ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ប្តេជ្ញា​បញ្ជៀស​វិបត្តិ​ថវិកា​នៅ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម


លោក David Scheffer, អ្នកជំនាញ​ពិសេស​របស់​លោក​​អគ្គ​លេខាធិការ​អ.ស.ប.​​នៃ​សាលាក្តី​ខ្មែរក្រហម​​ចុះ​ហត្ថលេខា​លើ​សៀវភៅ​របស់លោក។
លោក David Scheffer, អ្នកជំនាញ​ពិសេស​របស់​លោក​​អគ្គ​លេខាធិការ​អ.ស.ប.​​នៃ​សាលាក្តី​ខ្មែរក្រហម​​ចុះ​ហត្ថលេខា​លើ​សៀវភៅ​របស់លោក។
អ.ស.ប.​ប្តេជ្ញា​ថា ​នឹងបញ្ជៀស​វិបត្តិ​ថវិកា​នៅ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ហើយ​ជំរុញ​ជា​សាធារណៈ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ស្វែង​រក​យុត្តិធម៌​នេះ។​

បុគ្គលិក​សាលាក្តី​ខ្មែរក្រហម​ជាច្រើន​ក្នុង​ចំណោម​២៥០​នាក់​ភាគី​កម្ពុជា​បាន​សម្រេចធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ដោយសារ​មិន​បាន​ទទួល​ប្រាក់ខែ​ចំនួន​បី​ខែ​មក​ទល់ខែ​សីហា​កន្លង​ទៅ​នេះ។​ ការមិន​ចូលរួម​ក្នុង​ការ​ធ្វើការងារ​របស់​អ្នក​បកប្រែ​ភាសានិង​បុគ្គលិក​ជំនាញ​ផ្សេងៗ​ទៀត​នេះ​បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​កាត់ទោស ​ជាពិសេស​សំណុំរឿង​០០២​ វគ្គ១​ ពាក់ព័ន្ធ​នឹង​ការ​ជម្លៀសប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​និង​ដំណើរការ​ស៊ើប​អង្កេត​សំណុំ​រឿង​ដទៃ​ទៀត។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅថ្ងៃពុធ​នេះ​ លោក​ដេវីដ ស្វេហ្ហ៊័រ ​(David Scheffer)​ អ្នក​ជំនាញ​ការ​ពិសេស​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.នៃ​សាលាក្តី​ខ្មែរក្រហម​ បាន​អះអាង​ថា៖​ «អ.ស.ប.​បាន​ជំរុញ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​ឲ្យ​បង្កើន​កាតព្វ​កិច្ច​របស់​ខ្លួន​ដើម្បី​បញ្ជៀស​វិបត្តិ​នេះ»។​

លោកដេវីដ ស្វេហ្ហ៊័រ​ថ្លែង​បន្ត​តាម​ប្រសាសន៍​ដើម​របស់​លោក​ទៀត​ថា៖​ «នៅ​ឯ​អ.ស.ប.​យើង​បាន​ប្តេជ្ញា​យ៉ាងពេញ​ទំហឹង​ដើម្បី​បញ្ចប់​វិបត្តិ​ថវិកា​បច្ចុប្បន្ន​នេះ ​ឲ្យ​បាន​ឆាប់តាម​ដែល​អាច​ធ្វើទៅ​បាន ​ហើយ​ផ្តល់​បរិយាកាស​នឹង​នរ​ដែល​នឹង​អនុញ្ញាតឲ្យ​បុគ្គលិក​ជាតិ​បន្តការងារ​ក្នុង​សាលាក្តី​ ហើយ​សម្រេចបាន​នូវ​ការ​ទទួល​ខុសត្រូវ​តាម​អាណត្តិ​របស់​ខ្លួន»។​ ​

លោកដេវីដ ស្វេហ្ហ៊័រ​បាន​អះអាង​ថា​ លោក​និង​មន្ត្រី​ជាន់ខ្ពស់​របស់​អ.ស.ប.​បាន​ជួប​ជាមួយ​លោកឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ និង​មន្ត្រី​តំណាង​ប្រទេស​ផ្តល់​ជំនួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​រដ្ឋធានី​ប្រទេស​នានា​ ហើយ​មាន​ការ​ឆ្លើយ​ឆ្លង​ជា​លិខិត​រវាង​លោក​អគ្គលេខា​ធិការ​អ.ស.ប.​ និង​ខុទ្ទកាល័យ​នៃ​រដ្ឋាភិបាល​របស់​ប្រទេស​នានា​ ហើយ​នឹង​ការ​អំពាវនាវ​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​នៅក្នុង​រដ្ឋធានី​ប្រទេស​ជាច្រើន។​

សេចក្តី​ថ្លែងការណ៍​របស់​លោកដេវីដ ស្វេហ្ហ៊័រ ​នៅថ្ងៃ​ពុធនេះ ​កើត​ឡើងនៅ​ពេល​ដែល​គេ​ពុំឃើញ​មាន​ការ​សន្យា​ថ្មី​ណាមួយ​ពី​ប្រទេស​ផ្តល់​ជំនួយ​រួម​ទាំង​កម្ពុជា​ផង​ក្នុង​ដំណាក់​កាល​ដែល​សាលាក្តី​ខ្មែរក្រហម​ពិតជា​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នោះ។​

លោកដេវីដ ស្វេហ្ហ៊័រ​បាន​ស្វះស្វែង​រក​ការ​គាំទ្រ​ថវិកា​ពីបណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​សប្តាហ៍​ថ្មីៗ​នេះ។​ លោក​បាន​ព្រមាន​ថា​ គេ​មិន​អាច​និយាយ​ពី​ដំណើរ​ការ​លឿន​និង​គុណភាព​តុលាការ​ទេ ​ពេល​សាលាក្តី​នេះ​មិន​ត្រូវ​គេ​ផ្តល់​ថវិកា។​

លោក​បាន​ថ្លែង​តាម​ប្រសាសន៍​ដើម​ថា៖​ «អ.ស.ប.​នៅ​មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខុមាល​ភាព​របស់​បុគ្គលិក​ជាតិ​ និង​គ្រួសារ​របស់​ពួកគេ​ និង​ចំពោះ​ការ​រំខាន​នានា​ដែល​អាច​ជា​លទ្ធផល​នៃ​ដំណើរ​ការ​តុលាការ​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដ៏ធ្ងន់ធ្ងរ​ពេល​នេះ។​ ខ្ញុំសូម​អំពាវនាវ​ដល់​បុគ្គលិក​ជាតិ​ត្រូវ​បន្ត​អត់ធ្មត់​ នៅពេល​ដែល​យើង​បន្ត​កិច្ច​ប្រឹងប្រែង​របស់​យើង​យ៉ាង​រស់​រាន់​នេះ»។​

ទាំង​អ.ស.ប.​និងម្ចាស់​ជំនួយ​បាន​ទទូច​ជាសាធារណៈ​ឲ្យ​ប្រទេស​កម្ពុជា​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដើម្បី​ជួយ​បញ្ជៀស​វិបត្តិ​ថវិកា​នៅ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​តាមកិច្ច​ព្រម​ព្រៀង​បង្កើត​តុលាការ​ដែល​ជា​កាតព្វ​កិច្ច​របស់​កម្ពុជា​ជាមួយ​អ.ស.ប.។ ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​មួយ​ចំនួន​អះអាង​ថា​ ពួកគេ​នឹង​ដាក់​ជំនួយ​នៅ​ពេល​កម្ពុជា​បង្ហាញ​ការ​តាំងចិត្ត​របស់​ខ្លួន​រឿង​ថវិកា​បន្ថែម​នេះ។ ​សាលាក្តី​ភាគី​កម្ពុជា​ត្រូវការ​ទឹកប្រាក់​៣​លាន​ដុល្លារ​ទៀត​ដើម្បី​គាំទ្រ​សាលាក្តី​ រហូត​ដល់​បំណាច់​ឆ្នាំ​២០១៣។​ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​មិនអាច​បរិច្ចាគថវិកា​បាន​ទៀត​ទេ ​ដោយសារ​ថា​ កម្ពុជា​បាន​ផ្តល់​ថវិកា​ច្រើន​ហួស​កម្រិតហើយ។​

សាលាក្តី​នេះរំពឹង​ថា ​នឹង​ចេញ​សេចក្តី​សន្និដ្ឋាន​ស្ថាពរ​នៅខែ​ខាង​មុខ​នេះ​មុន​នឹង​ចាប់ផ្តើម​បន្ត​សវនាការ​ទៅវគ្គ​ទី២​ដែល​ជា​ការ​កាត់ទោស​លើ​អង្គហេតុ​សំខាន់​ទាក់ទង​នឹង​ឧក្រិដ្ឋ​កម្ម​ក្នុង​ទសវត្សរ៍​១៩៧០​ ដែល​មេដឹកនាំ​វ័យ​ចំណាស់​ពីរ​នាក់​ក្នុង​វ័យ​៨០​ឆ្នាំ​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការ​កាត់ទោស។​

សូម​រង់ចាំ​ស្តាប់​សេចក្តី​រាយ​ការណ៍​បន្ថែម​របស់​លោកសុខ ខេមរា​នៃ​វីអូអេ ​ពីរដ្ឋធានី​វ៉ាស៊ីតោន​នៅ​យប់​នេះ​អំពី​ប្រតិកម្ម​របស់​អ្នក​ឃ្លាំមើល​សាលាក្តី​ក្នុង​ប្រទេស​អាមេរិក​ចំពោះ​ការ​ខ្វះ​ថវិកា​និង​ការ​មិន​បំពេញ​តាម​កាតព្វកិច្ច​របស់​ភាគី​ពាក់ព័ន្ធ​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ពួកគេ​បាន​សន្យា​តាំងពី​ពេលចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០០៦នោះ៕
XS
SM
MD
LG