទី​ពីរ»។​

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជំហរ​ខ្វែងគ្នា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ​ខ្លួន​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មាន​១២៣​អាសនៈ​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ ខ្លួន​ឈ្នះ​បាន​៦៣​អាសនៈ​គឺ​លើស​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​បី​អាសនៈ។ ប៉ុន្តែ​គណបក្ស​ជំទាស់​បរិហារ​ថា ភាព​មិន​ប្រក្រតី​បាន​នាំ​ឲ្យ​ខ្លួន​បាត់បង់​អាសនៈ​ក្នុង​រដ្ឋសភា​ជា​ច្រើន​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​នេះ ​បើសិន​ជា​មិន​មាន​ការ​ដោះស្រាយ​ត្រឹមត្រូវ​ទេ​នោះ។​

កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​មួយ​ដែល​មាន​សមាសភាព​នៃ​ភាគី​ទាំង​បី​ចូលរួម។ ក៏​ប៉ុន្តែ​គណបក្ស​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​និង​តំណាង​របស់​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ជា​អាជ្ញា​កណ្តាល​ ដែល​ធ្វើ​ឲ្យ​ការ​បង្កើត​គណៈ​កម្មការ​នេះ​នៅ​ជាប់​គាំង។​

នៅ​ថ្ងៃនេះ​ដែរ​ គ.ជ.ប.​បាន​អំពាវនាវ​ឲ្យ​ជួប​ប្រជុំ​គ្នា​ឡើង​វិញ​រវាង​ភាគី​ទាំង​បី។ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ទេ​រ​ហូត​មក​ទល់​នឹង​រសៀល​នេះ។​
លោក​បណ្ឌិត​ហង្ស​ ពុទ្ធា​ នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យា​ក្រិត្យ​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​ថា​ និក​ហ្វិ​ក​យល់​ថា​ ជំនួប​លើក​ទី​ពីរ​នៃ​គណបក្ស​ទាំង​ពីរ​គឺ​ជា​ការ​ស្ទាប​ស្ទង់​គ្នា​នៅ​ឡើយ ​ប៉ុន្តែ​វា​ជា​ជំហាន​រីក​ចម្រើន​មួយ។​

ភាព​ចម្រូងចម្រាស់​ក្នុង​ដំណោះស្រាយ​នយោបាយ​នេះ​ធ្វើ​ឲ្យគ.ជ.ប.​ ប្រកាស​លើក​ពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​ជំហាន​ដំបូង​ដោយ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​បាន​នៅ​ឡើយ។​

​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​នេះ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG